Wednesday, June 11, 2014

មតិ​សំណេះ​សំណាល ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងពិធី​ប្រគល់​ប្រាក់​រង្វាន់ដល់​ជ័យ​លាភី និង​​ប្រាក់​​ឧបត្ថម្ភ​​ចំពោះ​​គ្រូ​បង្វឹក ក្នុង​​ព្រឹត្តិការណ៍​ការ​ប្រកួត​​កីឡា​​អាស៊ាន​​ប៉ារ៉ា​ហ្គេម​​លើក​ទី​៧

រាជធានីភ្នំពេញ, ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤

-        ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
-        គ្រូបង្វឹក កីឡាករ កីឡាការិនី ភ្ញៀវកិត្តិយស ទាំងអស់ ជាទីមេត្រី
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមាចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក កីឡាករ កីឡា ការិនី ទាំងអស់ ក្នុងពិធីប្រគល់​ប្រាក់រង្វាន់ដល់​ជ័យ​លាភី និង​ប្រាក់​ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក ក្នុង​ព្រឹត្តិការណ៍ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​៧ ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ថ្ងៃទី​១១ ដល់​២២ ខែមករា ឆ្នាំ​២០១៤ នៅ​ទីក្រុង​ណៃ​ពី​ទ័រ ប្រទេស​មីយ៉ាន់ម៉ា កន្លងមកនេះ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ​ក្នុងនាម​ សម្តេច​​​​អគ្គមហាសេនាបតីតេជោហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំសូមសម្តែង​នូវ​ការកោត​សរសើរ និង​អបអរ​សាទរ​ដល់ជ័យ​លាភី​​ទាំងអស់ ចំពោះកិច្ចខិតខំប្រឹង​ប្រែង និង​ស្មារតី​​​​​​​ប្តេជ្ញា​ចិត្ត​ខ្ពស់​​​​​រហូត​ទទួល​បានជ័យជំនះ​ដ៏ធំធេង​ជូន​ជាតិ​មាតុភូមិ​។ ខ្ញុំ​​ក៏សូម​​យក​​ឱកាស​នេះ​សម្តែង​​​​​​នូវ ការ​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់ផង​ដែរចំពោះ​​ថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ​ប៉ារ៉ា​ឡាំ​ពិក​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ជាពិសេសគ្រូបង្វឹក និង​គ្រូ​ជំនួយ​ ដែលបាន​រួមចំណែក​យ៉ាង​​សំខាន់ ធ្វើឱ្យ​សម្រេច​បាន​​នូវសមិទ្ធផល​ដ៏ត្រចះត្រចង់នេះ។

ការជួបជុំគ្នាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់នូវការលើកទឹកចិត្ត និងការគាំទ្ររបស់​រាជ​រដ្ឋាភិបាល​​​ដល់​​វិស័យកីឡា ជាពិសេស កីឡាករ និងកីឡាការិនី​ជន​ពិការ​ទាំងអស់ ដែល​បាន​​​ចូ​លរួម​ក្នុង​ព្រឹត្តិ​ការណ៍​ការ​ប្រកួត​​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​៧។ ការយកចិត្តទុកដាក់​​ និង​​ការគាំទ្រ​​ទាំងនេះ ស្តែងចេញតាមរយៈ​ការ​ចំណាយថវិការដ្ឋ​ដ៏ច្រើន​សម្រាប់​វិស័យនេះ ក៏​ដូច​ជា​​ ការ​ផ្តល់ថវិកាផ្ទាល់ខ្លួន​​របស់ សម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ចំនួន ១២០.៥០០ (ដប់ពីរម៉ឺន​ប្រាំ​រយ​) ដុល្លារអាមេរិក​ ជូន​ដល់​គ្រប់​កីឡាករ និងកីឡាការិនី ​ដែល​​ជា​ជ័យលាភី​ គ្រូ​បង្វឹក​ និង​គ្រូ​ជំនួយ​ កាលពី​ខែមីនាកន្លងមកនេះ​។     

