Thursday, December 04, 2014

គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺបន្តអាទិភាពការងារអភិវឌ្ឍជនបទ រហូតដល់ភាពក្រីក្រត្រូវបានលុបបំបាត់ទាំងស្រុង

សម្ដេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤ បាន​ប្រកាស​ឲ្យ​ដឹង​អំពីគោល​នយោបាយ​របស់​រាជរដ្ឋាភិបា​ល​កម្ពុជា ដោយ​ចាត់​ទុក​ការ​ងារ អភិវឌ្ឍ​ជនបទ ជា​ឤទិភាព​មួយ សំដៅ​ចាប់​ច្បាម​យក​នូវ​កាលា​នុវត្ត​ភាព សម្រាប់​លុប​បំបាត់​ភាព​ក្រីក្រ ហើយ​ឤទិភាព​នេះ​នៅ​តែ​បន្ត​រហូត​ដល់​តំបន់​ជនបទ​ត្រូវ​បាន​អភិវឌ្ឍ ហើយ​ភាព​ក្រីក្រ ត្រូវ​បាន​លុបបំបាត់ទាំងស្រុង ។
ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់​តំបន់ ​សហការ​រៀបចំ​ធ្វើ​នៅ​ទីក្រុង​សៀម​រាប ដោយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ​ដែល​ប្រធាន​បទ​ផ្ដោតលើ «ការ​ប្រែ​ក្លាយ​តំបន់​ជនបទ៖​ ចក្ខុ​វិស័យ​ជា​យុទ្ធ​សាស្ត្រ សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»
ដើម្បី​ជា​ធាតុចូល​សម្រាប់​អង្គសិក្ខា​សាលា​ ដែល​មាន​អ្នក​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​ជនបទ​ជាង​ ២០០​នាក់ ដែល​ក្នុង​នោះ​មានរួម​ទាំង​អ្នក​ជំនាញ​មក​ពី​មូល​និធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ផង សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​សំខាន់ ៤​ចំណុច ​ដែល​រួមមាន៖
ទី១, ចាំ​បាច់​ត្រូវ​រិះរក​វិធានការ​បន្ត​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច និង​ការ​បង្កើត​ការ​ងារ​នៅ​តំបន់​ជនបទ​ទាំង​ក្នុង និង​ក្រៅ​វិស័យ​កសិកម្ម​ជាពិសេស​សម្រាប់​ក្រុម​យុវជន។ ក្នុង​នោះ​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​តភ្ជាប់​គ្នា​ឱ្យ​សកម្ម​រវាង​តំបន់​ជនបទ និង​ទីក្រុង​ដោយ​ផ្តោត​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ថាមពល និង​បង្កើន​នូវ​លំហូរ នៃ​ទំនិញ​ចំណេះ​ដឹង​បច្ចេក​វិទ្យា និង​ហិរញ្ញវត្ថុ​ចូល​ទៅ​ក្នុង​តំបន់​ជនបទ។
ទី២, ចាំ​បាច់​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​របៀប​វារៈ ដែល​អាច​ឱ្យ​ប្រជាជន​ជនបទ​មាន​លទ្ធភាព ទទួល​បាន​ធនធាន​ចាំ​បាច់ និង​កសាង​សមត្ថភាព​របស់​ខ្លួន​សំដៅ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​ចីរភាព។
ទី៣, ចាំ​បាច់​ត្រូវ​ពិនិត្យ​លើ​កសិកម្ម​ខ្នាត​តូច នៅ​តាម​ជនបទ​សម្រាប់​ធានា​សន្តិ​សុខ​ស្បៀង និង​អាហារូបត្ថម្ភ​ទាំង​ក្នុង​តំបន់ និង​ពិភព​លោក។ កសិកម្ម​គ្រួសារ​ខ្នាត​តូច​មាន តួនាទី​ស្នូល​ក្នុង​កិច្ច​អភិវឌ្ឍ​ជនបទ​ជា​ទម្រង់​កសិកម្ម ដែល​មាន​លក្ខណៈ​គ្រប​ដណ្តប់​នៅ​ក្នុង​វិស័យ​ផលិតកម្ម​ស្បៀង​អាហារ ហើយ​ក្នុង​ខណៈ​ពេល​ដែល​ការ​កើន​ឡើង​នៃតម្រូវ​ការ​នៃ​អាហារ និង​បង្កើន​កាលានុវត្តភាព​គ្រួសារ​កសិករ និង​បង្កើន​សកម្មភាព​ធុរកិច្ច។ ក្នុង​បរិការ​នេះ យើង​ចាំបាច់​ត្រូវ​រិះរក​វិធី​ជួយ​កសិករ​ឱ្យ​ទទួល​បាន​នូវសិទ្ធិ​ប្រើប្រាស់​ធន​ធាន​ធម្មជាតិ​ទទួល​បាន​សេវា​ប្រកប​ដោយ​ផលិតភាព​ដូចជា​ហិរញ្ញវត្ថុ និង​ទីផ្សារ​ជា​ដើម។ ទន្ទឹម​នេះ​យើង​ចាំបាច់​ត្រូវ​ជំរុញ​ការងារ​វិនិយោគ​ឯកជន​ឱ្យ​ទៅ​ដល់​ជនបទ ក្នុង​ន័យ​ពង្រីក​ទីផ្សារ​កសិផល​របស់​ប្រជាជន​ផង និង​ការ​រួម​ចំណែក​ប្រែក្លាយ​តំបន់ ជន​បទ​ផង។
ទី៤, ចាំ​បាច់​ត្រូវ​លើក​កម្ពស់​ភាព​ធន់ របស់​គ្រួសារ​ក្រីក្រ​នៅ​ជនបទ។ ព្រោះ​ថា ប្រជា​ជន នៅ​ជនបទ​ងាយ​ទទួល​រងគ្រោះ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ធ្ងន់​ធ្ងរ​ភ្លាមៗ​ដែល​រុញ​ច្រាន​ឱ្យ​ពួក​គាត់​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ ឬ​បង្ក​ឱ្យ​ពួកគាត់​ស្ថិត​នៅ​ក្នុង​អន្ទាក់ នៃ​ភាព​ក្រីក្រ ដោយសារ​ពួកគាត់​មិន​អាច​ចាប់​បាន​នូវ​កាលានុវត្តភាព​ថ្មីៗ​ភ្លាមៗ​នោះ​ទេ ។ ទាក់​ទង​ចំណុច​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​អំពី​វិធានការ​ដែល​ត្រូវ​ប្រកាន់​យក​ ដូចជា៖
-១, ការ​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ដែល​ជួយ​កាត់​បន្ថយភាព​ងាយ​រង​គ្រោះ​ទៅ​នឹង​ការប្រែប្រួល​ធ្ងន់ធ្ងរ​ភ្លាមៗ ដូចជា​តាមរយៈ​ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាស​ធាតុ។
-២, ការ​ផ្តល់​ទំនិញ និង​សេវា​សាធារណៈ​ដែលកាត់​បន្ថយ​ឥទ្ធិពល​អវិជ្ជមាន​នៃ​ការ​ប្រែ​ប្រួល​ធ្ងន់ធ្ងរ​ភ្លាម​ៗ ឬ​តាមរយៈ​ការពង្រឹង​សមត្ថភាព​ក្នុងការ​គ្រប់​គ្រង​ហានិភ័យ​រួមមាន ការ​ផ្តល់​សេវា​អប់រំ និង​ការ​គាំពារ​សង្គម។
-៣, ជំរុញ​ទីផ្សារ​ឲ្យ​មាន​ដំណើរ​ការ​ល្អ និង​ធានា​បាន​នូវ​អភិបាល​កិច្ច​ល្អ។ កិច្ចការ​នេះ​ទាម​ទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​គ្រប់​តួ​អង្គ​នៅ​គ្រប់​កម្រិត។ ក្នុង​ន័យ​នេះ​កិច្ច​អន្តរាគមន៍​ដូចជា ការ​ជួយ​ឱ្យ​កសិករ​អាច​ពឹង​ផ្អែក​លើ​ខ្លួន​ឯង និង​មាន​ទម្លាប់​សហការ​គ្នា​អាចជា​ការអនុវត្ត​ល្អ​បំផុត​មួយ នាំ​មក​នូវ​ផលប្រយោជន៍​សម្រាប់​ទាំង​អស់​គ្នា។
សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា៖ ការ​ប្រែក្លាយ​តំបន់​ជនបទ​ឱ្យ​មាន​ភាព​រឹងមាំ និង​ប្រកប​ដោយ​ចីរភាព គឺ​ត្រូវ​ផ្តោត​សំខាន់ លើ​ការងារ​នៃ​វិស័យ​កសិកម្ម,សុខា​ភិបាល, អប់រំ, ហេដ្ឋា​រចនាសម័ន្ធ, ធនធាន​ទឹក, បរិស្ថាន និង​វិស័យ​ឯកជន។ ការងារ​ទាំង​នេះ នឹង​ធានា​បង្កើត​ឡើង​នូវ​កាលានុវត្ត​ភាព ថ្មីៗ ដល់​ប្រជាជន​នៅ​ជនបទ ជាពិសេស​ការ​បង្កើត​បាន​នូវ​សំណាញ់​សុវត្ថិភាព និង​ការ​បង្កើត​នូវ​ក្បាលម៉ាស៊ីន​ថ្មី​ជួយ​អូស​កំណើន​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​នៅ​ជន​បទ​ផង​ដែរ។ ជាក់​ស្តែង​ការវិនិយោគ​ទៅ​លើ​វិស័យ​កសិកម្ម និង​ការ​ផ្តោត​ទៅ​លើ​កសិករ​ខ្នាត​តូច​មិន​ត្រឹម​តែ​ជាកត្តា​ចាំបាច់​សម្រាប់​ធានា​សនិ្តសុខ​ស្បៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​បង្កើត​ការងារ​ជូន​ប្រជាជន ដែល​ជាកត្តា​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ជនបទ, ភាព​សុខដុមរមនា និង​ជួយ​ប្រជាជន​នៅ​ជនបទ​ឱ្យ​ចាក​ផុតពីភាព​ក្រីក្រ​ទៀត​ផង។
សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​រំលឹកជា​ថ្មី​ទៀត​ថា៖ ការ​ប្រែ​ក្លាយ​តំបន់​ជនបទ​នេះ គឺ​ជា​ការងារ​ដែល​កម្ពុជា​តែង​បាន​យក​ចិត្តទុក​ដាក់ខ្ពស់​ជាប់​ជាប្រ​ចាំ​មិន​មែន​តែ​ក្នុង​ន័យ នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា​នៅ​ទីជន​បទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជាការ​ថែ​រក្សា​កោសិការ​ដ៏សំខាន់​របស់​សង្គម​ដែល​ជា​ជង្រុក​នៃ​វប្បធម៌​ដ៏​សម្បូណ៌​បែប និង​ជាអត្តសញ្ញាណ​មួយ របស់​កម្ពុជា​ទៀត​ផង។
ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​បីថ្ងៃ ពី​ថ្ងៃទី២ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ២០១៤ សិក្ខា​សាលា​ថ្នាក់​តំបន់​នេះ​នឹង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ដើម្បី​ប្រែក្លាយ​តំបន់​ជនបទ​ទៅជា​សហ​គមន៍​សេដ្ឋកិច្ច​រស់​រវើក និង​រៀបចំ​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ច្បាស់លាស់​សម្រាប់ IFAD ក៏ដូចជា​ដៃគូ និង​ប្រទេស​ជាសមាជិក។
សិក្ខាសាលា​នេះ ត្រូវបាន​ចូលរួម​ពី​អ្នកជំនាញ ផ្នែក​អភិវឌ្ឍន៍ជនបទ ជាង ២០០ នាក់ ដែល​ក្នុងនោះ​រួមមាន អ្នកជំនាញ​មកពី​មូលនិធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ផងដែរ (IFAD) បាន​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី ដែល​អញ្ជើញ​មកពី​តំបន់​អាស៊ី នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ ២០១៤ នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប​។
លោក ច​ន មើ​រី ម៉ាក​ឃិន​ថា​យ នាយករង​IFAD បាន​មានប្រសាសន៍គូស​បញ្ជាក់​ថា​៖ "​វិស័យ​កសិកម្មនៅតែ​ជា​ជម្រើសដ៏​ប្រសើរ​បំផុត ក្នុងការ​បង្កើន​ប្រាក់ចំណូល នៅ​ជន​បទ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ប៉ុន្តែ​ការ​ខ្វះខាត ក្នុងការ​ទទួល​បាននូវ​បច្ចេកវិទ្យា និងកា​លា​នុវត្តភាព ក្នុងការ​វិនិយោគ ប្រកប​ដោយ​និរន្ត​ភាព ធ្វើ​ឲ្យ​ប្រជា​ជន​ជនបទ​លំបាក​ក្នុង ការ​លើកកម្ពស់​ជីវភាព​រស់នៅ របស់​ពួកគាត់”។
មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម បាន​វិនិយោគ​ច្រើន​បំផុត ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក បើ​ប្រៀបធៀបទៅនឹង​តំបន់​ផ្សេងទៀត។ បច្ចុប្បន្ន មូលនិធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍​កសិកម្ម បាន​វិនិយោគ​ថវិកា ចំនួន ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងប្រទេស​ចំនួន ១៩ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ផ្តល់​ផល​ប្រយោជន៍ ដល់​ប្រជាជន​នៅ​ក្នុង​តំបន់​ជនបទ ជិត ២០ លាន​នាក់ ។
