Monday, September 08, 2014

បទវិចារណកថា អំពើហិង្សាបំរើនយោបាយបែបទ្រង់ទ្រាយថ្មី



ដោយៈ លី គាំ

អស់រយ:​ពេញមួយឆ្នាំគត់ ​ដែលក្រុមប្រឆាំងនឹងរាជរដ្ឋាភិបាល​  បានសំដែងចេញនូវភាពហិង្សារបស់ខ្លួនតាមដងផ្លូវ និងទីលាន​​សាធារ:  ពិសេសទីលានប្រជាធិបតេយ្យ។  ​ ប៉ុន្តែថ្មីៗនេះ ​​​ក្រុមប្រឆាំងបានយកទីវត្តអារាម​​​(វត្ត​​សាមគ្គីរង្សី) ដែលជាកន្លែងសក្ការ:របស់ពុទ្ធបរិសទ​​ដើម្បី​​បញ្ចេញហិង្សារបស់ពួកគេ ក្នុងបំណងតែម្យ៉ាង គឺបំរើផលប្រយោជន៍នយោបាយ

កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ ​​មាន​​សង្ឃអាណាធិបតេយ្យ​​​​​​រួមទាំងប្រជាជនចំណុះជើងវត្តមួយក្រុម​​ បានប្រើ​អំពើហិង្សាយ៉ាងកំរោល ជួយជ្រោមជ្រែងក្រុមអ្នកបះបោរតវ៉ារឿងដីធ្លីចំនួនប្រមាណ​ ៧០-៨០នាក់ មកពីខេត្ត​​ព្រះវិហារ ដោក្រុមនេះមិនទទួលយកការសម្រុះសម្រួលជួយដោះរបស់អ្នកតំណាងរាស្រ្តមួយរូប និងអាជ្ញា​មូលដ្ឋានមកពីខេត្តព្រះវិហារ។

មិន​គ្រាន់តែមិនទទួលស្វាគមន៍រាក់ទាក់អ្នកមុខអ្នកការ ដែលបានខិតខំចំណាយពេល​​មកជួយតាមដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុណ្ណោះទេ តែពួកក្រុមនេះបានទាំងបណ្តេញអ្នកមុខអ្នកការទាំងនោះឲ្យចេញពីបរិវេណវត្ត ដោយប្រើពាក្យយ៉ាងអសុរោះ គ្មានសីលធម៌ រួមទាំង​ មានបំណងវាយប្រហារលើអ្នកតំ​ណាង​រាស្ត្រផង។


ធាតុពិតនៅពីក្រោយភាពរញ៉េរញ៉ៃ ដែលបានសម្តែងចេញពី​​ក្នុងវត្តអារាមមួយ​ ប្រកបដោយកំហឹងនោះ វាមានន័យ​​យ៉ាងដូចម្ត៉េចម្យ៉ាងវិញទៀត កាលពីពេលដែលលោក​ សម​ រង្ស៊ី ចុះធ្វើអន្តរាគមន៍នៅវត្តសាមគ្គីរង្សី​ លើរឿងទំនាស់ដីធ្លីដូចគ្នា កាលពីពេលកន្លងទៅនោះ  បែរជាមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅយ៉ាងត្រជាក់រអូក?  តើរវាងលោក សួស យ៉ារ៉ា ជាអ្នកតំណាងរាស្ត្រខាងគណបក្សប្រជាជនកម្ពុជា និងលាកសម រង្ស៊ី ​​ជាអ្នកតំណាងរាស្ត្រ និងជាមេដឹកនាំ ខាងគណបក្សសង្រ្គោះជាតិ​ គឺមានន័យថាជាតំណាងរបស់​​រាស្រ្តដូចគ្នា នោះវាមានន័យ​​យ៉ាងដូចម្ត៉េចទៅវិញតើនេះមិនមែនបានន័យថា​ វត្តសាមគ្គីរង្សី ជាកន្លែងមូលដ្ឋានមួយ របស់ក្រុមប្រឆាំងនៅរាជធានីភ្នំពេញទេអ្វី?



