Saturday, May 27, 2023

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ និយោជិត នៅរោងចក្រចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ថ្ងៃទី២)

CNV:

សុខសប្បាយទេទាំងអស់គ្នា? អប្បាញ់មិញឯកឧត្តម អ៊ិត សំហេង ថាមានភ្លៀង។ ខ្ញុំបានគិតថាបើសិនជាហ៊ានតែភ្លៀង រាំវង់តែម្ដងអត់មានទៅណាទេ។ ផ្អាកនិយាយ ចេញរាំកណ្ដាលភ្លៀងតែម្ដង លើកលែងតែអ្នកមានផ្ទៃពោះទេមិនឱ្យចេញរាំ។ ចាប់ផ្ដើមត្រៀមបទ ផ្លូវទៅផ្ទះម៉ែក្មេក, សុំទឹកមួយផ្ដិល, ដួលកង់, មីឆុង មីកំប៉ុង មីឆា។ មានគេជេរ ព្រាប សុវត្ថិ ថាច្រៀង មីឆុង មីកំប៉ុង មីឆានៅស៊ីហ្គេម។ គ្នាសំដែងមុនពេលកំដរឆាក អាហ្នឹងយកភ្លេងខ្លងខែកទៅលេងអត់បានទេ វាទាល់តែធុនហ្នឹងបានទៅរួច មួយស្តាដភាគច្រើនសុទ្ធតែយុវជន។

(១) ជំនួបជុំទី២ ពិនិត្យការអនុវត្តអនុសាសន៍ទាំង ១០ និងលទ្ធផលនៃជំនួបទី១

ខ្ញុំរីករាយដែលបានមកជួបជាថ្ងៃទី២ បន្ទាប់ពីម្សិលមិញជួបជាមួយហ្នឹងរោងចក្រផ្សេង។ ឯថ្ងៃនេះយើងជួបជាមួយរោងចក្រផ្សេងទៀត ជាមួយកម្មករ/ការិនីជិត២ម៉ឺននាក់ គឺ ១៩ ០០០នាក់ កៀកហ្នឹង២ម៉ឺននាក់។ ខ្ញុំសូមអរគុណសាជាថ្មីម្ដងទៀតចំពោះតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ក៏ដូចជាបណ្ដារោងចក្រទាំងអស់ដែលបានផ្ដល់ទីតាំង ក៏ដូចជាផ្ដល់ឱកាសសម្រាប់កម្មករ/ការិនី មកជួបជុំសំណេះសំណាលជាមួយគ្នា។ ម្សិលមិញខ្ញុំក៏បានជម្រាបជូន អំពីគោលបំណងនៃការមកជួបជុំទី២ ដែលដំបូងឡើយគ្រោងធ្វើនៅ២០២០ ប៉ុន្តែឆ្នាំ ២០២០ គឺយើងជួបកូវីដ-១៩។ ២០២១,២០២២ ក៏នៅជួបកូវីដ-១៩។ ២០២៣ មុនពេលដែលយើងដកចេញវិធានការនៃការធ្វើតេស្តសម្រាប់ការជួបជុំគ្នា គឺយើងក៏មិនទាន់បានជួប។ ចាប់ពីថ្ងៃទី២២មក នៅខេត្តព្រះសីហនុ ម្សិលមិញនិងថ្ងៃនេះយើងបានជួបជុំគ្នា។ បើគិតសរុបទាំងនៅខេត្តព្រះសីហនុនិងនៅទីនេះយើងបានជួបប្រមាណជា៦ម៉ឺននាក់។ គោលដៅជាក់លាក់នៃជំនួបនៅត្រង់ថាពិនិត្យការអនុវត្តអនុសាសន៍ទាំង១០ និងពិនិត្យអ្វីដែលទទួលបានមុនពេលជំនួបទី១និងការទទួលផលចេញពីជំនួបទី១ រហូតមកដល់ពេលនេះ

