Friday, July 28, 2023

វិភាគអន្តរជាតិ៖ តើមូលហេតុអ្វី នៅពីក្រោយការដកតំណែងរដ្ឋមន្ត្រីការបរទេសចិន?

 

FN (តូក្យូ)៖ ជាព័ត៌មានមួយដ៏គួរឱ្យភ្ញាក់ផ្អើល ចិនបានប្រកាសកាលពីយប់ថ្ងៃអង្គារ ទី២៥ ខែកក្កដាថាលោក ឈិន កាង (Qin Gang) ត្រូវបានបណ្ដេញចេញពីតួនាទីជា រដ្ឋមន្ត្រីការបរទេស ហើយត្រូវបានជំនួសតំណែងដោយលោក វ៉ាង យី ជាអ្នកការទូតកំពូលរបស់ចិន និងជានាយកការិយាល័យនៃគណៈកម្មការមជ្ឈិមសម្រាប់កិច្ចការ ការបរទេសនៃគណបក្សកុម្មុយនិស្ដចិន។ ចិនមិនបានហើបមាត់និយាយពីមូលហេតុនាំឱ្យមានការដកតំណែងលោក ឈិន កាង នោះទេ ប៉ុន្តែនេះក៏មិនមែនជារឿង ធម្មតានោះដែរ។

កាលពីខែមេសាកន្លងទៅ លោក ឈិន កាង បានព្រមានរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi កុំឱ្យជួយ «ជនពាល» ប្រព្រឹត្តទង្វើអាក្រក់ ដោយ ចង់សំដៅទៅលើសហរដ្ឋអាមេរិក ហើយក្រោយបាត់ខ្លួនអស់ជាង១ខែ លោក ឈិន ស្រាប់តែត្រូវបានបណ្ដេញចេញពីតំណែង។ អវត្តមានរបស់លោក ឈិន ត្រូវបាន ក្រុមអ្នកវិភាគខ្លះមើលឃើញថានឹងបង្កផលប៉ះពាល់ដល់ការទូតរបស់ចិន។ ជាក់ស្ដែង រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានលើកពេលបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅចុងខែកក្កដានេះ។

ព្រមពេលជាមួយគ្នា អ្នកតំណាងក្រសួងការបរទេសចិន មិនបានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ឬក៏ផ្ដល់ចម្លើយជាក់លាក់ថាតើលោក ឈិន កំពុងស្ថិតនៅទីណា? ឬក៏ហេតុអ្វីបានជាលោកបន្តអវត្តមានឡើយ។ នៅក្នុងប្រព័ន្ធនយោបាយចិន នៅពេលមានមន្ត្រីជាន់ខ្ពស់ណាម្នាក់បាត់ខ្លួនពីភ្នែកសាធារណៈ មូលហេតុចម្បង ដែលត្រូវ យកមកសំអាងនោះគឺ «បញ្ហាសុខភាព»។ ដូចជាករណីលោក ឈិន លោកក៏ត្រូវបានគេបញ្ជាក់ដែរថាមានបញ្ហាសុខភាព។ ប៉ុន្តែនេះមិនពិតឡើយ ហើយកាន់តែច្បាស់ ទៅទៀត គឺនៅពេលដែលការសម្រេចចិត្តដកតំណែងលោក ឈិន ត្រូវបានប្រកាសកាលពីថ្ងៃអង្គារ គឺមិនមានការលើកឡើងពីបញ្ហាសុខភាពនោះទេ។ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិនស៊ីនហួ បានកត់សម្គាល់ថាលោកប្រធានាធិបតី ស៊ី ជិនពីង និងអគ្គលេខាធិការគណបក្សកុម្មុយនិស្ដចិន បានចុះហត្ថលេខាដោយផ្ទាល់លើបទបញ្ជា ប្រធានាធិបតីបញ្ចប់តួនាទីជារដ្ឋមន្ត្រីការបរទេសរបស់លោក ឈិន។ នៅត្រង់នេះអាចបានបញ្ជាក់បានយ៉ាងច្បាស់ថា លោក ស៊ី ជិនពីង ជាអ្នកទទួលខុសត្រូវតែម្នាក់គត់ លើការសម្រេចចិត្តនេះ ហើយវាក៏បង្ហាញដែរថាលោក ស៊ី ខ្លួនឯងប្រហែលជាទទួលស្គាល់បរាជ័យណាមួយរបស់លោក ឈិន។