សូមបន្តអានសាច់រឿងវិភាគទៅទៀត​​​​​ :


តាមប្រភពព័ត៌មានដែលបានមកពីគ្រប់មជ្ឈដ្ឋាន បានឲ្យដឹងថា ពួកប្រជាជនប្រមាណ​៧០-៨០នាក់​នោះ​ គឺមក​ពី​ភូមិ​ធម្ម​ជាតិសម្តេចតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាភូមិដ៏ធំ​មួយដែល សម្តេចតេជោ  ហ៊ុន សែន   បានដោះស្រាយគោលនយោបាយ ​ផ្តល់ជាមធ្យោបាយ​​ និងការឧបត្ថម្ភ យ៉ាងច្រើន​​លើសលុបដល់អ្នកភូមិស្វាយជ្រុំ សរុបចំនួនជាង​ ១០០០គ្រួសារ និង​គ្រួសារ​យោធិនពិការ ​ជាង២៥០០គ្រួសារ បានចែក​ដីសម្បទាន​ចំនួន៥០០០ហិតាថែមទៀត ដើម្បី​ប្រជាពលរដ្ឋទាំងនោះអាចប្រកបការងារ កសិកម្ម ​ធ្វើស្រែចំការ ចិញ្ចឹមសត្វ​​។ល។

បន្ថែមលើនេះទៅទៀត រាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពោលគឺ : បាន​កសាង អាងស្តុកទឹក ស្ថាបនាស្ពាន ផ្លូវ សាលាបណ្តុះបណ្តាល​​វិជ្ជាជីវៈ សាលារៀន​​​ មណ្ឌល​សុខភាព បោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ល។

​ដើម្បីភ្ជាប់​សាច់រឿងដែលជាប្រវត្តិសាស្រ្ត គេមិនត្រូវបំភ្លេចនូវកាលានុវត្ត​ ​នា​ -ឆ្នាំកន្លង​​ទៅនោះទេ។​ រាជរដ្ឋាភិបា បានតស៊ូយ៉ាង​ស្វិតស្វាញលើឆាក​អន្តរជាតិ ដើម្បីបានដាក់ប្រាសាទព្រះវិហារ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងបុព្វហេតុ​លើកកំពស់​​​វប្បធម៌ជាតិ និង​​លើកកំពស់​​កេរ្តិ៍តំណែលមរតក​​ជាតិ លើឆាក​​អន្តរជាតិ ​​​ដើម្បីឲ្យពិភពលោកទទួលស្គាល់​ថា​ ព្រះ​រាជា​ណាចក្រកម្ពុជា​ កាល​​ពីសម័យអង្គរ ​​​ជាអាណាចក្រ​​ និងជាមហាអំណាចដ៏ធំមួយ ​លើពិភព លោក។

ក្នុងបរិការ​​នេះ នៅថ្ងៃទី៨ ខែកក្កដា​ ឆ្នាំ២០០៨ អង្គការពិភពលោកយូណេស្កូ (UNESCO) បានសម្រេច​​​ជាឯកឆន្ទ លើសំណើរបស់កម្ពុជា ​ទទួលស្គាល់​ថា ប្រាសាទព្រះវិហារ ដែលជាមរតកមានតំលៃជាសកល គ្មានពីរ ​គឺត្រូវតែថែរក្សាមិន​​ឲ្យ​​វិនាស​បានដោយ​កត្តាធម្មជាតិបានឡើយ

ប៉ុន៉្តែ មុន​​នឹង​​បាន​​ឈាន​​ដល់​​ការ​​សំរេ​​នេះ​ :​កម្មការ​​បេតិកភណ្ឌពិភពលោកបានទទួលស្គាល់គំរោងរបស់រាជរដ្ឋាភិបាល ដើម្បី​​ថែទាំប្រាសាទព្រះវិហារ​​​ និងធ្វើអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ ដែលជាគម្រោងមានខ្នាតអន្តរជាតិ​​​​​​ ដែលសមាជិកនៃប្រទេស​​ចំនួន១៨៣ លើសកលលោក​ ​អប​អរ​​សាទរយ៉ាងលើសលប់។ ក្នុងនោះគឺមាន​​គំរោងមួយ ប្រមូល​​​ប្រជាជនក្រីក្រ ​​មាន​ជីវភាពតែលតោល  ​នៅតាមតំបន់ជើងភ្នំប្រាសាទនោះ មករស់ប្រមូលផ្តុំ បង្កើត​ជា​ភូមិ​មួយ ដោយ​បានដាក់ឈ្មោះថា «ភូមិធម្មជាតិតេជោ» ដូចបានរៀបរាប់ពីខាងដើមនោះឯងតើនេះមិនមែន​​ហៅថានយោបាយ​ «ឈ្នះ-ឈ្នះ» ទេអ្វីគឺប្រាសាទខ្មែរមួយទៀតត្រូវបានលេចធ្លោ​ ​ត្រដែតលើឆាកអន្តរជាតិ រីឯប្រជាជនរាប់ពាន់គ្រួសារ ​មានដីធ្លី​​ មានភូមិឋានរបស់ខ្លួនត្រឹមត្រូវ ​​​ក្នុសហគមន៍​មួយ ប្រកបដោយសុខដុមរមណីយ៍ភាព។