(២) ស្នើឱ្យស្ត្រីមានផ្ទៃពោះបានចេញមុនម៉ោងយ៉ាងតិច ១៥ នាទី

អម្បាញ់មិញឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ទាក់ទិនថាតើស្ថានភាពមុនជំនួបមានអ្វីខ្លះ? ក្រោយជំនួបមានអ្វីខ្លះ? នេះជាចំណុចសំខាន់ដែលខ្ញុំគិតថា ខ្ញុំចាយកម្លាំងដើម្បីជួបជាមួយកម្មករ/ការិនីរបស់យើង មិនអត់ប្រយោជន៍ទេ។ នោះគឺបានផ្ដល់ផលប្រយោជន៍សម្រាប់កម្មកររបស់យើង។ ខ្ញុំលើកឧទាហរណ៍តូចមួយមកនិយាយ។ ថាតូចក៏បានធំក៏បាន។ ខ្ញុំចង់ឱ្យស្រ្តីមានផ្ទៃពោះបានចេញមុន។ មូលហេតុអីទៅបានចង់ឱ្យចេញមុន? មូលហេតុនៅត្រង់ថា បើសិនជាចេញដំណាលគ្នាច្បាស់ណាស់ថាមានការប្រជ្រៀតគ្នា រវាងស្ត្រីមានផ្ទៃពោះ និងអ្នកអត់មានផ្ទៃពោះ។ ការប្រជ្រៀតគ្នាបែបនេះនឹងធ្វើឱ្យមានផលពិបាកចំពោះស្ត្រីដែលមានផ្ទៃពោះ។ ដូច្នេះបានជាខ្ញុំស្នើឱ្យមានការចេញមុនម៉ោងយ៉ាងតិចគឺ១៥នាទី ហើយបើកន្លែងណាឱ្យចេញមុនកាន់តែយូរមានអី ប៉ុន្តែធ្វើម៉េចកុំឱ្យទាបជាង១៥នាទី។

(៣) មនុស្សម្នាក់ជីវិត២ ចាំបាច់ត្រូវថែទាំពួកគាត់

ចំណុចនេះ អាចនឹងអ្នកខ្លះនិយាយថា ហ៊ុន សែន​ គិតរឿងកំប៉ិកកំប៉ុក។ អ្នកអាចគិតនិយាយយ៉ាងដូច្នេះចំ​ពោះខ្ញុំ។ តែសម្រាប់ខ្ញុំ ខ្ញុំគិតថាមិនមែនជារឿងកំប៉ិកកំប៉ុកទេ។ មនុស្សម្នាក់ជីវិត២នៅទីនោះ ត្រូវថែទាំពួកគាត់ឱ្យទទួលផល។ ខ្ញុំគិតថាលោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារីសប្បាយរីករាយនឹងអ្វីដែលខ្ញុំបានដាក់ចេញក្នុងរយៈពេលកន្លងអំពីគោលនយោបាយសម្រាប់ស្ត្រី ក្នុងហ្នឹងក៏មានគោលនយោបាយសម្រាប់កម្មការិនី។ គ្រាន់តែចេញមុនម៉ោង១៥នាទី គឺបានបង្កើតនូវស្ថានភាពល្អប្រសើរមួយសម្រាប់អ្នកដែលមានផ្ទៃពោះ។ បើចេញស្មើគ្នា(ច្បាស់)ជាប្រជ្រៀតគ្នា។ ដល់ប្រជ្រៀតគ្នាទៅ មានការប៉ះទង្គិចកូន ព្រោះប្រញិបប្រញាប់។ នៅពេលដែលយើងបានចេញមុន វាជាការប្រសើរដែលសុំឱ្យរោងចក្រសហគ្រាសទាំងអស់ខិតខំធ្វើកិច្ចការងារនេះ។ អ្វីដែលឯកឧត្តម អ៊ិត សំហេង បានលើកឡើងប្រៀបធៀបអម្បាញ់មិញ គឺត្រូវបន្តធ្វើឱ្យបាន មិនឱ្យបាត់ត្រឡប់ទៅវិញ ធ្វើឱ្យបានកាន់តែល្អជាងមុនទៅទៀត ដើម្បីធានាថាកម្មករ/ការិនីរបស់យើងនឹងទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាពរបស់យើង។

