Monday, January 13, 2014

បទវិចារណកថា​ ដោយ ឧត្តម សក្តិ «ល្មម​ដល់​ពេល​បក្ស​ប្រឆាំង​ងាក​មករក​ការ​ចរចា​វិញ​ហើយ»



បទវិចារណកថាៈ
អត្ថបទដោយ ឧត្តម សក្តិ

ល្មម​ដល់​ពេល​បក្ស​ប្រឆាំង​ងាក​មករក​ការ​ចរចា​វិញ​ហើយ

          ការវិល​ត្រលប់មក​វិញ​នូវ​ប្រក្រតីភាពនៃបរិយាកាសសង្គម ក្រោយ​ប្រតិបត្តិ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងគោលដៅដើម្បីធានាសន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ បន្ទាប់ពីការបង្កឲ្យ​មានភាព​វឹកវរ ចលាចលតានតឹង​នយោបាយតាម​រយៈ​ការ​ញុះញង់​ធ្វើបាតុកម្ម​ហិង្សា​ដែលមានចរិតផ្តួលរំលំរាជ​រដ្ឋាភិបាលស្របច្បាប់ បានអូសបន្លាយ​ជាង​ប្រាំខែ​មកហើយ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត កាលពី​ថ្ងៃទី​ ២៨ ខែកក្កដា​ ឆ្នាំ២០១៣ មកម្ល៉េះ។ តើ​ផល​ប៉ះពាល់ដែល​កើត​ចេញ​ពី​​បាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ក្នុង​អំឡុង​ពេល​កន្លង​មក​នេះបាន​នាំមក​នូវ​ផល​វិបាក​អ្វីខ្លះ​ដល់សង្គមជាតិ? តើស្ថាន​ភាពសង្គម​ក្រោយ​ប្រតិបត្តិ​ការ​​ពង្រឹង​ការ​អនុវត្ត​ច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច មានការវិវត្តបែបណាហើយក្នុងពេលនេះ?

នរណាក៏បានដឹងដែរថា បក្ស​ប្រឆាំងក្នុងរយះកាល​ចុង​ក្រោយ​នេះ ដើម្បី​តែ​មហិច្ឆតា​ច្បាម​យកអំណាចក្រៅប្រពន្ធច្បាប់ បានតំរូវអោយ​ពួកគេរៀបចំយុទ្ធ​សាស្ត្រនៃការធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ និង​ជា​រៀង​រហូតមិនមានពេលកំណត់ ក្នុងចេតនាបំផុសបំផុលចលនាបះបោរបែប​អនាធិបតេយ្យ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ និងឯកជន បំពុល​បរិយាកាស​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈក្នុងគោលដៅផ្ដួល​រំលំរាជរដ្ឋាភិបាល តាមរូបភាពបដិវត្ត​ន៍ពី​​មហាជន​បែបហិង្សា​កំរោល​ចូល​។  ក្នុងទម្រង់​នៃរូបភាព​ជាច្រើ​ន​បែប​ច្រើន​យ៉ាង​ រួម​មាន​ទាំង​​ហិង្សាលើ​ សកម្ម​ភាព ពាក្យ​សម្ដី សម្ភារៈ ដែល​បាន​បង្កើត​ទ្បើង​ដោយ​គណបក្ស​សង្រ្គោះ​ជាតិ​ទាំងអស់នេះ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា បានបង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ក្នុង​ការ​ប្រកប​របរប្រចាំ​ថ្ងៃ​របស់បងប្អូនប្រជាពលរដ្ឋ រំខានដល់​ដំណើរនៃ​សង្វាក់​ផលិត​កម្មលើ​អាជីវកម្ម​គ្រប់​ប្រភេទ ស្ទើរ​តែទាំងស្រុង ដែលកត្តា​ទាំងនេះជំរុញឲ្យ​មានអស្ថិរ​ភាព​នយោបាយ អស្ថិរភាព​សេដ្ឋកិច្ច និង​ឈាន​ដល់ការបំផ្លាញកិត្យានុភាពជាតិយ៉ាងធ្ងន់ធ្ងរ​។

