Friday, February 21, 2014

កម្ពុជា​ដាក់​ចេញ​​ផែន​​ទី​​ចង្អុល​​ផ្លូវ​នៃ​​ការ​​ធ្វើ​​​​សមាហ​រណ​កម្ម​​ពាណិជ្ជកម្ម​​កម្ពុជា ២០១៤-២០១៨

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ន សែន នាយក​រដ្ឋមន្រ្តីនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជានា​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ​បាន​​អំពាវនាវដល់​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការនៅគ្រប់ក្រសួង-ស្ថាប័ន កង​កម្លាំង​ប្រដាប់​ឤវុធ និងឤជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ឲ្យផ្តល់ការគាំទ្រ និង​​យក​ចិត្តទុក​ដាក់​ចូលរួម​ឲ្យបាន​សកម្ម ក្នុងការអនុ​វត្តយុទ្ធសាស្ត្រ​សមាហរណ​កម្មញ​ណិជ្ជ​កម្ម​បែប​វិភាគ ២០១៤-២០១៨ ឲ្យ​បាន​ជោគ​ជ័យ ដោយសម្តេច​មានជំនឿដោយសុទិដ្ឋិនិយម​ថា វានឹង​ក្លាយ​ទៅជា ផែនទី​បង្ហាញផ្លូវ​ចំពោះរាល់​សកម្មភាព​ពាក់ព័ន្ធ​វិស័យពាណិជ្ជកម្ម និងកិច្ចការ​គាំទ្រ​មួយ​ចំនួនទៀត​។

ក្នុង​ឱកាស​អញ្ជើញជា​អធិបតី​ក្នុងពីធីសម្ពោធ​ជា​ផ្លូវការនៃ​យុទ្ធសាស្ត្រ សមាហរណកម្ម​ពាណិ​ជ្ជ​កម្ម​កម្ពុជា ២០១៤-២០១៨ ​នៅវិមាន​សន្តិភាព ទីស្តីការ​គណៈរដ្ឋមន្ត្រី​​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ចំពោះ​មុខខ្ញុំ​ឤច​វាយតម្លៃ​ជាបឋម​បានថា យុទ្ធ​សាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​បែបវិភាគ ២០១៤-២០១៨ នេះ​គឺជា​យុទ្ធសាស្ត្រ​សមាហរ​ណ​កម្មពាណិជ្ជកម្ម​តែមួយ​គត់ ដែល​ត្រូវបាន​ទទួលយក​រួមគ្នាដោយ​រាជរដ្ឋាភិបាល វិស័យឯក​ជន និង​ដៃគូ​អភិវឌ្ឍន៍ ព្រម​ទាំងនឹង​ត្រូវបានអនុវត្តន៍​ដោយភាគី​ពាក់ព័ន្ធ​ទាំង​អស់ តាម​រយៈ «អភិក្រម​គ្របដណ្តប់​លើវិស័យ​ញណិជ្ជកម្ម»។

សម្តេច​តេជោនាយករដ្ឋមន្ត្រី​មានប្រសាន៍ឲ្យ​ដឹង​ថា ​យុទ្ធសាស្ត្រ​សមាហរណកម្មនេះ បាន​កំណត់​ពីឤទិភាព​ជាក់លាក់​នានា សម្រាប់​ធ្វើអន្តរាគមន៍​ជាបន្ទាន់ ហើយ​ក៏បាន​កំណត់​ឤទិ​ភាព និង​ដំណាក់កាល​អនុវត្តន៍​នានា ដែល​នឹង​ក្លាយ​ទៅ​ជាផែនការ​លម្អិត​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម កម្ពុជា​ក្នុងរយៈ​ពេល ៥ឆ្នាំ​បន្ទាប់​ទៀត​ផងដែរ។

ជា​រួមយុទ្ធសាស្ត្រ​សមាហរណកម្ម​នេះ បាន​កំណត់​ពីវិធានការ​គោលដៅ​ចំណុច និង​ឤទិភាព​ច្បាស់​លាស់ ដែល​ឤច​ធ្វើឲ្យមាន​ភាព​ប្រាក​ដ​ប្រជា និង​ជា​ការវិភាគ ដែល​មាន​ប្រសិទ្ធភាព ទាំង​ផ្នែក​ធនធាន​ហិរញ្ញវត្ថុ ធនធាន​មនុស្ស និង​ស្ថាប័ន។ ដូច្នេះ ពេល​នេះ​ជាងពេល​ណាៗ​ទាំង​អស់ ដែល​យើង​ត្រូវ​ប្រើប្រាស់​ផែន​ទី​បង្ហាញផ្លូវ នៃយុទ្ធសាស្ត្រ​សមាហរណកម្ម​ញណិជ្ជ​កម្ម​នេះ ដោយ​សារ​តែ​ឯកសារ នេះ​បាន​ផ្តល់នូវ​សូចនាករ និងគោល​រង្វាស់​ច្បាស់លាស់​មួយ​ទាំង​សម្រាប់​ឆ្នាំ ២០១៦ និង ២០១៨ ខាងមុខនោះ។

