Wednesday, November 12, 2014

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បើកកិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិយោគអាស៊ាន និងរង្វាន់ ធុរៈ កិច្ចអាស៊ានឆ្នាំ២០១៤

នៅរសៀលថ្ងៃទី១១វិច្ឆិកា ឆ្នាំ​២០១៤ មុន១ថ្ងៃនៃពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ និងកិច្ច​ប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃ​សាធារណរដ្ឋ​សហ​ភាព​មីយ៉ាន់ម៉ារ និង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរៈកិច្ច និង​វិនិ​យោគអាស៊ាន និងការ​រង្វាន់​ធុរៈ​កិច្ចអាស៊ានឆ្នាំ២០១៤ ដែលប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក អធិកអធម នៅមជ្ឈមណ្ឌល​សន្និ​សីទ​អន្តរជាតិណៃពីដោ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។

ពិធី​ដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តីការបរទេស រដ្ឋ​មន្រ្តី​​សេដ្ឋ​​កិច្ច ឧត្តមមន្រ្តីអាស៊ាន និងផ្នែកធុរៈកិច្ចនៃ បណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ាន​ជា​ច្រើន​រូប។

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលធុរៈកិច្ច និងវិនិ​យោគអាស៊ាន និងការ​រង្វាន់​ធុរៈ​កិច្ចអាស៊ានឆ្នាំ​២០១៤ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ និង ជាប្រធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើកទី២៥ មានប្រសាសន៍ថា ឥឡូវនេះ គឺដល់ពេលវេលាដ៏សំខាន់ សំរាប់ការ​កសាង​សហគមន៍អាស៊ាន តាមរយៈការខិតខំរួមគ្នានិងឆន្ទៈនយោបាយ ហើយអ្វីដែលសំខាន់​ជាង​នោះ​ទៅ​ ទៀត គឺ​ការឯកភាពក្នុងចំណោមផ្ទៃក្នុងអាស៊ាន ជាកម្លាំងរួមក្នុងការ​កសាងសេដ្ឋកិច្ច​មួយ​ដែល​​​មាន​ថាមពល និងដើ​ម្បីឲ្យអាស៊ានមានការប្រកួតប្រជែង ដើម្បីធ្វើយ៉ាងណាធ្វើ​ឲ្យមាន​ឱកាស​ដូចៗ​គ្នា ក្នុង​ទិសដៅជំរុញនិង លើកកម្ពស់កំណើនសេដ្ឋកិច្ចនៃប្រទេសផងខ្លួន ពិសេសប្រជាពល​រដ្ឋ​ក្នុង​តំបន់​ទាំងមូល។

ឯកឧត្តមប្រធានាធិបតី បាន​មានប្រសាសន៍បន្តថា តំបន់អាស៊ានត្រូវតែ​បើកទូលាយ​នូវប្រព័ន្ធទូរ​គម​នា​គមន៍ ធ្វើយ៉ាងណាឲ្យប្រព័ន្ធ​អ៊ីនធើណែតមានល្បឿនលឿន ដើម្បីឲ្យរដ្ឋាភិបាល​និងរដ្ឋាភិបាល ប្រជា​​ពលរដ្ឋនិងប្រជាពលរដ្ឋ និង​ផ្នែកឯកជនអាចធ្វើទំនាក់ទំនង​ជាមួយគ្នា​កាន់​តែ​ទូលំ​ទូលាយ។

