សំណួរសំណេះសំណាល
សុខសប្បាយទេទាំងអស់គ្នានេះ? ឥឡូវ ចង់សួរសំណួរទៀតហើយ។ នៅក្នុងចំណោម ១៨ ០០០ នាក់ តើមានប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំងការពារកូវីដ ១៩? តើអ្នកចាក់បានដល់ដូសទី៤ មានប៉ុន្មានទៅ? អ្នកមានផ្ទៃពោះអត់ចាក់ទេឬ? អ្នកចាប់ពីដូសទី ៣ ឡើងទៅមានប៉ុន្មាន? តើមាននៅបន្ដការចាក់ទេ? ឥឡូវនេះដូចជាដូសទី៥។ ហើយឥឡូវចង់សួរថា តើប៉ុន្មាននាក់ដែលទទួលទាននំប៉័ងដែលគេដាក់ឲ្យ? ខាងនេះ អត់ទាន់ហូបទេអញ្ចឹង! ឥឡូវអ្នកដែលមានទូរស័ព្ទប្រើមានប៉ុន្មាននាក់? មិនចាំបាច់តែស្មាតហ្វូនទេ ឲ្យតែទូរស័ព្ទនិយាយគ្នាបាន។ ឥឡូវ ចង់សួរអ្នកអត់មានទូរស័ព្ទប្រើ តើមានប៉ុន្មានអ្នកទៅ? … ថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងបរិយាយកាសរីករាយមួយ ហើយថ្ងៃស្អែកជាខួបចម្រើនព្រះជន្មព្រះវស្សាសម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួតរបស់យើង។ ខ្ញុំសង្ឃឹមថាកម្មករ/ការិនីទាំងអស់រួមជាមួយខ្ញុំដើម្បីថ្វាយព្រះពរចំពោះហ្លួងម៉ែជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះកាយពលំមាំមួន សម្រាប់គង់ជាម្លប់សម្រាប់ប្រជារាស្ដ្រទូទៅ។
ខានមកជួបកម្មករ/ការិនី ដោយសារកូវីដ-១៩
ថ្ងៃនេះ ជាការជួបជុំគ្នាលើទឹកដីខេត្តកំពង់ស្ពឺសាជាថ្មី។ លើកមុនយើងជួបគ្នានៅគងពិសី។ លើកនេះដើមឡើយគ្រោងធ្វើនៅសំរោងទង ប៉ុន្ដែដោយសារទីតាំងនោះមិនអំណោយផលសំរាប់ការជួបជុំទ្រង់ទ្រាយធំ បានជាលើកមកទឹកដីស្រុកគងពិសីវិញ។ ខ្ញុំចាំបានថាកាលពីខែធ្នូ ឆ្នាំ ២០២២ ខ្ញុំជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន មកបើកការដ្ឋានលើកកម្រិតផ្លូវលេខ៤១។ ថ្ងៃនេះយើងជួបជុំជាមួយកម្មករ/ការិនី ដើម្បីពិនិត្យមើលអ្វីដែលយើងបានធ្វើកន្លងទៅ។ ខ្ញុំចង់ជួបជាមួយកម្មករ/ការិនីនៅជុំទី២ តាំងពីឆ្នាំ២០២០ តែពេលនោះយើងមានកូវីដ-១៩។ ២០២១ យើងមានកូវីដ-១៩។ ២០២២ យើងមានកូវីដ-១៩ ទៀត។ ២០២៣ មុនពេលដែលយើងដកចេញនូវការកំណត់ស្ដីពីការធ្វើតេស្ដមុនពេលមកជួបជុំគ្នា ក៏យើងមិនអាចធ្វើបានទេ។ ដោយឃើញថាស្ថានភាពជំងឺមានការថមថយ ការតម្រូវឲ្យមកធ្វើតេស្ដមុនពេលជួបជុំគ្នាគឺបានបញ្ចប់។ នោះជាឱកាសល្អដែលធ្វើឲ្យយើងរៀបចំការប្រកួតស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមបានល្អ។ ជាឱកាសដែលបានឲ្យពូជួបក្មួយៗដែលជាកម្មករ/ការិនីដោយគ្មានការភ័យខ្លាច ដោយទោះបីថាយើងបានប៉ះដៃប៉ះជើងគ្នា មានទាំងការអោប ការថើប …។
(១) បន្ទាប់ពីរំដោះប្រទេស យកជីវិតទៅដោះដូរយកសន្តិភាព
ខ្ញុំគិតថា ប្រសិនបើខ្ញុំមានបញ្ហាកូវីដ-១៩ ក៏វាសមល្មមនឹងត្រូវលះបង់ដែរ។ កាលពីដើម ខ្ញុំមានអ្វីដែលបានលះបង់លើសនេះច្រើនណាស់។ មិនមែនត្រឹមតែឆ្លងកាត់ការចាប់ដៃគ្នា ថតរូបជាមួយគ្នាដោយសប្បាយរីករាយទេ។ ជីវិតរបស់ពូគឺសល់ពីស្លាប់ទេ (ព្រោះធ្លាប់ជា)យុទ្ធជនក្នុងភ្លើងសង្គ្រាម មិនដឹងថាពេលចូលប្រយុទ្ធស្លាប់ឬរស់? បន្ទាប់ទៅ ក្បាលរបស់ពូត្រូវយកទៅប្ដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។ ប្រសិនជាពូមិនធ្វើយ៉ាងដូច្នេះទេ សំណួរសួរថាតើយើងមានឱកាសរំដោះប្រទេសឬអត់? ពិតមែនហើយ ចម្លើយដែលយើងអាចដឹងគឺបើពូមិនធ្វើ រឿងមួយដែលដឹងច្បាស់ជាងគេគឺពូស្លាប់តែម្ដង។ ពូក៏មិនដឹងថាមានរឿងអីកើតឡើងដែរ។ បន្ទាប់ពីការរំដោះប្រទេស ពូត្រូវយកក្បាលទៅដោះដូរជាមួយសន្ដិភាព តាមរយៈការចូលទៅក្នុងតំបន់ដែលកាន់កាប់ដោយខ្មែរក្រហម។ ប្រសិនបើអតីតកម្លាំងកម្ពុជាប្រជាធិបតេយ្យមិនស្មោះស្ម័គ្រតាមរយៈគោលនយោបាយឈ្នះឈ្នះទេ ពូអាចស្លាប់ដោយការបាញ់ប្រហារពីកម្លាំងទាំងនោះ។
(២) បើមានកូវីដ១៩ ក៏សមនឹងការផ្តល់សេចក្តីស្រឡាញ់ពីក្មួយៗកម្មករ/ការិនី
អញ្ចឹងគ្រាន់តែកូវីដ-១៩ វាមិនមែនជាឧបសគ្គរារាំង ហ៊ុន សែន ក្នុងជំនួបជាមួយបងប្អូនឡើយ។ ពិតមែនហើយ វិធានការសុខាភិបាលត្រូវតែគិត ប៉ុន្ដែប្រសិនបើមានបញ្ហាក៏សមនឹងលះបង់ ហើយក៏សមជាមួយនឹងការផ្ដល់សេចក្ដីស្រឡាញ់របស់ក្មួយៗចំពោះពូដែរ។ វាសក្ដិសមជាមួយអ្វីដែលប្រជាជនទុកចិត្តហើយតែងតែបោះឆ្នោតឲ្យ និងគាំទ្រគោលនយោបាយគណបក្សប្រជាជន។ កាលពីឆ្នាំ២០១៧ ២០១៨ ខ្ញុំបានដើរសួរសុខទុក្ខកម្មករ/ការិនី។ ឥឡូវនេះ ចង់សួរថាកម្មករ/ការិនីថា ធ្លាប់ជួបពូកាលពីពេលនោះតើមានប៉ុន្មាននាក់ទៅ ដែលបានជួបគ្នាម្ដងទៀតនៅថ្ងៃនេះ?(អ្នកលើកដៃតិចជាងអ្នកមិនលើក) អញ្ចឹងមានន័យថា រោងចក្រកើតថ្មីៗច្រើន។ សុំសួរសំណួរមួយ តើអ្នករៀបការក្រោយឆ្នាំ២០១៨ មានប៉ុន្មានទៅ មិនមែនចាំតែអ្នកមានផ្ទៃពោះតែមិនទាន់មានផ្ទៃពោះដែលទើបរៀបការថ្មីៗ (ច្រើនដែរតើ)។ (សម្តេចនិយាយលេងអំពីបុរសនៅលីវ និងស្ត្រីនៅលីវ) …។
(៣) ប្រាក់ឈ្នួល៤៥១លានដុល្លារ/ឆ្នាំ ចូលហោប៉ៅអ្នកកំពង់ស្ពឺ
កាលពីជាង២០ ឆ្នាំមុន តើយើងបានគិតទេថា ខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តលេខ ២ ដែលមានរោងចក្រច្រើនជាងគេ? ពីដើម បើតាមចាស់ៗ បើគេចង់បង្អាប់គ្នា គេហៅពួកអាកំពង់ស្ពឺ រលាក់កងជើង។ ប៉ុន្តែមួយរយៈក្រោយ ពេលដែលយើងមានការប្រឡងប្រជែងបុរសស្អាតនារីស្អាតនៅក្នុងបញ្ហាវិស័យកាត់ដេរ វាបែរជាអ្នកជាប់ចំណាត់ថ្នាក់ស្រីស្អាតប្រុសស្អាត ចេញពីកំពង់ស្ពឺទៅវិញ។ នេះក៏បង្ហាញពីការផ្លាស់ប្តូរដ៏ជ្រាលជ្រៅមួយនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ខេត្តកំពង់ស្ពឺបច្ចុប្បន្ន មានរោងចក្រសហគ្រាសរហូតទៅដល់ ៣៨៥ ជាមួយនឹងកម្មករ ១៥ម៉ឺន ៥ពាន់នាក់ និងប្រាក់ឈ្នួលជាមធ្យម ៤៨១លានដុល្លារ។ ដោយឡែក ក្នុងវិស័យកាត់ដេរមានកម្មករ និយោជិតជាង ១៤ម៉ឺន ៥ពាន់នាក់ ជាមួយនឹងប្រាក់ឈ្នួលក្នុងមួយឆ្នាំ ៤៥១លានដុល្លារ។ អញ្ចឹងទេ ៤៨១លានដុល្លារ ឬក៏ជិត ៥០០លានដុល្លារ តើធ្លាក់ទៅហោប៉ៅអ្នកណា? គឺហោប៉ៅអ្នកកំពង់ស្ពឺ។