(៤) ម្ចាស់រោងចក្រនិងកម្មករ/ការិនី គប្បីបំពេញឱ្យគ្នាទៅវិញទៅមក

ការជួបជុំដើម្បីពិនិត្យអំពីវឌ្ឍនភាពនិងស្វែងរកដំណោះស្រាយថ្មីៗ គឺជាវិធីសាស្ត្រសម្រាប់ជំរុញប្រទេសឱ្យមានការលឿនទៅមុខ ដែលទ្រទ្រង់ទៅដោយការផ្សារភ្ជាប់រវាងការអភិវឌ្ឍលើផ្នែកនានា ទាំងវិស័យកសិកម្ម ឧស្សាហកម្ម សេវា ហើយផ្សារភ្ជាប់រវាងម្ចាស់រោងចក្រនិងកម្មករ/ការិនីរបស់យើង។ ខ្ញុំនៅតែអំពាវនាវឱ្យយកចិត្តទុកដាក់ទៅលើការបំពេញឱ្យគ្នាទៅវិញទៅមករវាងម្ចាស់រោងចក្រជាមួយនិងកម្មករ/ការិនី។ រឿងនេះសំខាន់ណាស់ដែលខ្ញុំតែងតែផ្ដល់ឱវាទសម្រាប់ក្រសួង ក៏ដូចជាមន្ត្រីគ្រប់ផ្នែក គ្រប់ថ្នាក់របស់គណបក្សប្រជាជនឱ្យយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ ដើម្បីក្លាយខ្លួនជាថៅកែមិនមែនមានគ្រាន់តែរោងចក្រមួយអត់មានកម្មករហៅថាថៅកែទេ។ ហ្នឹងគេហៅម្ចាស់ឃ្លាំង។ ទាល់តែមានកម្មករធ្វើការជាមួយទើបហៅថាម្ចាស់រោងចក្រ ឬម្ចាស់សហគ្រាស ឬម្ចាស់ក្រុមហ៊ុន។ ចំពោះកម្មករវិញទៀតសោត ប្រសិនបើពុំមានរោងចក្រ ពុំមានក្រុមហ៊ុន ពុំមានសហគ្រាសទេ យើងមិនបានឈ្មោះថាជាកម្មករទេ ច្បាស់ណាស់ពេលនេះម៉ោងនេះយើងជាកសិករ ព្រោះប្រទេសរបស់យើងជាប្រទេសកសិកម្ម។

(៥) កសិកម្មដើម្បីសេដ្ឋកិច្ចជនបទ ផ្គត់ផ្គង់និងស្ថេរកម្មស្បៀង ឧស្សាហកម្មនិងសេវាទាក់ទាញវិនិយោគ

ខ្ញុំគួរតែនិយាយថា ហេតុអីបានរាជរដ្ឋាភិបាលចង់បាននិងខិតខំទាក់ទាញវិនិយោគទាំងក្នុងប្រទេសនិងក្រៅប្រទេស មកកាន់ប្រទេសរបស់ខ្លួន? … ​ធ្វើតែកសិកម្មតែមួយមុខមិនអាចក្លាយទៅជាប្រទេសអ្នកមានបានទេ មិនអាចអភិវឌ្ឍទៅបានទេ។ ទ្រឹស្តី ប៉ុល ពត មានស្រូវគឺមានអ្វីៗទាំងអស់ មួយហិកតា ៣ តោន មួយហិកតា ៦ តោន … ប៉ុន្តែទីចុងបំផុតប្រជាជនអត់បាយ។ ឲ្យស៊ីតែ ២ ខាំ ដល់វាត្រូវការពីយើងវិញជីលេខ១ មួយគីឡូ។ ចុះបានអី បើហុតតែទឹកបបរ។ វាទាររកជីលេខមួយហ្នឹងមួយគីឡូក្នុងម្នាក់។ បានអីបើក្នុងពោះអត់មានអីផង។ យើងអភិវឌ្ឍលើគ្រប់ផ្នែក។ កសិកម្មនៅបន្តដើម្បីការលូតលាស់នៃសេដ្ឋកិច្ចជនបទ ហើយសម្រាប់ការផ្គត់ផ្គង់ទាំងឡាយទៅលើបញ្ហាស្បៀង ស្ថេរភាពស្បៀងនៅក្នុងប្រទេសរបស់យើង។ ក៏ប៉ុន្តែ តើទន្ទឹមនឹងនោះវិស័យឧស្សាហកម្ម និងសេវាគឺត្រូវបានយកចិត្តទុកដាក់ ដើម្បីទាក់ទាញការវិនិយោគ

