Tuesday, June 27, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន ព្រមឱ្យលោក ព្រីហ្គោហ្ស៉ីន រួចខ្លួន?

 


(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានបញ្ជា ឱ្យកងកម្លាំងរបស់លោកបញ្ឈប់ការបះបោរ ហើយដកថយត្រឡប់ក្រោយទៅកាន់បន្ទាយរបស់ខ្លួនវិញ។ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ ការសម្រេចចិត្តរបស់លោក ព្រីហ្គោហ្ស៉ីន ធ្វើឡើងក្រោមកិច្ចព្រមព្រៀងមួយដែលសម្រេចបានតាមរយៈការសម្របសម្រួលពីលោកប្រធានាធិបតីបេឡារុស លូកាសិនកូ។

លោក ប៉េសកូវ បានបញ្ជាក់ទៀតថាកិច្ចព្រមព្រៀងនេះមានគោលដៅបញ្ចៀសការបង្ហូរឈាមដាក់គ្នា សង្រ្គាមស៊ីវិល និងការប៉ះទង្គិចគ្នាដែលអាចនឹងបង្កជាផលវិបាក មិនអាចព្យាករបាន។ នៅក្រោមកិច្ចព្រមព្រៀងនេះដែរ លោក ព្រីហ្គោហ្ស៉ីន យល់ព្រមចាកចេញពីរុស្ស៉ីទៅរស់នៅក្នុងប្រទេសបេឡារុស និងបញ្ឈប់ការបះបោរ រីឯខាង វិមានក្រឹមឡាំងវិញបានអះអាងថានឹងទម្លាក់ចោលការចោទប្រកាន់ប្រឆាំងរូបលោក ហើយទាហានស៊ីឈ្នួលដែលបានចូលរួមក្នុងសកម្មភាពបះបោរក៏នឹងត្រូវបានលើក លែងទោសផងដែរ។

អ្វីៗដែលបានរៀបរាប់ដូចខាងលើនេះមើលទៅហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។ ព្រោះថាកាលពីប៉ុន្មានម៉ោងមុននឹងលោក ព្រីហ្គោហ្ស៉ីន យល់ព្រម ដកថយ លោក ពូទីន បានចាត់ទុកការបះបោររបស់ថៅកែទាហានស៊ីឈ្នួលរូបនេះថាជា «អំពើក្បត់ជាតិ និងសន្យាបង្ក្រាបពួកបះបោរ» ទៀតផង។ «នេះគឺប្រៀបដូចជា ការយកកាំបិតចាក់ពីក្រោយ​ខ្នង មកលើប្រទេស មកលើប្រជាជាតិរបស់យើង។ អ្វីដែលពួកយើងកំពុងតែប្រឈមនាពេលនេះ គឺច្បាស់ណាស់ជាទង្វើក្បត់នឹងប្រទេស ជាតិរបស់ខ្លួនឯង ដែលកើតចេញមកពីមហិច្ឆតាលោភលន់ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកទាំងឡាយណា ដែលជ្រើសរើសដើរលើផ្លូវក្បត់ជាតិ ដោយចេតនា, ដែលបានត្រៀម​លើកអាវុធបះបោរ, ហើយដែលបានប្រើវិធីសាស្រ្តគំរាមកំហែងនិងភេរវកម្ម នឹងត្រូវទទួលរងការដាក់ទោសដោយចៀសមិនផុត នៅចំពោះមុខច្បាប់ ក៏ដូចជា​ចំពោះមុខប្រជាជនរបស់យើង»។ នេះជាការបញ្ជាក់របស់លោក ពូទីន ក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ ដោយមិនបានលើកចំឈ្មោះរបស់លោក ព្រីហ្គោហ្ស៉ីននោះទេ។