(៤) កំពង់ស្ពឺមានរោងចក្រកាត់ដេរ ស្ករស អេតាណុល តម្លើងរថយន្ត និងអនាគតនឹងមានផលិតស៊ីម៉ង់ត៍
កំពង់ស្ពឺមិនមែនគ្រាន់តែមានរោងចក្រកាត់ដេរទេ កំពង់ស្ពឺបានឈានដល់ដំណាក់កាលនៃការផលិតស្ករស ការផលិតអេតាណុល ការដំឡើងរថយន្តនៅក្នុងខេត្តកំពង់ស្ពឺ។ មិនយូរប៉ុន្មានទេ រោងចក្រស៊ីម៉ងត៍នឹងមានវត្តមានក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលធ្វើឲ្យខេត្តកំពង់ស្ពឺក្លាយទៅជាខេត្តមួយដែលផ្គត់ផ្គង់ស៊ីម៉ងត៍សម្រាប់ការសាងសង់នៅទូទាំងប្រទេស។ បើយោងទៅលើអ្នកវិនិយោគបានទៅជួបខ្ញុំ សមត្ថភាពនៃការផលិតនេះគឺមានប្រមាណជា ២លានតោនក្នុងមួយឆ្នាំ។ ឥឡូវ យើងផលិត(ស៊ីម៉ង់ត៍)បានប្រើខ្លួនឯងប្រមាណជាង ៩លានតោន ប៉ុន្តែតម្រូវការនៃការប្រើប្រាស់ស៊ីម៉ងត៍នៅក្នុងប្រទេសកើនកាន់តែច្រើន ម្ខាងគឺការកសាងអគារ កសាងផ្ទះសម្បែង តែម្ខាងទៀតផ្លូវថ្នល់នានា។ បច្ចុប្បន្ននេះ យើងប្រើស៊ីម៉ងត៍ចាក់ជាផ្លូវបេតុង ដែលសម្រួលដល់ការប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋរបស់យើង។
(៥) ឲ្យប្រជាពលរដ្ឋលក់ដីស្រែ/ចំការ អភិវឌ្ឍជារោងចក្រ ជាការសម្រេចចិត្តត្រូវ
បានមកដល់ទឹកដីអង្គស្នួលរបស់ខេត្តកណ្តាល មកដល់ទឹកដីសំរោងទង មកដល់ទឹកដីគងពិសី ខ្ញុំនៅតែរំលឹកពីអ្វីដែលខ្ញុំបកស្រាយនៅក្នុងសភា។ ខ្ញុំបាននិយាយជាសាធារណៈស្តីអំពីបញ្ហាការលក់ដីស្រែ។ ខ្ញុំនៅតែមានមោទនភាពថាការសម្រេចចិត្តរបស់ខ្ញុំត្រូវ។ ពេលនោះគេទិតៀនរាជរដ្ឋាភិបាលថាបណ្តោយឲ្យប្រជាជនលក់ដីស្រែដីចំការតាមដងផ្លូវជាតិលេខ៤ តាមដងផ្លូវជាតិលេខ៣ តាមដងផ្លូវជាតិលេខ២។ ជាការបកស្រាយត្រឡប់ទៅវិញខ្ញុំថា ដីមួយហិកតាកាលពីពេលមុនចិញ្ចឹមប្រជាជនមួយគ្រួសារត្រឹមតែ ៥នាក់ ឬ ១០នាក់ ប៉ុន្តែក្រោយពេលផ្ទេរពីការធ្វើកសិកម្មមកធ្វើរោងចក្រ ដីនោះអាចចិញ្ចឹមបានប្រជាជន ៣ពាន់ ឬ ៥ពាន់គ្រួសារ តាមរយៈការបង្កើតជារោងចក្របង្កើតការងារឲ្យប្រជាពលរដ្ឋ។
ជាការសម្រេចចិត្តជាចក្ខុវិស័យខាងនយោបាយ។ ពេលខ្លះគេធ្វើនយោបាយតាមបែបកញ្ឆក់កណ្ដៀត។ (ធ្វើទៅតាម)ការនឹកឃើញដោយមិនមានការគិតទុកពីវិធីសាស្ត្រអភិវឌ្ឍប្រទេសទេ។ តើត្រូវឲ្យអ្នកវិនិយោគទៅរលាក់កងជើង ឬក៏ឲ្យអ្នកវិនិយោគត្រូវការនូវហេដ្ឋារចនាសម្ព័ន្ធជាផ្លូវដឹកជញ្ជូន ដែលយើងកំពុងពង្រឹងសមត្ថភាពផ្លូវទាំងឡាយ ទាំងផ្លូវលេខ២ លេខ៣ ផ្លូវលេខ៤១ … ផ្លូវដទៃទៀតដែលយើងកំពុងតែធ្វើសំដៅអ្វី? សំដៅម្ខាងសម្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរ តែម្ខាងទៀត គឺសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ទាក់ទាញវិនិយោគ ដើម្បីឲ្យប្រទេសរបស់យើងមានការអភិវឌ្ឍឆាប់។
(៦) ឆ្នាំ២០២២ កម្ពុជានាំចេញបាន ២៩ពាន់លានដុល្លារ
យើងធ្វើតែកសិកម្មមួយមុខ វាមិនអាចធ្វើជាអ្នកមានបានទេ។ ទ្រឹស្តីរបស់ ប៉ុល ពត មានស្រូវ មានអ្វីៗទាំងអស់។ ទីចុងបំផុតប្រជាជនអត់បាយស្លាប់ ជាមួយទារុណកម្មនិងការកាប់សម្លាប់ប្រជាជនអស់ ៣លាននាក់។ សម្រាប់យើង បើក្នុងវិស័យកសិកម្ម យើងមិនមែនធ្វើតែស្រូវទេ។ យើងត្រូវធ្វើដំណាំដទៃទៀត ដែលទទួលបានផលខ្ពស់ជាង ក្នុងហ្នឹងដូចជានៅខេត្តកំពង់ស្ពឺមានចំការអំពៅនិងមានចំការស្វាយ ដំឡូងគដំឡូងមី ដើម្បីកែច្នៃសម្រាប់ការនាំចេញ។ ផ្គត់ផ្គង់ក្នុងស្រុកជំនួសដោយការនាំចូល ហើយក៏ទីផ្សារការនាំចេញ។ ប្រទេសដ៏តូចមួយនេះ មានសមត្ថភាពនាំចេញរហូតទៅដល់ ២៩ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ កន្លងទៅ។ បើទោះបីមានការថមថយចុះខ្លះ ក៏ការនាំចេញនៅតែបានពង្រីកសម្រាប់ទីផ្សារនានាដែលទើបបើកថ្មី តាមរយៈការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ជាមួយកូរ៉េខាងត្បូង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ Arab Emirates បន្ថែមទៅការបើកទីផ្សារជប៉ុន បើកទីផ្សារអូស្ត្រាលី បើកទីផ្សារប្រទេសមួយចំនួនផ្សេងទៀត ដោយមិនពឹងពាក់តែលើទីផ្សារណាមួយនោះទេ …។
បានមកគងពិសីនិងសំរោងទងញឹកញាប់
ខ្ញុំធ្លាប់មកធ្វើពលកម្មនៅព្រៃញាតិនេះច្រើនដង។ បើនិយាយពីទឹកដីគងពិសី និយាយពីទឹកដីខេត្តកំពង់ស្ពឺ ឧស្សាហ៍បានមកជាងគេគឺសំរោងទងនិងគងពិសី។ ១១ លើក គិតពីឆ្នាំ ១៩៩៥។ ឯចំពោះសំរោងទងគឺច្រើន ព្រោះវិទ្យាល័យឌីប៉ុកក្តីល្វា ក៏នៅកន្លែងហ្នឹង ហើយតារាងកូនហ្គោលវានៅហ្នឹង … ឲ្យតែមានពេលគឺឆ្លៀតមក ព្រោះចេញពីភ្នំពេញមកបាយថ្ងៃត្រង់។ បាយថ្ងៃត្រង់ហើយ ដេកក្នុងឡាន។ ដល់ពេលមកដល់ភ្ញាក់ ក្រោកឡើងវាយតែម្តង។ វាយរហូតប្រពន្ធថាឥឡូវយកខោអាវទៅដេកកន្លែងកូនហ្គោលទៅ។ កាលហ្នឹងជក់វាយកូនហ្គោល។ ចាប់ចេះវាយកូនហ្គោលតាំងពីអាយុ ៤៨ឆ្នាំ បានសេចក្តីថាឆ្នាំ ២០០០។ កាលហ្នឹងមានតារាងនៅហ្នឹងមុនគេ។ តារាងហ្នឹងកើតមុនតារាងនៅកប់ស្រូវ អញ្ចឹងយើងមកវាយនៅហ្នឹង …។
មានសន្តិភាពទើបមានការវិនិយោគ
ខេត្តកំពង់ស្ពឺបានក្លាយទៅជាខេត្តមួយដែលទទួលបានអ្នកវិនិយោគ។ សួរថាតើវាចាប់ផ្តើមពីអីដែលកំពង់ស្ពឺទទួលបាននូវការវិនិយោគ? កំពង់ស្ពឺនិយាយដោយឡែក និងនិយាយរួមទាំងប្រទេសកម្ពុជា ទទួលបានការវិនិយោគដោយសារមានសន្តិភាព។ បើប្រទេសយើងមានសង្រ្គាមនិងចលាចលសួរថាអ្នកណាមកវិនិយោគ មុខជាមិនអាចទៅរួចទេ។ ឥឡូវសួរថា អ្នកណាទៅវិនិយោគនៅប្រទេសម៉ាលី? អ្នកណាទៅវិនិយោគនៅប្រទេសស៊ូដង់? អ្នកណាទៅវិនិយោគនៅប្រទេសអាហ្រ្វិកកណ្តាល? អ្នកណាទៅវិនិយោគនៅអង់ហ្គោឡា ឬកុងហ្គោ ឬក៏និយាយមួយបែបទៀត អ្នកណាទៅវិនិយោគនៅប្រទេសអ៊ុយក្រែនដែលកំពុងតែមានសង្រ្គាម? ចំណុចនេះហើយដែលយើងត្រូវឲ្យតម្លៃទៅលើសន្តិភាពដែលយើងរកបានដោយលំបាកណាស់។