ចាប់តាំងពី​បាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៧៨ មូលនិធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍​កសិកម្ម បាន​វិនិយោគ ៥ ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ប្រទេស​ចំនួន ២៥ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​ផ្តល់​ផលប្រយោជន៍ ដល់​កសិករ ចំនួន ១៤៥ លាន​នាក់។
យោង​តាម​គោល​នយោបាយ​សង្ខេប​របស់ IFAD ដែល​បាន​ចេញ​ក្នុង​ឆ្នាំ២០១៤ បង្ហាញ​ថា ទី​ប្រជុំជន​នៅ​ក្នុង​តំបន់​បន្ត​អភិវឌ្ឍន៍​យ៉ាង​លឿន ក្នុង​ខណៈ​ដែល​តំបន់​ជន​បទ​ទទួល​រង​គ្រោះ​ពីឥទ្ធិ ពល​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាជន​ទៅ​កាន់​ទីប្រជុំជន ការ​ខ្វះ​ហេដ្ឋា​រចនាសម្ព័ន្ធ​ទំនើប និង​សេដ្ឋកិច្ច​មិនមាន​ការរីក​ចម្រើន។ កំណើន​វិសម​ភាព​លើ​ប្រាក់​ចំណូល​រវាង​តំបន់​ប្រជុំជន និង​ជនបទ​អាច​នាំឱ្យ​ប្រទេស​ទាំង​នេះ ជួប​ប្រទះ​ហានិភ័យ​នៃវិបត្តិ​សង្គម និង​អស្ថិរភាព​នយោបាយ។ មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​បាន​វិនិយោគ​ច្រើន​បំផុត ក្នុង​អាស៊ី​ប៉ាស៊ីហ្វិក​បើប្រៀប​ធៀប ទៅនឹង​តំបន់​ផ្សេង​ទៀត។
បច្ចុប្បន្ន​មូលនិធិ​នេះ បាន​វិនិយោគ​ថវិកា១,៨ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងប្រ​ទេស​ចំនួន​១៩ នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដោយ​ផ្តល់​ប្រយោជន៍​ដល់ប្រជាជន​នៅជនបទ​ជិត ២០​លាននាក់។
ទាក់​ទងនឹង​បញ្ហា​តំបន់ និង​ពិភពលោក​​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន បាន​លើកឡើងជា​អនុសាសន៍​ថា ផលិតកម្ម​ស្បៀង​នៅ​ទូទាំង​ពិភពលោក​ចាំ​បាច់​ត្រូវ​បង្កើ​នឱ្យ បាន​៧០​ភាគរយ​នៅ​ឆ្នាំ​២០៥០​ហើយ ផលិតផល​អាហារ​ត្រូវ​ផលិត​ឱ្យបាន​ជិត​ទ្វេដង​ដោយ​ប្រទេស​កំពុងអភិ វឌ្ឍន៍​ដើម្បី​ចិញ្ចឹម​ប្រជាជន​ចំនួន​៩ ពាន់​លាន​នាក់​ដែល​រស់​នៅ​លើផែនដី​នាពេល​នេះ។ ការងារ​នេះ ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​បើទោះ​បី​ជាដី​បង្ក​បង្កើន​ផល​ក្នុង​ពិភពលោក​អាចកើន​ឡើង​ប្រមាណ ៥​ភាគរយ និង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ អាច​កើន​ឡើង​ចំនួន​ប្រមាណ​១២ ភាគរយ។

សម្តេច​តេជោ​បាន​ធ្វើ​ការ​និទស្សន៍​ថា ប្រសិនបើ​និន្នាការ​នាពេល​បច្ចុប្បន្ន​នេះ នៅតែ​បន្ត​នោះ​ចំនួន​ប្រមាណ​៥០ ភាគរយ​នៃប្រជាជន​នៅ​ក្នុង​ពិភពលោក​ដែល​ប្រឈម​នឹងភាព​អត់​ឃ្លាន​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ស្ថិតនៅក្នុងទ្វីប​អាស៊ីនៅ​ឆ្នាំ២០៥០​ខាងមុខ៕






No comments:

Post a Comment