(បាងកក, ថៃ)៖ លោក Wan Muhammad-Noor Matha ប្រធានរដ្ឋសភាជាតិថៃ (រដ្ឋសភា និងព្រឹទ្ធសភា) បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ យ៉ាងលើសលុប សម្រាប់និតីកាលទី៧។
តាមលទ្ធផលបណ្តោះអាសន្ន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បាននាំមុខនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយអាចនឹងគ្រប់គ្រងអាសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ។
លោក Wan Muhammad-Noor Matha បានលើកឡើងយ៉ាងដូច្នេះ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នាឱកាសដែលលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំឥស្លាមកម្ពុជា ចំនួន៥រូប ចូលរួមពិធីអបអរសាទរលោក Wan Muhammad-Noor Matha ដែលទទួលបានតំណែងជាប្រធានរដ្ឋសភាថៃ នៅសណ្ឋាគារ Al-Meroz រាជធានីបាងកក ប្រទេសថៃ។
ពិធីនេះ ត្រូវបានរៀបចំដោយគណៈដឹកនាំជាន់ខ្ពស់ឥស្លាមថៃ (សៃខុលឥស្លាម) ដែលមានអ្នកអញ្ជើញចូលរួមមកពីស្ថាប័នផ្សេងៗគ្នា ដូចជា សមាជិកសភាថៃ នៃគ្រប់ចម្រុះគណបក្សនយោបាយថៃ ក្នុងនោះមកពីភាគខាងត្បូង នៃប្រទេសថៃ មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន ឯកអគ្គរដ្ឋទូត-រាជទូត និងតំណាងស្ថានទូតមុស្លិម នៅប្រទេសថៃ និងថ្នាក់ដឹកនាំឥស្លាមនៅគ្រប់រាជធានី-ខេត្តក្នុងប្រទេសថៃ។
ក្នុងពិធីនេះដែរ លោក Surin Palarae សមាជិករដ្ឋសភាថៃ និងជាគណៈដឹកនាំជាន់ខ្ពស់ឥស្លាមថៃ បានកោតសរសើរដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅ ជាពិសេសសាសនិកឥស្លាមនៅកម្ពុជា ដែលជាគំរូដល់ថ្នាក់ដឹកនាំប្រទេសដទៃទៀត និងបានដឹកនាំប្រទសកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
សូមបញ្ជាក់ថា លោក Wan Muhamad Noor Matha ជាអ្នកនយោបាយមុស្លិមថៃ និងជាមេដឹកនាំគណបក្សប្រាឆាឆាត (គណបក្សប្រជាជាតិ) ត្រូវបានតែងតាំងជាប្រធានរដ្ឋសភារបស់ថៃជាផ្លូវការ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ខណៈរូបលោក គឺជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងមួយនេះ៕
No comments:
Post a Comment