Friday, September 08, 2023

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Kim Jin Pyo ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ

 នៅវិមាន៧មករា ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្ដម Kim Jin Pyo ប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ 

សម្ដេចតេជោ បានស្វាគមន៏ដំណើរទស្សនកិច្ចរបស់ឯកឧត្តម Kim Jin Pyo ហើយសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជំរុញថែមទៀត នូវទំនាក់ទំនងមិត្តភាព ជាមិត្តចាស់ និងកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំថែមទៀត រវាង ប្រទេសទាំងពីរ និងរវាងរដ្ឋសភា និងរដ្ឋាភិបាល។ 

សម្តេចតេជោបានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភសព្វបែបយ៉ាង ក្នុងការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជានិងអរគុណចំពោះការបញ្ជូនអ្នកសង្កេតការណ៏សម្រាប់ការបោះឆ្នោតកន្លងមក ពិសេសសម្តេចបានអរគុណចំពោះសារលិខិតជូនពរដល់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានអរគុណដែលពេលលំបាក នៃជម្ងឺកូវីដ១៩ សាធារណរដ្ឋកូរ៉េ មិនបានផ្អាកការហោះហើរមកកម្ពុជា ដែលជួយអោយកម្ពុជាមានច្រកចេញចូល ដែលជាកាយវិការមិនរើសអើង។ 

សម្តេចក៏បានអរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រកម្ពុជា ក្នុងពេលកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំ ASEM ២០២១ និង ASEAN-២០២២ កន្លងមក និងបានអរគុណដែលទទួលពលករកម្ពុជា និងសូមបង្កើនចំនួនថែមទៀត។ សម្តេចក៏បានអរគុណផងដែរ ដែលសាធារណរដ្ឋកូរ៉េ បានជួយកែលំអរផ្លូវជាតិលេខ៤៨ លេខ២ លេខ២១ និងលេខ២២ ហើយសូមឲ្យសភាជួយជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជានិមិត្តរូបដ៏អស្ចារ្យនៃមិត្តភាពរវាងប្រទេសទាំងពីរ។

ឯកឧត្ដម Kim Jin Pyo បានឆ្លើយតបដោយសម្ដែងអំណរគុណចំពោះពាក្សពេជន៏ដ៏ល្អ របស់សម្ដេចតេជោ ហើយបានកោតសសើរចំពោះការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងអបអរសាទរចំពោះសម្ដេចធិបតី ដែលនឹងដឹកនាំរាជរដ្ឋាភិបាលអណត្តិថ្មី បន្តកសាងសម្មិទផលថ្មីៗបន្តែមទៀត ដើម្បីឈានទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្តមបានសំដែងនូវ ការរីករាយចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កាកន្លងមក និងបានអរគុណដែលកម្ពុជាបានឈានមុខក្នុងចំណោមប្រទេស ASEAN ដែលគាំទ្រ កូរ៉េ ជាម្ចាស់ផ្ទះរៀបចំ World Expo នៅប៊ូសាន នាពេលខាងមុខ។ ហើយសង្ឃឹមថា World Expo នឹងប្រព្រឹត្តទៅដោយជោគជ័យ។ 

ឯកឧត្តមសូមគាំទ្រជំនួយ ODA ហើយនឹងជំរុញការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាគម្រោងសំខាន់របស់រដ្ឋាភិបាលទាំងពីរ ជាមូលដ្ឋានមិត្តភាពរវាងប្រទេសទាំងពីរ។ ឯកឧត្តមមានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ក្រុមហ៊ុនកូរ៉េបាន និងកំពុងវិនិយោគនៅកម្ពុជា បានជួយហ្វិកហ្វឺនវិស្វករ និងពលករជំនាញ ដើម្បីចូលរួមការអភិវឌ្ឍ៕





No comments:

Post a Comment