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
វិស័យអប់រំកាយនិងកីឡាគឺជាសមាសភាព​ដ៏​សំខាន់ ​​ដែល​​រាជរដ្ឋាភិបាល​បាននិងកំពុង​បន្ត​យក​ចិត្ត​ទុកដាក់ក្នុង​ការចូលរួមអភិវឌ្ឍ​ធនធាន​មនុស្ស​​​ ប្រកប​​ដោយ​គុណភាព​ ដើម្បី​រួម​​ចំណែក​​​ដល់ការលើក​កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព​និងសមធម៌។ កីឡា​មិនត្រឹម​តែនាំ​មក​នូវ​សុខភាពល្អ ​ភាព​សប្បាយ​​​រីករាយ​ និង​ស្មារតី​សន្តិភាព សាមគ្គីភាព មិត្តភាព ភាតរភាព និង​សហប្រតិបត្តិការរវាង​គ្នានិងគ្នា ទាំងក្នុង​ក្រប​ខ័ណ្ឌ​ជាតិ និងអន្តរជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែ កីឡា​ក៏​រួមចំណែកយ៉ាង​សំខាន់ ​ដល់​ការលើក​កម្ពស់​កិត្យានុ​ភាពជាតិ​នៅលើ​ឆាក​អន្តរជាតិផងដែរ។ ដូច្នេះ កីឡាករ កីឡាការិនីកម្ពុជា​ទាំងអស់​ រួមទាំង​ កីឡាករ កីឡា​ការិនី​​ ជនពិការ​​របស់​យើង គឺ​ប្រៀបបានដូចជាអ្នក​ការទូត ដែលមានលក្ខណៈមហាជន​ ដ៏មាន​ប្រសិទ្ធិភាព ដែលដើរ​តួនាទី​យ៉ាង​​​សំខាន់​នៅក្នុងផ្នែកទំនាក់ទំនងអន្តរជាតិ។

លើសពីនេះទៀត រាជរដ្ឋាភិបាល​​តែងតែ​​យកចិត្ត​ទុកដាក់​ និង​ផ្តល់​អាទិភាពខ្ពស់​​លើ​វិស័យ​ពិការរភាព ដោយ​​បាន​​ដាក់​​បញ្ជូល​ក្នុង​យុទ្ធ​សាស្ត្រ​ចតុកោណ បានអនុម័តច្បាប់ស្តីពី​កិច្ចការពារ និងលើក​កម្ពស់​សិទ្ធិជន​ពិការ និងបាន​ផ្តល់សច្ចាប័ន​លើអនុសញ្ញា​អង្គការ​សហប្រជា​​ជាតិ​​​​ស្តីពី​សិទ្ធិជនពិការ ជាដើម​។ ដើម្បី​ប្រសិទ្ធិ​ភាព​ការងារ​ក្នុង​ការ​អនុវត្ត និង​ជួយ​ដល់​​បងប្អូន​ជនពិការ​ទាំងអស់​​ យន្តការជាច្រើនត្រូវ​បាន​​បង្កើត ជាអាទិ៍​ លេខា​ធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ មូលនិធិជនពិការ និងរដ្ឋបាលសិទ្ធិជនពិការ​ ​ ។ ជាមួយគ្នានេះ សម្តេចអគ្គមហា​សេនាបតី​​​តេជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានយកចិត្តទុក​ដាក់​យ៉ាងខ្លាំង​ចំពោះបងប្អូន ជនពិការ ដែលស្តែង​ចេញ​ពី ការជួបសំណេះសំណាល​សួរសុខទុក្ខ ការផ្តល់​អំណោយជាសម្ភារៈ និង​ថវិកា ​ការ​សាងសង់មជ្ឈមណ្ឌល​ជនពិការជាច្រើន​កន្លែង​​នៅ​ទូទាំង​ប្រទេស និង​ការសាងសង់​លំនៅដ្ឋាន​​​​​ ជូន​​​បងប្អូន​ជន​ពិការរបស់​​យើងអាច​រស់នៅប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ ។

