Thursday, February 07, 2019

កម្ពុជាមានសន្តិភាព គឺបងប្អូនប្រជាពលរដ្ឋខ្មែរមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស

នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាសព្វថ្ងៃមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរឡើង មានមធ្យោបាយធ្វើដំណើរគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរកាន់តែងាយស្រួលដែលផ្តល់ឱកាសឱ្យពលរដ្ឋបានធ្វើដំណើរទេសចរណ៍កម្សាន្តទៅគ្រប់ទីកន្លែងដោយគ្មានការភ័យព្រួយ។ លោកបានបន្តថា ដោយសារកត្តាសុខសន្តិភាពទើបធ្វើឱ្យកម្ពុជាមានឱកាសធ្វើដំណើរកំសាន្តយ៉ាងសប្បាយរីករាយគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស។
លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «នៅក្នុងថ្ងៃចូលឆ្នាំចិន យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកំសាន្តនៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ។ ក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ ចរាចរណ៍ក៏មិនសូវស្ទះ គឺដោយសារបងប្អូនចេញទៅជួបជុំក្រុមគ្រួសារ និងកំសាន្តសប្បាយនៅតាមបណ្តាខេត្ត និងចេញក្រៅប្រទេស។សព្វថ្ងៃនេះ មធ្យោបាយធ្វើដំណើរមានគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរក៏កាន់តែងាយស្រួល រីឯសុវត្ថិភាព សន្តិសុខគឺធានាបានល្អនៅគ្រប់ទីកន្លែង ដែលកាន់តែផ្តល់ឱកាសអោយពលរដ្ឋ និងទេសចរទៅកំសាន្តសប្បាយដោយគ្មានការភ័យព្រួយ។ មានសន្តិភាព គឺមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងបើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់ខ្ពស់ដល់គ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងគ្នានៅលើស្ពាន ឬលើផ្លូវកោងតូចចង្អៀត ឬមានឡានសណ្តោងធំៗ ចៀសវាងគ្រោះថ្នាក់ដោយចៃដន្យណាមួយ ដែលធ្វើឱ្យយើងសោកស្តាយអស់មួយជីវិតជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។ លោកក៏បានជូនពរដល់បងប្អូនប្រជាជនកម្ពុជាជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕











រោងចក្រថ្មី មានទុនជាង៣០លានដុល្លារ ចំនួន៤ទៀត ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យបើកដំណើរការ

រោងចក្រ៤ថ្មីទៀតហើយ ក្រោមទុនវិនិយោគជាង៣៤.០៣លានដុល្លារអាមេរិក ដោយបង្កើតការងារ ដល់ប្រជាពលរដ្ឋចំនួន១,៦៥៤កន្លែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តឲ្យបើកដំណើរការ។
យោងតាម Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានផ្សាយថា ខ្លួនបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- «FASHION HOUSEWARE (CAMBODIA) CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។
២- «TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងរក្តាបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។
៣- «ZHONGQI LIHUI CABLE CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន ២០.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៩កន្លែង។
៤- «WINTIME (CAMBODIA) CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២.៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥១កន្លែង៕



ខេត្តស្វាយរៀង រៀបចំកម្មវិធីសម្អាតអនាម័យបរិស្ថានប្រចាំខែលើកទី២៩

ស្វាយរៀង៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អនុវត្តតាមការណែនាំរបស់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតី ឲ្យថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រងគ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជនតាមសួនច្បារ និងតាមទីសាធារណៈធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋឲ្យបាន ល្អប្រសើរ ។ល។
ដើម្បីចូលរួមចំណែកជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត សាលាក្រុងស្វាយរៀង និងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត បានបន្តចុះធ្វើការសម្អាតបរិស្ថាន នៅតាមដងផ្លូវ សួនច្បារ និងជុំវិញផ្សារ ក្នុងក្រុងស្វាយរៀង ទៅតាមតម្រាយផ្លូវ និងទីតាំងដែលបានកំណត់ ។
ដោយឡែក មន្រ្តីរាជការសាលាខេត្តស្វាយរៀង ដឹកនាំដោយលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោក សុខ រស់ អភិបាលរងខេត្ត បានចូលរួមសម្អាតអនាម័យបរិស្ថាន នៅទីតាំងចាប់ពីខាងមុខ ការិយាល័យរដ្ឋសភាទៅដល់ខាង ក្រោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ៕



