Friday, February 21, 2014

សម្តេច​​តេ​ជោ​ក្រើន​​រំលឹក​​ពី​​បញ្​ហា​បើក​ប្រាក់​​បៀ​វត្សរ៍​ និង​ជំរុញ​​ឲ្​យ​យក​​ចិត្ត​​ទុក​​ដាក់​​លើ​ការ​កសាង​​ធន​​ធាន​​មនុស្ស ជា​​ពិសេស​​នគរ​បាល​​វ័យ​​ក្មេ​ងដើម្បី​​បន្ត​​វេន​

សម្ដេច​អគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្រើន​រំលឹក​ជាថ្មី​ដល់​ក្រសួង​ស្ថាប័ន​នានា​មួយចំនួន ​ដែល​នៅតែ​យឺតយ៉ាវក្នុង​ការ​បើក​ប្រាក់​បៀ​វត្សរ៍​ជូន​មន្ត្រីរាជការ ​កង​កំលាំង​ប្រដាប់​អាវុធ និងក៏បាន​ណែនាំ​ឱ្យ​យកចិត្តទុ​ក​ដាក់​លើក​កំពស់​ការ​កសាង​ធន​ធាន​មនុស្ស​ ក្នុង​ជួរ​កង​កំលាំង​នគរបាល​ជាតិ​ទាំងមូល ជាពិសេស​កសាង​ជួរ​នគរ​បាល​វ័យក្មេង​ដើម្បី​គោលដៅ​បន្តវេន​។

ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៤ របស់​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​២០​កុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍​ដោយ​ជម្រុញ​ឱ្យ​ថ្នាក់ដឹកនាំឲ្យមន្ត្រីរាជការ កង​កំលាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​មាន​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​បង្ការ​ទប់ ​និង​ចាត់​វិធាន​ការ ស្រប​តាម​ច្បាប់​ជា​ធរមាន និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត ខាង ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ក្នុង​ការ​ថែរក្សា ពង្រឹង​សន្តិសុខ​ជាតិ របៀបរៀបរយ​សាធារណៈ និង​ការ​រីកចម្រើន​របស់​ប្រទេសជាតិ​។

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​លើក​កំពស់​ការ​កសាង​ធន​ធាន​មនុស្ស​ ក្នុង​ជួរ​កង​កំលាំង​នគរបាល​ជាតិ​ទាំងមូល ជាពិសេស​កសាង​ជួរ​នគរបាល​វ័យក្មេង​ដើម្បី​គោលដៅ​បន្តវេន​។ ជា​មួយ​នេះ ក៏​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​និង​ពង្រឹង​ការ​ផ្គត់ផ្គង់​មធ្យោបាយ សំភារៈ បច្ចេកទេស ដល់​កង​កំលាំង​នគរបាល​ជាតិ និង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ភស្តុភារ ហិរញ្ញវត្ថុ​ដល់​អង្គភាព​នគរបាល​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ ថែរក្សា​បូរណភាព​ទឹកដី និង​​អធិបតេយ្យ​ជាតិ ក៏ដូចជា​អង្គភាព​ប្រតិបត្តិការ រក្សា​សន្តិសុខ​ក្នុង​សង្គម​ផង​ដែរ ក្នុង​នោះ​ត្រូវ​ជំរុញ​បើកប្រាក់​បៀវត្ស​រិ៍ ប្រាក់ឧបត្ថម្ភ​និង​របប​គោលនយោបាយ​ផ្សេងៗ ដល់​កង​កំលាំង​នគរ​បាល​​ជាតិ​ឱ្យ​បាន​គ្រប់​ចំនួន​កំណត់ និង​ទាន់​ពេល​វេលា​ដោយ​ត្រូវ​លុបបំបាត់​ឱ្យ​បាន​ជា​ដាច់​ខាត​នូវ​ការ​កាត់កង​ ប្រាក់បៀវត្ស​រិ៍ ប្រាក់ឧបត្ថម្ភ​និង​របប​គោលនយោបាយ​ផ្សេងៗ​ដែល​បាន​​កំណត់។

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ឱ្យដឹងថា សន្និបាត​នេះ​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ​កន្លះ​ ដោយមានការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ នាយ​នគរបាល​ជាន់ខ្ពស់​អគ្គនាយក អគ្គនាយករង មន្ត្រី​ថ្នាក់​នាយកដ្ឋាន​ចំណុះទីស្តី​ការ​ក្រសួង​មហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា អភិបាល​នាយក​រដ្ឋបាល​ស្នងការ​នគរបាលរាជធានី ខេត្ត​អ្នកពាក់ព័ន្ធ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំងការជួញដូរ​មនុស្ស ការរត់ពន្ធមនុស្ស ការ​ជួញ​ដូរ​ពលកម្ម និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី កុមារ និង​តំណាង​ក្រសួងស្ថាប័ន​នានា​សរុប​ចំនួន​ជាង ​៧០០​នាក់​។ ជា​លទ្ធផល​នៃ​សន្និបាត គឺ​មាន​ការពិនិត្យ និង​វាយតម្លៃ​ទៅលើ​ការសម្រេច​បាន​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ការងារ​មួយចំនួន ដូចជា ការរក្សា​សន្តិសុខ សុវត្ថិភាព និង​ការចូលរួម​គាំទ្រ​ដល់​ដំណើរ​ការបោះឆ្នោត​ជាតិ លើក​ទី​៥ ជា​ហេតុ​ធ្វើឲ្យ​ការ​បោះ​ឆ្នោ​ត​នេះ ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​សន្តិភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។

ឯកឧត្តម ស ខេង បាន​មាន​ប្រសាសន៍ឲ្យ​ដឹង​ថា កង​នគរបាលជាតិ កម្លាំង​មាន​សមត្ថកិច្ច​នានា និង​អាជ្ញាធរ​គ្រប់ លំដាប់​ថ្នាក់​បាន​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង ការថែទាំង​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ​សង្គម​ទាំងមូល​ពិសេស​បន្ត​អនុវត្ត គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​។ ជាមួយគ្នានេះ​ក៏​មាន​ការបន្ត​លើកកម្ពស់​នៃ​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ នៅ​កម្ពុជា​​ការពារ​សុវត្ថិភាព​ដល់​ការធ្វើ​បាតុកម្ម កូដកម្ម ការទាមទារ​ការតវ៉ា​នានា​ដែល​ប្រព្រឹត្តទៅ​ដោយ​សន្តិវិធី​ដែល​ទន្ទឹម​នឹង​ការ ចាត់​វិធានការ​ស្របតាម​គោលការណ៍​ច្បាប់​ចំពោះ​សកម្មភាព​ញុះញង់​បង្ក​ឲ្យមាន​អំពើ​ហិង្សា​ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង ឯកជន និង​សកម្ម​ភាព​​ប៉ុន​ប៉ង​បង្ក​ឲ្យមាន​អស្ថិរភាព​នយោបាយ អស្ថិរភាព​សង្គម​សំដៅ​ថែរក្សា​សន្តិភាព​ស្ថិរភាព​ជាតិ និង​ប្រក្រតីភាព​នៃ​ជីវភាព​សង្គម​លើ​គ្រប់​វិស័យ៕

No comments:

Post a Comment