ជាលទ្ធផល បងប្អូន​ជនពិការយើង​នៅទូទាំងប្រទេសបាន​ប្រើ​ប្រាស់​​សក្តានុពល​របស់​ខ្លួន​រួមចំណែក​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​គ្រប់វិស័យ ​ ដើម្បី​​​អភិវឌ្ឍសេដ្ឋកិច្ច​ និង​សង្គម​ជាតិ​ ប្រកប​ដោយ​ឆន្ទះខ្ពស់​ ស្រប​តាម​ពាក្យ​ស្លោក​ថា «ពិការតែកាយតែចិត្តមិនពិការឡើយ»។ ជាក់ស្តែង​ តាមរយៈរបាយការណ៍របស់​ ឯកឧត្តម​ យី វាសនា​ អគ្គលេខាធិការ​​គណៈកម្មាធិការ​ជាតិ​​ប៉ារ៉ា​ឡាំ​ពិកកម្ពុជា​ ការប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី៧​ កីឡាករ កីឡាការិនីជន​ពិការ​​របស់​​យើង​តែ ២៣រូប ប៉ុណ្ណោះទៅ​ចូលរួម​ប្រកួត​ តែ​ជាទីមោទនៈ អាចទទួល​មេដាយបានរហូត​ដល់ ៣២​គ្រឿង ដែលក្នុង​នោះ​មាន​ មេដាយ​មាស ៤គ្រឿង ប្រាក់ ១១គ្រឿង និងសំរឹទ្ធ ១៧គ្រឿង។  ចាប់​តាំង​ពី​​ការ​ចាប់​បដិសន្ធិ​នៃគណៈកម្មាធិការជាតិប៉ារ៉ា​ឡាំពិកកម្ពុជានៅ​ឆ្នាំ​១៩៩៧ មកដល់​ពេល​បច្ចុប្បន្ន​​នេះ កីឡាករ​ កីឡាការិនី​ជនពិការ​យើង​ បាន​ធ្វើឲ្យកិត្តិនាម និងកិត្តិស័ព្ទកម្ពុជា​កាន់​តែ​​ត្រូវ​បាន​ទទួល​​​ស្គាល់ និង​កោតសរសើរ​ថែមទៀត​​​លើឆាកអន្តរជាតិ ដោយបាន​​នាំ​មេដាយ​​​ជូន​ជាតិ​សរុបចំនួន ១២០គ្រឿង។ ខ្ញុំពិត​ជាមាន​ក្តីរំភើប និងសូមចូលរួម​អបអរសាទរ​​នូវ​លទ្ធផល​ដ៏​ឧដ្តុង្គ​ឧត្តម​​នេះ!

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការ​​​ជាតិ​​ប៉ារ៉ាឡាំ​ពិក​កម្ពុជា គ្រូបង្វឹក និងកីឡាករ កីឡាការិនី​ជនពិការ​​​ទាំងអស់​ ចំពោះកិច្ចខិត​ខំ​ប្រឹង​ប្រែង និងស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់នាំមកនូវជ័យជំនះ​ដ៏ធំធេង ​​ជូនជាតិមាតុភូមិជាទីស្នេហា​នៃ​​យើង។​

ខ្ញុំសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និង​សប្បុ​រស​ជន​ទាំង​អស់ សូមបន្តចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីអភិវឌ្ឍវិស័យ​អប់រំកាយ និង​កីឡា​ដល់​​ជនពិការ​កម្ពុជា ។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ខ្ញុំបាននាំមកជាមួយនូវទឹកប្រាក់​ចំនួន ១ ០៤៦ ២០០ ០០០រៀល (មួយ​ពាន់​សែសិបប្រាំ​មួយលានពីរសែន​​​រៀល) របស់​​រាជ​រដ្ឋា​ភិបាល​​ មកប្រគល់ជូនជ័យលាភី ​គ្រូបង្វឹក​ និង​គ្រូ​ជំនួយ​ ក្នុង​ព្រឹត្តិការណ៍ការ​ប្រកួត​​កីឡា​​អាស៊ាន​​​​​ប៉ារ៉ាហ្គេម​លើកទី​៧ ស្របតាមអនុក្រឹត្យ​ថ្មីរបស់​រាជរដ្ឋាភិបាល​ ដែល​បាន​ផ្តល់​ប្រាក់​រង្វាន់​​ និង​ប្រាក់​ឧបត្ថម្ភ​ស្មើគ្នា​ចំពោះ​​គ្រូបង្វឹក ​គ្រូជំនួយ ​កីឡាករ និង​កីឡា​ការិ​នី​អូឡាំ​ពិក និង​ប៉ារ៉ាឡាំពិក​។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជនពិការ​ ភ្ញៀវកិត្តិយសទាំងអស់ សូមមាន​សុខភាពល្អ ទទួល​បាន​​ជោគជ័យ​ក្នុងការងារ និងសុភមង្គលក្នុងគ្រួសារ។
សូមអរគុណ!

No comments:

Post a Comment