(៦) រៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់អគ្គិសនី ផ្លូវថ្នល់ លិខិតច្បាប់ ឆ្លើយតបទៅនឹងតម្រូវការនៃអ្នកវិនិយោគក្នុងនិងក្រៅប្រទេស​

កាលដើមឡើយ នៅក្រោយឆ្នាំ ១៩៧៩ និងស្ទើរតែពេញមួយទសវត្សរ៍ ១៩៨០ ប្រទេសរបស់យើងមានរោងចក្រតិចណាស់ ហើយវាមិនសមហៅរោងចក្រទៀតផង។ ដូចជានៅម្តុំបែកចាន ហៅរោងចក្រផលិតចាន។ ការពិតវាគ្រាន់តែជាកូនសិប្បកម្មផលិតចានតូចមួយតែប៉ុណ្ណឹង។ កាលពេលនោះ គឺដាក់ចេញនូវគោលការណ៍ មួយខែថ្នាក់ដឹកនាំត្រូវចុះពលកម្មស្វែងយល់ពីកម្មករម្តង។ ខ្ញុំធ្លាប់មកចូលរួម ៣ កន្លែង មួយកន្លែងគឺសិប្បកម្មផលិតចាននៅបែកចាន មួយកន្លែងទៀតរោងចក្រអេសកាដេ គីឡូម៉ែត្រលេខ ៦ ឫស្សីកែវ ហើយមួយកន្លែងទៀតរោងចក្របារីរូបសេក។ យើងមានរោងចក្រតិចណាស់។ រោងចក្រខាតទាំងអស់លើកលែងតែបារីមួយគត់ ដែលចំណេញ​។ ពេលវេលានោះ តើមានអ្នកណាមកវិនិយោគ? អត់មានអ្នកណាវិនិយោគទេ។ ប្រទេសយើងមានសង្រ្គាម។ នៅពេលដែលប្រទេសយើងមានសន្តិភាព យើងខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាការផ្គត់ផ្គង់អគ្គិសនី បញ្ហាផ្លូវថ្នល់ ការរៀបចំនូវលិខិតច្បាប់នានា និងរៀបចំបណ្តាញប្រព័ន្ធទាំងឡាយឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកវិនិយោគក្នុងស្រុកផង និងអ្នកវិនិយោគដែលភាគច្រើនមកពីក្រៅប្រទេស​។