ជាធម្មតា នៅពេលមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សកុម្មុយនិស្ដចិន ត្រូវបានបណ្ដេញចេញពីតំណែង ហេតុផលដែលគេគិតដល់មុនគេគឺ «ហេតុផលនយោបាយ»។ វាក៏មិន ចម្លែកអ្វីនោះដែរ ដែលក្រសួងការបរទេសចិនមិននិយាយអ្វីសោះ ពីព្រោះបញ្ហានេះមិនស្ថិតក្រោមដែនអំណាចរបស់ពួកគេឡើយ។ ខណៈមិនមានការពន្យល់ពីហេតុផល មានពាក្យចរចាមអារ៉ាមជាច្រើន ក្នុងនោះរួមមានទាំងការលើកឡើងថាលោក ឈិន មានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍ជាមួយស្ត្រីម្នាក់។ ប៉ុន្តែ ពាក្យចចាមអារ៉ាម នេះ ប្រហែលមិនមែនជាស្នូលនៃបញ្ហាទេ។ លោក ឈិន ត្រូវបានដំឡើងជារដ្ឋមន្ត្រីការបរទេសចិន នៅអាយុ៥៦ឆ្នាំ គិតត្រឹមចុងឆ្នាំ២០២២ ភ្លាមៗ ក្រោយសមាជ គណបក្សកុម្មុយនិស្ដចិនលើកទី២០។ លោកបានឡើងកាន់តំណែងជំនួសលោក វ៉ាង យី តាមផ្លូវកាត់ដោយរំលងគូប្រជែងជាបេក្ខជនដ៏ទៃជាច្រើនរូបទៀតដែលសុទ្ធសឹង ជាមនុស្សមានសមត្ថភាព។ នៅក្រោមប្រព័ន្ធនយោបាយរបស់គណបក្សកុម្មុយនិស្ដចិន «បញ្ហាសាវតារ» ត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ មុននឹងមានការតែងតាំង ឬដំឡើងតំណែងនរណាម្នាក់។ ការត្រួតពិនិត្យនេះដឹកនាំស្ថាប័នសន្តិសុខជាតិគឺមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់។

ក្នុងករណីលោក ឈិន ការស៊ើបអង្កេតលើប្រវត្តិ និងសាវតារ ប្រាកដណាស់គឺត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ និងត្រូវបានពង្រីកទៅដល់ពេលដែលលោកកំពុងបំពេញតួនាទី ក្រៅប្រទេសជាទីដែលលោកឈរជើង។ ដូច្នេះប្រសិនបើរកឃើញថាមានបញ្ហាធ្ងន់ធ្ងរចំពោះលោក​ ឈិន ដូចជាការប្រព្រឹត្តអំពើពុករលួយ ឬរឿងអាស្រូវ មានទំនាក់ទំនង ស្នេហាក្រៅអាពាហ៍ពិពាហ៍ នោះព័ត៌មានទាំងនេះប្រហែលជាទៅដល់ដៃថ្នាក់ដឹកនាំកំពូលៗនៃគណបក្សកុម្មុយនិស្ដរួចបាត់ទៅហើយ។ នេះបានន័យថាមិនមានបញ្ហា ធ្ងន់ធ្ងរអ្វីត្រូវបានរកឃើញទេ យ៉ាងហោចណាស់រហូតដល់ការដំឡើងតំណែងរបស់លោកជារដ្ឋមន្ត្រីការបរទេស កាលពីខែធ្នូ ឆ្នាំ២០២២។