កំពង់ស្ពឺបញ្ចប់សង្គ្រាមខែមីនា១៩៩៦
ត្រូវដឹងថា មួយផ្នែកនៃទឹកដីកំពង់ស្ពឺទើបនឹងបញ្ចប់សង្រ្គាមក្នុងខែមីនា ឆ្នាំ១៩៩៦។ ពេលនោះ តំបន់ឱរ៉ាល់ដែលត្រូវធ្វើសមាហរណកម្មកងពលលេខ ១៨របស់ កែវ ពង្ស។ ប្រទេសរបស់យើងក៏ទើបនឹងបញ្ចប់សង្រ្គាមនិងការបែកបាក់ឈានទៅដល់ការបង្រួបបង្រួមជាតិនិងឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តត្រឹមថ្ងៃ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ប៉ុណ្ណោះ។ អញ្ចឹយើងទើបនឹងមានសន្តិភាពក្នុងរយៈពេល ២៤ ឆ្នាំ តែ ២៤ឆ្នាំនេះ ផ្តល់ឱកាសឲ្យយើងទាក់ទាញវិនិយោគសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង។
(៧) ក្នុងតួលេខនាំចេញ ២៩ពាន់លាន ផ្នែកកាត់ដេរមានចំណែក ១៣ពាន់លានដុល្លារ
ដូចរបាយការណ៍របស់ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ហើយ នៅឆ្នាំ១៩៩៧ កម្ពុជារោងចក្រកាត់ដេរត្រឹមតែ ៦៤រោងចក្រ ជាមួយនឹងកម្មករ ៨ ម៉ឺននាក់ជាង។ ពេលនោះ កម្មករជារៀមច្បងមានប្រាក់បៀវត្សត្រឹមតែ ៤០ដុល្លារទេក្មួយ ជាមួយនឹងទំហំនាំចេញត្រឹមតែជាង ២០០លានដុល្លារ។ ឥឡូវក្នុងវិស័យកាត់ដេរនេះ រោងចក្របានកើនទៅដល់ ១ ៣២៦ ជាមួយនឹងកម្មករប្រមាណ ៨៤ម៉ឺននាក់ ហើយការនាំចេញមានរហូតទៅដល់ ១៣ពាន់លានដុល្លារក្នុងឆ្នាំ២០២២ កន្លងទៅ។ ក្នុងតួលេខការនាំចេញ ២៩ ពាន់លាន ផ្នែកកាត់ដេរនេះមានចំនួន ១៣ពាន់លានដុល្លារ។ ចំណុចនេះផ្តល់ឱកាសអោយយើងអភិវឌ្ឍប្រទេសជារួម ប៉ុន្តែនិយាយដោយឡែកវាផ្តល់ឱកាសសម្រាប់ក្មួយៗទាំងអស់មានការងារធ្វើ។
បើគ្មានរោងចក្រ កម្មករ/ការិនី ឬមួយធ្វើកសិកម្ម ឬមួយចំណាកស្រុក
គួរតែដាក់ជាសំណួរថា គ្រប់ទីកន្លែងដែលមានដាក់រោងចក្រ ក្រៅពីភ្នំពេញ បើគ្មានរោងចក្រនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ និយាយជារួម និងនិយាយដោយឡែកដែលនៅក្នុងរោងចក្រនៅក្នុងស្រុកគងពិសីសំរោងទងពេលនោះ សួរថាតើពេលនេះក្មួយៗកំពុងធ្វើអ្វី? កម្មករកម្មការិនីកំពុងធ្វើអ្វី? ចម្លើយមានតែ២ ទេដែលប្រាកដនិយម។ ទី១ ក្មួយៗអាចកំពុងតែធ្វើចំណាកស្រុកទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញ ឬខេត្តកណ្តាល ឬកន្លែងដទៃទៀតដែលមានការងារធ្វើ។ ឯទី២ ពេលនេះ ម៉ោងនេះ ក្មួយៗកំពុងតែធ្វើកសិកម្មដោយក្រុមគ្រួសារផ្ទាល់ក្តី ឬជាមួយនឹងឪពុកម្តាយក្តី។ ឥឡូវពូចង់សួរទៅកាន់ក្មួយៗទាំងឡាយថា តើមានប៉ុន្មាននាក់ទៅ ដែលធ្វើការពេលថ្ងៃក្នុងរោងចក្រ ពេលយប់ទៅសម្រាកនៅឯផ្ទះ? អរគុណណាស់។ មានប៉ុន្មាននាក់ដែលជួលផ្ទះគេនៅ សូមលើកដៃមើល មានតិចតួចណាស់ដែលអាចមកពីខេត្តផ្សេង។ អញ្ចឹងក្មួយៗភាគច្រើនពេលថ្ងៃមកធ្វើការតាមរោងចក្រពេលយប់ទៅសម្រាកនៅផ្ទះ បានថែទាំកូនចៅ ថែទាំឪពុកម្តាយ និងបង្កបង្កើនផលបន្ថែមទៀត។
ពង្រាយរោងចក្រតាមបណ្ដាខេត្តពីឆ្នាំ១៩៩៩ ជារឿងត្រឹមត្រូវ
តើនេះ(រាប់ថាជា)ជាការដាក់ចេញគោលនយោបាយសមស្របរបស់គណបក្សនយោបាយដែលគ្រប់គ្រងដោយរដ្ឋាភិបាលទេ? ច្បាស់ណាស់ ការតម្រង់ទិសតាំងពីឆ្នាំ១៩៩៩ ឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីទាក់ទាញការវិនិយោគទុនទៅកាន់តំបន់ទៅកាន់បណ្តាខេត្តគឺពិតជាត្រឹមត្រូវ។ ឥឡូវរោងចក្រពង្រាយនៅគ្រប់ទីកន្លែងទាំងអស់ នៅទូទាំងប្រទេស គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។ យើងអត់គិតថាកំពង់ស្ពឺក្លាយទៅជាខេត្តលេខ ២បន្ទាប់ពីទីក្រុងភ្នំពេញដែលមានរោងចក្រច្រើនជាងគេ។ អញ្ចឹងទេ កំពង់ស្ពឺត្រូវខិតខំរក្សាចំណាត់ថ្នាក់លេខ ២នេះឲ្យជាប់ ប្រយ័ត្នខេត្តកណ្តាលដណ្តើមយក ឬក៏ខេត្តតាកែវដណ្តើមយក ព្រោះចំណាត់ថ្នាក់នេះមិនធម្មតាទេ។ បើយើងធ្វើមិនស្រួល ជួនកាលគេរើចេញពីកំពង់ស្ពឺ ទៅដាក់នៅតាកែវ ទៅដាក់ទៅកណ្តាល។ ត្រូវរក្សាចំណាត់ថ្នាក់នេះឲ្យបានតាមរយៈនៃការដោះស្រាយបញ្ហាទាំងអស់។
អត្ថប្រយោជន៍កម្មការិនីទទួលបានមុនពេលជួបនិងក្រោយជួបកើនទ្វេដង
ពិនិត្យមើល តើក្មួយបានទទួលផលប្រយោជន៍អ្វីខ្លះ? ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពប្រៀបធៀបជាមួយនឹងជំនួបទី១ កាលពីឆ្នាំ២០១៧និង ២០១៨។ ពេលនោះមានជួបតើយើងមានអ្វី? ក្រោយជួបតើយើងបានអ្វី? ស្រ្តីមានផ្ទៃពោះជាឧទាហរណ៍ មុនពេលជួបក្មួយៗទទួលបានការឈប់សម្រាក ៣ ខែ ជាមួយនឹងប្រាក់បៀវត្សត្រឹមតែ ៥០ភាគរយទេ។ បន្ទាប់ពីការជួបក្មួយៗទទួលបានការឈប់សម្រាក ៣ខែដែរ តែជាមួយនឹងប្រាក់បៀវត្ស ១២០ភាគរយ។ អញ្ចឹងដែល ហ៊ុន សែន ធ្វើវេទិកាទាំងជំនួបជាមួយមេក្រុម មេផ្នែករដ្ឋបាល ម្ចាស់គ្រប់គ្រងរោងចក្រ និងស្តាប់សំណូមពររបស់កម្មករ/ការិនីនៅតាមបណ្ដាខេត្ត មិនអត់ប្រយោជន៍ទេ។ បន្ថែមលើអ្វីដែលក្មួយបានទទួលតាំងពីឆ្នាំ ២០១៧-២០១៨ គឺពេលឆ្លងទន្លេទទួលបានប្រាក់ជំនួយឧបត្ថម្ភ ៤០ម៉ឺនរៀល ចាប់ពីខែសីហានេះទៅ ក្មួយៗនឹងទទួលបានបន្ថែម។