(៧) បើគ្មានសន្តិភាព គ្មានការវិនិយោគ នៅធ្វើស្រែចម្ការជាមួយក្រុមគ្រួសារ

(កាលណាមកជាមួយនាយករដ្ឋមន្រ្តីសូមដាក់ silent ពីផ្ទះមក បើមិនអញ្ចឹងទេរោទិ៍ឡើង នាយករដ្ឋមន្រ្តីភ្លេចប៉ារូល)។ យើងលើកជាសំណួរអញ្ចេះ។ ប្រសិនបើគ្មានការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសដែលក្មួយៗ​កំពុងអង្គុយនិងពុំមានការវិនិយោគនៅបណ្តារោងចក្រដែលក្មួយៗកំពុងធ្វើការ តើពេលនេះក្មួយៗជាអ្វី? ក្មួយៗអាចមានប្រាក់ចំណូលទាបបំផុត ២០០ ដុល្លារទេ? វាច្បាស់ជាអត់មានទេ។ ពេលនេះក្មួយៗអាចកំពុងស្ថិតនៅជាកសិករក្នុងវិស័យកសិកម្ម ឬច្រើនបំផុតជួយធ្វើការឲ្យឪពុកម្តាយក្នុងការលក់ដូរតូចតាច មិនមែនជាកម្មករដែលមានប្រាក់បៀវត្សតិចបំផុតចំនួន ២០០ ដុល្លារសហរដ្ឋអាមេរិកទេ។ ត្រូវចាំកន្លែងនេះ។ បើគ្មានសន្តិភាពទេ គ្មានឱកាសសម្រាប់ទាក់ទាញវិនិយោគមកប្រទេសរបស់យើងទេ។ ពេលវេលាដែលក្មួយៗកំពុងអង្គុយកម្មករ កម្មការិនីកំពុងតែស្តាប់នាយករដ្ឋមន្រ្តីនិយាយនេះ ពេលវេលានេះជាពេលវេលាដែលក្មួយៗកំពុងធ្វើស្រែ ធ្វើចំការជាមួយឪពុកម្តាយទេ មិនមែនជាពេលវេលាដែលក្មួយៗមកអង្គុយស្តាប់ទេ

(៨) ពីមុននាយករដ្ឋមន្រ្តីច្រើនធ្វើវេទិកាជាមួយកសិករ ឥឡូវច្រើនវេទិកាជាមួយវិស័យឯកជន និងកម្មករ

នាយករដ្ឋមន្រ្តីក៏អត់មានវេទិកាជួបជាមួយនឹងកម្មករនោះដែរ។ ទសវត្សរ៍៨០ យើងលំបាកណាស់។ ពេលនោះនាយករដ្ឋមន្រ្តីធ្វើវេទិកាតែជាមួយនឹងកសិករនៅតាមវាលស្រែ។ ទសវត្សរ៍៨០ និង៩០ ប្រហែលជាគេឃើញរូបភាពនៃការសន្ទនារវាងនាយករដ្ឋមន្រ្តីជាមួយនឹងកសិករថាត្រូវធ្វើប្រឡាយទឹកយ៉ាងម៉េច ផ្លូវលំយ៉ាងម៉េច ប្រ​ឡាយទឹកហ្នឹងវាមានអីយ៉ាងម៉េច។ ប៉ុន្តែរយៈពេលកន្លងទៅនេះ ឱកាសជាច្រើនដែលនាយករដ្ឋមន្រ្តីធ្វើកិច្ចការប្រជុំជាមួយនឹងវិស័យឯកជនទាក់ទងនឹងវិស័យឧស្សាហកម្ម និងវិស័យដទៃទៀតតែមិនមែនកសិកម្ម។ ដល់ពេលខាងមុខនេះ ត្រូវជួបក្រុមអ្នកឧកញ៉ា ព្រោះក្រុមអ្នកឧកញ៉ាហ្នឹងហើយដែលបង្កើតជាទុននូវការផ្តល់ឲ្យយើងសម្រាប់ការងារ។ ចំណុចនេះ ខ្ញុំក៏ចង់បកស្រាយដែរ។ មានអ្នកខ្លះលើកឡើងវាដូចជាជ្រុលពេក រឹបអូសពីអ្នកមានទៅឲ្យអ្នកក្រ។ អញ្ចឹងវាមានខុសអីពី ប៉ុលពត? យើងខិតខំធ្វើយ៉ាងម៉េច ឲ្យអ្នកមានគេបញ្ចេញប្រាក់របស់គេមកវិនិយោគដើម្បីបង្កើតការងារធ្វើឲ្យយើង។ ឥឡូវយើងសាកពិនិត្យមើល អ្នកទាំងអស់គ្នាកំពុងមានការងារធ្វើ តើអ្នកណាជាអ្នកវិនិយោគ? គឺពួកថៅកែហ្នឹងហើយដែលវិនិយោគ …។