ការលើកឡើងរបស់លោក ពូទីន ហាក់ដូចជាលោកបានប្រាប់ប្រជាជនរុស្ស៉ីឱ្យត្រៀមលក្ខណៈសម្រាប់សង្រ្គាមស៊ីវិលមួយ។ តែផ្ទុយទៅវិញ លោក ព្រីហ្គោហ្ស៉ីន បែរជា រួចខ្លួនទៅដោយមិនមានទោសអ្វីទាំងអស់គិតមកទល់នឹងពេលនេះ។ ចាប់តាំងពីលោក ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក អ្នកដែលហ៊ានរិះគន់លើសង្រ្គាមរបស់លោកនៅអ៊ុយក្រែន ឬក៏ហ៊ានហៅសង្រ្គាមនេះថាខុសច្បាប់ ត្រូវបានអាជ្ញាធរលោកពូទីន ចាប់ខ្លួន និងផ្ដន្ទាទោស ដាក់ពន្ធនារាប់សិបឆ្នាំ។ ក្នុងន័យនេះខណៈអាវុធរបស់ក្រុមអ្នកប្រឆាំងគឺជា «ពាក្យសម្ដី» អាវុធរបស់លោក ព្រីហ្គោហ្ស៉ីន គឺរថក្រោះ និងកាំភ្លើង ដែលនេះគួរណាស់តែ លោក ព្រីហ្គោហ្ស៉ីន ត្រូវទទួលទោសធ្ងន់ធ្ងរជាងអ្នករិះគន់សង្រ្គាម ហើយទង្វើបះបោរប្រដាប់អាវុធនេះទៀតសោត ក៏គំរាមកំហែងដល់សន្តិសុខជាតិរុស្ស៉ីខ្លាំងជាង ការរិះគន់នៅលើបណ្ដាញទំនាក់ទំនងសង្គម ឬការធ្វើបទសម្ភាសន៍ជាមួយអ្នកកាសែតផងដែរ។

ដូច្នេះ «តើអ្វីទៅជាវត្ថុបំណងនៅពីក្រោយការដោះលែងលោក ពី្រហ្គោហ្ស៉ីន ទៅដោយគ្មានទោសពៃអ្វីទាំងអស់?» ជាការពិតណាស់ វាពិតជាមានការភ័យខ្លាចនៅក្នុង វិមានក្រឹមឡាំងថាការបះបោររបស់លោក ព្រីហ្គោហ្ស៉ីន អាចនឹងផ្ទុះទៅជាបះបោរប្រដាប់អាវុធទ្រង់ទ្រាយធំ។ ជាពិសេសទៅទៀត នោះគឺនៅក្រោយពេលដែលទាហាន ស៊ីឈ្នួលរបស់លោក ព្រីហ្គោហ្ស៉ីន អាចឆ្លងព្រំដែនពីអ៊ុយក្រែន ចូលទៅកាន់កាប់ទីស្នាក់ការយោធាភូមិភាគខាងត្បូងក្នុងទីក្រុង Rostov-on-Don ក្នុងពេលត្រឹមតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ និងដោយមិនមាននរណាម្នាក់ចេញមុខមកប្រឆាំងទាល់តែសោះ។ ទីស្នាក់ការយោធាភូមិភាគខាងត្បូងនេះឯង គឺទទួលបន្ទុកលើកិច្ចការសង្រ្គាម នៅភាគខាងកើតអ៊ុយក្រែន។ ក្នុងដំណើរឆ្ពោះទៅកាន់ទិសខាងជើង ចេញពីទីក្រុង Rostov-on-Don ក្បួនរថយន្ដទាហាន Wagner ត្រូវបានគេរាយការណ៍ថាបានធ្វើ ដំណើរជិតដល់មូស្គូ ដោយស្ថិតនៅចម្ងាយ ២០០គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីមួយនេះ មុននឹងលោក ព្រីហ្គោហ្ស៉ីន ប្រកាសដកកងទ័ពរបស់លោកត្រឡប់ក្រោយវិញ ក្រោមហេតុផលបញ្ចៀសការបង្ហូរឈាមដាក់គ្នា។

តែទោះជាបែបនេះក្ដី ការធ្វើដំណើរយ៉ាងលឿនរហ័សចូលទៅកាន់ទីក្រុង Rostov-on-Don និងឆ្ពោះទៅកាន់ទីក្រុងមូស្គូ វាបានបង្ហាញថាកងកម្លាំងរុស្ស៉ីមួយចំនួន នៅតាមផ្លូវ មិនបានធ្វើសកម្មភាពអ្វីទាំងអស់ដើម្បីទប់ស្កាត់ ឬក៏នេះអាចមកពីពួកគេគាំទ្រដល់បេសកកម្មរបស់លោក ព្រីហ្គោហ្ស៉ីនក៏ថាបាន។ នេះអាចមកពីកងកម្លាំង រុស្ស៉ីវ័យក្មេងទាំងនេះគាំទ្រចំពោះការតវ៉ារបស់ថៅកែទាហានស៊ីឈ្នួលរូបនេះប្រឆាំងនឹងថ្នាក់ដឹកនាំយោធារុស្ស៉ី ខណៈមានសេចក្ដីរាយការណ៍ថាមេបញ្ជាការរុស្ស៉ីខ្លះ បានរត់ចោលកូនទាហានរបស់ខ្លួនក្នុងសមរភូមិ ប្រព្រឹត្តអំពើពុករលួយ និងមិនរវល់ចំពោះអាយុជីវិតទាហានរុស្ស៉ី។ ម្យ៉ាងវិញទៀត សុន្ទរកថារបស់លោក ពូទីន ក៏បាន ព្រមានត្រង់ៗផងដែរប្រឆាំងនឹងការចូលរួមក្នុងសកម្មភាពបះបោរ ដែលនេះអាចបញ្ជាក់ដោយប្រយោលថាលោក ព្រីហ្គោហ្ស៉ីន ទទួលបានការគាំទ្រ ក្នុងពេលដែល លោកដឹកនាំកងកម្លាំងទៅកាន់ទីក្រុងមូស្គូ។

