ក្នុងពិធិបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានមេគង្គលើកទី៣ស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ និងដំណឹងក្លែងក្លាយនៅក្នុងបរិបទបញ្ញាសិប្បនិម្មិតដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់» ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន បានដាក់ចេញយន្តការសំខាន់ៗដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព ខណៈឆ្នាំ២០២៣កន្លងទៅ ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយចំនួន៣០០០ករណី ដែលចំនួននេះបានកើនឡើង១៦០% បើធៀបនឹងឆ្នាំ២០២០។
ឯកឧត្តម ជុំ កុសល បានថ្លែងថា ក្នុងនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដាក់ចេញនូវទស្សនៈវិស័យ ប្រែក្លាយក្រសួងព័ត៌មាន ជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព និងបានកំណត់នូវទិសដៅយុទ្ធសាស្ត្រចំនួន៥ ដែលក្នុងនោះមានការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន។
ជាមួយគ្នានោះ ក្រសួងព័ត៌មាន បានដាក់ចេញនូវយន្តការជាច្រើនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងបានចូលរួមជាមួយប្រទេសក្នុងតំបន់ក្នុងក្របខណ្ឌអាស៊ានដោយបានរៀបចំនូវសេចក្តីណែនាំ សេចក្តីប្រកាសនានា និងការបង្កើតក្រុមការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយអាស៊ាន។ ឯកឧត្តម បានឱ្យដឹងទៀតថា ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព ក្រសួងព័ត៌មាន បានដាក់ចេញយន្តការមួយចំនួនរួមមាន៖
ទី១.បញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកសារព័ត៌មានអំពីអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល។
ទី២.រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានពលរដ្ឋ
ទី៣.ពង្រឹងប្រព័ន្ធផ្សព្វផ្សាយរដ្ឋទាំងគុណភាពនៃការផ្សាយ មាតិកានិងវិសាលភាពគ្របដណ្តប់ ទី៤.ពង្រឹងសមត្ថភាពអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន
ទី៥.ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធជាពិសេសក្រុមហ៊ុនបណ្តាញសង្គម៕
No comments:
Post a Comment