(៩) សូម្បីមេកុម្មុយនីស្ត លេនីន ទទួលស្គាល់តួនាទីសំខាន់របស់ថៅកែ/អ្នកវិនិយោគ

ប្រទេសខ្លះធ្វើខុសខ្លួនឯងទេ។ មិនមែនបញ្ហាកុម្មុយនីស្ត ឬមិនកុម្មុយនីស្តទេ។ ធ្វើវាមិនត្រូវក្រឹត្យក្រមសេដ្ឋកិច្ច។ សូម្បីតែ លេនីន ដែលជាមេកុម្មុយនីស្តបង្កើតអតីតសហភាពសូវៀតមុនគេ តាំងពីឆ្នាំ១៩១៧ បានសរសេរសៀវភៅ “គោលនយោបាយសេដ្ឋកិច្ចថ្មី” របស់ លេនីន នៅឆ្នាំ១៩២១ ថា “បើសិនជាគ្មាននាយទុនទេ កម្មករនឹងជួបការលំបាក”។ តើ លេនីន ចង់និយាយអំពីអ្វី? មេកុម្មុយនីស្តចង់និយាយពីអី? សូម្បីមេកុម្មុយនីស្តក៏ស្គាល់អំពីតួនាទីរបស់ពួកថៅកែ ពួកអ្នកមានដែរ។ គាត់ចង់សំដៅថា បើអត់មានអ្នកមានទេ អត់មានថៅកែទេ អត់មាននាយទុនទេ កម្មករនឹងលំបាក។ ចង់និយាយថាបើអត់មាននាយទុនទៅវិនិយោគទៅបង្កើតរោងចក្រទេតើកម្ពុជាបានការងារឯណាធ្វើ? ឥឡូវនេះ យើងមិនមែនប្រើទ្រឹស្តីលេនីនអីទេ ក៏ប៉ុន្តែលើការជាក់ស្តែង បើគ្មានថៅកែរោងចក្ររៀបចំរោងចក្រទេ យើងក៏អត់មានការងារធ្វើដែរ។

(១០) ថៅកែនិងកម្មករបំពេញឲ្យគ្នា រោងចក្រកើនប្រាក់ចំណេញ កម្មករបានអត្ថប្រយោជន៍ច្រើន រដ្ឋក៏ទទួលផលពីការបង់ពន្ធ

យើងបញ្ជាក់ទៅវិញថា ប្រសិនបើធ្វើរោងចក្រហើយអត់មានកម្មករទេ វាគ្រាន់តែជាម្ចាស់ឃ្លាំងតែប៉ុណ្ណឹង។ អញ្ចឹងទេបានជាទាំងកម្មករ ទាំងថៅកែរោងចក្រត្រូវតែរស់នៅជាមួយគ្នា។ វាជាទិដ្ឋភាពនៃឆ្នាំងបាយរួម។ ថៅកែយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់កម្មករ ផលប្រយោជន៍របស់កម្មករ ហើយបន្ទាប់ពីហ្នឹងទៅកម្មករមានសុខភាពល្អ ក៏ខិតខំធ្វើការដើម្បីឲ្យទិន្នផលវាកើនឡើង ប្រាក់ចំណេញរបស់រោងចក្រកើនឡើង វាក៏ថែមនូវអត្ថប្រយោជន៍មួយផ្នែកណានោះឲ្យទៅកម្មករវិញផងដែរ។ ហើយការបង់ពន្ធជូនរដ្ឋ ដែលវាជាផលប្រយោជន៍សាធារណៈសម្រាប់ការវិនិយោគ ក៏វានឹងកើនឡើងដូចគ្នាដែរ។ ទាំងនេះគឺជាចំណុចដែលយើងមិនត្រូវភ្លេច ហើយសង្ឃឹមថាយើងបន្តជំរុញការវិនិយោគតទៅទៀត។