សម្តេចតេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ចំពោះ​មុខនេះ​ដែរ យើងត្រូវ​ជំនះ​ឲ្យបាននូវ​បញ្ហា​ប្រឈម​នានា ដែលធ្លាប់​ជួបនាពេល​កន្លងមក​ដូចជាកង្វះ​ខាត​ផ្នែករូបវ័ន្ត និងធនធានមនុស្ស, កង្វះខាត សុខដុម​នីយកម្ម​រវាងកម្មវិធី​មួយ និងកម្មវិធីមួយ​ផ្សេង​ទៀត គុណភាពទាប​នៃ​ការ​តាម​ដានត្រួត​ពិនិត្យ និងវាយ​តម្លៃជា​ដើម​ដើម្បីគាំទ្រ និងជំរុញ​ល្បឿន​នៃការ​អនុវត្ត​សកម្ម​ភាព​ក្នុងយុទ្ធសាស្ត្រ នេះឲ្យ​បានជោគជ័យ។

​សម្តេច​តេជោនាយក​រដ្ឋមន្ត្រី ​ក៏បានបង្ហាញ​នូវសុទិដ្ឋិនិយម​ចំពោះ​ការ​កើន​ឡើង​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ក្នុង​ឆ្នាំ ២០១៤ និង​ឆ្នាំក្រោយៗ​ទៀត ​តាមរយៈ​នយោបាយ​បើកទូលាយ​របស់កម្ពុជា​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា កម្ពុជា​បាន​ជំរុញ​យ៉ាងខ្លាំង​ដល់​ការងារ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​កំពុង​ក្លាយជា​យន្តការ​មួយ​ទាក់ទាញ​វិនិយោគទុន​ថ្មីៗ​បន្ថែមទៀត​មក​ កម្ពុជា ក្នុង​វិស័យ​កម្មន្តសាល​។ តាមរយៈ​នយោបាយ​បើកទូលាយ​បែបនេះ វា​កំពុង​ធ្វើឱ្យមាន​ភាពជឿនលឿន ក្នុងការ​ទាក់ទាញ​ការវិនិយោគ​។​

សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​ក្នុង​ឆ្នាំ ២០១២ គឺមាន​ចំនួន​ជិត ១.៥០០លាន​ដុល្លារ​អាមេរិក ​កើនឡើង​ពី ៩០០លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០១១ ហើយ​វិនិយោគ​ផ្ទា​ល់ពី បរទេស​ក្នុង​ឆ្នាំ២០១៣ ត្រូវបាន​ប៉ាន់ស្មាន​ក្នុង​កម្រិត​មធ្យម​ប្រមាណ ១.២២០លាន​ដុល្លារ​អាមេរិក​។ សម្តេច​តេជោ​មាន​ប្រសាសន៍កត់​សម្គាល់​ថា​“​ទន្ទឹម​នេះ យើង​ក៏​ពិនិត្យឃើញ​ផងដែរ​ថា​ សកម្មភាព​ផលិតកម្ម​ដែល​កន្លងមក​ធ្លាប់តែ​កើតឡើង នៅ​ក្នុង​ប្រទេស​ចិន ថៃ ឬនៅ​ប្រទេសវៀតណាម​នោះ ប៉ុន្តែ​បច្ចុប្បន្ននេះ​និន្នាការ​នេះ​កំពុងតែ​ផ្លាស់ប្តូរ​ឆ្ពោះ​មកកាន់​ កម្ពុជា ។ នេះ ជា​ដំណើរ​វិវឌ្ឍន៍ មួយ​ថ្មី​នៅក្នុង​តំបន់​។ ក្នុង​ស្មារតី​នេះ​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​ក្នុង​ឆ្នាំ២០១៤ និងឆ្នាំក្រោយៗ​ទៀត នឹង​បន្ត​កើន​ឡើងជា​លំដាប់នៅ​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា​”​។ ជារួម​បន្ទាប់ ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨-២០០៩ កន្លងទៅ នេះ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ស្តារឡើងវិញ​ហើយ​បាន និង​កំពុង​រីកលូតលាស់ ជាប្រចាំ ដែល​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង ក្រោយ​មាន​អត្រាកំណើន​ជុំវិញ ៧ ភាគរយ​ក្នុង​មួយឆ្នាំ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍វាយតម្លៃ​ថា  ​ដំណើរ​វិ​វ​ឌ្ឍ​នៃ​ស្ថានភាព​សេដ្ឋកិច្ច កម្ពុជា​ក្នុងអំឡុងពេល ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះគឺ​ជា​មូលដ្ឋាន និង​​ភាព​ចាំបាច់​នៃ​ការដាក់ចេញ​នូវ យុទ្ធសាស្ត្រ​សមាហរណកម្ម​ពា ណិ​ជ្ជ​កម្ម​របស់​កម្ពុជា ២០១៤-២០១៨ នេះ​។

