លោកបណ្ឌិត គិន ភា បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាតំណាងដ៏ស័ក្តិសមនៃប្រទេសកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូល។ ហើយនៅពេលដែលយើងនិយាយពីការចូលរួមអាស៊ាន ដំណើរសមាហរណកម្មអាស៊ាន និងការរក្សានៅមជ្ឈភាព និងសាមគ្គីភាពអាស៊ាន គេពិតជាមិនអាចបំភ្លេចនៅតួនាទីដ៏មានសារៈសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលលោកជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាជិត ៤ទសវត្ស ហើយជាពិសេសចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ គឺសម្តេចតេជោបានរួមចំណែកដ៏ធំធេងបំផុត និងបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់នៅក្នុងបព្វហេតុនៃការធ្វើឲ្យអាស៊ានមានសាមគ្គីភាព រក្សាបាននៅមជ្ឈភាពរបស់ខ្លួនហើយបានក្លាយទៅជាអង្គការតំបន់ដែលមានឥទ្ធិពល។ហើយក្លាយទៅជាទៅជាអង្គការតំបន់ដែលមានទឹកមាត់ប្រៃចំពោះបណ្តាប្រទេសមហាអំណាចផ្សេងៗ ក៏ដូចជាដៃគូរអាស៊ានទាំងអស់។
ប្រភពដដែលបានបញ្ជាក់ថា “ដំណើរបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសម្រាប់ប្រជាជនកម្ពុជាទាំងមូល និងជានិម្មិតរូបនយោបាយដ៏សំខាន់ទាំងក្របខណ្ឌនយោបាយក្រៅប្រទេស ក៏ដូចជាក្រមខណ្ឌនយោបាយផ្ទៃក្នុង។ បើសិនជានិយាយពីនយោបាយក្រៅប្រទេសឃើញថា នៅក្នុងដំណើរបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលនូវការស្វាគមន៍ ការអបអរសាទរយ៉ាងគក្រឹកគគ្រេងពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ាន គឺប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន ក៏ដូចជាបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសដែលជាដៃគូអាស៊ានដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺបង្ហាញពីការស្វាគមន៍ពីការអបអរសាទរនិងទំនាក់ទំនងការទទួលស្គាល់ដ៏ទូលំទូលាយបំផុតនៅក្នុងមជ្ឈដ្ឋានសហគមនទអន្តរជាតិចំពោះការបន្តតួនាទីជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបន្តតំណែងពីសម្តេចតេជោ ហ៊ុន សែន ដែលនេះគឺជាទិដ្ឋភាពនយោបាយក្រៅប្រទេស។ រីឯទិដ្ឋភាពនយោបាយផ្ទៃក្នុងវិញ គឺជានិមិ្មតរូបដ៏សំខាន់ខ្លាំងថែមទៀតជាធម្មានុរូបដែលបង្ហាញឲ្យឃើញថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់យើងទទួលបាននៅការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋកម្ពុជាតាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលមានរហូតទៅដល់ជាង ៨៤ភាគរយដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈរហូតដល់ទៅ ១២០អាសនៈលើ១២៥អាសនៈ គឺជាទំហំនៃការគាំទ្រមួយដ៏ខ្ពស់បំផុត”។
បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជួបសំណេះសំណាលជាមួយឯកឧត្តម អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តទៀតថា បើមើលទៅលើទិដ្ឋភាពការទូតវិញឃើញថា វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនេះ គឺបានធ្វើឱ្យនយោបាយការទូតរបស់កម្ពុជាមានភាពជោគជ័យ និងធ្វើឲ្យទំនាក់ទំនងការទូតរបស់កម្ពុជាជាមួយបណ្តាប្រទេសជាមិត្តទាំងអស់កាន់តែមានភាពរឹងមាំឡើង។ ហើយជាដំណើរការនៃការធ្វើពីពិធកម្មការទូតដ៏ល្អឥតខ្ចោះមួយនៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ហើយរាល់ពេលជំនួបទាំងអស់ជាមួយបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក៏ដូចជាអង្គការសំខាន់ៗ ដែលអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ គឺមេដឹកនាំទាំងអស់នោះ គឺសុទ្ធតែបានបង្ហាញនូវការប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ ហើយថ្នាក់ដឹកនាំទាំងអស់សុទ្ធតែបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតសិ្នទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
លោកបណ្ឌិត គិន ភា បានបន្ថែមថា ពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ច គឺដំណើរដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ត ពិតជាបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដ៏មហិច្ឆមាសម្រាប់កម្ពុជារបស់យើង ដោយសារតែនៅក្នុងជំនួបទាំងអស់នោះ សម្តេចធិបតីតែងតែបានលើកនៅកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនលើវិស័យទេសចរណ៍ ឧស្សាហកម្ម ពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតជាច្រើន។ ដូច្នេះវានាំមកនូវផលប្រយោជន៍មហាសាលសម្រាប់កម្ពុជារបស់យើង។
លោកបណ្ឌិតបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកិត្យានុភាពជាតិ ជាតិយើងមានកិត្យានុភាពជាតិ លោកមានក្តីរំភើបនៅពេលដែលឃើញវត្តមានរបស់សម្តេចធិបតីក្នុងជំនួបជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាបណ្តាប្រទេសដែលជាដៃគូរអាស៊ាន គឺបង្ហាញពីកិត្យានុភាពជាតិលើឆាកអន្តរជាតិដែលសម្តេចធិបតីឈរស្មើមុខស្មើមាត់ជាមួយនឹងបណ្តាមេដឹកនាំទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាអ្វីមួយដែលជាតិកម្ពុជាតែងតែប្រាថ្នាចង់បាន។ជាពិសេសរំលេចឲ្យឃើញអំពីតួនាទីដ៏មានសារៈសំខាន់ខ្លាំងឡើងរបស់កម្ពុជានៅក្នុងកិច្ចការតំបន់ និងពិភពលោក ហើយរំលេចឱ្យឃើញអំពីសារៈសំខាន់នៃតួនាទីរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដែលមានសារៈសំខាន់ទាំងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល៕ ដោយ៖ ពលជ័យ
No comments:
Post a Comment