Monday, January 13, 2014

ឯកឧត្តម​បណ្ឌិត​​សភា​ចារ្យ សុខ អាន អញ្ជើញ​​ជា​​អធិ​បតី​​បើក​សន្និសីទ្ធ​​អន្តរ​ជាតិ​ លើក​​ទី២០ សមាគម​​បុរេ​ប្រវត្តិ​​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក


ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈ​រដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៤ បាន​អញ្ជើញ​ចូល​រួម​ជា​អធិបតី​បើក​សន្និសីទ្ធ​អន្តរ​ជាតិ​​​លើក​ទី​២០ នៃសមាគម​បុរេ​ប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ​អប្សរា​អង្គរ ខេត្ត​សៀម​រាប។

សន្និសីទ្ធ​អន្តរជាតិសមាគម​បុរេប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិកលើក​ទី​២០ ត្រូវ​បាន​សហការ​រៀប​ចំ​ឡើង​ដោយ​រាជ​បណ្ឌិត​សភា​កម្ពុជា និង​លេខាធិការដ្ឋាន​សមាគម​​បុរេប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិក មាន​កម្ម​វិធី​រយៈ​ពេល​មួយ​សប្តាហ៍ (១២-១៨ ខែមករា ឆ្នាំ២០១៤) ដោយ​មាន​ប្រតិភូមក​ពី ៤០ប្រទេស​ ចូ​លរួម ក្នុង​នោះ​មាន​វាគ្មិន​អន្តរ​ជាតិ​ដែល​ជា​អ្នក​ស្រាវជ្រាវ​ចំនួន​ ៧២៩នាក់​ និង​វាគ្មិនមក​ពី​ស្ថាប័ននានា​របស់​ព្រះរាជា​ណា​ចក្រ​​​កម្ពុជា​ចំនួន ៣២នាក់​ ​​ត្រូវ​ពិភាក្សា​លើ​ប្រធាន​បទ​ចំនួន ៦៣ធំៗ និង​ប្រធាន​បទ​រង​​ចំនួន ៥៨០ ចែក​ជា ១០១ វគ្គ​​ពិភាក្សា។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន តំណាង​ដ៏​ខ្ពង់​ខ្ពស់​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នៃ​សន្និសីទ្ធ​អន្តរជាតិសមាគម​បុរេប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិក​លើក​​​​ទី​​២០នេះ​ថា ជា​សកម្ម​ភាព​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​នូវ​ការ​យល់​ដឹង​ ឲ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​នូវ​វប្បធម៌​ អារ្យធម៌រវាង​គ្នា​ទៅ​វិញ​ទៅ​មក បណ្តុះ​ចំណង​មិត្ត​ភាព និង​សហ​ប្រតិបត្តិការ​ទាំង​ក្នុង​កម្រិត​ជាតិ តំបន់ និង​ពិភពលោក​។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​វេទិកា​វិទ្យាសាស្ត្រ​ដ៏​ធំ​សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ជា​ច្រើន​រយ​នាក់​ ក្នុង​វិស័យវប្បធម៌មក​ពី​ជុំ​វិញ​ពិភព​លោក ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ចែក​​រំលែកលទ្ធផល​ស្រាវជ្រាវ​ថ្មីៗ​អំពី​វិទ្យាសាស្ត្រ និង​បច្ចេក​វិទ្យាប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​បុរាណ​វត្ថុ​វិទ្យា។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ផងដែរ​ថា ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​ជា​ច្រើន ក្នុង​ការ​ការពារ​អភិរក្ស និង​លើក​តម្លៃ​បេតិកភ័ណ្ឌ​វប្បធម៌​ជាតិ តាម​ទិស​ដៅ​“អភិរក្ស ដើម្បី​អភិវឌ្ឍន និង​អភិវឌ្ឍ ដើម្បី​អភិរក្ស”។ រាជរដ្ឋាភិបាល​បាន និង​កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​បណ្តា​ប្រទេស​លើ​​សកលលោក​ និង​ស្ថាប័ន​អន្តរជាតិ​នានា ដើម្បី​អភិរក្ស អភិវឌ្ឍន និង​ផ្សព្វផ្សាយ​វប្បធម៌​អារ្យធម៌ខ្មែរ និង​ជួយ​សម្របសម្រួលដល់​អ្នក​ស្រាវជ្រាវ​អន្តរជាតិ ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​វិស័យ​បុរាណ​វិទ្យា​នៅ​កម្ពុជា។

ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​អង្គ​សន្និសីទ្ធ​ថា កម្ពុជា គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​វប្បធម៌ អារ្យធម៌ដ៏​ចំណាស់ និង​ល្បីល្បាញ​ ដែល​ស្តែង​ឡើង​តាម​រយៈ​កេរ្តិ៍​ដំណែល​ប្រវត្តិ​សាស្ត្រ​ធំៗ​ជា​ច្រើន​ ដូច​ជា​សំណង់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ​ជាច្រើន នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ ក្នុង​នោះ​ប្រាសាទ​អង្គរ និង​ប្រាសាទ​ព្រះវិហារ បាន​ក្លាយ​ជា​បេតិកភ័ណ្ឌ​ពិភពលោក។ ក្រៅ​ពី​សម្បត្តិរូបីដ៏​មាន​តម្លៃ​ទាំង​នេះ កម្ពុជា​នៅ​មាន​សម្បត្តិ​វប្បធម៌អរូបីសំខាន់ៗ​ជា​ច្រើន​ទៀត ដែល​​បង្កប់​នូវ​មូលដ្ឋាន​គំនិត ចំណេះ​ដឹង បទពិសោធន៍ និង​សកម្ម​ភាព​របស់​មនុស្ស​មាន ជាអាទិ៍ នៅ​ក្នុង​ជំនឿ ទេវកថា ប្រពៃណី សាសនា ទស្សនវិជ្ជា ក្បួន​សាស្ត្រា ច្បាប់​នានា របាំ តន្ត្រី គំនូរ ចម្លាក់​ ក្បាច់​រចនា​ជាដើម។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រាសន៍​ថា វប្បធម៌​អរូបី​មួយ​ចំនួន​ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ដូច​ជា របាំ​ព្រះរាជទ្រព្យ (២០០៣) និង​ល្ខោនស្បែក​ធំ (២០០៥)។ ជា​ង​នេះ​ទៀត​រាជរដ្ឋាភិបាលបាន និង​កំពុង​រៀប​ចំ​បែបបទ ស្នើ​សុំ​ចុះ​បញ្ជីនូវ​សម្បត្តិបេតិកភ័ណ្ឌ​ជាតិ ទាំង​រូបី និង​អរូបី​ជា​ច្រើន​ទៀត ដូច​ជា ប្រាសាទ​សម្បូរ​ព្រៃគុហ៍ ស្ថិត​ក្នុង​ខេត្ត​កំពង់​ធំ និង​ក្បាច់​បុរាណ​ខ្មែរ “ល្បុក​ត្តោ​” ជាដើម។ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក៏​បាន​រំលឹក​ផង​ដែរ​អំពី​ជោគ​ជ័យ​នៃ​គណកម្មាធិការសម្រប​សម្រួល​អន្តរជាតិ​អង្គរ (ICC Angkor)​ ដែល​បាន​បង្កើត​ឡើង​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ​នោះ ក្នុង​ការ​ជួយ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា បាន​ក្លាយ​ជា​ស្ថាប័ន​គំរូ​នៅ​លើ​សកល​លោក ក្នុង​ការអភិរក្ស និង​អភិវឌ្ឍនបេតិកភ័ណ្ឌ ដែល​ជាសម្បត្តិ​របស់​មនុស្ស​ជាតិ។

តាមរយៈ​សន្និសីទ្ធ​អន្តរជាតិសមាគម​បុរេប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិកលើក​ទី​២០នេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍វាយ​តម្លៃ​ថា រមណីយដ្ឋាន​អង្គរ លែង​ជា​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ព្រៃ​ទៀត​ហើយ តែ​ត្រូវ​បាន​គេ​ស្គាល់​ពាស​ពេញ​ពិភពលោក។

ក្នុង​នាម​ជា​អ្នក​សហការ​រៀប​ចំ​ សន្និសីទ្ធ​អន្តរជាតិសមាគម​បុរេប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិកលើក​ទី​២០ លោក​ជំ​ទាវបណ្ឌិត​សភាចារ្យ ខ្លូត ធីតា ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០០៩ សន្និសីទ្ធ​អន្តរជាតិសមាគម​បុរេប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិកលើក​ទី​១៩ បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុងហាណូយ​ប្រទេស​វៀត​ណាម ដែលមាន​សមាជិក​ចូល​រួម​ចំនួន ៦០០នាក់​ប៉ុណ្ណោះ។ នៅ​ខែកញ្ញា ឆ្នាំ​២០១១ គណកម្មាធិការ​សមាគមបុរេ​ប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិក បាន​បោះ​ឆ្នោត​សម្រេច​ជ្រើស​រើសប្រទេស​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​ សម្រាប់​រៀប​ចំ​សន្និសីទ្ធ​អន្តរជា​តិ​សមា​គម​​បុរេប្រវត្តិ​ឥណ្ឌូប៉ាស៊ីហ្វិកលើក​ទី​២០ ឆ្នាំ​២០១៤​នេះ។