​តាមរយៈនេះ សម្តេច​តេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ខ្ញុំមាន​ជំនឿយ៉ាង​មុតមាំថា កម្ពុជា​ពិតជាឤច​បន្ត​បោះ​ជំហានទៅមុខ​យ៉ាង​ស្វាហាប់ និងស៊ីសង្វាក់ ហើយ​ឈាន​ទៅ សម្រេច​បា​ន​នូវ​ចក្ខុ​វិស័យ​វែងឆ្ងាយ​របស់ខ្លួន​ពោលគឺ ប្រែក្លាយ​កម្ពុជា​ទៅជាប្រទេស​មានចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ២០៣០ ហើយ​ឈាន​ឡើង ទៅ​ជាប្រទេស​មានចំណូល​ខ្ពស់​ក្នុង​ឆ្នាំ២០៥០។

​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្មមាន​ប្រសាសន៍ឲ្យ​ដឹង​ថា យុទ្ធ​សាស្រ្តថ្មីនេះ(យុទ្ធសាស្ត្រ​សមាហរណ​កម្ម​ពាណិ​ជ្ជ​កម្ម​កម្ពុជា ២០១៤-២០១៨) គឺជាយុទ្ធ​សាស្រ្ត​លើកទី៣ ដែល​បានរៀបចំ​ឡើងដោយ​រាជរដ្ឋាភិ​បាល​កម្ពុជា ដោយមានការ​គាំទ្រ​ពី​កម្ម​វិធីពង្រឹង​ក្របខណ្ឌសមាហរណកម្ម (EIF) និងអតីតកម្មវិធីក្រប​ខណ្ឌ​សមាហរ ណកម្ម (IF) ព្រមទាំង​ដៃគូអភិវឌ្ឍន៍ ។

​ឯកឧត្តម ស៊ុន ចាន់ថុល មាន​ប្រសាសន៍​បន្តថា យុទ្ធសាស្រ្តនេះនឹងជួយយើងកៀរគរធន​ធានជំនួយ​ថ្មីៗបន្ថែមទៀត ដើម្បីដោះ​ស្រាយ​តម្រូវការ​កំណែទម្រង់ថ្មីៗ​នានា ដែល​យើង​ត្រូវ​អនុ​វត្តន៍ ហើយ​ដែលយើង​បាន​ប្តេជ្ញាចិត្ត​រួចហើយ​នោះ ពិសេស​ទៅ​ទៀតនោះ យុទ្ធ​សាស្រ្ត​ថ្មី​នេះ​នឹងជួយពង្រឹង​បន្ថែម​ទៀតនូវការ​ប្រកួត​ប្រជែង ក្នុង​វិស័យពាណិជ្ចកម្ម​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ចូលរួមចំណែក​ក្នុងការបង្កើត​ការងារថ្មី និង​ប្រសើរជាងមុន បង្កើន​ចំណូល និង​កាត់​បន្ថយ​ភាពក្រីក្រនៅកម្ពុជា។

លោក​បណ្ឌិត រតនាកា អាឌីការី នាយកប្រតិបត្តិ​នៃកម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម (EIF) មាន​ប្រសាសន៍​ថា ការ​ប្រកាស​ជាផ្លូវ​ការនៃយុទ្ធសាស្រ្ត​សមាហរណកម្ម​ពាណិជ្ជកម្ម កម្ពុជា (២០១៤-២០១៨) នៅថ្ងៃ​នេះគឺ​ជានិម្មិតរូបនៃ​វឌ្ឍនភាព​ដ៏ធំធេង ដែល​កម្ពុជា​សម្រេច​បាន​នៅក្នុង​វិស័យ នៃការអភិវឌ្ឍ និង​សមាហរណកម្ម​ពាណិជ្ជកម្ម ។ វឌ្ឍន​ភាព​នេះបាន​ឆ្លុះ​បញ្ចាំង​យ៉ាងច្បាស់​អំពីសមត្ថភាព​របស់រាជរដ្ឋា​ភិបាល ក្នុងការ​ដឹកនាំការ​ធ្វើ​បច្ចុប្បន្នភាព CTIS ការអធិ ប្បាយ​បា​នច្បាស់លាស់​អំពីផែ​នទី​បង្ហាញផ្លូវ អភិ​ក្រគ្រប់ដណ្តប់​លើវិស័យ​ពាណិជ្ជកម្ម និងការ ចាត់ចែង​រៀបចំចក្ខុវិស័យ​របស់ប្រទេស​កម្ពុជា ឆ្ពោះទៅ​សមាហរណកម្ម​ពាណិជ្ជកម្ម នៅថ្នាក់តំ បន់ ពិពិធកម្មសេដ្ឋកិច្ច និងការ​អភិវឌ្ឍជំនាញ៕

No comments:

Post a Comment