Thursday, December 04, 2014

ពិភពលោកនឹងប្រឈមទៅនឹងការខ្វះខាតស្បៀងអាហារប្រសិនបើមិនប្រែក្លាយ តំបន់ជនបទ ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ

សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមាន ប្រសាសន៍ថា ផលិតកម្មស្បៀងនៅទូទាំងពិភពលោក ចាំបាច់ត្រូវបង្កើន ឲ្យបាន៧០% នៅឆ្នាំ២០៥០ ហើយផលិតអាហារត្រូវ ឲ្យបានជិតទ្វេដងដោយប្រទេសកំពុងអភិវឌ្ឍ ដើម្បីចិញ្ចឹមប្រជាជនចំនួន ៩ពាន់លាននាក់ ដែលនឹងរស់នៅលើផែនដី នាពេលនោះ។ ការងារនេះត្រូវអនុវត្តឲ្យបាន បើទោះបីជា ដីបង្កបង្កើនផលក្នុងពិភពលោកអាច​កើនឡើងបានប្រមាណ៥% និងនៅក្នុងប្រទេសកំពុងអភិវឌ្ឍអាចកើនឡើង បាន១២%។ ប្រសិនបើនិន្នាការនេះ​នៅតែ​បន្តកើតឡើង នៅឆ្នាំ២០៥០ តំបន់អាស៊ី នឹង​មានប្រជាជនប្រហែល៥០% នៃប្រជាជន​ពិភពលោក ដែលកំពុងជួបប្រទះនូវភាព​អត់​ឃ្លាន។

នេះជាការបញ្ជាក់ របស់សម្តេចតេជោ នៅក្នុងឱកាសបើកសិក្ខាសាលា​ «ការ​ប្រែ​ក្លាយតំបន់ជនបទ៖ ចក្ខុវិស័យជាយុទ្ធសាស្ត្រសំរាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០២ ធ្នូ នៅសណ្ឋាគារ​បុរីអង្គរ នៃខេត្តសៀមរាប។ សិក្ខាសាលាដែលមាន អ្នកជំនាញ​ផ្នែក​​អភិវឌ្ឍន៍​ជនបទ មកពីមូលនិធិអន្តរជាតិ​សំរាប់ការ​អភិវឌ្ឍ​កសិកម្ម IFAD និងរដ្ឋមន្ត្រី​ដែល​អញ្ជើញ មកពីតំបន់អាស៊ី ជាង២០០នាក់ បានជួបជុំគ្នាដើម្បីពិភាក្សាអំពីផែនការ ក្នុងការប្រែក្លាយជនបទក្រីក្រ និងការលើកកំពស់ជីវភាពរស់នៅរបស់​ប្រជាជននៅ​ជន​បទ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មានតែការប្រែក្លាយតំបន់ជនបទទេ  គឺជាចំលើយសម្រាប់ការដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងការឆ្លើយតប ទៅនឹង កង្វះស្បៀង អាហារនាពេលអនាគត។ កសិករខ្នាតតូច គឺជាអ្នកចូលរួមចំណែក គន្លឹះក្នុងការធានា សន្តិសុខពិភពលោក និងជាអ្នកចូលរួមថែរក្សាការពារធនធានធម្មជាតិ ក៍ដូចជាជីវចម្រុះរបស់ជាតិ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ កសិករ​ខ្នាតតូច គឺជាអ្នកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅជនបទឲ្យមានដំណើរការ ឆ្ពោះទៅមុខ។ សម្តេចតេជោ បន្តថា ការវិនិយោគទៅលើ វិស័យកសិកម្ម ពិសេសលើ កសិករខ្នាតតូច មិនត្រឹមថែមទាំងបានបង្កើតការងារធ្វើជូនប្រជាជន ផងដែរ។ សំរាប់កម្ពុជាវិញ រាជរដ្ឋាភិបាល​បាននឹងកំពុងបោះជំហានឆ្ពោះទៅរកការ​ប្រែក្លាយ​តំបន់​ជនបទឲ្យកាន់តែប្រសើរឡើងនៅគ្រាដែលកម្ពុជាធ្លាប់ជាប្រទេសមានអត្រាភាពក្រីក្រ ខ្ពស់ និងអសន្តិសុខស្បៀង ក្លាយជាប្រទេសដែលនាំចេញស្បៀង និងសំរេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលមួយទសវត្សនេះ។ កម្ពុជាមានបំណងប្រាថ្នាប្រែក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឈានឡើង ទៅជាប្រទេសមានចំណូលខ្ពស់ក្នុង ឆ្នាំ២០៥០។ នេះជាការគូសបញ្ជាក់របស់សម្តេច តេជោ នាយករដ្ឋមន្ត្រី។

យោងតាមការស្រាវជ្រាវរបស់ IFAD បង្ហាញថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក មាន​ប្រជាជនពីរភាគបី នៃប្រជាជនក្រីក្រក្នុងពិភពលោក កំពុងរស់នៅ (ប្រមាណ​៧៥០​លាន​នាក់) និងមានប្រជាជន ពីរភាគបី នៃប្រជាជនក្នុងពិភពលោក ប្រមាណ​៥៦៨​លាន​នាក់ ដែលខ្វះអាហារូបត្ថម្ភ និងជួបគ្រោះទុរភិក្ស។ ប្រសិនបើនិន្នាការនេះ​នៅតែ​បន្តកើតឡើង នៅឆ្នាំ២០៥០ តំបន់អាស៊ី នឹងមានប្រជាជនប្រហែល៥០% នៃប្រជាជន​ពិភពលោក ដែលកំពុងជួប ប្រទះនូវភាពអត់ឃ្លាន។


គួរបញ្ជាក់ថា មូលនិធិអន្តរជាតិសំរាប់អភិវឌ្ឍន៍​កសិកម្ម បានវិនិយោគច្រើនបំផុត ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក លើការអភិវឌ្ឍកសិកម្ម ជំរុញការបង្កើនសន្តិសុខស្បៀង បើ​ធៀបទៅនឹងតំបន់ផ្សេងទៀត។ បច្ចុប្បន្ន មូលនិធិ​អន្តរ​ជាតិ​សំរាប់​អភិវឌ្ឍន៍​កសិកម្មបាន​វិនិយោគថវិកា ចំនួន ១,៨ពាន់ លានដុល្លារ អាមេរិក ក្នុង​ប្រទេស​ចំនួន ១៩ នៅក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ផលប្រយោជន៍ដល់​ប្រជាជន​នៅជនបទជិត ២០​លាន​នាក់ ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៧៨ មូលនិធិអន្តរជាតិសំរាប់​អភិវឌ្ឍន៍​កសិកម្ម បាន​វិនិយោគ ៥ពាន់លានដុល្លារអាមេរិក នៅក្នុង​ប្រទេសចំនួន ២៥នៅតំបន់ អាស៊ី​ប៉ាស៊ីហ្វិក ដែលបានផ្តល់ផលប្រយោជន៍​ដល់​កសិករ​ចំនួន ១៤៥លាននាក់៕




No comments:

Post a Comment