Tuesday, June 27, 2023

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវចំពោះប្រជាពលរដ្ឋកុំមានការភិតភ័យចំពោះ ការចល័តកងទ័ពតាមផ្លូវគោកនិងផ្លូវអាកាស ការពារទឹកដីក្នុងភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ដើម្បីកំចាត់ពួកភេរវកម្ម(សារសម្លេង)

 បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់​!

បន្ទាប់ពីការចេញបញ្ជាកាលពីថ្ងៃ ​កម្លាំងបន្ថែមសម្រាប់បម្រើឱ្យការបាញ់កំទេចដ្រូន ដែលហៅថាយន្តហោះគ្មានមនុស្សបើក បានចេញដំណើររួចស្រេចហើយ។ ខ្ញុំសូមអំពាវនាវ បងប្អូន(ប្រជាពលរដ្ឋ)នៅខេត្តក្រចេះ, រតនគិរី, មណ្ឌលគិរី និងទីកន្លែងដែលកងកម្លាំងកងទ័ពបានឆ្លងកាត់ កុំមានការភ័យព្រួយពីការមានសង្គ្រាមផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា។ ការធ្វើដំណើរនៃកម្លាំងប្រដាប់អាវុធចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ខេត្តរតនគិរី ឬ​មណ្ឌល​គិរី និងតាមខេត្តក្រចេះ ត្បូងឃ្មុំ​ គឺជាកម្លាំងអន្តរាគមន៍ជួយដល់យោធភូមិភាគទី១។

ដោយសារតែមានការបំពានជាបន្តបន្ទាប់ពីសំណាក់យន្តហោះគ្មានមនុស្សបើក ដែលយើងមិនដឹងប្រភពថាចេញពីទីកន្លែងណា យើងមានការចាំបាច់ការពារអធិបតេយ្យភាពជាតិ។ ខ្ញុំចាត់ទុកថានេះជាការឈ្លានពាន ហើយជាការប៉ុនប៉ងធ្វើភេរវកម្មនៅលើទឹកដីកម្ពុជា។ ខ្ញុំសូមដាក់ចេញបទបញ្ជាបន្ថែមឱ្យកម្លាំងនៅយោធភូមិភាគទី១ សហការជាមួយគ្រប់កម្លាំ​ងទាំងអស់រុករកអ្នកដែលមកលាក់ខ្លួននៅលើទឹកដីកម្ពុជា។

ការធ្វើដំណើរទៅនេះ ​មិនមែនត្រឹមតែដើម្បីពួនស្ទាក់កំទេចយន្តហោះគ្មានមនុស្សបើក ដែលហៅថាដ្រូននោះទេ ក៏ប៉ុន្តែក៏ត្រូវរុករកកម្លាំងដែលរត់ឆ្លងកាត់ពីប្រទេសវៀតណាម ចូលមកលាក់ខ្លួនក្នុងទឹកដីកម្ពុជា។ យើងអំពាវនាវចំ​ពោះប្រទេសទាំងឡាយដែលផ្ដល់ទីតាំងឱ្យយន្តហោះគ្មានមនុស្សបើកហោះចូលមកក្នុងទឹកដីរបស់យើង បញ្ឈប់​ជាបន្ទាន់សកម្មភាពដែលមានចរិកជាភេរវកម្ម ប្រឆាំងនឹងឯករាជ្យអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សហការផ្ដល់ព័ត៌មានអំពីអ្នកដែលលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា។ ច្បាស់ណាស់ថា ដ្រូននេះកំពុងតែស្វែងរកធ្វើទំនាក់ទំនងជាមួយក្រុមបាក់ទ័ពដែលរត់ចេញពីប្រទេសវៀតណាម ហើយអាចនឹងមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ សូមបងប្អូនប្រជាពលរដ្ឋរបស់យើងផ្តល់នូវកិច្ចសហការ តាមរយៈការផ្ដល់ព័ត៌មានអោយកងទ័ពរបស់យើងផ្នែកខាងក្រោម … និយាយរួមយើងមានអាវុធច្រើនប្រភេទដើម្បីកំទេច យន្តហោះដែលគ្មានមនុស្សបើក ដែលប៉ុន្មានយប់កន្លងទៅនេះ តែងបានបំពានលើអធិបតេយ្យរបស់យើង។ ខ្ញុំចាត់ទុកថានេះជាអំពើភេរវកម្ម។

សាជាថ្មីម្ដងទៀត ខ្ញុំសូមអំពាវនាវចំពោះប្រទេសជិតខាងដែលផ្ដល់មូលដ្ឋានសម្រាប់ការហោះហើររបស់ដ្រូន បញ្ឈប់សកម្មភាពនេះជាបន្ទាន់ និងសូមគោរពអធិបតេយ្យភាពរបស់យើង។ យើងគ្មានប្រាថ្នាអ្វីក្រៅពីសេចក្ដីសុខនិងឯករាជ្យអធិបតេយ្យភាពរបស់យើងនោះទេ។

សូមប្រជាពលរដ្ឋរបស់យើងកុំមានការព្រួយបារម្ភនិងជ្រួលច្របល់ចំពោះសភាពការណ៍ ដែលអាចនឹងកើតឡើងនៅក្នុងពេលដែលយើងចល័តកងទ័ព បូកជាមួយនឹងការដែលអាចនឹងមានការបាញ់ទម្លាក់នូវយន្តហោះគ្មានមនុស្សបើកនៅក្នុងទឹកដីកម្ពុជា។ ជឿជាក់ថារាជរដ្ឋាភិបាលអាចនឹងគ្រប់គ្រងសភាពការទាំងអស់នេះ ដោយមានកិច្ចសហការពីភាគីវៀតណាម ដែលជាជនរងគ្រោះដោយសារអំពើភេរវកម្មក្នុងរយៈកន្លងទៅនេះ។ ខ្ញុំសូមឱ្យកម្លាំងទាំងអស់ធ្វើសកម្មភាពដោយហ្មត់ចត់ រុករកខាងក្រោម បន្ថែមទៅដោយការត្រៀមបម្រុងបាញ់កំទេច នូវយន្តហោះគ្មានមនុស្សបើកពីខាងលើ។ សូមអរគុណ៕

No comments:

Post a Comment