Thursday, May 16, 2024

សម្តេចតេជោ ហ៊ុន សែន៖ «ព្រែកជីកហ្វូណនតេជោ» នឹងពង្រឹងឯករាជ្យភាពនយោបាយលើការដឹកជញ្ជូនរបស់កម្ពុជា




ក្នុងឱកាសថ្លែងសារពិសេសស្តីពី «ព្រែកជីកហ្វូណនតេជោ» ផ្សាយចេញពីទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ» នឹងពង្រឹងឯករាជ្យភាពខាងនយោបាយលើការជញ្ជូនរបស់កម្ពុជា ដែលនឹងផ្ដល់ផលប្រយោជន៍យូរអង្វែងទៅមុខ។


សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោនេះនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូនបានប្រវែង១៦៩គម, ដឹកបានច្រើនទូកុងតឺន័រក្នុងពេលតែមួយ, ចំណេញខាងការប្រកួតប្រជែងតម្លៃដែលនឹងជួយដល់ការទាក់ទាញវិនិយោគទុនពីក្រៅប្រទេស, បង្កើតបាននូវប្រព័ន្ធស្រោចស្រពនៅទិសនិរតី, ការរំដោះទឹកជំនន់នៅភាគនិរតី, ជួយបង្កើនការដាំដុះនៅភាគនិរតីដែលនឹងជួយដល់ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ, ប្រជាពលរដ្ឋនឹងទទួលបានផលនេសាទតាមដងព្រែកនេះនិងពីវារីវប្បកម្ម ព្រមទាំងវិស័យទេសចរណ៍នៅតាមដៃព្រែក ដែលជាផ្នែកមួយនៃក្របខ័ណ្ឌ «តារារះនៅទិសនិរតី» ទៀតផង។


សម្ដេចតេជោបានថ្លែងរំលឹកថា កន្លងមកការដឹកជញ្ជូនរបស់កម្ពុជាបានជួបប្រទះនូវភាពរអាក់រអួលជាច្រើន ដោយក្នុងនោះ តាមរយៈកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវទ្វេភាគីជាមួយវៀតណាម៖

១. កម្ពុជាត្រូវបំពេញបែបបទស្នើសុំការអនុញ្ញាតដឹកជញ្ជូនទំនិញ និងនាវាឆ្លងកាត់ជាច្រើនដំណាក់កាល និងជាច្រើនប្រភេទ។

២. វៀតណាមតម្រូវឱ្យកម្ពុជាសុំការអនុញ្ញាតជាមុនពីអាជ្ញាធរវៀតណាមមុនពេលដឹកទំនិញឆ្លងកាត់។

៣. វៀតណាមតម្រូវឱ្យមានការត្រួតពិនិត្យលើគ្រប់ប្រភេទកុងតឺន័រដែលឆ្លងកាត់ទាំងអស់។

៤. វៀតណាមតម្រូវឱ្យមានការលើកដាក់ច្រើនដង។

៥. ការអនុវត្តនីតិវិធីមានភាពស្មុគស្មាញ ប្រើប្រាស់ពេលវេលាយូរ និងចំណាយថវិកាច្រើន។

៦. វៀតណាមរឹតបន្តឹងការអនុវត្តនីតិវិធីត្រួតពិនិត្យទំនិញឆ្លងកាត់។ 

៧. មានការពន្យារពេលធ្វើដំណើរពី ១០-១៤ថ្ងៃ និងត្រូវចំណាយថវិកាច្រើន។

៨. វៀតណាមរឹតបន្តឹងការនាំចូលទំនិញប្រើប្រាស់រួច និងការនាំចេញកសិផលមួយចំនួន ដូចជាស្រូវ ស្វាយ និងចេក ដោយវៀតណាមតម្រូវឱ្យបង់ថ្លៃអាជ្ញាបណ្ណនាំចេញឱ្យខ្លួនចន្លោះពី ពី ៩០០-១.០០០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងតម្រូវឱ្យបង់ថ្លៃស្តុកទុកក្នុងឃ្លាំងចន្លោះពី ២០-៣៥ ដុល្លារអាមេរិកក្នុងមួយទូកុងតឺន័រ។

៩. នៅពេលជម្រៅទឹករាក់ នាវាដឹកទំនិញត្រូវរង់ចាំរហូតដល់ទឹកជោរទើបអាចធ្វើដំណើរបន្តទៅមុខបាន។

១០. ច្រកទ្វារព្រំដែនរបស់វៀតណាមមិនបើក ២៤ម៉ោង ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងដឹកជញ្ជូនទ្វេរភាគីនេះទេ ដែលធ្វើឱ្យមានការកកស្ទះនិងខាតបង់ពេលវេលាជាច្រើន។


មិនតែប៉ុណ្ណោះសម្ដេចតេជោក៏មិនភ្លេចរំលឹកទេថា កាលពីពេលដែលកម្ពុជាក្រោមការដឹកនាំរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សី ហនុ មានទំនាស់ជាមួយវៀតខាងត្បូង គឺកម្ពុជាមិនអាចដឹកជញ្ជូនតាមផ្លូវទឹកបានទេ។ សម្ដេចតេជោបន្តថា បើទោះបីជាបច្ចុប្បន្ននេះយើងមានកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវទ្វេភាគីជាមួយវៀតណាមក៏ដោយ ក៏យើងនៅតែជួបការលំបាកដដែល។ ម៉្យាងវិញទៀត កាលពីជំនាន់កូវីដ-១៩ ភាគីវៀតណាមបានបិទច្រកព្រំដែនមិនឱ្យទំនិញកម្ពុជាឆ្លងកាត់ ដោយយកលេសថាដើម្បីការពារការរីករាលដាលនៃកូវីដ-១៩ ទាំងដែលនាយករដ្ឋមន្ត្រីវៀតណាមនៅពេលនោះ លោក Nguen Sung Phuc មិនបានដឹង ហើយករណីឆ្លងកូវីដ-១៩ នៅកម្ពុជាក៏មិនទាន់ទាំងបានផ្ទុះឡើងផង។ 


ទន្ទឹមនេះសម្ដេចតេជោបានចោទជាសំណួរថា ថ្ងៃណាមួយដែលទំនាក់ទំនងរវាងកម្ពុជា-វៀតណាមមានភាពល្អក់កករ ឧទាហរណ៍ថានៅ៥០ឆ្នាំ ឬនៅ១០០ឆ្នាំទៀត តើកម្ពុជាអាចដឹកទំនិញតាមផ្លូវទឹកឆ្លងកាត់វៀតណាមបានដែរឬទេ? សម្ដេចតេជោបន្តថា ដូច្នេះ «ឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា»៕

No comments:

Post a Comment