ចាប់ពីមានផ្ទៃពោះភ្លាម មិនមែនគ្រាន់តែជាការសប្បាយអំពីការបានកូនទេ តែក្មួយនឹងមានរបស់បន្ថែមទៀតលើកទឹកចិត្ត នោះគឺចាប់ពីមានផ្ទៃពោះរហូតទៅដល់ពេលឆ្លងទន្លេនឹងត្រូវឧបត្ថម្ភ ៤លើក ក្នុងមួយលើកគឺ ២០ដុល្លារ។ ដល់ទៅថ្ងៃដែលក្មួយឆ្លងទន្លេ ក្មួយៗនឹងទទួលបាននូវ ៨០ម៉ឺនរៀល ស្មើនឹង ២០០ដុល្លារ នេះក្នុងករណីកូន ១ បើកូន ២ គេមានការបូកកូន ២ កូន ៣ គេបូកឡើងថែមទៀត។ បន្ទាប់ពីហ្នឹងទៅ ក្មួយឆ្លងទន្លេរួចហើយនឹងទទួលបានការឧបត្ថម្ភ ១០ដងទៀត ក្នុងមួយដង ៨ម៉ឺនរៀល ស្មើនឹង ២០០ដុល្លារ សរុបទៅគឺក្នុងក្មួយៗម្នាក់ ចាប់ពីមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ ទទួលបានការឧបត្ថម្ភជិត ៥០០ដុល្លារ។
ពីមុននេះ វិសាលភាពគ្របដណ្តប់មិនធំទេ។ យើងផ្តោតទៅលើអ្នកក្រីក្រប៉ុណ្ណោះ។ ចំនួនមិនច្រើនទេ។ ក៏ប៉ុន្តែចាប់ពីថ្ងៃ២២ ខែឧសភា មក ពូបានប្រកាសឱ្យគ្របដណ្តប់ទៅលើកម្មការិនីមានផ្ទៃពោះនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបន្ថែម ដែលនេះជាការឆ្លើយតបទៅនឹងគោលនយោបាយកាត់បន្ថយអត្រាស្លាប់មាតានិងទារកម្ខាង ម្ខាងទៀតបង្កើននូវអាហារូបត្ថម្ភសម្រាប់កុមារនិងសម្រាប់សុខភាពមាតាផងដែរ។
ក្មួយៗត្រូវចាំមុនពេលដែលពូចុះ ក្មួយៗដែលមានផ្ទៃពោះ គឺចេញប្រជ្រៀតជាមួយគេជាមួយឯង។ ប៉ុន្តែបន្ទាប់ពីនោះដោយឃើញមានហានិភ័យសម្រាប់ស្ត្រីមានផ្ទៃពោះ នៅពេលដែលដល់ម៉ោងចេញគឺចេញប្រជ្រៀតគ្នា ស្រ្តីមានផ្ទៃពោះត្រូវជួបការលំបាក. ដូច្នេះបានជាពូសំណូមពរឱ្យម្ចាស់រោងចក្រផ្តល់នូវការយោគយល់សម្រាប់កម្មការិនីមានផ្ទៃពោះ ឱ្យបានចេញមុនយ៉ាងតិច ១៥នាទី។ ឥឡូវលឺថា មានរោងចក្រខ្លះគឺឱ្យចេញមុនម៉ោងរហូតដល់ទៅ ១ម៉ោងដើម្បីទៅបំបៅកូន សំរាប់អ្នកមានកូនខ្ចី។ ឯអ្នកដែលមានផ្ទៃពោះគឺចេញមុន១៥នាទី។ ថ្ងៃមុនគឺដូចជានៅកំពង់ស្ពឺនេះដែរ កម្មករនៅកំពង់ស្ពឺឬនៅឯណាទេ ដែលធ្វើសម្ភាសន៍ដែលខ្ញុំបាញ់ទៅឱ្យតាម BTV ដែលស្នើសុំឱ្យជនពិការ(ចេញមុនម៉ោងដូចគ្នា) ដូចជានៅខេត្តកណ្តាលទេ (…) អញ្ចឹងនៅកំពង់ស្ពឺ។ កម្មករនោះគាត់មិនអាចនិយាយបានជាមួយយើង គាត់ទៅនិយាយជាមួយទូរទស្សន៍ អញ្ចឹងយើងឃើញវាសមហេតុសមផល កម្មករ/ការិនីដែលជាពិការត្រូវបានចេញមុនម៉ោង ១៥នាទី ដូចស្រ្តីមានផ្ទៃពោះដែរ។ មិនមែនដើរគ្រាន់ដើម្បីដើរទេ ប៉ុន្តែដើរពិនិត្យមើលតើអ្វីដែលយើងបានដាក់ចេញទៅ ដោះស្រាយអនុវត្តបានទេ? អ្វីដែលនៅខ្វះយើងត្រូវបំពេញបន្ថែម។
ម្សិលមិញ ទើបដឹងថាជំនួយឧបត្ថម្ភសម្រាប់អ្នកដែលមានកូនភ្លោះគឺដូចជាអ្នកដែលកូនមួយដែរ។ អញ្ចឹងបានជាម្សិលមិញណែនាំឯកឧត្តម វង សូត ឱ្យធ្វើកិច្ចការងារនេះ។ ខ្ញុំសម្រេចថា ឱ្យអនុវត្តចាប់ពីខែសីហាទៅ អ្នកមានកូនភ្លោះត្រូវតែទទួលបានសម្រាប់កូនម្នាក់ ឧទាហរណ៍ យើងអត់គិតថាពីពេលមានផ្ទៃពោះទៅដល់ឆ្លងទន្លេ ពិនិត្យ ៤ដង អាហ្នឹងយើងគិតភ្លោះមិនភ្លោះទេ ស្មើគ្នា ប៉ុន្តែពេលកើតត្រូវទទួលបានការឧបត្ថម្ភឱ្យបានខ្ពស់ជាង(អ្នកកូន)មួយ។ ដល់ទៅពេលចិញ្ចឹមអាយុដល់គ្រប់ ២ឆ្នាំ គឺត្រូវតែទទួលបានលើសពីអ្នកកូនមួយ(ផងដែរ) ព្រោះបើមិនអញ្ចឹងនេះគេហៅថា ការខ្វះការច្នៃប្រឌិតនិងផ្តល់ជាគំនិត។ ខ្ញុំសម្រេចថា ស្ត្រីមានផ្ទៃពោះ ដែលមានកូនភ្លោះត្រូវទទួលការឧបត្ថម្ភតាមចំនួនកូន។ បើនាយករដ្ឋមន្រ្តី ហើយរវល់ឱ្យទៅពិភាក្សា ឋានៈធំជាងគេក្នុងការសម្រេចគឺយើងនាយករដ្ឋមន្ត្រី។
(៨) ឧបត្ថម្ភសាច់ប្រាក់តាមចំនួនកូន សម្រាប់ស្ត្រីមានផ្ទៃពោះរហូតកូនមានអាយុ ២ឆ្នាំ
ឥឡូវសម្រេចពីកំពង់ស្ពឺ ហើយកត់ត្រាចថា «ថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីសម្រេចឱ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ រហូតទៅដល់កូនមានអាយុ ២ឆ្នាំ ក្នុងករណីទទួលបានកូនភ្លោះ ទទួលបានខ្ពស់ជាងអ្នកដែលមានកូនមួយ ឬនិយាយរួម គិតតាមចំនួនកូន»។ យើងកំពុងស្ថិតនៅក្នុងដំណាក់កាលមួយដែលប្រទេសកំពុងរីកលូតលាស់ទៅមុខ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ។ សេដ្ឋកិច្ចពិភពលោកកំពុងតែរងគ្រោះដោយកត្តាជាច្រើន សង្គ្រាម ការរត់ប្រណាំងសព្វាវុធ ភូមិសាស្ត្រនយោបាយ និងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក បាននាំមកនូវផលវិបាកសម្រាប់ប្រទេសយើងដែលមិនមានពាក់ព័ន្ធរឿងអីហ្នឹងគេ។
រាជរដ្ឋាភិបាលកសាងផ្លូវ ផ្គត់ផ្គង់អគ្គិសនី/ទឹកតម្លៃសមរម្យដើម្បីសម្រួលអ្នកវិនិយោគ
រាជរដ្ឋាភិបាលនៅតែបន្តការខិតខំកសាងហេដ្ឋារចនាសម័្ពន្ធ។ ក្មួយៗបានឃើញហើយ សម្រាប់ការកសាងផ្លូវឆ្លងកាត់ខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ ៣ កាលពីមុននេះវាតូច ឥឡូវយើងធ្វើឱ្យវាធំ។ ផ្លូវ ៤១នោះ ពូម្នាក់ឯងបានមកបើកការដ្ឋានធ្វើដល់ទៅ ២ដង។ ធ្វើលើកទី១ នោះវាតូច វាមិនមាំ។ ឥឡូវធ្វើឱ្យមាំឱ្យវាធំ។ យើងកសាងកំពង់ផែ កសាងអាកាសយានដ្ឋាន ជាពិសេសការផ្គត់ផ្គង់អគ្គិសនីឱ្យមានតម្លៃសមរម្យ ដែលអ្នកវិនិយោគអាចនឹងមកវិនិយោគបាន។ មិនមែនគ្រាន់តែបម្រើឱ្យវិស័យវិនិយោគទេ ប្រជាជនប្រើប្រាស់ភ្លើង ប្រើប្រាស់ទឹកគឺមិនទទួលផលប៉ះពាល់ដោយសារការដំឡើងថ្លៃទេ។
អគ្គិសនីកម្ពុជាគាត់ក៏យល់ដឹងអំពីបញ្ហានេះ គាំទ្ររាជរដ្ឋាភិបាលមិនដំឡើងថ្លៃអគ្គិសនីនិងមិនដំឡើងថ្លៃទឹកនោះទេ។ ពេលខ្លះយើងសុខចិត្តឧបត្ថម្ភទុន ពេលខ្លះទោះបីវាចំណេញតិចតួច មិនឆ្លើយតបបានទៅនឹងរបៀបរកស៊ីវិស័យអគ្គិសនី។ នៅប្រទេសមួយចំនួនជួបប្រទះបញ្ហានេះ គេបានដំឡើងថ្លៃអគ្គិសនី។ ឯសម្រាប់យើងមិនដំឡើងថ្លៃអគ្គិសនីទេ។ សព្វថ្ងៃនេះ ភូមិប្រមាណជាជិត ៩៩% មានភ្លើង។ ឥឡូវក្នុងខេត្តកំពង់ស្ពឺ តើភូមិប៉ុន្មានភាគរយហើយ? … ភូមិថ្មីទើបនឹងកើត មាន៤ទៅ៥ផ្ទះ មិនទាន់តភ្លើងទេ ប៉ុន្តែគាត់ក៏មិនមែនដុតចន្លុះ ឬចង្កៀងប្រេងកាតដែរ។ គាត់ប្រើសូឡាឬគាត់ប្រើធុងអាគុយ។
តើក្រឯណាក្រជាងឆ្នាំ១៩៧៩ទៀត?
