FN (សិង្ហបុរី)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ចប់តួនាទីរដ្ឋមន្ត្រីការបរទេស ដែលលោកជាអ្នកតែងតាំងដោយផ្ទាល់ដៃ បន្ទាប់ពីបានឡើងកាន់តំណែង ជាប្រមុខការទូតចិនមិនទាន់ដល់ ៧ខែក្ដៅកៅអីស្រួលបួលផង។ ការសម្រេចចិត្តបែបនេះបានបង្កភាពភ្ញាក់ផ្អើលមួយ ដែលបន្សល់ទុកនូវសំណួរច្រើនជាងចម្លើយ ហើយមើលទៅគេប្រហែលជានឹងមិនអាចដឹងពីហេតុផលឡើយ បើចិនមិនព្រមនិយាយអ្វីសោះនោះ។
ការបញ្ចប់តួនាទីរបស់លោក ឈិន កាង (Qin Gang) កើតមានឡើង បន្ទាប់ពីលោកបានអវត្តមានយ៉ាងអាថ៌កំបាំង លើឆាកសាធារណៈអស់រយៈពេលជាង ១ខែ មកនេះ ដោយបណ្ដាលឱ្យមានពាក្យចចាមអារ៉ាម និងការសង្ស័យជាច្រើនពីជោគវាសនារបស់លោក ឈិន។ រហូតដល់កិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ ទើបគណៈកម្មាធិការអចិន្ត្រៃយ៍សភាជាតិប្រជាជនចិនបានប្រកាសថាលោក វ៉ាង យី ជាអតីតរដ្ឋមន្ត្រីការបរទេសចិន និងបច្ចុប្បន្នជាមន្ត្រីកំពូលចិន នឹងឡើងមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជំនួសលោក ឈិនវិញ។ សភាចិនមិនបានបញ្ជាក់ពីមូលហេតុអ្វីទាំងអស់ ចំពោះការសម្រេចចិត្តបញ្ចប់តំណែង លោក ឈិន ហើយក៏មិនទាន់ដឹងថាលោកកំពុងស្ថិតនៅទីណានោះដែរ។
លោក ឈិន មានអាយុ ៥៧ឆ្នាំ បានអវត្តមានពីកិច្ចប្រជុំ និងព្រឹត្តិការណ៍ការទូតសំខាន់ៗ ចាប់តាំងពីចុងខែមិថុនាមកម្ល៉េះ និងបានបង្កឱ្យមានពាក្យចចាមអារ៉ាមទាំងនៅក្នុងស្រុក និងក្រៅស្រុកថាតើមានអ្វីបានកើតឡើងលើរូបលោក។ ក្នុងនោះ មានពាក្យចចាមអារ៉ាមខ្លះថាលោក ឈិន មានរឿងអាស្រូវស្នេហា រីឯខ្លះទៀតថាលោកកំពុងប្រឈមមុខនឹងការស៊ើបអង្កេតមួយ។
ក្រសួងការបរទេសចិន ធ្លាប់បានលើកឡើងពីហេតុផលបញ្ហាសុខភាព មកពីបញ្ជាក់ពី អវត្តមានរបស់លោក ឈិន ពីកិច្ចប្រជុំកំពូលអាស៊ានថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីដើមខែកក្កដានេះ។ លោក វ៉ាង យី ដែលមានអាយុ ៦៩ឆ្នាំ គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក ២៤រូបនៃការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្ដចិន និងបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិន ចាប់ពីដើមឆ្នាំ២០១៣ រហូតដល់ខែធ្នូ ឆ្នាំ២០២២។
លោក វ៉ាង បានក្លាយជាមន្ត្រីការទូតកំពូលរបស់ចិន នៅពេលដែលលោកក្លាយជាសមាជិកការិយាល័យនយោបាយកាលពីខែតុលា ឆ្នាំដដែល ក្នុងនាមជា អ្នកឯកទេសដឹកនាំកិច្ចការការបរទេស។ ក្នុងប្រព័ន្ធនយោបាយចិន រដ្ឋមន្ត្រីការបរទេសមិនមែនជាឋានៈការទូតខ្ពស់ជាងគេបំផុតនោះទេ ពោលគឺតំណែងនេះ ស្ថិតនៅក្រោមមន្ត្រីការទូតកំពូលរបស់ចិន ហើយសព្វថ្ងៃ លោក វ៉ាង យី កំពុងកាន់តំណែងនេះក្នុងនាមជានាយកការិយាល័យគណៈកម្មការមជ្ឈិមកិច្ចការ ការបរទេសរបស់បក្ស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏មិនបានលើកឡើងនោះដែរពីការកែប្រែ ឬផ្លាស់ប្ដូរតួនាទីបក្សរបស់លោក វ៉ាង យី ដោយគ្រាន់តែឱ្យដឹងថាលោកនឹងកាន់តួនាទីក្នុង ការិយាល័យនយោបាយ និងក្រសួងការបរទេសចិន ក្នុងពេលដំណាលគ្នា។ ការកាន់តំណែងព្រមគ្នាបែបនេះគឺធ្លាប់តែធ្វើឡើងអំឡុងពេលផ្ទេរតួនាទីរវាង មន្ត្រីចាស់ និងមន្ត្រីថ្មីតែប៉ុណ្ណោះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។ បើតាមក្រុមអ្នកវិភាគនយោបាយ ការវិលត្រឡប់មកវិញរបស់លោក វ៉ាង យី ទំនងគ្រាន់តែ ជាការតែងតាំងបណ្ដោះអាសន្ន ដើម្បីទុកពេលឱ្យលោក ស៊ី ជិនពីង និងមន្ត្រីកំពូលដទៃទៀត រកមនុស្សផ្សេងដែលស័ក្តិសមមកជំនួសសម្រាប់រយៈពេលវែង។