ផ្ទុយទៅវិញ រឿងរាវដែលបង្កឡើងកាលពីសប្តាហ៍មុននេះ បានធ្វើឲ្យអ្នកវិភាគ​​នយោបាយសុទិដ្ឋិនិយមមួយចំនូន សម្តែងនូវការសោកស្តាយយ៉ាងខ្លាំង​​ ដោយគេបាននាំគ្នានិយាយថា  ​ជាអកុសលណាស់ ​​​ដែលការខិតខំប្រឹងប្រែង​​​យ៉ាងមោះមុត និងឥតរួញរា របស់រាជរដ្ឋាភិបាល​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ​សម្តេចតេជោ ហ៊ុនសែន  បានត្រូវរងនូវការញុះញង់ ចាក់ដោត​ ពីពួក​​សកម្មជននៃ​​ក្រុមប្រឆាំងមួយក្តាប់  ក្នុងគោលបំណងកេងចំណេញ​​យោបាយ ពួកនេះបានផ្លុំត្រចៀក អ្នកភូមិដែលមាននិន្នាការប្រឆាំងស្រាប់ចំនួន​ ៧០-៨០នាក់ ឲ្យទាមទារទៅរស់នៅទីកន្លែងចាស់ ​ដែលបានក្លាយទៅជាតំបន់អភិរក្សនៃប្រាសាទ​​ព្រះវិហារ​ រួចទៅហើយនោះ​ ​

ជាក់ស្តែង​​ លោក សម រង្ស៊ី ​​នៅក្នុងទំព័រ Facebook របស់ខ្លួន បាន​សម្តែងនូវការគាំទ្រ ​ពីការទាមទារដ៏ខុសរឿង របស់ពួកអ្នកបង្តទំនាស់​​ រួមទាំងសង្ឃអនាធិបតេយ្យផង​​ ដែលបញ្ចេញនូវប្ញកពារ​​​ច្រឡោងខាម បញ្ចេញនូវភាពហិង្សា ប្រឆាំងនឹង​អ្នក​តំណាងរាស្រ្ត​ និងអាជ្ញាធរដែនដីនេះ​គឺពុំមែនជារឿងធម្មតានោះទេ!
 
អ្នកវិភាគនយោបាយទាំងនោះ បានចោទសួរគ្នាទៀតថា តើមេដឹកនាំ​​គណបក្សប្រឆាំង ដែល​បានធ្វើសេចក្តីសម្រេចព្រមព្រៀងគ្នា ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២២ ខែ​ក្កដា ឆ្នាំ​២០១៤  ថ្មីៗនេះ គឺគ្រាន់តែជាការបោកប្រាស់ ឬក៏ជាការលាក់នូវពុតត្បុតរបស់ខ្លួន ឬអ្វី?  ពួកគេនឹងនៅបន្តរង់ចាំមើលតទៅទៀត ថាតើនៅមានការប្រទុសរាយ ឬការប្រឆាំង​​ដោយប្រើពាក្យសំដី​ ដោយកាយវិការ ដោយអំពើហិង្សា តាមបែបទ្រង់ទ្រាយតូច​-​ធំ បែបណាទៀត​?

តើមហិច្ឆិតាលាក់បាំង និងពុតត្បុតនេះ​ អាចចៀសផុតពីក្រសែភ្នែកសាធារណៈជន ​បានយូរប៉ុណ្ណា? មហាជន​អ្នក​ស្រឡាញ់​សន្តិភាព អហិង្សានិយម​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​នយោបាយ​ផ្សះ​ផ្សាបង្រួម​ជាតិ​ គឺ​ពិត​ជា​មិន​ត្រូវ​ការ​ជា​ដាច់​ខាត​នូវ​ការ​ញុះ​ញង់បង្កើត​ឲ្យ​មាន​ហិង្សានយោបាយ​។ អីចឹង ឆាកល្ខោន​ ដែល​រៀប​ចំ​ដោយ​ក្រុម​គណបក្ស​ប្រឆាំង​ដែល​កំ​ពុង​ និង​បន្ត​យក​ទីធ្លាវត្តអារាម និង​ទី​កន្លែង​សាធារណៈដទៃ​ទៀត​ គួរគប្បី​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ជំ​ហរ​ដោះ​ស្រាយ​បញ្ហា​៕

No comments:

Post a Comment