Monday, September 18, 2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃនាថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខ

 ប្រសិនជាពុំមានការប្រែប្រួលទេ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់​សម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការថ្មីនៃ​ក្រសួងមហាផ្ទៃនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ អគារទីស្តីការ​ថ្មីនេះសាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក។

អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃមួយនេះបានផ្តើមចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជាបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា។ សំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានប្រាំបួនជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាច​ចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។ សម្រាប់ក្រឡាផ្ទៃសាងសង់សរុបនៃអគារ មានទំហំ ១០៥.៥៤៥ ម៉ែត្រការ៉េ គិតពីនីវ៉ូ​មហាវិថីព្រះនរោត្តម, អគារមានកំពស់ ៤៣.៥ ម៉ែត្រគិតត្រឹមក្រោមដំបូលអគារ, មានកម្ពស់ ៦៣ ម៉ែត្រគិតត្រឹមដំបូលក្បឿង, មានកម្ពស់ ៩២ ម៉ែត្រគិតត្រឹមចុងបុស្បបុកតូច និង ១១៨ ម៉ែត្រ គិតដល់ចុងបុស្បបុកធំ។

អគារទីស្ដីការថ្មីនេះមានរាងជាចតុកោណព្នាយកែងស្មើជ្រុង និងមានសួនច្បារនៅកណ្តាល និងមានរចនាប័ទ្មក្បាច់ចំនួនបី គឺ ក្បាច់ភ្ញីទេស ភ្ញីអង្គរ និងភ្ញីភ្លើង។ សម្រាប់ផ្នែកខាងមុខនៃអគារនេះបែរទៅទិសខាងកើតទៅមហាវិថីព្រះនរោត្តម និងបែរមុខចំទន្លេធំៗទាំងបួន ដែល​ហៅថាទន្លេចតុមុខ។ លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្មក្លាសិក (សម័យ​ទំនើបកម្ម) រចនាប័ទ្មខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាម​គោលការណ៍សមមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព សក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។
លើសពីនេះទៀត អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ មានសមត្ថភាពអាចផ្ទុកមនុស្ស សរុបរហូតដល់ ៨.៥០០នាក់ ហើយមាន​មុខ​ងារ​ប្រើប្រាស់ជាអគាររដ្ឋបាលប្រមូលផ្តុំ ដែលមាន ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារផងដែរ៕



No comments:

Post a Comment