ឯកឧត្តម​មានប្រសាសន៍សង្កត់ធ្ងន់ថា កន្លងមកអាស៊ានបានឆ្លងកាត់នូវការ​លំបាក​ជាច្រើន ពោលគឺ​ក្នុងរយៈពេល៤៧ឆ្នាំនៃការបង្កើតអាស៊ាននេះ ពិសេសវិបត្តិសេដ្ឋកិច្ច គ្រោះធម្មជាតិ និងជម្ងឺ​រាត​ត្បាត​នានា ប៉ុន្តែផ្ទុយទៅវិញបញ្ហាទាំងអស់នោះ បានធ្វើឲ្យអាស៊ានកាន់តែមាន​កម្លាំង​ខ្លាំងក្លាជាងមុន និង​មានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ឯកឧត្តម មាន​ប្រសា​សន៍បន្ថែមថា បច្ចុប្បន្ន​សេដ្ឋកិច្ច​អាស៊ាន​មានកំណើនរហូតដល់២៥០ពាន់លានដុល្លារ ស្ថិតក្នុងចំណាត់​ថ្នាក់ទី៧នៃ​សេដ្ឋកិច្ច​ពិភព​លោក ការធ្វើបនីយកម្មក្នុងតំបន់អាស៊ានមានការកើនឡើងជាលំដាប់ ក្នុងនោះកាល​ពី​​ឆ្នាំ២០១៣​កន្លង​ទៅ ការធ្វើពាណិជ្ជកម្មក្នុងចំណោមប្រទេសអាស៊ាន មានអាត្រា៦០២ពាន់លានដុល្លារ ដូចនេះការ​ប្រមើ​ល​​មើលក្នុងឆ្នាំ២០៥០ខាងមុខ សេដ្ឋកិច្ចអាស៊ាននឹងមានការកើនឡើងរហូតដល់ចំណាត់ថ្នាក់ទី៤ នៃ​សេដ្ឋកិច្ចពិភពលោក។ ឯកឧត្តមក៏បានគួសបញ្ជាក់ពីការបន្តខិតខំចរចារជាមួយដៃ គូសេដ្ឋកិច្ច​បើក​ចំហ ក្នុងកំរិតតំបន់ ពិសេសការផ្សារភ្ជាប់សេដ្ឋកិច្ចអាស៊ាន ជាមួយនិងសេដ្ឋកិច្ចក្រៅតំបន់ ដូចជា​ឥណ្ឌា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ណូវែលសេឡង់ជាដើម។ ឯកឧត្តមមានប្រសាសន៍ សង្កត់​ធ្ងន់ថា សេដ្ឋកិច្ចរបស់អាស៊ាន និងប្រទេស៦ផ្សេងទៀតរបស់អាស៊ាន និងមានប្រជាពលរដ្ឋ​រហូតដល់ ប្រមាណ៣ពាន់លាននាក់ និងមានផលទុនសរុប GDP រហូតដល់១៧រយពាន់លានដុល្លា ពោល គឺស្មើនឹង ៤០%នៃពាណិជ្ជកម្មពិភពលោក។ នៅក្នុងសុន្ទរកថាគន្លឹៈនោះ​ដែរ បទ​អន្ត​រាគមន៍ ក៏បានធ្វើការ​ទាមទារឲ្យអាស៊ានមានការឯកភាពផ្ទៃក្នុងឲ្យកាន់តែខ្លាំងជាមុន និងមាន​កិច្ចសហ​ប្រតិ​បត្តិ​​​ការ​កាន់តែជិតស្និតជាមុន ក្នុងចំណោមថ្នាក់ដឹកនាំនយោបាយ រដ្ឋាភិបាល អ្នកដឹកនាំ​ពាណិជ្ជកម្ម និងប្រជាពលរដ្ឋក្នុងអាស៊ាន ដើម្បីធ្វើយ៉ាងណាឲ្យរបត់ថ្មីនៃការតភ្ជាប់កាន់តែ​ទទួលបានជោគជ័យ​ទ្វេ​​ឡើងថែមទៀត។ បទអន្តរាគមន៍ក៏បានគូសបញ្ជាក់ផងដែរថា ថ្វីត្បិតតែសេដ្ឋកិច្ចអាស៊ានមាន​លក្ខណៈ​ល្អប្រសើរក៏ពិតមែន ប៉ុន្តែសេដ្ឋកិច្ចអាស៊ាននៅតែជួបប្រទះនូវការប្រឈមមួយចំនួន ពិសេស​ត្រូវបន្ត​ខិតខំជំរុញបន្ថែមទៀត ក្នុងការកាត់បន្ថយនិងលុបបំបាត់នូវភាពក្រីក្រ និងកាត់បន្ថយគម្លាត​នៃការអភិវឌ្ឍក្នុងចំណោមប្រទេសអាស៊ាន។ ជាមួយគ្នានេះមេដឹកនាំផ្នែធុរៈកិច្ចក៏បានលើកឡើង ពី​ការ​ផ្តល់អាទិភាពក្នុងការលើកស្ទួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការចូលរួមចំណែក​ដល់​ការ​កសាងសហគមន៍អាស៊ាន ពិសេសជួយជំរុញដល់ជីវភាព របស់ប្រជាពលរដ្ឋកាន់​តែមាន​ភាព​ល្អ​ប្រសើរឡើង និងបង្កើនឱកាសសម្រាប់ការងារ ព្រមទាំងចំណូលមានការកើនឡើង​ក្នុង​ចំណោម​ប្រជា​​ពលរដ្ឋ ដែលមានភាពទន់ខ្សោយ ពោលគឺកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រឲ្យ​ម​ក​នៅកៀកគ្នា។