ការត្រៀមលក្ខណៈរបស់ទីក្រុងមូស្គូ ក៏ហាក់បង្ហាញដែរថាវិមានក្រឹមឡាំងកំពុងត្រៀមខ្លួនសម្រាប់ជម្លោះទ្រង់ទ្រាយធំមួយ ហើយខណៈទាហានរបស់លោក ព្រីហ្គោហ្ស៉ីន ស្ថិតនៅចម្ងាយជាង ២០០គីឡូម៉ែត្រពីមូស្គូ មានពាក្យចចាមអារ៉ាមថាទាហាន Wagner មួយចំនួនបានស្ថិតក្នុងរដ្ឋធានីនេះរួចទៅហើយ។ ដូច្នេះលោក ពូទីន មានហេតុផលគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឱ្យលោក លូកាសិនកូ ធ្វើការចរចាឱ្យបានលឿនបំផុតក្នុងការបិទបញ្ចប់សកម្មភាពបះបោរ ជាមួយការសន្យាផ្ដល់ការធានា សន្តិសុខដល់ទាហានស៊ីឈ្នួល ព្រមទាំងទុកឱ្យលោក ព្រីហ្គោហ្ស៉ីន រួចខ្លួនទាំងគ្មានទោសពៃ (ជាបណ្ដោះអាសន្ន)។

សម្រាប់មេដឹកនាំលោកខាងលិច ការបះបោររបស់ទាហានស៊ីឈ្នួលរុស្ស៉ី បានបង្ហាញពីកម្សោយរបស់លោក ពូទីន មិនខ្លាំងដូចការគិតរបស់ពួកគេពីដំបូងនោះទេ។ ប៉ុន្តែ លោក ពូទីន នៅតែអាចរួចផុតពីស្ថានការណ៍គ្រោះថ្នាក់ ហើយដោយសារតែមានអំណាចក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៉ី លោក ពូទីន អាចនឹងបង្វែរ កំហឹងរបស់ប្រជាជនរុស្ស៉ី ឬទម្លាក់កំហុសគ្រប់យ៉ាងទៅលើអ៊ុយក្រែន NATO និងសត្រូវរបស់រុស្ស៉ីដទៃទៀត។ លោក ពូទីន ក៏អាចទាញយកប្រយោជន៍ផងដែរ តាមរយៈ ការលើកឡើងពីសមត្ថភាពរបស់លោក ក្នុងការបញ្ចៀសកុំឱ្យមានការកាប់សម្លាប់រង្គាលគ្នាក្នុងសង្រ្គាមស៊ីវិល តាមរយៈការចរចាជាមួយលោក ពី្រហ្គោហ្ស៉ីន។

ការធ្វើដូច្នេះអាចមានប្រយោជន៍ តែវាក៏អាចផ្ដល់ផលអាក្រក់ទៅលើលោក ពូទីនវិញដែរ នោះគឺការបណ្ដោយឱ្យលោក ព្រីហ្គោហ្ស៉ីន រួចខ្លួនទៅដោយទទេៗបែបនេះ នឹង ធ្វើឱ្យឥស្សរជននយោបាយជាន់ខ្ពស់រុស្ស៉ី បាត់បង់ទំនុកចិត្តលើលោក ពូទីន បន្តិចម្ដងៗ បើទោះជាការធ្វើរដ្ឋប្រហារប្រហែលជានឹងមិនអាចកើតឡើងក្នុងរយៈពេល ឆាប់ៗខាងមុខក៏ដោយ៕

No comments:

Post a Comment