Sunday, August 13, 2023

ទស្សនមិត្តអ្នកអាន៖ កម្ពុជា របត់ថ្នាក់ដឹកនាំថ្មីជាមួយនឹងទំនាក់ទំនងមិត្តដែកថែបមហាអំណាចចិន


(ភ្នំពេញ)៖ យុវជន សិស្ស និស្សិតបញ្ញវន្ត ប្រជាជនគ្រប់មជ្ឍដ្ឋានបានសាទរ និងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះ នាយករដ្ឋមន្រ្តីថ្មី ពិសេសឥរិយាបទខាងការទូតរបស់កម្ពុជាក្នុងអាណត្តិទី៧ នេះ!។

ជាការពិតណាស់ ការបោះឆ្នោតគឺជាផ្នែកមួយមិនអាចខ្វះបាន នៅក្នុងប្រទេសមានសន្ដិភាព និងសង្គមប្រជាធិបតេយ្យ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការជ្រើសរើសតំណាង និងថ្នាក់ដឹកនាំ ដែលខ្លួនគាំទ្រ ស្រឡាញ់ពេញចិត្ត ពីក្នុងចំណោមគណបក្សនយោបាយដែលបានចុះបញ្ជីប្រកួតប្រជែង ស្របតាមបទប្បញ្ញត្តិច្បាប់។ ពិសេសម្រាប់អាណត្តិទី៧នេះ កម្ពុជាបានបើកទំព័រប្រវត្តសាស្រ្តជាថ្មីម្តងទៀត ដោយមាននាយករដ្ឋមន្រ្តីវ័យក្មេង និងឈ្លៀសវៃបំផុតគឺ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅមហាអំណាចក្នុងតំបន់ ស្របតាមកត្តាភូមិសាស្រ្ត និងការអំណោយផលផ្នែកធនធានមនុស្ស រួមជាមួយនឹងការរក្សាបាននូវស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតសម្តេចតេជោ ហ៊ុន សែន ជាគុណបំណាច់យ៉ាងធំធេងសម្រាប់ប្រទេសជាតិទាំងមូល។


ខណៈនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលថ្មីនឹងត្រូវប្រកាសចូលកាន់តំណែង ជំនួបការទូតដំបូងគេបំផុតរវាងថ្នាក់ដឹកនាំចាស់ និងថ្នាក់ដឹកនាំបន្តវេនមុនពេលអាណត្តិទី៧នេះ បានជួបគឺប្រទេសមហាអំណាចដែលជាមិត្តដែកថែបរបស់កម្ពុជាគឺប្រទេសចិន។ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណប្រតិភូមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែសីហានេះ។ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កាបំផុត ក្នុងនោះ «ចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញលេញ ចំពោះអធិបតេយ្យ មាគ៌ាអភិវឌ្ឍ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា»។


ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិនក្នុងការគោរពអធិបតេយ្យរបស់កម្ពុជា និងពាំនាំនូវការគាំទ្រយ៉ាងពេញលេញរបស់ប្រទេសចិនចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី និងមាគ៌ាអភិវឌ្ឍរបស់កម្ពុជា។ អាណត្តិដែលទទួលបានពីសំឡេងឆ្នោតគាំទ្រចំនួន ៨២% បានគូសបញ្ជាក់ពីអភិក្រមនៃការដឹកនាំប្រកបដោយការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការចាំបាច់ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។


ភាគីចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងក្របខ័ណ្ឌអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់រដ្ឋធានីប៉េកាំង រួមទាំង ការអញ្ជើញចូលរួមក្នុងពិព័រណ៍អាស៊ាន-ចិនលើកទី២០ និងកិច្ចប្រជុំកំពូលស្តីពីធុរកិច្ចនិងការវិនិយោគអាស៊ាន-ចិន នៅទីក្រុងណាននីង ព្រមទាំងវេទិកាលើកទី៣ ស្តីពី គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ក៏ត្រូវបានពិភាក្សាផងដែរ។


ជាក់ស្ដែងតាមរយៈដំណើទស្សនកិច្ចរយៈពេលពីរថ្ងៃនៃថ្នាក់ដឹកនាំកំពូលកាទូតចិនមកកាន់កម្ពុជានាពេលនេះស្របពេលជាមួយនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពរវាងកម្ពុជានិងចិន។ ដំណើរទស្សនកិច្ចនេះ ក៏បានរួមចំណែកបន្ថែមទៀតក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរផងដែរ៕


ដោយ៖ បណ្ដុំអង្គការសង្គមស៊ីវិល

No comments:

Post a Comment