Thursday, May 23, 2024

រដ្ឋមន្ត្រីក្រសួងដែនដីជប៉ុន ប្តេជ្ញាចិត្តក្នុងការជំរុញឱ្យភាគីពាក់ព័ន្ធពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុឱ្យបានឆាប់រហ័ស


នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាអន្តរអនាគតអាស៊ី លើកទី២៩ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដោយមានការចូលរួមពីឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងសហការី។


ក្នុងឱកាសជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណទៅកាន់មិត្តជប៉ុន ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។  ឯកឧត្តម បានបន្តថា ជាក់ស្តែងនៅដើមអាណត្តិទី៧នេះផងដែរ រាជរដ្ឋាភិបាល បានធ្វើការសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់មិត្តជប៉ុនជាបន្តបន្ទាប់រួមមាន៖ ផ្លូវជាតិលេខ៥ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ-ដំណាក់កាលទី២ ជំហានទី១។ 


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យភាគីជប៉ុនជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។


ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងដែនដីជប៉ុន ក៏បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនិងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឱ្យបានកាន់តែឆាប់រហ័សដើម្បីធានាបានថាគម្រោងការនេះនឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។ 


បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕





No comments:

Post a Comment