ពីមុន ពូជិះយន្តហោះក្នុងពេលយប់ ក្រឡេកមកក្រោម … ឆ្លងតែពីព្រំដែនគេចូលប្រទេសកម្ពុជាងងឹតឈឹង។ ដល់មកភ្នំពេញបានឃើញភ្លើង។ ឥឡូវចេញពីព្រំដែនថៃឬព្រំដែនវៀតណាម ឬព្រំដែនឡាវ ចូលមកក្នុងទឹកដីកម្ពុជា ភូមិរបស់យើងមានភ្លើងព្រាតដូចគេដូចឯង។ ប៉ុណ្ណឹងហើយពួកអាចង្រៃហ្នឹងវាថាយើងដឹកនាំប្រទេសខ្ទេចខ្ទាំ … តើក្រឯណាវាលើសពីឆ្នាំ១៩៧៩ ទៀត? ហ៊ានស្បថទេ? ថាប្រទេសកម្ពុជាដើរថយក្រោយ។ វាគ្មានអ្នកណាដើរថយក្រោយជាងជំនាន់រំដោះឆ្នាំ១៩៧៩ទេ។ ក្មួយៗមួយចំនួនកើតក្រោយឆ្នាំ១៩៧៩ទេ។ សួរ ជីដូនជីតាឪពុកម្ដាយរបស់ក្មួយៗ តើពីមុនវាយ៉ាងម៉េច? ប្រហែលជាឪពុកម្ដាយរបស់ក្មួយៗខ្លះជាកងកុមារជំនាន់ ប៉ុល ពត ប៉ុន្តែជីដូនជីតារបស់ក្មួយៗអាចចាំច្បាស់លើរឿងនេះ។
ឥឡូវប្រសិទ្ធភាពនៃការមួលបង្កាច់របស់គេកាន់តែចុះថយ រហូតទៅដល់អ្នកដែលលេងហ្វេសប៊ុកវាយប្រហារខ្លាំងបំផុត ដែលឈ្មោះក្នុងហ្វេសប៊ុកថា រាជបុត្រសូរ្យកាយ ចេញមកសុំទោស។ ឃើញឃ្លីបពីម្សិលមិញមួយទៀតថា គេមកនឹងមកចូលរួមដង្ហែគណបក្សប្រជាជននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ម្សិលមិញ គង់ រីយ៉ា ដែលជាគណៈកម្មការនាយកនៃគណបក្សប្រឆាំង បានចេញមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ព្រោះអ្វីដែលគេបានឃើញ វាមិនដូចអ្វីដែលពួកនេះនិយាយអាក្រក់ពីកម្ពុជាទេ។
គោលនយោបាយពង្រាយរោងចក្រនៅតាមមូលដ្ឋាន
សំណាងអ្នកកំពង់ស្ពឺ មិនត្រឹមតែស្រុកគងពិសី ឬសំរោងទងទេ។ ស្រុកជាច្រើនទៀតដែលធ្វើការក្នុងពេលថ្ងៃតាមរោងចក្រ និងពេលយប់ទៅសម្រាកនៅផ្ទះ។ ក្មួយៗអត់ចាំបាច់ជួលផ្ទះគេនៅ។ តិចតួចណាស់ដែលមកពីខាងក្រៅឆ្ងាយជួលផ្ទះគេនៅ។ ក្មួយៗមានលទ្ធភាពទៅផ្ទះសម្បែង ថែទាំកូនចៅ(សម្រាប់)អ្នកដែលមានកូន (និង)មើលឪពុកម្ដាយចាស់។ យើងដាំស្លរខ្លួនឯង ទទួលទាននៅផ្ទះរបស់យើងស្រួលជាង។ នោះហើយជាគោលនយោបាយពង្រាយរោចក្រទៅតាមមូលដ្ឋានដើម្បីដោះស្រាយការងារធ្វើ។ ប្រទេសរបស់យើងមាន ១៧ ០០០ ក្រុមហ៊ុន រោងចក្រ សហគ្រាស។ ប្រាក់ចំណូលដែលយើងទទួលបានពីប្រើប្រាស់កំលាំងពលកម្ម ទាំងក្នុងប្រទេសនិងក្រៅប្រទេសមានជិត ៦ពាន់លានដុល្លារ។ នៅក្នុងប្រទេសប្រមាណ ៣ពាន់លាន(ដុល្លារ) មកពីក្រៅប្រទេសប្រមាណជា ២ ៧០០ លានដុល្លារ។ ការដោះស្រាយការងារធ្វើនាំមកនូវប្រាក់ចំណូលនេះឯង។
រោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ
បើគ្មានសន្តិភាព ស្ថិរភាពនយោបាយទេ រោងចក្របិទទ្វារ។ អរគុណចំពោះថៅកែរោងចក្រទាំងអស់ ដែលផ្ដល់ការអនុញ្ញាតឱ្យក្មួយៗបានមកជួបពូនៅថ្ងៃនេះ។ បូកបន្ថែមជួបគ្នាគឺល្ងាចក្មួយៗសម្រាកដោយមានប្រាក់បៀវត្ស។ កាលពីពេលមុន ជួបដំបូងប្រញិបប្រញាប់ជួបហើយ ចេញពីហ្នឹងទទួលទានអាហារថ្ងៃត្រង់ រួចហើយចូលធ្វើការ។ ក្រោយមក កុំឱ្យក្មួយៗពិបាក យើងបានស្នើសុំ(អោយបានសំរាក)។ អ្នកខ្លះក្រោកតាំងពីម៉ោង១, ម៉ោង២, ម៉ោង៣ មកនៅទីនេះ បានជាការជួបក្រោយៗនេះរៀបចំនំប៉័ង ទឹកសុទ្ធ ទឹកក្រូច … (សួរកម្មកររឿងហូបនំប៉័ង) … ហូបទៅ ព្រោះអ្នកដែលនិយាយគឺពូទេ។ ក្មួយៗមាននិយាយឯណា ហូបនំប៉័ងទៅ។ អ្នកថតកំពុងតែផ្សាយបន្តផ្ទាល់។ កុំថតគ្នាហូបនំប៉័ង។
ពូមានសំណូមពរធំនៅក្នុងជំនួបនេះត្រង់ថា ពូចង់ឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ វាមិនលំបាកធ្វើទេ វាក៏ជាផលប្រយោជន៍របស់កម្មករ។ ការដែលមិនពិបាកធ្វើនោះ នៅត្រង់ថាកុំឱ្យរោងចក្រក្លាយទៅជាតំបន់ប្រើប្រាស់គ្រឿងញៀន ឬចែកចាយគ្រឿងញៀន កុំឱ្យរោងចក្រយើងមាន បងតូច បងធំ កុំឱ្យរោងចក្រយើងមានជម្លោះ។ ក្នុងករណីមានជម្លោះកើតឡើង ត្រូវរកវិធីដោះស្រាយភ្លាមកុំទុកចិញ្ចឹមទំនាស់ឱ្យធំ។ ថៅកែត្រូវគិតពីកម្មករ/ការិនីដែលធ្វើការឱ្យខ្លួន ឯកម្មករ/ការិនីក៏ត្រូវចាត់ទុកថារោងចក្រគឺជាឆ្នាំងបាយរបស់យើង។ ប្រសិនបើមានការបិទរោងចក្រអ្នកណាខាតបង់មុនគេ? ថៅកែគាត់ខាតបង់ ប៉ុន្តែគាត់នៅមានទ្រព្យសម្បត្តិសម្រាប់ចិញ្ចឹមខ្លួន។ សម្រាប់យើង បន្ទាប់ពីរោងចក្រត្រូវបិទ បាត់បង់ការងារធ្វើ ប្រាក់ចំណូលដែលបានទាបបំផុតក្នុងមួយខែចំនួន ២០០ដុល្លារនឹងត្រូវបាត់។ ក្មួយៗនឹងត្រូវវិលត្រឡប់ទៅធ្វើជាកសិករវិញ ឬក៏ត្រូវរកការងារធ្វើនៅកន្លែងផ្សេង។
គណអភិបាលខេ្តតប្រមូលផ្ដុំធ្វើសេដ្ឋកិច្ច មិនមានរឿងនយោបាយ រឿងច្បាំងគ្នាទេ
បើរោងចក្រមួយបិទ យើងតែងខិតខំជួយដោះស្រាយការងារធ្វើនៅកន្លែងថ្មី។ ខ្ញុំអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមដោះស្រាយ និងទទួលខុសត្រូវដោះស្រាយ។ កុំរង់ចាំតែសហជីព កុំរង់ចាំតែមន្ទីរការងារឬក្រសួងការងារ រោងចក្រស្ថិតនៅទីកន្លែងណាគឺមានអាជ្ញាធរនៅកន្លែងនោះ។ កន្លងទៅរាជរដ្ឋាភិបាលបានផ្ទេរមុខងារ/ភារកិច្ចពីថ្នាក់ជាតិឱ្យថ្នាក់ក្រោមជាតិ។ ដោយយល់ដឹងថាកិច្ចការនៅថ្នាក់ក្រោមជាតិកាន់តែច្រើន គណៈរដ្ឋមន្ត្រីក៏បានធ្វើការកែច្បាប់ដើម្បីបង្កើនអាសនៈសម្រាប់រាជធានី ខេត្ត ស្រុក ខណ្ឌ។ អភិបាលរងស្រុក អភិបាលរងខេត្តគឺមានចំនួនច្រើន ចាត់ចែងប្រគល់ការងារនាំគ្នាធ្វើ។ ដំបូងបំផុត ត្រូវក្ដាប់ឱ្យជាប់ បើថាក្ដាប់មិនជាប់សេដ្ឋកិច្ចក្នុងខេត្តមានប៉ុណ្ណាទេ មិនមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងធ្វើជាចៅហ្វាយខេត្តទេ។ ដឹកនាំប្រទេសមួយ ឬដឹកនាំខេត្តមួយ ដំបូងបំផុតត្រូវគិតពីសេដ្ឋកិច្ច។ រឿងនយោបាយរឿងច្បាំងគ្នា អត់មានទេ ប្រមូលផ្ដុំធ្វើសេដ្ឋកិច្ច។ (ត្រូវ)ដឹងថា GDP ក្នុងខេត្តកំពង់ស្ពឺក្នុងម្នាក់ប៉ុន្មាន …។
(៩) កំពង់ស្ពឺមានចំណូលពលកម្មឧស្សាហកម្មជិត ៥០០លានដុល្លារ/ឆ្នាំ មិនទាន់គិតពីកសិកម្មនិងសេវា
យប់មិញ ឯកឧត្តម វ៉ី សំណាង បានវាយទៅឱ្យខ្ញុំនូវប្រាក់ចំណូលរបស់ខេត្តកំពង់ស្ពឺ ដែលបានមកពីតម្លៃពលកម្មដែលយើងបានធ្វើនៅទីនេះ … ចំនួនកម្មករប៉ុណ្ណេះ ចំនួនប្រាក់ចំណូលមានរហូតដល់ជិត ៥០០លានដុល្លារក្នុងមួយឆ្នាំ។ មិនតូចតាចទេ។ នេះមិនទាន់គិតទៅដល់ចំណែកកសិកម្មដែលមាននិងសេវាកម្មដែលមាននៅក្នុងខេត្តទេ។ នៅកន្លែងខ្លះ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ មានទាបមានខ្ពស់ ហើយបើយើងគិតជាមធ្យមនៅទូទាំងប្រទេសជិត ២០០០(ដុល្លារ) ប៉ុន្តែកន្លែងខ្លះគឺអាចលើស ៣០០០(ដុល្លារ) ទៅហើយ … ធ្វើយ៉ាងម៉េចឱ្យមានសាមគ្គីភាពរវាងអ្នកគ្រប់គ្រងរោងចក្រ ថៅកែរោងចក្រនិងផ្នែកនានាជាមួយនឹងកម្មករឱ្យមានការសាមគ្គី។ ក្រៅពីនោះបន្តការយកចិត្តទុកដាក់ពង្រឹងសុវត្ថិភាពសុខទុក្ខរបស់កម្មករ ដូចជាកន្លែងទទួលទានអាហារ កន្លែងបំបៅកូន កន្លែងពិនិត្យបឋម គិលានដ្ឋាន។ ត្រូវធ្វើការងារហ្នឹងឱ្យបានហ្មត់ចត់ ហើយកែលម្អវា។ ពេទ្យការងារមាននៅគ្រប់កន្លែងគ្រប់រោងចក្រ។ កន្លងទៅយើងចាក់វ៉ាក់សាំង ក៏មានពេទ្យការងាររបស់យើងចូលរួមជាមួយនឹង(កម្មករ) ដែលយើងចាក់វ៉ាក់សាំង។
(១០) បារម្ភការផ្ទុះកូវីដ–១៩ តាមរោងចក្រ, កម្មករទទួលយកនូវវិធានការសុខាភិបាលនិងវ៉ាក់សាំង
ភ័យជាងគេគឺភ័យ(ករណីកូវីដ-១៩)ផ្ទុះក្នុងរោងចក្រ ព្រោះរោងចក្រប្រមូលផ្ដុំទៅដោយមនុស្ស។ ពូភ័យណាស់ ក្នុងពេលដែលកូវីដ-១៩កំពុងវាយលុក ប៉ុន្តែពូមិនបង្ហាញនូវភាពតក់ស្លុតណាមួយឱ្យប្រជាជនឃើញនោះទេ។ សេចក្ដីក្លាហាននៅតែមាន ប៉ុន្តែក្នុងចិត្តគឺព្រួយជាងគេក្នុងការផ្ទុះ(កូវីដ-១៩)នៅក្នុងរោងចក្រ។ ឥឡូវរក្សាគម្លាតរបៀបម៉េច បើចេញទ្វារតែមួយ។ គម្លាតវាអត់កើត ៣កុំ ៣ការពារ ធ្វើមិនកើត។ ពូក៏អរគុណចំពោះក្មួយៗ ជាកម្មករ/ការិនី ដែលមានវត្តមាននៅទីនេះក្ដី ឬប្រជាជននៅក្នុងក្របខណ្ឌទូទាំងប្រទេសក្ដី ដែលទទួលយកនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ គឺទាក់ទិនជាមួយនឹងការទទួលយកនូវវិធានការសុខាភិបាល ដែលរាជរដ្ឋាភិបាលដាក់ចេញ ៣កុំ ៣ការពារ វាមានប្រសិទ្ធភាពរបស់វា។
