Thursday, May 16, 2024

កុំភិតភ័យនៅពេលឃើញការដឹកជញ្ជូនសំភារៈយោធាចិនឆ្លងកាត់ នេះជាការត្រៀមធ្វើសមយុទ្ធ«នាគមាស» កម្ពុជា-ចិន នៅថ្ងៃស្អែកនេះ



ឯកឧត្តមឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ ជាអ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានប្រាប់ឱ្យដឹងថា សំភារៈយោធាចិន បានមកដល់កំពង់ផែក្រុងព្រះសីហនុហើយ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ដើម្បីដឹកជញ្ជូនយកទៅខេត្តកំពង់ឆ្នាំង ជាទីតាំងធ្វើសមយុទ្ធកម្ពុជា-ចិន នៅថ្ងៃស្អែកនេះតទៅ។


ឯកឧត្តម បានថ្លែងបន្តថា ការលំហាត់សមយុទ្ធ «នាគមាស» កម្ពុជា -ចិន ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដែលសមយុទ្ធជើងគោក នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធជើងគោក ប្រើប្រាស់រថក្រោះពាសដែក រថយន្តគ្រប់ប្រភេទចំនួន៦៩គ្រឿង រួមទាំងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀត។


ទន្ទឹមនោះ ឯកឧត្តម បានបញ្ជាក់ថា សំភារៈយោធា និងកងទព័រំដោះប្រជាជនចិន នឹងត្រូវដឹកជញ្ជូនឆ្លងកាត់ឆ្ពោះទៅភ្នំជុំរីករាយ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ យ៉ាងណាក៏ដោយមិនមានការបង្ហាញទិសដៅផ្លូវឆ្លងកាត់ អោយពិតប្រាកដនោះទេ។ ក្រោយពេលសមយុទ្ធចប់នៅថ្ងៃ៣០នឹងមានការដឹកជញ្ជូនឆ្លងកាត់ត្រឡប់មកខេត្តព្រះសីហនុវិញ។


សូមបញ្ជាក់ថា សមយុទ្ធផ្លូវគោក ក៏មានសមយុទ្ធផ្លូវសមុទ្រខេត្តព្រះសីហនុទៀតផងដែរ ដោយប្រើប្រាស់នាវាចម្បាំងចំនួន១៤គ្រឿង ឧទ្ធម្ភាកចក្រចំនួន២គ្រឿង និងកងទ័ពសរុប២០៧៥នាក់ សម្រាប់សមយុទ្ធទាំង២ទីតាំង។


គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ជាង២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន១៤គ្រឿង និងសម្ភារៈយោធាជាច្រើនទៀត នឹងចូលរួម ដោយមានការប្រើប្រាស់សម្រាប់លំហាត់សមយុទ្ធ «នាគមាស» លើកទី៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»។ សម្រាប់សមយុទ្ធនាគមាស លើកទី៦ បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។


សម្រាប់ពិធីបើកសមយុទ្ធនាគមាសនេះភាគីកម្ពុជា ធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចំណែកភាគីចិន គឺលោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន៕





No comments:

Post a Comment