អ្នកតាមដានស្ថានការណ៍ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកខ្លះ យល់ថាការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់លោក ឈិន គឺអាចមានជាប់ពាក់ព័ន្ធនឹងហេតុផល ២ម្យ៉ាង ៖ «ម្យ៉ាងគឺការដោះស្រាយបញ្ហាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលមិនមែនជាភារកិច្ចងាយស្រួលនោះទេ និងហេតុផលមួយទៀតគឺ អសមត្ថភាព ឬការខ្វះខាត បទពិសោធន៍របស់លោក ឈិន ក្នុងការទទួលខុសត្រូវលើភារកិច្ចដ៏សំខាន់នេះ»។ យើងអាចសាកល្បងរំឮកឡើងវិញពីបញ្ហាដែលកើតឡើងនៅក្នុងទំនាក់ទំនងរវាងចិន និង សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២០ ខែមិថុនា លោក ចូ បៃដិន បានធ្វើឱ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀក ក្រោយប្រធានាធិបតីអាមេរិករូបនេះហៅលោក ស៊ី ជិនពីង ជា «មេដឹកនាំផ្ដាច់ការម្នាក់» អំឡុងថ្លែងសុន្ទរកថាមួយទៅកាន់អ្នកគាំទ្រនៅឯរដ្ឋកាលីហ័្វរញ្ញ៉ា។ បញ្ហាគឺនៅត្រង់ថាការលើកឡើងបែបនេះរបស់លោក បៃដិន ធ្វើឡើងតែមួយថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជិនពីង បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។ លោក Blinken បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនាកន្លងទៅ។

ក្រោយមកទៀត នៅឯជំនួបមួយ ចិនបានរៀបចំតុប្រជុំមានរៀងជាអក្សរ U ដោយលោក ស៊ី ជិនពីង អង្គុយនៅក្បាលតុ ខណៈគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Blinken និងគណៈប្រតិភូចិនរួមមានលោក វ៉ាង យី និងលោក ឈិន កាង អង្គុយទល់មុខគ្នាប្រៀបដូចជាការអង្គុយស្ដាប់ការប្រដៅពីលោក ស៊ី ជិនពីង។ ការរៀបចំទម្រង់តុ អង្គុយបែបនេះត្រូវបានប្រើប្រាស់ជាប្រចាំនៅក្នុងប្រទេសចិន នៅពេលដែលក្រុមការងារ ២ផ្សេងគ្នាត្រូវរាយការណ៍ប្រាប់ថ្នាក់លើរបស់ពួកគេ។ សម្រាប់អ្នកការទូតអាមេរិក ការរៀបចំនេះហាក់ដូចជាចង់បំបាក់មុខលោក Blinken។ ពាក្យហៅលោក ស៊ី ជិនពីងថាជាមេដឹកនាំផ្ដាច់ការចេញពីមាត់លោក បៃដិន ប្រៀបដូចជាការទះចិនមួយកំផ្លៀង ហើយដែលទង្វើបែបនេះចាំបាច់ត្រូវតែមានការឆ្លើយតបវិញភ្លាមៗ។ លោក ស៊ី ជិនពីង និងមនុស្សជំនិតនៅជុំវិញរូបលោកទំនងជាចង់បង្ហាញប្រាប់ប្រជាជនចិនថាអំណាច ជាសកលរបស់លោកប្រធានាធិបតី ស៊ី ជិនពីង មានទំហំធំធេងដល់ថ្នាក់សូម្បីតែរដ្ឋមន្ត្រីការបរទេសអាមេរិកក៏ត្រូវរាយការណ៍ជូនលោកដែរ។

