Tuesday, May 21, 2024

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង ចុះទៅពិនិត្យស្ថានភាពផ្លូវជនបទ២ខ្សែ និងស្ពានចំនួន២ ដែលកំពុងជួសជុល





ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវជនបទចំនួន២ខ្សែ និងស្ពានចំនួន២ ដែលកំពុងសាងសង់ និងជួសជុល នៅខេត្ដកំពង់ចាម។

ការចុះទៅពិនិត្យស្ថានភាពផ្លូវជនបទខ្សែទី១ ដែលចាប់ផ្ដើមពីចំណុចផ្សារផ្អាវ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ឆ្លងកាត់ ឃុំជើងព្រៃ ឃុំទំនប់ ឃុំសណ្ដែក និងឃុំគ្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ទៅដល់ភូមិព្រៃត្រី ឃុំព្រៃត្រី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង គឺតបតាមការស្នើសុំជួយអន្តរាគមន៍ជួសជុលបន្ទាន់របស់អាជ្ញាធរខេត្ត តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  ស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។

ការចុះពិនិត្យស្ថានភាពផ្លូវនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ក្រោយពិនិត្យជាក់ស្ដែង ផ្លូវនេះមានការខូចខាតជាកំណាត់ៗ ចំនួន០៤កំណាត់ ដែលមានប្រវែងខូចខាត៧៤០០ម៉ែត្រ បង្កឱ្យមានការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាជន។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ១ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៩២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួស ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអណ្ដូងស្នាយ ទៅដល់ភូមិស្រយ៉ង់ពង ឃុំជើងព្រៃ ស្រុកបាធាយ ដែលជាលទ្ធផលសម្រេចបាន ៣០% ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន។

ក្រោយពីអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពផ្លូវ ២ខ្សែរួចមកទៀត ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញពិនិត្យស្ពានចំនួន ២កន្លែងទៀត ដោយស្ពានទី១៖ ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ និងស្ពានទី២៖ ស្ពានឈើប្រវែង ៣៥ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងការអញ្ជើញពិនិត្យស្ពានទី២ នេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេសសិក្សា ដើម្បីដាក់ចូលក្នុងគម្រោងថវិកានាឆ្នាំក្រោយដើម្បីដោះស្រាយបញ្ហាលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕







No comments:

Post a Comment