Tuesday, May 21, 2024

ធនាគារជាតិនៃកម្ពុជា ក្រើនរំលឹកបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់កម្ចីដល់វិស័យអចលនទ្រព្យ



លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកសាជាថ្មីម្តងទៀត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យដែលកំពុងស្ថិតក្នុងស្ថានភាពមិនទាន់ល្អនៅឡើយ។


ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «របាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ ២០២៣» នៅថ្ងៃទី ២០ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី បានថ្លែងថា យើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរនៃវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។  


លោកជំទាវ បានបន្តថា ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និងកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួមតាមដាន និងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ។


ធនាគារជាតិនៃកម្ពុជា បានព្យាករថា នៅឆ្នាំ២០២៤នេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា នឹងបន្តមានកំណើនទាប ខណៈតម្រូវការលំនៅឋានប្រណិត នឹងបន្តមានភាពទន់ខ្សោយ។ របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យ ដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករណ៍ថា នឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណិត ដែលបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថា នឹងបន្តមានភាពទន់ខ្សោយ៕






No comments:

Post a Comment