ទោះ​ស្ថិត​ក្នុងស្ថានភាពបែបនេះក៏ដោយចុះ ក៏រាជរដ្ឋាភិបាលប្រជាធិបតេយ្យស្របច្បាប់ តែង​តែ​មានការអត់ឱនខាងនយោបាយលើបក្សប្រឆាំង ដែល​តំណាង​ដោយ​សម្លេង​នៃ​មតិ​ភាគ​តិច​ក្នុង​ការសម្តែងមតិ​​ធ្វើការប្រមូលផ្តុំ ដង្ហែក្បួនបាតុកម្ម ​ដែល​គេ​តែង​តែ​អះ​អាង​ថា ដោយសន្តិវិធិ និងអហិង្សា ស្រប​នឹង​គោល​ការណ៍​ច្បាប់ដែលបានកំណត់​។

ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពរបស់ក្រុមប្រឆាំងហាក់ផ្គើនទៅនឹងច្បាប់ រំលោភ​លើ​រដ្ឋ​ធម្ម​នុញ្ញ ដោយឆ្លៀតឱកាសយកសិទ្ធិទាំងអស់នេះបំពាន នាំអោយប៉ះព៉ាល់ដល់សិទ្ធិសេរីភាព និង​កិត្តិ​យសអ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គមជាតិ ដល់សណ្តាប់ធ្នាប់សាធារណៈ និង​ដល់​សន្តិសុខជាតិ ។
បាតុកម្មរបស់កម្មករ-កម្មការិនី ក្នុងរយៈពេលត្រឹម​តែ​ ១៥ថ្ងៃ ប៉ុណ្ណោះ គ្រាដែលពួកគេមិនសុខចិត្ត ចំពោះការដំឡើងប្រាក់ឈ្នួលតាមការញុះញងរបស់បក្សប្រឆាំងនោះ បានធ្វើឲ្យរោងចក្រ​​​នៅកម្ពុជាខាតបង់ថវិកាប្រមាណជាជិត ៣០០លានដុល្លា សម្រាប់ការនាំ ចេញទៅកាន់ប្រទេសក្រៅ និងសម្ពារៈ។ ព្រមជាមួយគ្នានេះ មានរោងចក្រមួយចំនួនដែលកំពុងបានដំណើរនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមក​ហើយ​នោះ បានបង្វែរទិសដៅរបស់ខ្លួនទៅវិនិយោគនៅប្រទេសជិតខាង ហើយអ្វីដែល​​ជាការគួរឲ្យកត់សម្គាល់ជាងនេះទៅ​ទៀតនោះ មានរោងចក្រ ដែលមានគម្រោងមកវិនិយោគនៅកម្ពុជាដែរនោះ ក៏បានផ្លាស់ប្តូរគំនិតទៅដាក់ទុនរកស៊ីនៅប្រទេសផ្សេងផងដែរ។

ដូចនេះការ​បោស​សម្អាត​តាមគោលដៅផ្សេងៗ និងនៅទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃ​​ទី​៤ ​មករា ​នេះ ធ្វើ​ឡើង​ដើម្បី​រក្សា​ស្ថានការណ៍​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់  និង​បញ្ចៀស​កុំ​ឲ្យ​មាន​​សកម្មភាពអនាធិបតេយ្យ​នៅ​ក្នុង​សង្គម ដែល​ជា​បំណង​ប្រាថ្នា​របស់​ប្រជាពល​រដ្ឋ​គ្រប់​រូប​ដែល​ប្រាថ្នា​ចង់បានភាពសុខសាន្ត នៃសង្គមជាតិទាំងមូល។

ល្មម​ដល់​ពេលដែល​មេដឹកនាំ​គណបក្សប្រឆាំង បញ្ឈប់សកម្មភាពបង្កគ្រោះ​ថ្នាក់​​ដល់​សង្គម​ជាតិ ហើយតម្កល់ផលប្រយោជន៍ជាតិជាធំ។ ល្បែង​ប្រជាធិបតេយ្យត្រូវ​លេង​នៅក្នុង​ប្រព័ន្ធ​ច្បាប់​ដ៏​​រឹងមាំ​មួយ ដែលមាន​ការជឿទុកចិត្ត​គ្នា​ ដូចនេះគួរតែងាកមកចរចា​ដោយស្មោះ​ត្រង់​ជាមួយ​​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​​រក​ដំណោះស្រាយ​​មួយ ឈាន​ដល់​ការ​បញ្ចប់​វិបត្តិ​នយោបាយ ​​​នាំ​ទៅ​រក​ប្រក្រតី​ភាព​ ​និង​ស្ថិរភាព​នយោបាយឡើង​វិញ​ ដើម្បីឧត្តមប្រយោជន៍ជាតិ។

No comments:

Post a Comment