FN (វ៉ាស៊ីនតោន)៖ តើសកម្មភាពអ្វីទៅរបស់សហរដ្ឋអាមេរិក ក្នុងសង្រ្គាមនៅអ៊ុយក្រែន ដែលអាចនឹងជំរុញឱ្យរុស្ស៉ីបើកការវាយប្រហារដោយផ្ទាល់លើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត? នេះគឺជាសំណួរដ៏សំខាន់មួយ ពីព្រោះថាបើគេទទួលបានចម្លើយខុស នោះវាអាចនឹងធ្វើឱ្យសង្រ្គាមរាលដាលកាន់តែធំ ឬរហូតអាចបង្កទៅជា សង្រ្គាមនុយក្លេអ៊ែរ។
សម្រាប់ក្រុមមន្ត្រីនៅក្នុងរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មធ្យោបាយដ៏ល្អដើម្បីអាចរកឃើញចម្លើយនៃសំណួរខាងលើ គឺជា «ការធ្វើតេស្ដ»។ ចាប់តាំងពីសង្រ្គាម ឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ផ្ទុះឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២២មក ទីក្រុងវ៉ាស៊ីនតោនបានបង្កើនការបញ្ជូនអាវុធធុនធ្ងន់ និងទំនើបៗទៅឱ្យអ៊ុយក្រែនបន្តិចម្ដងៗ ទៅតាមដំណាក់កាលសំដៅធ្វើតេស្ដលើប្រតិកម្មរបស់រុស្ស៉ី។ ពោលគឺ ខណៈសហរដ្ឋអាមេរិក អាចបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដោយមិនមានប្រតិកម្មខ្លាំងក្លាពីមូស្គូ រាប់ចាប់ពីមីស៊ីលពាក់លើស្មាប្រឆាំងរថក្រោះ រហូតដល់រថក្រោះ M1A1 Abrams និងចាប់ពីមីស៊ីលពាក់លើស្មាប្រឆាំងនឹងយន្ដហោះចម្បាំង ដល់ប្រព័ន្ធខែលការពារ ប្រឆាំងមីស៊ីល Patriot វាធ្វើឱ្យរដ្ឋបាលលោក បៃដិន កាន់តែជឿជាក់ថា «បន្ទាត់ក្រហម» នៅអ៊ុយក្រែន ដែលលោក ពូទីន បានគូសគឺមិនគួរឱ្យខ្លាចដូចពេលកន្លងមក នោះទេ។
បើតាមសេចក្ដីការណ៍ថ្មីមួយចេញផ្សាយដោយកាសែត Washington Post កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan សុទ្ធតែមានជំនឿដូចគ្នាថាផលចំណេញដែលទទួលបានពីការបង្កើនការបញ្ជូនជំនួយយោធាឱ្យអ៊ុយក្រែន មាន មានទំហំធំជាងហានិភ័យ ហើយប្រហែលដោយសារតែការគិតឃើញបែបនេះឯង ទើបលោក ចូ បៃដិន កែប្រែចិត្តដោយយល់ព្រមលើសំណើផ្ដល់យន្ដហោះចម្បាំង F-16 ដល់ទីក្រុងកៀវ។ ការធ្វើតេស្ដបន្តិចម្ដងៗលើភាពអត់ធ្មត់របស់រុស្ស៉ីនេះត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែ អ្នកជំនាញខាងគោលនយោបាយក្នុងស្រុក និងការបរទេស រុស្ស៉ី មកពីវិទ្យាស្ថាន Quincy Institute លោកស្រី Suzanne Loftus យល់ថាការធ្វើតេស្ដបន្ទាត់ក្រហមរុស្ស៉ីរបស់សហរដ្ឋអាមេរិក ក៏អាចនឹងងាយបង្កទៅជាគ្រោះថ្នាក់ធំ ផងដែរ ដ្បិតបន្ទាត់ក្រហមនៃប្រទេសមួយអាចប្រែប្រួលគ្រប់ពេលវេលា អាស្រ័យទៅលើស្ថានការណ៍យោធា និងសម្ពាធនយោបាយក្នុងស្រុក។