រដ្ឋមន្រ្តីក្រសួងអប់រំ ចុះត្រួតពិនិត្យសកម្មភាពបងៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាជំនាន់ថ្មី នៅស្រុកស្វាយជ្រំ

ស្វាយរៀង៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តបានទទួលដំណើរទស្សនៈកិច្ច របស់លោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង មកពិនិត្យសកម្មភាពបងៀន និងការសិក្សារបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៅសាលាជំនាន់ថ្មី បឋមសិក្សាស្វាយព្រហូត អនុវិទ្យាល័យគោកព្រីង(នៅឃុំគោកព្រីង) និងសាលាមេត្រីបរិស្ថាន បឋមសិក្សាចារ អនុវិទ្យាល័យអង្គតាសូ (ឃុំអង្គតាសូ) ស្រុកស្វាយជ្រំ។
ការចុះត្រួតពិនិត្យសកម្មភាពនេះ មានការចូលពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈអភិបាលស្រុកស្វាយជ្រំ ការិយាល័យអប់រំស្រុក អង្គការChild Fun អង្គការKape លោកនាយក លោកស្រីនាយិកា លោកនាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកពាក់ព័ន្ធលើការងារសាលាជំនាន់ថ្មីជាច្រើនរូបទៀត៕



កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ផ្តល់អំណោយជូនចាស់ជរា និងគ្រួសារមានជីវភាពខ្វះខាតនៅសាលាឃុំសង្កែ

ស្វាយរៀង៖ អំណោយមនុស្សធម៌ជាស្បៀង សម្ភារ និងថវិកាមួយចំនួន ត្រូវបានក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នាំយកទៅសួរសុខទុក្ខ និងចែកអំណោយ ជូនចាស់ជរា ៤ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១០ គ្រួសារ សរុប ១៤ គ្រួសារ មកពី ៣ ឃុំក្នុងស្រុក រំដួល គឺ ឃុំបុសមន ៤ គ្រួសារ ពងទឹក ៤ គ្រួសារ និងឃុំសង្កែ ៦ គ្រួសារ ដែលពិធីនេះបា្ររព្ធធ្វើ នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅសាលាឃុំសង្កែ ។
ក្នុងពិធីនោះលោកស្រី ពៅ សុភាព តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។
លោកស្រីបានបញ្ជាក់បន្ថែមដល់អ្នកទទួលអំណោយទាំង ១៤ គ្រួសារ ដោយសង្ខេបអំពីសកម្មភាពនានារបស់កាកបាទក្រហមកម្ពុជា នៅថ្នាក់សាខា និងអនុសាខា បានយកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះបានធូស្រាលមួយចំណែក ហើយពេលនេះសាខាបានគិតគូដល់លោកយាយ លោកតា ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ កុមារកំព្រា ព្រោះមិនមែនតែស្រុករំដួលមួយទេដែលសាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយដល់ស្រុកផ្សេងទៀតតាមលទ្ធភាពដែលសាខាមាន ។
អំណោយបានចែកជូនទាំង ១៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល ។ ក្នុងពិធីនោះដែរក៏មានសប្បុរសជនបានឧបត្ថម្ភថវិកាមួយចំនួនដល់អនុសាខាស្រុក ដើម្បីចូលរួមចំណែកនូវសកម្មភាពមនុស្សធម៌នៅក្នុងស្រុក៕




ខេត្តកំពង់ឆ្នាំង រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

កំពង់ឆ្នាំង៖ ក្រុមការងារសកម្មភាពជនពិការក្រសួងកិច្ចការនារី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព ក្រោមអធិបតីភាពលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង និងសិក្ខាកាមចូលរួមមកពីរាជធានី ខេត្ត ចំនួន៨។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់ សមត្ថភាព មន្រ្តីពិការភាព ជាពិសេសផ្តោតលើស្រ្តី នៃក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ អំពីជំនាញស្វែងរកការគាំទ្រមតិ លើបញ្ហាយេនឌ័រ និងពិការភាព។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងពិធីនោះ ក៏មានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត លោក លោកស្រីជាជនបង្គោល ក្រុង/ស្រុក ចូលរួមផងដែរ ៕




