វត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិតេជោអភិវឌ្ឍន៍ ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត បានបញ្ចប់នូវពាក្យចចាមអារ៉ាមដែលបង្កឡើងដោយពួកក្រុមជ្រុលនិយម និងអ្នកនយោបាយប្រឆាំង បានប្រឌិតបំផុសឡើងអំពីសុខភាពរបស់សម្តេច។
នៅក្នុងពិធីសំណេះសំណាល ជាមួយយោធិនពិការ នៅក្នុងមជ្ឈមណ្ឌលយោធិនពិការ ៣១៧ កោះស្លា នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ សម្តេចតេជោ ហ៊ុន សែន ដែលរួមដំណើរដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ប្រតិកម្មខ្លាំងៗថា «ខ្ងុំអត់ទាន់ងាប់ទេ ហើយកុំសង្ឃឹមបន់ឱ្យខ្ញុំងាប់ឱ្យសោះ តែបើសិនជាខ្ញុំងាប់ពិតមែន ត្រៀមបង្វិចឱ្យហើយទៅ នេះខ្ញុំនិយាយពិតក្រែងលោមិនដឹង!»។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងនាមជាមនុស្សគួរតែមានការចេះដឹងកុំបន់ឲ្យគេស្លាប់។ «មនុស្សរស់នៅឱ្យជ្រងោៗ ចេះឱ្យគេបោកបានធ្វើនយោបាយ អីក៏យ៉ាប់ម្ល៉េះ? ចាញ់ឆ្នោតឡាំប៉ា មិនដែលម្តងណាទទួលស្គាល់ ហើយធ្វើអ្វីគេមិនកើត បែរជាមកបន់ឱ្យគេងាប់, អស់លោកល្មមៗបានហើយ ព្រោះខ្ញុំបណ្តោយឱ្យលោកឯងប៉ុន្មានរយៈហើយ តែបើចង់ដឹងតែ៤៨ម៉ោង គឺគ្រប់គ្រាន់! នេះមិនមែនជាការគំរាម តែជាការនិយាយគ្នា ឱ្យដឹងសខ្មៅ ព្រោះលោកឯងវាខូចពេកហើយ ប្រមាថជីវិតខ្ញុំសព្វគ្រប់បែបយ៉ាង ដែលមិនអាចទទួលយកបាន»។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំសូមផ្តាំក្នុងករណីដែលខ្ញុំដាច់សរសៃឈាមអញ្ចឹងមែន សូមវេចបង្វេចឲ្យស្រួល ដើម្បីរត់ ព្រោះអ្នកដែលមានលទ្ធភាពបញ្ជាកម្លាំងប្រដាប់សរុប គឺមានតែម្នាក់ហ្នឹងឯង។ សម្តេចតេជោថ្លែងថា សូមកុំបន់ឲ្យ ហ៊ុន សែន ស្លាប់ព្រោះគេកំពុងត្រូវការ ហ៊ុន សែន ដើម្បីគ្រប់គ្រងសភាពការណ៍ សូម្បីតែជនបរទេសមួយចំនួនក៏ខ្សឹបខ្សៀវជាមួយគ្នាថា «ពេលនេះមិនទាន់អត់ ហ៊ុន សែន បានទេ»។
សម្ដេចតេជោពន្យល់ថា «រដ្ឋមន្ត្រីការពារជាតិមិនអាចបញ្ជាកម្លាំងប៉ូលិស ឬរដ្ឋបាលស៊ីវិលបាន , រដ្ឋមន្ត្រីមហាផ្ទៃមិនអាចបញ្ជាលើទាហានកើត មិនអាចបញ្ជាលើ PM បាន អ៊ីចឹងខ្ញុំសុំផ្ដាំបើសិនជាករណីមានអ៊ីចឹងមែន គួរតែវេចបង្វិចត្រៀមឱ្យស្រួល ក្រែងលោវាមានយថាហេតុអីកើតឡើង ងាប់ខ្លួនឯងទេ!។