នេះអាចជាហេតុផលដែលទូរទស្សន៍មជ្ឈិមចិន ចេញផ្សាយវីដេអូឃ្លីបមួយដែលបង្ហាញពីលោក ស៊ី ជិនពីង ហាក់កំពុងប្រដៅលោក Blinken នៅក្នុងកម្មវីធីព័ត៌មានពេលល្ងាច របស់ខ្លួន។ មួយវិញទៀត អ្វីដែលអ្នករៀបចំគោលនយោបាយចិនកំពុងផ្ដោត នោះគឺកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅទីក្រុង San Francisco នៅខែវិច្ឆិកាខាងមុខ។ ម្លោះហើយចិនចង់ឱ្យគេគ្រប់គ្នាយល់ថាលោក ស៊ី ជិនពីង នឹងចូលរួមកិច្ចប្រជុំ APEC តាមការអញ្ជើញយ៉ាងស្មោះពី សហរដ្ឋអាមេរិក មិនមែនជាការត្រេតត្រអាលចង់ចូលរួមនោះទេ។ មែនទែនទៅ ដំបូងឡើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដូចជា Global Times និង Xinhua សុទ្ធតែបានចេញ ផ្សាយលើក្របទំព័រមុខរបស់ពួកគេ ដោយចាត់ទុកថាជំនួបរវាងលោក ឈិន និងលោក Blinken ជាជោគជ័យមួយដ៏ធំ និងថែមទាំងកោតសរសើរការចូលរួមចំណែករបស់លោក ឈិន ទៀតផង។ សម្រាប់ថ្នាក់ដឹកនាំកំពូលៗរបស់ចិន ពាក្យសម្ដីហៅលោក ស៊ី ជិនពីងថាជាមេដឹកនាំផ្ដាច់ការចេញពីមាត់លោក បៃដិន គឺមិនគួរកើតឡើងទាល់តែសោះ ហើយចិនក៏ មិនអាចនៅស្ងៀមធ្វើជាមិនដឹងនោះដែរ ដូចនេះចិនមានតែធ្វើឱ្យគេមើលឃើញថាដំណើរទស្សនកិច្ចរបស់លោក Blinken បរាជ័យទាំងស្រុង។

ប៉ុន្តែក្រសួងការបរទេសចិនដឹកនាំដោយលោក ឈិន មិនបានបញ្ចេញប្រតិកម្មឱ្យបានលឿននោះទេ តែបែរជាឆ្លើយតបយឺតយ៉ាវ ចំពោះការហៅលោក ស៊ី ថាជាមេដឹកនាំផ្ដាច់ការ ទៅវិញ។ រហូតដល់ថ្ងៃទី២២ ខែមិថុនា ទើបស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បង្ហើបឱ្យដឹងថាឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng ដាក់កំណត់ទូតតវ៉ាប្រឆាំង នឹងសេតវិមាន រួមទាំងក្រសួងការបរទេសអាមេរិក។ ការបញ្ចេញប្រតិកម្មនេះមានភាពយឺតយ៉ាវ និងត្រូវបានរាយការណ៍ថាបានធ្វើឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ចិនមិនសប្បាយចិត្តជា ខ្លាំងចំពោះបរាជ័យរបស់ក្រសួងការបរទេស ក្នុងការបញ្ចេញប្រតិកម្មតបតប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីអំណាចរបស់មេដឹកនាំកំពូលលោក ស៊ី ជិនពីង ត្រូវបានបំផ្លាញ យ៉ាងធ្ងន់ធ្ងរ។

ចិនអាចខកចិត្តដែលខ្លួនមិនអាចគ្រប់គ្រងទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយសហរដ្ឋអាមេរិក។ ដូច្នេះថាតើនរណាជាអ្នកទទួលខុសត្រូវ? ជាការពិតណាស់គ្មាននរណាម្នាក់ គួរតែត្រូវ បានបន្ទោសនោះទេ តែនៅក្នុងប្រព័ន្ធនយោបាយចិន ច្បាស់ណាស់ត្រូវតែមានមនុស្សទទួលខុសត្រូវ៕


No comments:

Post a Comment