Friday, July 28, 2023

លោក ស សុខា៖ លោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារឹងមាំ រុងរឿង និងរីកចម្រើន

 កូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង គឺលោក ស សុខា បានបង្ហាញការជឿជាក់ថា លោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារឹងមាំ រុងរឿង និងរីកចម្រើន។

លោក ស សុខា បានគូសបញ្ជាក់បែបនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោក ហ៊ុន ម៉ាណែត នឹងទទួលតំណែងជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មីនេះ។

លោក ស សុខា បានចាត់ទុកការរៀបចំលោក ហ៊ុន ម៉ាណែត ទៅកាន់​តំណែង​ជានាយករដ្ឋមន្ត្រី គឺជារៀបចំផែនការជាតិដ៏គត់មត់ ប្រកបដោយទស្សន​ទាន​វែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍​នៃអនាគ​ត​​កម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមានរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។

លោក ស សុខា បានហៅការរៀបចំនេះ គឺជាមេរៀនបទពិសោធន៍កាត់ថ្លៃ​មិន​បាន និងមិនអាចរកសាលារៀនបាន សម្រាប់រូបលោក និងអ្នកបន្តវេនដទៃ​ទៀត​។

ជាមួយគ្នានេះ លោក ស សុខា បានសម្ដែងនូវគារវកិច្ចប្រតិបត្តិតាមយ៉ាងខ្ជាប់​ខ្ជួន​​នូវការ​ចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសសភាពគណៈរដ្ឋមន្ត្រីថ្មីមួយទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភានាពេលខាងមុខដ៏ខ្លីនេះ។

«ជាអត្តនោម័តរបស់ខ្ញុំ ដែលតែងតែបានប្រាស្រ័យទាក់ទងពិភាក្សាកា​រងារ​ជា​មួយគ្នា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ពោរពេញដោយសមត្ថភាពចម្រុះ​ពេញ​លេញ មានព្រហ្មវិហារធម៌ និងមានទឹកចិត្តជាកុសលដ៏ទូលំទូលាយ បើក​ចំហរលើការសន្ទនាគ្រប់បញ្ហា ស័ក្តិសមបំផុតជាអ្នកដឹកនាំយើងខ្ញុំ និងរាជ​រដ្ឋា​ភិបាល ជារួមគឺ កម្ពុជាទាំងមូល ដែលនឹងនាំមក​នូវអធិប​តេយ្យជាតិ ពោលគឺ ធ្វើឱ្យកម្ពុជារឹងមាំរុងរឿងរីកចម្រើន បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅ​ដោយ​សុខសាន្តសំបូរសប្បាយ តាមពាក្យស្លោក [ខ្មែរសាមគ្គី ខ្មែរឈ្នះ, រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង]»។ នេះជាការគូសបញ្ជាក់របស់លោក ស សុខា។

ក្រៅតែពីការបង្ហាញនូវការគាំទ្រ និងជឿជាក់លើការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិហើយនោះ នៅក្នុងសំណេរលើហ្វេសប៊ុក​នេះ លោក ស សុខា ក៏បានបង្ហាញនឹងស្រណោះអាឡ័យចំពោះសម្តេចតេជោ និងមេដឹកនាំចាស់ៗដែលចាកចេញពីរាជរដ្ឋាភិបាលផងដែរ។

លោក សុខា បានរំលេចអារម្មណ៍នឹងស្រណោះបែបនេះ «ពិតហើយថា គ្មាន​ការ​ជួបជុំណាដែលថាមិនបែក និងទោះបីដឹងថា ពេលណា​មួយសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ នឹងចាកចេញពីរាជរដ្ឋាភិបាល ព្រលែងដៃប្រគល់ឱ្យអ្នកបន្តវេនជំនាន់ក្រោយរួមគ្នាដឹកនាំក្ដី សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់​រសល់​ក្នុងចិត្តជាពន់ពេក។ សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់របស់បក្ស និងរាជ​រដ្ឋាភិបាល គឺជាបង្គោលដ៏រឹងមាំនៃយើងខ្ញុំ និងជាតិទាំងមូល ដែលខ្ញុំផ្ទាល់ក្ដី ប្រជាពលរដ្ឋក្ដី យុវជនប្រុសស្រីក្ដី តែងបានរៀនសូត្រពីមេរៀនដឹកនាំ​របស់​លោក​មិនអាចប្រកែកបាន»។

លោក ស សុខា ប្រកាសចងចាំ និងដឹងនូវគុណូបការៈមិនអាចបំភ្លេច​បាន​ឡើយ ជាពិសេសនៅតែបន្តរៀនសូត្រលុះអវសានពីសំណាក់ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់ តាមទស្សនៈ «ក្មេងរត់លឿន តែចាស់ស្គាល់ផ្លូវ, ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់»៕



No comments:

Post a Comment