(បទពាក្យប្រាំពីរ)
នៅលើឆាកជាតិ អន្តរជាតិ គេដឹងព្រោងព្រាតគ្មានក្រឡះ
លោក សម រង្ស៊ី ចិត្តមានៈ ពុំមានអៀនខ្មាស សាសន៍ដទៃ ។
គេធ្លាប់ដឹកនាំ ធ្វើបាតុកម្ម ស្ទើរជិតមួយឆ្នាំ តែគ្មានន័យ
ឃោសនាបោកប្រាស់ យុវវ័យ ឲ្យលង់ស្មារតី ភ្លេចរកស៊ី ។
អ្នកខ្លះចាញ់បោក មេឃោសនា លក់ឆ្កែ លក់ឆ្មា មកវក់វី
ដើរតាមលំអាន សម រង្ស៊ី ពុំបានសំភី ឲ្យបានច្បាស់ ។
អុចអាល ឆ្កឹះឆ្កៀល ដើរតាមផ្លូវ វិបត្តិធ្លាក់ទៅ យ៉ាងអាម៉ាស់
បាត់បង់ជីវិតពលរដ្ឋខ្លះ អាងអីរត់ប្រាស់ទៅបរទេស ។
គេលើកអេហ្ស៊ីប ទុយណេស៊ី គេលើកលីបី ថាពិសេស
លោក សម រង្ស៊ី អស់ចំណេះ អាងអីរត់ក្រេសពីភ្នំពេញ ។
អាងអីតែថាខ្លួនមានសិទ្ធិ ដល់គេពិនិត្យសិទ្ធិគេវិញ
បែរជាស្រែកថ្ងូរទាំងទោម្នេញ ហើយចោទគេវិញថាផ្តាច់ការ ។
ពាក្យថា “ចេះឯងក្រែងចេះគេ” ចេះត្រឹមតែជេរស្រែកឡាំប៉ា
មិនបាច់រៀនសូត្រពីគ្រូណា សូម្បីកុមារ ក៏ចេះដែរ ។
ឯណាគុណធម៌ ល្អឧត្តម ជាអ្នកដឹកនាំប្រទេសខ្មែរ
តំណាងអ្នកក្រុង ចំការស្រែ ឬអាង “ថៅកែមេបាតុកម្ម” ?
ថ្ងៃណាថៅកែប្រែអស់លក្ខណ៍ នោះខ្លួននឹងធ្លាក់ទុក្ខរងកម្ម
គួរអនុវត្ត និងចងចាំ ព្រះរាជបណ្តាំព្រះមហាក្សត្រ ។
ដោយ មូល មិត្ត
No comments:
Post a Comment