ទទួលយកការចាក់វ៉ាក់សាំង ក្នុងពេលដែលពួកចង្រៃនៅខាងក្រៅខ្លះវាបំផុសកុំឱ្យកម្មករទៅចាក់វ៉ាក់សាំង។ ក្មួយៗនៅតែទៅទទួលវ៉ាក់សាំង។ ការទទួលយកវិធានការសុខាភិបាលនោះ បូកជាមួយនឹងការទទួលវ៉ាក់សាំងនោះហើយ អនុញ្ញាតឱ្យក្មួយៗជាង ១៦ ០០០ នាក់ មកជួបពូនៅថ្ងៃនេះ។ ដាក់ចេញជាសំណួរមើល បើពេលនោះក្មួយបដិសេធមិនចាក់វ៉ាក់សាំង សួរថាតើពេលនេះ មកជួបពូគ្រប់ចំនួន១៦ ០០០ នាក់នោះទេ? អាចនឹងមានអ្នកខ្លះស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។ ហើយក៏មិនប្រាកដដែរ ជួនកាល ហ៊ុន សែន ក៏ស្លាប់បានដែរ ព្រោះកូវីដ-១៩ នេះ ជំងឺមិនថាតែកូវីដ-១៩ ទេ ជំងឺវាមិនដែលរើសអើងថា មិនត្រូវឆ្លងជាមួយអ្នកធំ មិនត្រូវឆ្លងជាមួយអ្នកមានទេ។
នាយករដ្ឋមន្រ្តីកម្ពុជាក៏ធា្លប់កើតកូវីដ–១៩ ដែរ, ខកខានការប្រជុំ និងខានការជួបថ្នាក់ដឹកនាំច្រើន
ពូក៏ធ្លាប់កើតកូវីដ-១៩ ដែរ ក៏ប៉ុន្តែពូអត់ធ្វើទុក្ខអីទេ។ ដឹកនាំធ្វើប្រធានអាស៊ាន។ ប្រជុំចប់ ចេញពីហ្នឹងហោះទៅឥណ្ឌូនេស៊ី។ គេមកធ្វើតេស្ដ។ គេមិនបានឱ្យដឹងនៅយប់ហ្នឹងទេ។ ព្រលឹមឡើងរៀបចំខ្លួនត្រៀមចេញទៅប្រជុំ ស្រាប់តែគេថាមានវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង។ ត្រូវធ្វើយ៉ាងម៉េចក្នុងឋានៈជាប្រធានអាស៊ាន ហើយចូលរួមប្រជុំជាមួយប្រទេសអភិវឌ្ឍន៍ទាំង២០? យើងមិនទាន់អស់វេនប្រធានទេ។ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ទើបជាថ្ងៃដែលកម្ពុជាអស់តួនាទី។ អញ្ចឹងក៏ប្រគល់ឱ្យអនាគតប្រធានគឺដើរតួនាទីជាប្រធាននៃកិច្ចប្រជុំប្រទេសទាំង២០ ហ្នឹងផង និងជំនួសមុខឱ្យប្រធានអាស៊ានធ្វើបទអន្តរាគមន៍ផង។ គាត់ប្រជុំរបៀបម៉េច យើងមិនដឹងទេ។
គណៈប្រតិភូទាំងអស់(ចាកចេញពីឥណ្ឌូនេស៊ី) ដោយសារតែវាមានហានិភ័យអាចឆ្លងដល់អ្នកដទៃ។ ជំនួបជាមួយប្រធានាធិបតីបារាំង គ្រោងធ្វើតាំងពីពេលហូបបាយជាមួយគ្នា ប៉ុន្តែយន្តហោះរបស់យើងទៅយឺត។ ប្រធានាធិបតីបារាំងត្រូវហូបបាយជាមួយនឹងអ្នកដទៃទៀតបូកទាំងយើង។ តែយើងទៅយឺត។ សូមអភ័យទោសគេ។ យន្តហោះចុះម៉ោង ៨ យប់ទៅហើយ ក្នុងពេលដែលការណាត់ទទួលទានអាហារនៅម៉ោង ៧កន្លះយប់។ យើងទៅដល់ម៉ោង ៨យប់ទៅហើយ ដោយសារយើងនៅជាប់ទទួលស៊ុលតង់ប្រ៊ុយណេនៅទីនេះ។ មានជំនួបដែលគ្រោងទុកសម្រាប់នៅឯបាងកក ទាំងប្រធានាធិបតីបារាំង ទាំងប្រធានាធិបតីចិន។ ក្នុងពេលដែលយើងចូលប្រជុំ APEC ក្នុងឋានៈជាប្រធានអាស៊ានក៏ត្រូវបានលើកពេល។ ទៅជួបប្រធានាធិបតីបារាំងនៅឯប្រទេសបារាំងឯណោះវិញ។
បន្តការចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩
បើក្មួយៗមិនទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ការពារខ្លួនទេ ពេលនេះម៉ោងនេះ ប្រហែលជាយើងពិបាកគ្រប់គ្រងកូវីដ-១៩។ អាចថាវាធូរស្រាលនៅពេលនេះ តែមិនដឹងថាជីវិតប្រជាជនត្រូវបាត់បង់អស់ប៉ុន្មានទៀត រយៈពេលខ្លីមួយ យើងអស់ ៣ ០៥៦ នាក់។ ជំងឺនេះមិនរើសមុខអ្នកណាទេ មន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ទទួលមរណភាពអស់ ២នាក់។ អនុប្រធានទី១ សភាម្នាក់គឺ ងួន ញិល។ រដ្ឋលេខាធិការក្រសួងព័ត៌មានគឺ ម៉ៅ អាយុទ្ធ។ ឌុល គឿន ដូចមិនមែនកើតកូវីដ-១៩។ យើងក៏មានមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលនិងសភាដែលទទួលមរណភាព។ អញ្ចឹងទេ ពូក៏អាចនឹងទទួលរងហានិភ័យនៃការបាត់បង់ជីវិតដែរ។ ជាភ័ព្វសំណាងដែលយើងបានប្រឹងប្រែងសម្រុកយកវ៉ាក់សាំង ហើយស្រោចឲ្យជោគជាំនៅភ្នំពេញនិងខេត្តកណ្ដាល។
ពូក៏ដឹងដែរថាកម្មករ/ការិនីពីខេត្តកំពង់ស្ពឺ ក៏ទៅចាក់នៅខេត្តកណ្ដាលចាក់នៅភ្នំពេញដែរ។ ខាងខេត្តកណ្ដាលនិងភ្នំពេញ សួថាចុះឥឡូវអ្នកពីខេត្ត(ផ្សេង) (ខ្ញុំ)ថាចាក់ទៅ មកពីខេត្តណាក៏ដោយ ឱ្យតែគាត់ទៅចាក់គឺចាក់ឱ្យគាត់ទៅ។ ឥឡូវយើងបានដើរដល់ដូសទី៤ ហើយ។ ឥឡូវកំពុងយុទ្ធនាការចាក់ដូសទី៥។ ក្មួយៗកុំអាលបោះបង់ចោលការចាក់វ៉ាក់សាំងការពារកូវីដ–១៩ វាមិនទាន់ទៅណាឆ្ងាយទេ។ ពិតមែនតែអង្គការសុខភាពពិភពលោក គេមិនដាក់ថា គេហៅថា “ភាពអាសន្នសុខភាពសាធារណៈ” ក៏ប៉ុន្តែអង្គការសុខភាពពិភពលោកនៅតែផ្ដល់អនុសាសន៍ឱ្យចាក់វ៉ាក់សាំងដូសជម្រុញបន្តទៀត។ អញ្ចឹងរាជរដ្ឋាភិបាលកំពុងតែបន្តនូវដំណើរសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺ(កូវីដ–១៩)។
ថ្ងៃ២៣ កក្កដា ២០២៣ ទៅបោះឆ្នោត
រឿងមួយទៀតដែលពូចង់និយាយ។ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការបោះឆ្នោត។ សូមអំពាវនាវក្មួយៗ ទៅចូលរួមបោះឆ្នោតដើម្បីបញ្ចេញនូវសិទ្ធិរបស់ខ្លួន។ ក្មួយៗនឹងបានឈប់សម្រាកនៅថ្ងៃទី ២២ ២៣ និង ២៤ ដោយមានប្រាក់បៀវត្ស។ ថ្ងៃទី២៣ ជារបបរបស់ក្មួយៗ ព្រោះវាចំថ្ងៃអាទិត្យ ត្រូវសម្រាក ប៉ុន្តែក្មួយៗត្រូវបានសម្រាកថ្ងៃទី២២ ដែលជាថ្ងៃសៅរ៍ និងថ្ងៃទី២៣(អាទិត្យ និងថ្ងៃទី ២៤ ជាថ្ងៃច័ន្ទ។ សម្រាប់ក្មួយៗនេះ វាស្រួលណាស់ ព្រលឹមឡើងថ្ងៃទី២៣ ក្មួយទៅបោះឆ្នោត។ រួចហើយមកដេកផ្ទះ ច្រៀងខារ៉ាអូខេជាមួយកូន ជាមួយប្ដី។ អាចថាជាមួយសង្សារក៏បានដែរ ព្រោះក្មួយនៅហ្នឹងស្រាប់ហើយ។ ប៉ុន្តែអ្នកនៅទីក្រុងភ្នំពេញ អាចនឹងមានមួយចំនួនមិនបានចុះឈ្មោះបោះឆ្នោតនៅភ្នំពេញទេ ត្រូវធ្វើដំណើរទៅខេត្តនៅថ្ងៃទី២២ ចេញទៅ។ ថ្ងៃទី២៣ បោះឆ្នោត។ ថ្ងៃទី២៤ ត្រឡប់មកវិញ។ ជួនកាលបោះឆ្នោតហើយ ក៏ត្រឡប់មកវិញ ក៏ជារឿងរបស់គាត់ ប៉ុន្តែការឈប់សម្រាកនោះនឹងទទួលបានប្រាក់បៀវត្សរ៍។
បន្ទាប់ពីយុទ្ធនាការមិនទៅបោះឆ្នោត ឥឡូវចេញយុទ្ធនាការគូសសន្លឹកឆ្នោតចោល
៥ ឆ្នាំម្ដង ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការបោះឆ្នោតជ្រើសរើសបក្សនយោបាយដែលខ្លួនពេញចិត្ត។ បន្ទាប់ពីវិសោធនកម្មច្បាប់បោះឆ្នោតទប់ទល់នឹងយុទ្ធនាការមិនទៅបោះឆ្នោតត្រូវបានបញ្ជូនទៅរដ្ឋសភា ឥឡូវគេចាប់ផ្ដើមយុទ្ធនាការគូសបំផ្លាញចោលសន្លឹកឆ្នោត។ ផ្ដាំទៅពួកឯងឱ្យច្បាស់ មានប៉ុន្មាននាក់ធ្វើឃោសនានៅកម្ពុជា … ច្បាប់បានកំណត់ថាអាចជាប់គុកជាប់ច្រវាក់។ ប្រាប់ឱ្យហើយ។ ផ្ដាំទុកអ្នកនៅខាងក្នុង។ ខាងក្រៅកំពុងតែណែនាំ។ អ្នកឯងប្រជុំហើយ មានផែនការយ៉ាងដូចម្តេច សំឡេងអ្នកឯងបានមកដល់ខ្ញុំ … អ្នកឯងនឹងត្រូវមានទោស ហើយត្រូវផាកពិន័យ។ ឥឡូវសួរថា អ្នកនៅខាងក្នុងប៉ុន្មាននាក់ហ៊ានចេញមុខ។ ពេល អ្នកឯងចេញនិយាយ កុំភ្លេចថាអ្នកណានៅពីមុខអ្នកឯង។ ជួនកាលជាសមាជិករបស់អ្នកឯង ប៉ុន្តែបន្ទាប់ទៅសម្លេងរបស់អ្នកឯងនឹងត្រូវបានមកដល់។ អញ្ចឹងទេមិនរួចខ្លួនទេ។
មិនទៅបោះឆ្នោត ស្មើនឹងកាត់សិទ្ធិឈរឈ្មោះខ្លួនឯង
មិនមែនជាការគំរាមទេ។ មានច្បាប់។ ច្បាប់លើកនេះដាក់តាំងពីរារាំងទៅបោះឆ្នោត រារាំងពេលទៅចុះឈ្មោះ ហើយមានការបង្កអុកឡុក បង្កសកម្មភាពមិនប្រក្រតីស្អីៗហ្នឹង។ ហ៊ានសាកមើល។ បើអ្នកឯងតម្រូវឲ្យខ្ញុំនិយាយ ខ្ញុំត្រូវតែនិយាយ ដើម្បីជាសារជូនប្រជាពលរដ្ឋកុំឲ្យធ្វើតាមពួកចង្រៃហ្នឹង។ សំណាងហើយដែលបានទៅនៅក្រៅប្រទេស បើនៅក្នុងប្រទេសជាប់ខ្នោះតែឥឡូវហ្នឹង … សិទ្ធិពលរដ្ឋមិនត្រូវបានគោរពទេ ណែនាំឲ្យគេគូសសន្លឹកឆ្នោតចោល។ ឆ្នាំ២០១៨ វាក៏ធ្វើដូចគ្នា។ យុទ្ធនាការ ដេកផ្ទះឈ្នះឯង … ឥឡូវហ្នឹងអត់ហ៊ានទេ។ អ្នកឯងមិនទៅបោះឆ្នោតស្មើនឹងកាត់សិទ្ធិខ្លួនឯង … បើអ្នកឯងចិត្តសឿងមិនបាច់ទៅបោះទេ។ បើអ្នកឯងមិនបានបោះឆ្នោតលើកនេះ ឧទាហរណ៍សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ មិនបានទៅបោះឆ្នោតលើកនេះទេ អ្នកឯងអត់មានសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧។ បើនិយាយពីតំណាងរាស្រ្តវិញ បើអ្នកឯងមិនបានបោះឆ្នោតសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតសកលជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ទេ អ្នកឯងមិនមានសិទ្ធិឈរឈ្មោះបោះឆ្នោតជាតំណាងរាស្រ្តឆ្នាំ២០២៨ ទេ។ អ្នកឯងចង់កាត់សិទ្ធិខ្លួនឯងក៏កាត់ទៅ … ដឹងថាស្ទុះមិនរួច ចលនាឲ្យគូសសន្លឹកឆ្នោតចោល។ សួរថាប៉ុន្មានក្បាលចេញមកពន្យល់ប្រជាជនទៅ? បើវាមិនជាប់ទោស ទើបវាចម្លែក …។
