Sunday, August 13, 2023

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងនៅក្រោយជំនួបថា ឯកឧត្តម វ៉ាង យី បានគោរពពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង, ឯកឧត្តម នាយករដ្ឋមន្ត្រីចិន លី ជាំង និងថ្នាក់ដឹកនាំចិនមួយចំនួនទៀត ជូនសម្ដេចតេជោ ។

ឯកឧត្តម វ៉ាង យី បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម មកកាន់កម្ពុជា ជាច្រើនដង ហើយជារៀងរាល់ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាព ទីក្រុងភ្នំពេញ បានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប ។

ឯកឧត្តម វ៉ាង យី ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ជូនចំពោះគណបក្សប្រជាជនកម្ពុជាដែលបានទទួលការគាំទ្រពីប្រជាជនលើស ៨០%។ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសជាច្រើន បានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយបានឃើញថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដោយប្រជាជនជាង ៨០% ទៅបោះឆ្នោត នោះសរបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជា បានប្រើប្រាស់សិទ្ធិពេញលេញ ខណៈប្រជាជនជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយសារប្រជាជនកម្ពុជា បានគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យដឹកនាំប្រទេសបន្តទៀត។ ការទទួលបានការទុកចិត្តពីប្រជាជននេះ ជាកត្តាសំខាន់បំផុត។

ក្នុងន័យនេះ ឯកឧត្តម វ៉ាង យី បានគោរពសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ហើយបានបញ្ជាក់ជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីបញ្ជាក់ថា ចិន គាំទ្រកម្ពុជា ហើយមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន និងរីកចម្រើនឡើងកាន់តែធំធាត់ថែមទៀត ហើយជាពិសេស កម្ពុជា និងកាន់តែមានភាពរុងរឿងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម វ៉ាង យី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង, នាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ជាំង និងថ្នាក់ដឹកនាំចិនដទៃទៀត។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម វ៉ាង យី ផងដែរ នៅពាក្យពេចន៍ដ៏ល្អ និងជាពិសេសការគាំទ្ររបស់មិត្តចិន ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រជាជនកម្ពុជា បានដឹងជាមុនថា នឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោត ហើយការគាំទ្ររហូតដល់ទៅ ៨៤% គឺជាការអបអរសាទរ៕




No comments:

Post a Comment