លោក Jude Blanchette ជាអ្នកវិភាគលើបញ្ហាពាក់ព័ន្ធនឹងចិន មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ថាការដកតំណែងលោក ឈិន មិនអាចត្រូវបានបកស្រាយថាជាការថយចុះនៃអំណាចរបស់លោក ស៊ី ជិនពីងនោះទេ ហើយការពិតដែលបច្ចុប្បន្ន លោក ឈិន នៅតែរក្សាតំណែងមួយចំនួននៅក្នុងបក្ស និងរដ្ឋាភិបាល បានបញ្ជាក់ថាវាប្រហែលជាមានបញ្ហាផ្ទៃក្នុងមួយចំនួន នៅមិនទាន់ត្រូវបានដោះស្រាយ។ តួយ៉ាង ការអានសេចក្ដីសម្រេចរបស់សម័យប្រជុំគណៈកម្មាធិអចិន្ត្រៃយ៍សភាជាតិប្រជាជនចិនដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មិនបានលើកឡើងពីការផ្លាស់ប្ដូរ តួនាទីលោក ឈិន ក្នុងនាមជាទីប្រឹក្សារដ្ឋចិននោះឡើយ។
លើសពីនេះទៅទៀត អាជ្ញាធរបក្សកុម្មុយនិស្ដចិន ក៏មិនបានប្រកាសនោះដែរពីការផ្លាស់ប្ដូរតួនាទីណាមួយរបស់លោក ឈិន ដែលជាសមាជិកម្នាក់ក្នុងចំណោម ទាំង២៥រូប នៃគណៈកម្មាធិការមជ្ឈិមរបស់បក្ស ដែលរូបលោកបានចូលរួមកាលពីខែតុលា ក្នុងពេលនៅកាន់តំណែងជាអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក នោះឡើយ។ យ៉ាងណាក៏ដោយ បើតាមលោក Blanchette «នយោបាយការបរទេសទាំងមូលរបស់ចិនទំនងជាមិនមានការប្រែប្រួលអ្វី ដោយសារតែការដក តំណែងលោក ឈិន នោះទេ ដ្បិតតំណែងរបស់លោក ឈិន គ្រាន់តែចាំអនុវត្តតាមការសម្រេចចិត្តរបស់លោក ស៊ី ជិនពីង តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ដោយសារតែត្រូវបានគេចាត់ទុកថាជាមនុស្សជំនិតម្នាក់របស់លោក ស៊ី ជិនពីង លោក ឈិន កាង បានឡើងតំណែងយ៉ាងឆាប់រហ័ស សឹងតែគ្មាន មន្ត្រីចិនរូបណាអាចធ្វើដូចជាគាត់នោះទេ។ លោក ឈិន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ២០២១ បើទោះជាលោកគ្មាន បទពិសោធន៍ផ្លូវការក្នុងការដោះស្រាយបញ្ហាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដោយផ្ទាល់ក៏ដោយ មុននឹងលោកចូលរួមក្នុងគណៈកម្មាធិកមជ្ឈិម និងត្រូវ ដំឡើងតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីចុងឆ្នាំ២០២២។
នៅក្នុងប្រព័ន្ធនយោបាយចិន បញ្ហាសុខភាពតែងតែត្រូវបានគេយកមកសំអាងជាហេតុផលនៃអវត្តមានរបស់មន្ត្រីជាន់ខ្ពស់ណាម្នាក់។ ជាឧទាហរណ៍៖ អតីតមេប៉ូលិសចិន លោក Wang Lijun ក្នុងទីក្រុង Chongqing បានបាត់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១២ ហើយមន្ត្រីប្រចាំក្រុងនេះបាននិយាយថាលោកបាន សម្រាកវិសម្សកាល ដើម្បីបន្ធូរភាពតានតឹងដោយសារប្រឹងធ្វើការខ្លាំងពេក។ ប៉ុន្តែ ក្រោយមក អតីតមេប៉ូលិសចិនរូបនេះស្រាប់តែត្រូវបានគេរាយការណ៍ថា បានរត់ភៀសខ្លួនចូលស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុង Chengdu ដើម្បីស្វែងរកសិទ្ធិជ្រកោន។ ដូច្នេះបើចិនមិនព្រមហើបមាត់និយាយទេ នោះគេក៏ប្រហែល ជានឹងអាចដឹងនោះដែរថាតើមានរឿងអ្វីកើតឡើងលើលោក ឈិន កាង៕
No comments:
Post a Comment