មនុស្សក្បែរមេដឹកនាំប្រឆាំង រាប់ទាំងអ្នកស៊ីបាយជាមួយ បញ្ចេញសារស្តីពីផែនការទុច្ចរិតជាបន្តបន្ទាប់
ពួកទៅក្រៅស្រុក វាត្រូវតែព្រហើនហើយព្រោះវាគ្មាននរណាទៅរកវាបាន។ បានត្រឹមតែញុះញង់បង្កចលាចល… ឥឡូវហ្នឹង ឆេះដល់ជើងខោខ្លួនមែនទេ ដែលមានមនុស្សបញ្ចូនសារចេញជាបន្តបន្ទាប់ពីក្បែរខ្លួន រាប់ទាំងអ្នកស៊ីបាយជាមួយអ្នកឯង។ ផែនការទុច្ចរិតរបស់អ្នកឯងយ៉ាងម៉េច ឆេះដល់ជើងខោរបស់អ្នកឯងហើយ។ អ្នកនៅបារាំង នៅអាមេរិក ពីដើមធ្លាប់តែវាយប្រហាររាជរដ្ឋាភិបាល ឥឡូវមកសរសើររដ្ឋាភិបាល។ អ្នកឯងធ្វើតាំងពីមានអ្នកគាំទ្ររហូតដល់អស់គាំទ្រ។ នៅអូស្រ្តាលី ធ្វើបុណ្យមួយថ្ងៃមុននោះហៅថាបុណ្យដើម្បីជួយអ្នកប្រជាធិបតេយ្យក្នុងស្រុកបានប្រាក់ប្រហែលជា ៣ពាន់។ ជើងលេខគេប្រកាសគឺបាន ៥ពាន់អឺរ៉ូ ប៉ុន្តែវិក័យបត្រដែលយើងទទួលបានតែ ៤ ៨០០ជាងបន្តិច។ ឥឡូវគ្រោងធ្វើបុណ្យផ្កាមួយទៀត។ ដើម្បីជម្រះ វាទាល់អ្នកឯងដេញមនុស្សចេញទាំងអស់ ហ្នឹងគឺអត់មានមនុស្សរបស់ខ្ញុំទៀតទេ។ និយាយតាមមួយបែបថា ទាល់កាប់មនុស្សទាំងអស់ចោល។ ឆេះដល់ជើងខោទៅហើយ នៅថាមានអ្នកគាំទ្រពីមួយឡើងដល់បី …។
អាចនឹងមានកូនរដូវប្រាំងនៅខែកក្កដា, យកចំណូលពីឧស្សាហកម្មទៅវិនិយោគលើគ្រឿងយន្តកសិកម្ម
ខ្ញុំគិតថា មិនចង់បន្តទេ។ ថ្ងៃនេះក៏មានអ្នកចម្រៀង មានភ្លេងមានអី នៅរាំលេងសិនទៅ កុំប្រញាប់ទៅណា «ផ្លូវទៅផ្ទះម៉ែក្មេក» … ប៉ុន្តែក្មួយៗមានផ្ទៃពោះ កុំទៅលោតនឹងគេអី។ យើងសម្រាក។ ថ្ងៃនេះក្ដៅពេលព្រឹកអញ្ចឹង ល្ងាចច្រើនតែភ្លៀង។ ដោយសារភ្លៀងហ្នឹងហើយ បានមានទឹកនៅតាមស្រែយើងអាចធ្វើដើមរដូវកើត។ វាជាការល្អដែរ ប៉ុន្តែមានការព្យាករណ៍ថានឹងមានកូនរដូវប្រាំងនៅក្នុងខែកក្កដា។ អញ្ចឹងត្រូវប្រុងប្រយ័ត្នក្នុងការទប់ទឹកទុកនៅគ្រប់ទីកន្លែង កុំឃើញទឹកសម្បូរចេះតែបង្ហូរចោល … ការមានភ្លៀងធ្លាក់បានឲ្យប្រជាពលរដ្ឋរបស់យើងសាបព្រួស ហើយកន្លែងខ្លះគឺដកស្ទូង។ ឥឡូវនេះអត់ភ្ជួរនឹងគោក្របីដូចពេលមុនទេ។ ការភ្ជួរនឹងគោក្របីនៅសល់ប្រហែលជា ១% តែប៉ុណ្ណឹងទេ។ ប្រើគ្រឿងយន្តអស់ហើយ។ ភាគច្រើនអ្នកដែលប្រើគ្រឿងយន្ត គឺអ្នកដែលមានកូនមកធ្វើកម្មករ/ការិនីហ្នឹងឯង។ ក្រុមគ្រួសារដែលបានទទួលប្រាក់ពីឧស្សាហកម្ម ទៅវិនិយោគក្នុងផ្នែកកសិកម្ម តាមរយៈការប្រើប្រាស់គ្រឿងយន្តក្នុងផ្នែកកសិកម្ម។ ប្រទេសរបស់យើងកំពុងតែមានដំណើរឡូកឡំរវាងកសិកម្ម ឧស្សាហកម្ម និងសេវា ហើយឧស្សាហកម្មយើងគ្រប់ដណ្ដប់ដល់ទៅ ៣៨% នៃផសស …។
អំណោយជូនអ្នកចូលរួម
ថ្ងៃនេះ បាននាំមកសម្រាប់កម្មករ/ការិនី បុគ្គលិក ដែលចូលរួមក្នុងពិធីនេះចំនួន ១៨ ០១២ នាក់ ក្នុងម្នាក់ៗបានជូនត្រឹមតែ ២ម៉ឺនរៀល សម្រាប់ថ្លៃកាតទូរស័ព្ទទេ។ អរគុណដែរ ដែលបណ្ដាក្រុមហ៊ុន គេបានមកដាក់ដំឡើងសេវាទូរស័ព្ទ។ គេដាក់ឲ្យដោយឡែកមួយថា VIP … តែ no internet connection ដដែល … សុំប្រាប់ទៅម្ចាស់ WIFI អា VIP ហ្នឹងអត់មាន internet ទេ … យើងគិតថានេះបែបគ្រាន់បើ ចេញ WIFI តែវាអត់ធ្វើដឹងធ្វើលឺ … វាអញ្ចឹង Internet ស្រុកយើងវាអញ្ចឹង … (ប្រៀបធៀប WIFI និង Satellite)។ ខ្ញុំនេះបើអត់មាន internet ទេ ប្រៀបធៀបស្មើនឹងអត់បាយ។ ប្រមាណជា ៣ ទៅ ៤ អាទិត្យនេះ internet នៅប្រទេសយើងពិតជាពិបាកប្រើមែន។ ស្ដ្រីមានផ្ទៃពោះ ៥១៥ នាក់ ក្នុងម្នាក់ៗជូនក្មួយៗ ២០០ដុល្លារ។ ចម្លែកបន្តិច ខេត្តកំពង់ឆ្នាំង តាកែវ និងកំពង់ចាម មានកូនច្រើន ដល់មកខេត្តកំពង់ស្ពឺនេះកូនតិច។ ធ្លាប់តែ ១៨ ០០០ នៅកំពង់ឆ្នាំងទៅម្ដងជិត ៨០០ ទៅម្ដងទៀត ជាង ៨០០ ដល់មកធ្លាក់ចុះនៅភ្នំពេញ និងខេត្តកណ្ដាល។ ឥឡូវមកត្រង់នេះធ្លាក់ចុះដែរ នៅនេះមិនសូវចង់បានកូនទេ? ធ្វើម៉េចបើមានតែប៉ុណ្ណឹង។ ជូនគ្រូពេទ្យប្រចាំការអង្គពិធី ៣លានរៀល ជូនក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។
មិនភ្លេចគណបក្សប្រជាជននៅពេលបោះឆ្នោត សូមអរគុណចំពោះក្មួយៗទាំងឡាយ ហើយគួរឲ្យលើកទឹកចិត្តណាស់ដែលក្មួយៗមិនភ្លេចពូ រាប់អានពូ មិនមែនគ្រាន់តែជានាយករដ្ឋមន្រ្តីរបស់ប្រទេសទេ តែកាយវិការរបស់ក្មួយៗ ចំពោះពូ ចាត់ទុកពូដូចជាគ្រួសារ ដូចជាឪពុក ដូចជាជីតា ដូចជាឪពុកមា ដែលក្មួយៗផ្ដល់នូវការស្រឡាញ់រាប់អាន។ វាជាសត្យានុម័ត នៅត្រង់ថា ជីដូនជីតារបស់ក្មួយៗ និងឪពុកម្ដាយរបស់ក្មួយៗបានរួមដំណើរជាមួយពូតាំងពីគ្រាលំបាក។ វាមិនចម្លែកទេ ការដែលក្មួយៗធ្វើកាយវិការបែបនេះចំពោះពូ។ មិនច្បាស់ទេថា អ្នកដទៃទៀតមានឥរិយាបថបែបណាជាមួយកម្មករ/ការិនី និងប្រជាពលរដ្ឋ។ សម្រាប់ពូៗមិនរត់ចោលប្រជាពលរដ្ឋទេ។ បើទោះបីជាក្នុងកាលៈទេសៈពិបាកបំផុត ពូត្រូវស្លាប់រស់ជាមួយប្រជាជន។ រដូវបោះឆ្នោតបានមកដល់ សង្ឃឹមថាក្មួយៗនឹងមិនភ្លេចពូ និងមិនភ្លេចគណបក្សប្រជាជននៅពេលខាងមុខនេះ។ ជូនពរសម្រាប់អ្នកចូលរូមទាំងអស់ ជាពិសេស កម្មករ/ការិនី សូមទទួលបានតែសេចក្ដីសុខ សេចក្ដីចម្រើន ជាពិសេស ក្មួយៗដែលមានផ្ទៃពោះទាំងអស់ សូមឲ្យក្មួយៗពីនេះទៅដល់ការឆ្លងទន្លេ មានសុវត្ថិភាព ឆ្លងទន្លេហើយមានសុវត្ថិភាព និងចិញ្ចឹមកូនឲ្យបានល្អ ដែលនឹងទទួលបាននូវអត្ថប្រយោជន៍បន្ថែមចាប់ពីខែសីហាតទៅ។ ហើយសុំអ្នកទាំងអស់គ្នាទទួលបាននឹងពុទ្ធពរនិងពរទាំង ៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
**********
Selected Comments Samdech Techo Hun Sen,
Conversation with factories workers from Samrong Tong and Kong Pisey districts, Kampong Speu Province
[Unofficial Translation]
(1) After liberating the country, trading life for peace
Even if I have a problem with Covid-19, it is worth it. In the past, I had a lot of sacrifices. It was not just going through a handshake, taking photos together happily like this. My life is left from death (because I used to be) a fighter in the fire of war. I did not know if I would be dead or alive in/after the fight. I then traded my life for the survival of the Cambodian people (from the Khmer Rouge genocidal regime). If I did not do so, the question would be, did we have a chance to liberate the country? You know the answer. If I did not do something, one of the most obvious things is that I would die. I did not know what happened too. After the liberation of the country, I had to trade my life again for peace by entering the Khmer Rouge-occupied areas. If the former forces of the Democratic Kampuchea were not loyal with the win-win policy, I could have been shot dead by those forces […]
(2) The salary of USD 451 million/year goes in the pockets of Kampong Speu people
More than 20 years ago, could we have thought that Kampong Speu becomes the second province with that many factories? In the past, according to the elders, people humiliated each other calling the underprivileged after the people who reside in Kampong Speu province or one of its districts – ankles bangels shaking (Rolak Kong Choeung). Not anymore. We had a competition for freshy boy and freshy girl in the garment industry, it turned out that the best contestants were from Kampong Speu. This shows a profound change in the territory of Kampong Speu. Currently Kampong Speu has 385 factories with 150,000 workers and earns an average wage of US$ 481 million/year […] This salary of US$ 481 million/year or almost US$ 500 million goes into pockets of the people of Kampong Speu […]