សា​លា​ខេត្ត​ស្វាយរៀងរៀប​ចំ​កិច្ច​ប្រជុំ​ពង្រឹង​ការ​ងារ​ផ្តល់​សេវា​នៅ​​អង្គ​​ភាព​​ច្រក​ចេញ​ចូល​​តែ​មួយ​

ស្វាយរៀង៖ នៅ​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩​ លោក រស់ ផារិទ្ធ អភិបាល​រង​ខេត្ត​ស្វាយរៀង តំណាង​ឱ្យ​ លោក ម៉ែន វិបុល អភិបាល​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង កិច្ច​ប្រជុំ​ពង្រឹង​ការ​ងារ​ផ្តល់​សេវា​នៅ​​អង្គ​​ភាព​​ច្រក​ចេញ​ចូល​​តែ​មួយ​សា​លា​ខេត្ត​ស្វាយរៀង។ ក្នុង​កិច្ច​ប្រជុំ​នេះ ក៏​មាន​អញ្ជើញ​ចូល​រួមពី​ ​ លោក​នា​យក​រង​រដ្ឋ​បាល​សា​លា​ខេត្ត លោក លោក​ស្រី តំណាង​មន្ទីរ​-​អង្គ​ភាព​ពាក់​ព័ន្ធ និង​តំណាង​ទី​ចាត់​ការ​ហិរញ្ញ​វត្ថុ​សា​លា​ខេត្ត។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ លោក​អភិបាលរងខេត្ត បាន​ផ្តាំ​ផ្ញើ​ដល់​អង្គ​ភាព​ពាក់​ព័ន្ធ​ទាំង​អស់ នៃ​អង្គ​ភាព​ច្រក​ចេញ​ចូល​តែ​មួយ​សា​លា​ខេត្ត ​ត្រូវ​ពង្រឹង​ការ​អនុ​វត្ត​ការ​ងារ​ផ្តល់​សេវា​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​លើក​កម្ពស់ គុណ​ភាព ប្រសិទ្ធ​ភាព ប្រសិទ្ធ​ផល តម្លា​ភាព និង​គណ​នេយ្យ​ភាពនៃ​ការ​ផ្តល់​សេវា ​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​ការ​ប្រមូល​ផ្តុំ ការ​ផ្តល់​សេវា​រដ្ឋ​បាល​លើ​វិស័យ​នា​នា​ នៅ​កន្លែង​តែ​មួយ ដែលបង្ក​លក្ខណៈ​ងាយ​ស្រួល និង​ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ។
លោក​អភិបាលរងខេត្ត​បានបន្តថា ការផ្តល់សេវា​នេះ បាន​ចូលរួម​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​ក្នុង​ការ​​ផ្តល់​​សេវា និង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​មូល​ដ្ឋាន​​នៅ​រដ្ឋ​បាល​​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការ​ពង្រឹង​តួ​នាទី ភារ​កិច្ច​​របស់​​រដ្ឋ​បាល​ថ្នាក់​​ក្រោម​​ជាតិ​ក្នុង​​ការ​ទទួល​នឹង​ការ​សម្រុះ សម្រួល​ដោះ​ស្រាយ​បណ្តឹង​នៅ​ក្រៅ​​ប្រព័ន្ធ​​តុលា​​ការ​​ដែល​ពាក់​​ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​គ្រប់​គ្រង​រដ្ឋ​បាល​នៅ​​ថ្នាក់​​ក្រោម​​ជាតិ​​ប្រកប​​ដោយ​តម្លាភាព គណ​នេយ្យ​ភាព និង​ប្រសិទ្ធ​ភាព  ទាន់​ពេល​វេលា សំ​ដៅ​​បង្កើន​​ជំ​នឿ​​ទុក​​ចិត្ត​របស់​​ប្រជា​ពល​​រដ្ឋ​​ដែល​​មក​​ទទួល​​សេវា៕