សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាធិបតេយ្យជ្រុលនិយមដែលពុំមានច្បាប់ គឺជាអំពើអនាធិបតេយ្យ ហើយរាជរដ្ឋាភិបាល បង្កើតច្បាប់ មិនមែនជាការបំបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននោះទេ ប៉ុន្តែគឺដើម្បីការពារគុណតម្លៃរបស់អ្នកសារព័ត៌មានដែលបានប្រព្រឹត្តត្រឹមត្រូវទៅវិញទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» ដែលប្រារព្ធឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ទន្ទឹមនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានមួយចំនួនមានចំណេះដឹងនៅមានកម្រិតនៅឡើយ ដូច្នេះទាមទារឲ្យពួកគេបន្តធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ខណៈ អ្នកសារព័ត៌មានខ្លះបានដើរហួសវិជ្ជាជីវៈរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខសង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា អ្នកសារព័ត៌មានខ្លះ បានយកព័ត៌មានមួយមកធ្វើជាថ្នូរ ដែលជាទង្វើខុសទាំងស្រុងចំពោះក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់នៅក្នុងប្រទេសកម្ពុជា បណ្ដាលឱ្យតម្លៃនៅក្នុងវិស័យសារព័ត៌មានមានការធ្លាក់ចុះផងដែរ៕
No comments:
Post a Comment