លោក​ជំ​ទាវបណ្ឌិត​សភាចារ្យ ខ្លូត ធីតា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​ជ្រើស​រើស​រៀប​ចំ​សន្និសីទ្ធអន្តរជាតិ​​នៅ​កម្ពុជា ជា​ការផ្តល់​នូវ​កិត្យានុភាព​មួយ​ថ្មី​បន្ថែម​ទៀតដល់​ព្រះ​រាជាណា​ចក្រ​កម្ពុជាលើ​ឆាក​អន្តរជាតិ​ ដោយ​ហេតុ​ថា ប្រទេសកម្ពុជា​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដី​គោក ហើយ​ជា​ប្រទេស​ដែល​មាន​អារ្យធម៌ដ៏ល្បីល្បាញ​នាសម័យ​បុរាណ ដែល​បាន​បន្សល់​នូវ​មរតក​វប្បធម៌​រូបី​តាម​ស្ថានីយ​បុរាណ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​បុរាណ​វត្ថិ​សិល្បៈ​គ្រប់​ប្រភេទ ជា​ច្រើន​នៅ​ពាស​ពេញ​ប្រទេស ពិសេស​នៅ​តំបន់​អង្គរ​នៃ​ខេត្ត​សៀម​រាប​នេះ​តែម្តង។

ក្រៅ​ពី​ការអះអាង​ដោយឯកឧត្តម ឃឹម ប៊ុនសុង អភិបាល​គណៈអភិបាល​ខេត្ត​សៀម​រាប​ អំពីការ​ខិត​ខំ​អភិវឌ្ឍន៍​ខេត្ត​សៀម​រាប​ឲ្យ​មានការ​រីក​ចម្រើន និង​ធានា​សុវត្ថិ​ភាព​ជូន​ភ្ញៀវ​ទេសចរ​ លោកសាស្ត្រាចារ្យ  អៀន លីលី (Prof. Ian Lilley) អគ្គលេខាធិការ​សមាគម​បុរេប្រវត្តិឥណ្ឌូប៉ា​ស៊ីហ្វិក បាន​មាន​ប្រសាសន៍​ថា អំពាវដល់​នាវ​ទេសចរ​​នៅ​ក្នុង​ពិភពលោក ឲ្យមក​ទស្សនា​នៅ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​លោក​ចាត់​ទុក​ថា រណីយដ្ឋាន​អង្គរ​ជា​កន្លែង​ដ៏​អស្ចារ្យ​នៅ​ក្នុង​ពិភពលោក​។​

លោកសាស្ត្រាចារ្យ  អៀន លីលី (Prof. Ian Lilley) អគ្គលេខាធិការ​សមាគម​បុរេប្រវត្តិឥណ្ឌូប៉ា​ស៊ីហ្វិក បាន​មាន​ប្រសាសន៍បញ្ជាក់​​ថា ប្រៀប​ធៀប​នឹង​សន្និសីទ្ធ​អន្តរជាតិ​មុនៗ វត្ត​មាន​អ្នក​ស្រាវ​ជ្រាវ​បុរាណ​វិទ្យា​បាន​មក​ចូល​រួម​ច្រើន​ បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រទេស​កម្ពុជា។

សមាគម​បុរេប្រវត្តិឥណ្ឌូប៉ាស៊ីហ្វិក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩២៩ គឺ​ជា​ស្ថាប័ន​ស្រាវជ្រាវ​ជាន់​ខ្ពស់​លើ​វិស័យ​វប្បធម៌ និង​បុរាណ​វិទ្យា​ ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​មក​ពី​ជុំ​វិញ​ពិភពលោក ដែល​បាន​ធ្វើការ​ស្រាវជ្រាវ​នៅ​តំបន់​ជុំ​វិញ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និង​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​រៀង​រាល់​ ៤ឆ្នាំម្តង សមាគម​នេះ​ត្រូវ​រៀប​ចំ​ធ្វើ​សន្និសីទ្ធ​អន្តរជាតិ​របស់​ខ្លួន​ នៅ​ក្នុង​ប្រទេស​ជា​សមាជិកតាម​ការ​ផ្លាស់​វេន​គ្នា៕

No comments:

Post a Comment