ទាក់ទងនឹងការឃោសនារបស់គណបក្សនយោបាយប្រឆាំង ខុសរដូវនៃការឃោសបោះឆ្នោតសម្តេចតេជោបានមានប្រសាសន៍ពន្យល់ថា ការបោះឆ្នោត១ ឆ្នាំហើយ សូមកុំបន្តឃោសនាតទៅទៀត ចាំដល់ឆ្នាំ២០១៨ ចាំឃោសនា។ ខ្ញុំសូមបញ្ជាក់ចុងក្រោយថា អ្វីដែលខ្ញុំនិយាយនេះជារឿងពិត ហើយកុំប្រថុយហ្នឹងធ្វើ។ សូមកុំឃើញនៅប្រទេសអេហ៊្សីបគេធ្វើបានទុយណេស៊ី លីប៊ី គេធ្វើបាន ប៉ុន្តែនេះនៅកម្ពុជា។ កុំថានៅបាងកកគេធ្វើបាន នៅកម្ពុជាចង់ធ្វើដែរ មួយថៃ មួយ កម្ពុជា មួយ យីងឡាក់ មួយ ហ៊ុន សែន ខុសគ្នា។ ខ្ញុំសូមប្រដៅឲ្យច្បាស់ប្រាប់ឲ្យចំ ហើយអស់លោកបរទេសសូមនៅឲ្យស្ងៀម កិច្ចការផ្ទៃក្នុងកម្ពុជា ទុកឲ្យកម្ពុជាដោះស្រាយ លើកទឹកចិត្តទទួលបាន ប៉ុន្តែជ្រៀតជ្រែកមិនអាចទទួលយកបានទេ ត្រូវគោរពច្បាប់របស់កម្ពុជា។ សម្តេចតេជោបញ្ជាក់ថា ប្រទេសជិតខាងយើងយោធាកាន់អំណាច ចាប់ខ្លួនអ្នកកើតចេញពីការបោះឆ្នោត ម៉េចក៏គេធ្វើបាន។ នៅប្រទេសអេហ៊្សីប គេចាប់ខ្លួនប្រធានាធិបតីចេញពីការបោះឆ្នោត ឥឡូវអ្នកចាប់ប្រធានាធិបតីឡើងធ្វើជាប្រធានាធិបតី។ ចំណែកយើងឈ្នះឆ្នោតឆ្លងកាត់សភា ព្រះមហាក្សត្រតែងតាំង ដូចម្តេចដោះស្រាយបញ្ហាមិនបាន។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានព្រមានដែរថា ល្មមៗបានហើយប្រយ័ត្នគេមិនខន្តី ខ្លួនឯង មានស្អីពិតប្រាកដ ឯបញ្ហាញុះញង់ ឯកសារមានគ្រប់គ្រាន់ ហើយផ្ញើឲ្យស្ថានទូតនានា ពេល ចាំបាច់លោកឯងស្ទុះអត់រួចទេ ហើយអត់មានអភ័យឯកសិទ្ធិទេ ដីកាតុលាការចាប់ខ្លួនតែម្តង ហើយសូមកុំនិយាយថា កំពុងរៀបចំចរចា គំរាមចាប់ខ្លួន គេមិនចាប់ គេទុកឲ្យខ្លួនមកចរចា យូរៗទៅព្រហើនទៅៗ។
ពាក់ព័ន្ធនឹងការទាមទាររបស់គណបក្សសង្រ្គោះជាតិ ចង់ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្លាយជាស្ថាប័ននោះ សម្តេចតេជោថ្លែងថា ភាសាពាក្យថា គ.ជ.ប ជា ស្ថាប័នធម្មនុញ្ញ ខ្ញុំមិនដែលឮទេ បើមានចែងក្នុងរដ្ឋធម្មនុញ្ញខ្ញុំឮ ខ្ញុំចេះ ប៉ុន្តែស្ថាប័នធម្មនុញ្ញវា អត់មាន។ ឥឡូវខ្ញុំប្រាប់ទៅ ខ្ញុំបានឯកភាព ហើយខាងគណបក្សប្រជាជនកម្ពុជាបានឯកភាពដាក់ គ.ជ.ប ទៅក្នុងជំពូកទី១៥ ថែមមួយជំពូកទៀតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ រដ្ឋធម្មនុញ្ញជំពូកទី ១៥ ចែងពីស្ថាប័នរៀបចំការបោះឆ្នោត តួនាទី ភារកិច្ច និងរបៀបជ្រើសតាំង។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បញ្ហាធំរបស់ខ្ញុំគឺប្រជាពលរដ្ឋបានសេចក្តីសុខ ឬ អត់មានទឹកធ្វើស្រែទេ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធរបស់យើងបើកប្រាក់ខែទាន់ពេលទេ រកវិធីដំឡើងប្រាក់ខែកម្មករយ៉ាងដូចម្តេច ជំរុញការនាំចេញកសាងប្រទេស ត្រង់ក្រុមប្រឆាំងទៅណាក៏ទៅៗ ហើយខ្ញុំការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ។