នៅក្នុងសុន្ទរកថានោះដែរឯកឧត្តមប្រធានាធិបតី និងមេដឹកនាំធុរកិច្ច​អាស៊ាន ក៏បាន​បង្ហាញពីការ​ប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញធ្វើយ៉ាងណា ឲ្យមានការអភិវឌ្ឍនៅក្នុងកម្រិតជាតិ ពោលគឺ​ការ​ពង្រឹង​ដល់យន្តការនៃស្ថាប័នអាស៊ានទាំងអស់ ពិសេសការធានានូវធនធានគ្រប់គ្រាន់ដើម្បី​ដល់​ការ​អនុវត្ត​និងការកសាងសហគមន៍អាស៊ានឲ្យបាននៅឆ្នាំ២០១៥។ ជាមួយគ្នានេះអាស៊ាននឹងចេញ នូវសេចក្តី​ថ្លែងការណ៍ទីក្រុងណៃពីដោ ក្នុងការធ្វើយ៉ាងជំរុញដល់ការកសាង​សហគមន៍អាស៊ាន​ឲ្យ​បាន​សំរេច​ក្នុង​ឆ្នាំ២០១៥ ដោយសង្កត់​ធ្ងន់​ដល់ការពង្រឹង​ និងយកចិត្តទុកដាក់ចំពោះការអនុវត្ត នៃ​កត្តា​អាទិ​ភាព​សំខាន់ៗ ក្នុងសហគមន៍ទាំងបី គឺសហគមន៍នយោបាយ សន្តិសុខ អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និងសហគមន៍សង្គម វប្បធម៌អាស៊ាន។ នៅក្នុងបទអន្តរាគមន៍នោះដែរ មេដឹកនាំ​ផ្នែក​ធុរៈ​កិច្ច​ក៏បាន ខិតខំជំរុញដល់មេដឹកនាំអាស៊ានទាំងអស់ ធ្វើឲ្យមានការប្រែក្លាយសេដ្ឋកិច្ច​របស់​ខ្លួន ដែល​ពឹងផ្អែកតែទៅលើ ធនធានធម្មជាតិ ឲ្យទៅក្លាយជាសេដ្ឋកិច្ច​បើកចំហនិង​ទូលាយ​ជាងមុន ដែល​ផ្តោតទៅលើបច្ចេកវិទ្យា និងមានលក្ខណៈផលិតតាមបែបទំនើប។ ជាមួយគ្នានេះឯកឧត្តម​ប្រធា​នា​ធិបតី​និងថ្នាក់ដឹកនាំផ្នែកធុរៈកិច្ច បានប្តេជ្ញារួមគ្នាក្នុងការខិតខំក្នុងកាត់បន្ថយការអភិវឌ្ឍ ក្នុង​ចំណោម​ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម ពិសេសនៅក្នុងការផលិត ការធ្វើ​ពាណិ​ជ្ជ​កម្ម និងការ​វិនិយោគ សេវាកម្ម ដើម្បីឲ្យប្រទេសទាំងបួន មានការរីកចំរើន។

ឯកឧត្តមបន្តថា ពាណិ​ជ្ជ​កម្ម​ក្រៅប្រទេសរបស់កម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀត​ណាម ក្នុងឆ្នាំ២០១៣​កន្លង​មាន​ទឹកប្រាក់​ប្រមាណ ៣១២ពាន់៤០០លានដុល្លា គឺមានការកើនឡើង​ប្រមាណ ៥% បើ​ប្រៀ​ប​​​​ធៀប​នឹង​ឆ្នាំ២០១២ ដោយឡែកការវិនិយោគចូលទៅក្នុងប្រទេសទាំង៤ មានប្រមាណ១៣​ពាន់​​២០០​លាន​ដុល្លារ ពិសេសការវិនិយោគលើវិស័យសំណង់ និងការផលិត។

នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ ឯកឧត្តម ថេន សេន ប្រធានាធិបតីនៃសាធារណរដ្ឋសហភាព​មីយ៉ាន់ម៉ារ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ​ប្រគល់ពានរង្វាន់​ជូនដល់​ក្រុមហ៊ុន​ឆ្នើម​​មួយ​ចំនួនរបស់ប្រទេសអាស៊ាន ដែលបានចូលរួមអនុវត្តយ៉ាងពេញលេញ ក្នុងការធ្វើពាណិជ្ជកម្ម និង​​ការ​វិនិយោគ ក្នុងចំណោមបណ្តាប្រទេសអាស៊ានក្នុងឆ្នាំ២០១៤៕



No comments:

Post a Comment