(3) Kampong Speu has a garment factory, ethanol, sugar, car assembly and cement in the future
Kampong Speu has got more than just a garment factory. Kampong Speu has reached the stage of sugar production, ethanol production, car assembly. A cement factory will soon be present in Kampong Speu province, making Kampong Speu a province that supplies cement for construction throughout the country. According to the investors who visited me, the production capacity is about 2 million tons per year. We now produce (cement) for our own use of more than 9 million tons, but the demand for cement in the country is increasing – on the one hand, for building houses and on the other, for roads. We now use cement to build concrete road […]
(4) Kampong Speu ended the war in March 1996
We must value the peace we have fought so hard for. Be aware that a part of Kampong Speu territory just ended the war in March 1996. At that time, the Oral area was to be integrated with the (then Democratic Kampuchea’s) 18th Division under the command of Keo Pong. Our country has just ended the war and division, leading to national unification and territorial unity for the first time in history as of December 29, 1998. We have just had peace for 24 years, but these 24 years give us the opportunity to attract investment for the development of our country […]
(5) Of the USD 29 billion garment exports, US$ 13 billion is from garment
As reported by (the Minister of Labor and Vocational Training) HE Ith Sam Heng, in 1997 Cambodia had only 64 garment factories with more than 80,000 workers. At that time, our workers were paid only US$ 40, with an export value of just over US$ 200 million. Now in the garment sector, the factory has grown to 1,326 with about 840,000 workers, and exports reached US$ 13 billion in 2022. Of the US$ 29 billion in exports, the garment sector is worth US$ 13 billion […]
(6) Cash support according to the number of children until the child is 2 years old
I decided that from August onwards, those who have twins must get cash support according to the number of her children. Definitely, with more children, she must receive higher subsidy […] I have made the decision from Kampong Speu and you may have to write it down – “on Saturday, June 17, 2023, the Prime Minister decided to implement cash support for pregnant women until the child is two years old, and according to the number of children she has” […] the world economy is suffering from many factors – wars, arms races, geopolitics and mutual sanctions – have brought consequences for many countries, even our country that has nothing to do with their conflicts […]
(7) Provincial governors to concentrate on economy, no politics, no fighting
It has been a while now that the Royal Government has transferred functions/duties from the national level to the sub-national level. Recognizing that there is more work at the sub-national level, the Council of Ministers has amended the law to increase the number of seats for the capital, provinces, districts and Khans. There are many deputy district governors and the deputy provincial governors that they should be able to help with the tasks. First of all, they have to hold on to their own provincial economy, or otherwise you are not qualified to be the provincial governors. Leading a country or leading a province must first think about the economy. There is no politics and no war anymore. Let us just gather in improving economy […]
(8) Kampong Speu has an income of nearly 500 million dollars/year from industrial labor, not including agriculture and services.
Last night, (the provincial governor) HE Vy Samnang sent me the income of Kampong Speu province from the labor in the province […] with this number of workers, we have had an income of up to nearly 500 million dollars per year. Not small. This does not take into account the share of available agriculture and services in the province. GDP per capita, low or high according to places, but on average, across the country, is close to 2,000 (dollars). In some places, it may be over 3,000 (dollars) […] now we are campaigning for the fifth dose of Covid-19 vaccination. Please do not give up on the Covid-19 vaccine. It has not completely gone. Although the World Health Organization no longer classifies it a “public health emergency,” the World Health Organization (WHO) still recommends a booster dose. The government is continuing the process for vaccination against (Covid-19) […]
(9) After the no-vote campaign, the opposition resorts to spoilt ballots campaign Every five years, good citizens must fulfill their obligation to vote for their favorite political party. After the amendment of the election law against the non-voting campaign was sent to the National Assembly, they (the opposition) resorted to deliberately spoilt ballots campaign […] the law stipulates that those who lead such campaign can be imprisoned. That is not a threat. This law has imposed penalty on anyone who obstructs/disrupts voting, registration, and/or inflict harassment and other irregular activities […] that does not respect the citizens’ rights to vote and instruct people to invalidate the ballots. In the 2018 elections, they did the same […] this time, for example, if s/he does not go to the poll for the legislative general election, s/he will not be eligible to stand for Commune/Sangkat Council election in 2027. In the case of the National Assembly members, if s/he did not vote in the general election on July 23, 2023 and the general election for the Commune/Sangkat Council in 2027, s/he will not be eligible to stand for election in the 2028 National Assembly […]./.
No comments:
Post a Comment