(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការប្រមូល និងបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ។
អនុក្រឹត្យនេះកំណត់អំពីបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការបែងចែកផលប្រយោជន៍ដោយសមភាព និងសមធម៌ពីការប្រមូលធនធានពន្ធុ និស្សន្ទវត្ថុរបស់ធនធានពន្ធុ ឬចំណេះដឹងជាប្រពៃណីពាក់ព័ន្ធក្នុងគោលបំណងបង្កើតនូវយន្តការជាក់លាក់ ដើម្បីអនុវត្តពិធីសារណាហ្គូយ៉ានៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះសំដៅរួមចំណែកដល់ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់សមាសភាគជីវៈចម្រុះដោយនិរន្តរភាព។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តលើការប្រមូលធនធានពន្ធុ និស្សន្ទវត្ថុរបស់ធនធានពន្ធុ និងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ ដែលមានប្រភពដើមឬកំពុងមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬបានទទួលយកដោយព្រះរាជាណាចក្រកម្ពុជា ឬដោយបុគ្គលណាម្នាក់ដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួនសម្រាប់គោលបំណងនៃការប្រើប្រាស់ធនធានពន្ធុនិងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធ។
អនុក្រឹត្យនេះមិនមានវិសាលភាពអនុវត្តលើការប្រមូលធនធានពន្ធុ និងនិស្សន្ទវត្ថុរបស់ធនធានពន្ធុ ក្នុងគោលបំណងប្រើប្រាស់សម្រាប់ការធ្វើជាទំនិញដោយផ្ទាល់ ប៉ុន្តែការធ្វើជាទំនិញដោយផ្ទាល់នោះមិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងសិក្សាស្រាវជ្រាវ ឬអភិវឌ្ឍធនធានពន្ធុឡើយ៕
No comments:
Post a Comment