សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា អត្ថប្រយោជន៍ដែលប្រទេសនានាទទួលបានក្នុងក្របខណ្ឌសហប្រតិបត្តិការឈ្នះឈ្នះ កសាងសន្តិភាពនៅក្នុងតំបន់ និងសកលលោក គឺចិនបានដើរតួនាទីដ៏សំខាន់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត ជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា យើងអាចពិនិត្យមើលនយោបាយរបស់ចិននៅពេលនេះ មិនមានការប្រកាសធ្វើជាសត្រូវជាមួយនឹងប្រទេសណាទេ។ ទោះបីប្រទេសដទៃបានរកវិធីរារាំងចិន ឬប្រឆាំងចិន ក៏ចិនមិនដែលដាក់ចេញគោលនយោបាយរារាំង ឬធ្វើជាសត្រូវជាមួយប្រទេសណាមួយនោះទេ ដូច្នេះបានខ្សែក្រវាត់នឹងផ្លូវចេះតែរីកដុះដាលជាបន្តបន្ទាប់។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា កិច្ចព្រមព្រៀងអាស៊ាន-ចិនផ្តល់ផលប្រយោជន៍ធំណាស់សម្រាប់បណ្តាប្រទេសអាស៊ាន ពីព្រោះប្រទេសអាស៊ាននាំចូលទំនិញទៅកាន់ប្រទេសចិន ច្រើនជាងចិននាំចេញទៅកាន់បណ្តាប្រទេសជាសមាជិកអាស៊ាន។ ដូច្នេះក្របខណ្ឌសហប្រតិបត្តិការអាស៊ាន គឺចិនបានផ្តល់ប្រយោជន៍ដល់បណ្តាប្រទេសអាស៊ាន និងមួយទៀតគឺកិច្ចព្រមព្រៀងភាពជាដៃគូតំបន់ ហៅកាត់ថា អាសិប បានចូលជាធរមានហើយ៕
No comments:
Post a Comment