ទាក់ទងទៅនឹងការសុំបង្កើតស្ថានីយ៍ទូរទស្សន៍របស់គណបក្សប្រឆាំង សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា ចង់បង្កើតទូរទស្សន៍ ខ្ញុំឲ្យ តាមរយៈក្រុមហ៊ុនមួយសរសេរសំបុត្រដើម្បីស្នើសុំបង្កើតទូរទស្សន៍ ខ្ញុំឲ្យ ខ្ញុំប្រាប់ទៅទៀត តាំងពីមុនឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខ្ញុំបានប្រាប់តាមរយៈភ្នាក់ងារ ព្រោះបានសួរខ្ញុំពីរឿងនេះ នៅថ្ងៃទី៩ ពិភាក្សាគ្នាតាមទូរស័ព្ទ ប៉ុន្តែក្រោយមកបញ្ជូនតាមភ្នាក់ងារ ខ្ញុំថា ឲ្យគណបក្សបង្កើតអត់បានទេ ព្រោះស្រុកខ្មែរ ៥០ ទៅ ៦០ គណបក្ស បើគណបក្សមួយមានទូរទស្សន៍មួយវាមិនងាប់បាត់ទៅហើយ។ សម្តេចតេជោបញ្ជាក់ថា សុំឲ្យបង្កើតក្រុមហ៊ុនទៅហើយណែនាំទៀតថា ក្រុមហ៊ុននោះត្រូវចុះបញ្ជីពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ។ សន្យាថាធ្វើ ហើយខ្ញុំក៏បានសួរទៅឯកឧត្តម ខៀវ កាញារីទ្ធ ដែរ អាចចែក១ កាណាល់ចេញពីទូរទស្សន៍ជាតិយកមកឲ្យគាត់បង្កើតទូរទស្សន៍ ហើយឲ្យគាត់ចារ ដើម្បីកុំឲ្យក្រុមហ៊ុនវាក្បត់គាត់ទៅថ្ងៃក្រោយ គិតឲ្យគាត់អីញ្ចឹងទៀត ក្រែងលោក្រុមហ៊ុននោះ ថ្ងៃក្រោយវាយកអាជ្ញាប័ណ្ណនោះទៅធ្វើស្អីក្បត់គាត់ទៅទៀត ឲ្យគាត់ចារតិចទៅ រួចបានខ្ញុំចារពីលើឲ្យ១ កាណាល់បង្កើតទូរទស្សន៍។ តែមកដល់ម៉ោងនេះ ដោយសារតែចង់បំបិទចោលលទ្ធផលចរចា ខ្លួនបែរជាអត់ធ្វើការងារនេះទេ ខ្ញុំសូមផ្ដាំទៅអ្នកគាំទ្របក្សប្រឆាំងផងថា ខ្ញុំឲ្យបង្កើតទូរទស្សន៍។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ប៉ុន្តែមនុស្សនេះវាខូច រួចលោកទូតអាមេរិកបានប្រាប់ឯកឧត្ដម ស ខេង ថា បើសិនឲ្យបង្កើតទូរទស្សន៍ គឺហ្នឹងដោះស្រាយភ្លាមឲ្យបង្កើតតែគាត់មិនព្រមសរសេរសំបុត្រមកឲ្យធ្វើម៉េចបាន។ បានសេចក្ដីថា គ្មានចេតនាដោះស្រាយបញ្ហាទេ ហើយបើដោះ ក៏ដោះបើមិនដោះក៏ហីទៅ។
សម្តេចតេជោក៏បានព្រមាន ឲ្យគណបក្សប្រឆាំងកុំព្យាយាមធ្វើបាតុកម្មឲ្យសោះ បើសិនជាធ្វើបាតុកម្មណាមួយខុសនឹងច្បាប់ គឺរដ្ឋាភិបាលមិនអត់ឱនឲ្យទេ។ “នៅមានទោសនៅឡើយទេ ពាក់ព័ន្ធទៅនឹងបទញុះញង់បង្កឲ្យមានចលាចល មានមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិ។ គេនៅខន្តី យើងចេះតែតម្លើងឫទ្ធ”។ សម្តេចតេជោសង្កត់ធ្ងន់ថា បើសិនជារាជរដ្ឋាភិបាល លែងខន្តី គឺអ្នកឯងនឹងជាប់ខ្នោះហើយ។ បើសិនជារាជរដ្ឋាភិបាលចង់ធ្វើ គឺរយៈពេលតែ ៤៨ ម៉ោងទេ ហើយកុំព្យាយាមរត់ចូលស្ថានទូត។
សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចបានទូលថ្វាយព្រះមហាក្សត្រថា បើសិនជាគណបក្សប្រឆាំងចូលប្រជុំរដ្ឋសភា នោះបញ្ហាល្អនឹងត្រូវដោះស្រាយបាន ប៉ុន្តែបើសិនជាមិនចូលរដ្ឋសភាទេ នោះរាជរដ្ឋាភិបាល និងរដ្ឋសភានឹងបន្តដំណើររហូតដល់ការបោះឆ្នោតឆ្នាំ ២០១៨៕
No comments:
Post a Comment