ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់សង្រ្គាម ចំណែកឯប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត មិនធ្លាប់ឆ្លងកាត់សង្រ្គាមដូចកម្ពុជានោះទេ។ យ៉ាងណាក៏ដោយ ដោយសារកត្តាសុខសន្តិភាពនិងស្ថិរភាព កម្ពុជាក៏អាចដើរលឿនដូចប្រទេសទាំងនោះបានដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ឬ២០ឆ្នាំមុនសង្រ្គាមនោះ សេដ្ឋកិច្ចកម្ពុជា គឺជាសេដ្ឋកិច្ចដែលដើរលឿនជាងគេក្នុងចំណោម១០ប្រទេស នៅក្នុងអាស៊ាន ដោយទទួលបានកំណើនសេដ្ឋកិច្ចជាង៧% ក្នុងមួយឆ្នាំៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្រោយពីកម្ពុជាទទួលបានសុខសន្តិភាព កម្ពុជាឈប់យកលុយទិញអាវុធដើម្បីវាយគ្នា លែងច្បាំងគ្នាស្លាប់នៅលើសមរភូមិ ហើយត្រលប់ចូលមកដើម្បីរៀនសូត្រ បង្កើនសមត្ថភាពទៅតាមគ្រប់ជំនាញ គ្រប់វិស័យ។ ដីធ្លីដែលធ្លាប់តែដាក់មីន ទៅជាគ្មានមីនដើម្បីយកដីទៅធ្វើកសិកម្ម និងកសិ-ឧស្សាហកម្ម។ ស្ពានដែលធ្លាប់តែដាក់មីនផ្តាច់ បានតជាប់វិញនិងកសាងបន្ថែម។ សន្តិភាពអនុញ្ញាតឱ្យយើងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងធនធានមនុស្ស ដែលអាចឱ្យយើងរីកចម្រើន ឈានទៅប្រកួតប្រជែងជាមួយគេបាន៕
No comments:
Post a Comment