Tuesday, May 02, 2023

រាជរដ្ឋាភិបាល ប្រគល់ប្រាក់រង្វាន់ជ័យលាភីម្ចាស់មេដាយមាស ជូនដល់កីឡាការិនី ខាន់ ចេសា គ្រូបង្ខឹក និង គ្រូជំនួយ ដែលបានចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក


នៅរសៀលថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២៣ ឯកឧត្តម បណ្ឌិតសភាចារ្យ  ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា បានអញ្ជើញជួបសំណេះសំណាល និង ប្រគល់ប្រាក់រង្វាន់ជ័យលាភីម្ចាស់មេដាយមាស ជូនដល់កីឡាការិនី ខាន់ ចេសា គ្រូបង្ខឹក និង គ្រូជំនួយ ដែលបានចូលរួមប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក ដែលបានប្រព្រឹត្តពីថ្ងៃទី២៧ ខែ តុលា ដល់ ថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអារ៉ាប់រួម ។ សូមជម្រាបថា ៖ ខាន់ ចេសា គឺកីឡាការិនីជឺជីតស៊ូជើងខ្លាំងរបស់កម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក កីឡាការនីឆ្នើមរូបនេះ ធ្លាប់ដណ្ដើមបានពានជាច្រើន ខណៈស្នាដៃធំៗដែលដណ្ដើមបានជូនកម្ពុជា គឺឈ្នះមេដាយមាសកីឡាអាស៊ី កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និង ឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។ ជាមួយគ្នានេះដែរ កីឡាការនី រូបនេះកំពុងទន្ទឹងរង់ចាំការប្រកួតស៊ីហ្គេម ជាលើកទី២ របស់ខ្លួនក្នុង SEA Games នាឆ្នាំ២០២៣ ដែរកម្ពុជាទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ ដ្បិតខកខានកាលពី ២ឆ្នាំមុននៅប្រទេសវៀតណាម។ ទោះជាយ៉ាងនេះក្ដី កីឡាការិនីជឺជីតស៊ូដ៏ឆ្នើមរបស់កម្ពុជារូបនេះបានចាត់ទុកថា ការមិនបានចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ ដោយសារលើសទម្ងន់ គឺជារឿងអាក្រក់ណាស់ ហើយវាជាមេរៀនមួយ សម្រាប់នាងផ្ទាល់។ កីឡាការិនី ខាន់ ចេសា  ខិតខំប្រឹងប្រែងរក្សាទម្ងន់របស់ខ្លួន ដើម្បីកុំឱ្យខកខាក សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣។

គូសបញ្ជាក់ថា៖ ប្រាក់រង្វាន់ជ័យលាភីម្ចាស់មេដាយមាស កីឡាការិនី ខាន់ ចេសា ទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានរៀល គ្រូបង្វឹកទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានរៀល និង គ្រូជំនួយទទួលបានប្រាក់រង្វាន់ចំនួន ២៨ លានរៀល។ សូមបញ្ជាក់ថា ៖ កីឡាការិនីកូនខ្មែរកាត់អាមេរិករូបនេះត្រូវប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាគី (Gi) ទម្ងន់ ៥២គីឡូក្រាម និង វិញ្ញាសាគ្មានគី (No-Gi) ទម្ងន់៥២គីឡូក្រាម។ ចំពោះវិញ្ញាសាសរុបនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ លើប្រភេទកីឡាជឺជីតស៊ូ សរុបចំនួន១៣វិញ្ញាសា ក្នុងនោះវិញ្ញាសាផ្នែបុរស៦ ផ្នែកនារី៥ និង វិញ្ញាសាចម្រុះមានចំនួន២។ ការប្រកួតគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅសាលD នៃមជ្ឈមណ្ឌលពិព័រណ៌ជ្រោយចង្វារ OCIC៕







No comments:

Post a Comment