ម្យ៉ាងវិញទៀត ជោគជ័យនៅក្នុងការធ្វើតេស្ដលើបន្ទាត់ក្រហមរបស់រុស្ស៉ី ក៏អាស្រ័យទៅលើសកម្មភាពយោធារបស់អ៊ុយក្រែនផងដែរ។ តួយ៉ាងបើទោះជាមានការជំទាស់ពី សហរដ្ឋអាមេរិកប្រឆាំងនឹងការវាយប្រហារដោយផ្ទាល់លើរុស្ស៉ីក៏ដោយ ក៏អ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាបានដឹកនាំការវាយប្រហារដោយយន្ដហោះដ្រូនចូលយ៉ាង ជ្រៅក្នុងទឹកដីរុស្ស៉ី ហើយក្នុងករណីខ្លះថែមទាំងប្រើអាវុធផ្ដល់ដោយ NATO ទៀតផង ស្របពេលមីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ផ្ដល់ដោយអង់គ្លេស នឹងផ្ដល់ ឱ្យអ៊ុយក្រែននូវសមត្ថភាពវាយប្រហារនៅទូទាំងតំបន់ព្រំដែនរុស្ស៉ី ហើយនេះមិនទាន់រាប់បញ្ចូលយន្ដហោះចម្បាំង F-16 នោះទេ។
មែនទែនទៅ សហរដ្ឋអាមេរិកមានហេតុផលយ៉ាងត្រឹមត្រូវ ក្នុងការបញ្ចៀសកុំឱ្យសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីផ្ទុះឡើង។ ប៉ុន្តែ អ៊ុយក្រែនវិញប្រហែលជាជឿជាក់ថាមាន តែអូសទីក្រុងមូស្គូ ឱ្យមានជម្លោះជាមួយសហរដ្ឋអាមេរិក ទើបពួកគេអាចមានសង្ឃឹមទទួលបានជ័យជម្នះទាំងស្រុង។ បានន័យថាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកដើម្បី បញ្ចៀសសង្រ្គាមជាមួយរុស្ស៉ី ដោយផ្អែកលើសកម្មភាពយោធាអ៊ុយក្រែន គឺមិនមានសុវត្ថិភាពនោះទេ។ ចុះបើដូច្នេះតើរុស្ស៉ីអាចនឹងពង្រីកវិសាលភាពសង្រ្គាមក្នុងទ្រង់ទ្រាយ បែបណាទៅ?
ក្រុមអ្នកវិភាគជាច្រើនមិនបានច្រានចោលឡើយពីលទ្ធភាពដែលរុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិកក្នុងសង្រ្គាមអ៊ុយក្រែន។ តែ ពួកគេយល់ថាលោក ពូទីន នៅមាន ជម្រើសផ្សេងជាច្រើនទៀត ដោយយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរបស់លោក គឺពឹងផ្អែកលើទំនាក់ទំនងជាមួយចិន ឥណ្ឌា ប្រេស៊ីល និងបណ្ដាប្រទេសមិនមែនលោកខាងលិច នៅជុំវិញពិភពលោក។ ម្លោះហើយការប្រើអាវុធនុយក្លេអ៊ែរ វាអាចនឹងធ្វើឱ្យទីក្រុងមូស្គូរងការថ្កោលទោសជាសកល ឬអាចនឹងក្លាយជារដ្ឋឯកោមួយក៏ថាបាន។ យ៉ាងណាក៏ដោយ ទោះមិនប្រើអាវុធនុយក្លេអ៊ែរ ក៏រុស្ស៉ីមានជម្រើសអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក និង NATO ដដែល។ ការវាយប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ីសព្វថ្ងៃ ពឹងផ្អែកយ៉ាងខ្លាំងលើផ្កាយរណបស៊ើបការណ៍របស់សហរដ្ឋអាមេរិក រីឯរុស្ស៉ីក៏ធ្លាប់បានបង្ហាញពីសមត្ថភាពក្នុងការវាយប្រហារកម្ទេចផ្កាយរណប នេះដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ រុស្ស៉ីបានបង្អួតសមត្ថភាពតាមរយៈការបាញ់កម្ទេចផ្កាយរណបមួយរបស់ខ្លួន នៅលើគន្លងតារាវិថី ដោយប្រើមីស៊ីលបាលិស្ទីគអន្តរទ្វីប ហើយ ក្នុងពេលនោះដែរ ក្រុមអ្នកវិភាគនិយាយថាការកម្ទេចនេះគឺជាសារព្រមានដែលរុស្ស៉ីចង់ផ្ញើទៅកាន់សហរដ្ឋអាមេរិក នៅចំពោះមុខភាពតានតឹងលើបញ្ហាអ៊ុយក្រែន នៅពេលនោះ។ បើរុស្ស៉ីពិតជាធ្វើបែបនេះមែន ច្បាស់ណាស់សហរដ្ឋអាមេរិកនឹងសងសឹកដូចគ្នា ប៉ុន្តែសហរដ្ឋអាមេរិកគឺជាអ្នកខាតបង់ធ្ងន់ ព្រោះពឹងផ្អែកលើផ្កាយរណប ច្រើនជាងរុស្ស៉ី។
No comments:
Post a Comment