(១១) បណ្តាខេត្តត្រូវឆ្លាតទាក់ទាញវិនិយោគរៀងៗ ខ្លួន

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងមានកន្លែងវិនិយោគថ្មីៗទៀត។ ទន្ទឹមនឹងការវិនិយោគចាស់ៗដែលមានរួចហើយ នៅមានថែមការវិនិយោគដែលបច្ចេកវិទ្យាថ្មីៗអាចនឹងមកដល់ទីតាំងតំបន់សេដ្ឋកិច្ចពិសេសទីក្រុងភ្នំពេញ ហៅថា រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងបណ្ដាតំបន់សេដ្ឋកិច្ចដទៃទៀត ឬទីកន្លែងដទៃទៀតដែលសមស្រប។ សង្ឃឹមថា ខេត្តនានានឹងទាក់ទាញអ្នកវិនិយោគទៅកាន់ខេត្តរបស់ខ្លួន។ ខេត្តខ្លះឆ្លាត គេកសាងហេដ្ឋារចនាសម្ព័ន្ធរបស់គេដើម្បីទាញយកអ្នកវិនិយោគទៅវិនិយោគនៅកន្លែងនោះ។ ឥឡូវនេះ ផ្លូវថ្នល់ ការដឹកជញ្ជូនស្អីៗនេះ វាកាន់តែងាយស្រួលដែលផ្ដល់​ឱកាសសម្រាប់ការវិនិយោគ។ មានវិនិយោគកាន់តែច្រើន ប្រទេសរបស់យើងនឹងកាន់តែងើប

(១២) បៀវត្សរ៍មូដ្ឋាន ២០០ ដុល្លារ/ខែ ស្មើនឹង៧ ដុល្លារ/ថ្ងៃ ចាត់ទុកថាលើបន្ទាត់នៃភាពក្រីក្រ

គ្រាន់តែនិយាយពីបៀវត្សរ៍នេះ គឺយើងទទួលបានបៀវត្សរ៍ប្រមាណជាង ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។ និយាយតែក្នុងវិស័យកាត់ដេរទេ។ នៅវិស័យដទៃទៀត។ គ្រាន់តែវិស័យកាត់ដេរតែមួយមុខ យើងទទួលប្រាក់ឈ្នួលដែលបានមកពីពលកម្មចំនួនដល់ទៅជាង ៣ ពាន់លាន។ ឥឡូវគិតទៅ កម្មករម្នាក់ទទួលបាននូវអត្ថប្រយោជន៍ទាបបំផុត ២០០ ដុល្លារ។ អញ្ចឹងបើសិនជាគិត ១២ ខែ វាក៏បានដល់ទៅ ២ ៤០០ ដុល្លារ។ យោងទៅលើការគិតគូរប្រកាសជាសកល ពីមុននេះអ្នកណាដែលរកបាន១ ដុល្លារ/ថ្ងៃ គឺឆ្លងផុតបន្ទាត់ភាពក្រីក្រ។ ក្រោយនេះ ដូចជាកំណត់១,៩ ដុល្លារ ទើបចាត់ទុកថាលើបន្ទាត់ភាពក្រីក្រ … ជិត ២ ដុល្លារ ទើបដំឡើងក្រោយនេះទៀត។ ឥឡូវ ក្មួយៗ ២០០ ដុល្លារ ១ ថ្ងៃ ស្មើនឹង៦ ទៅ៧ដុល្លារ។ ការវាស់ស្ទង់នេះក្មួយៗរកបាន។ បើប្រៀបធៀបជាមួយនឹងអ្វីដែលក្មួយៗ ធ្វើនៅក្នុងវិស័យកសិកម្មជាមួយឪពុកម្ដាយ ចំនួនទឹកប្រាក់ដែលចេញពីឧស្សាហកម្មនេះគឺបានច្រើនជាង។ វិស័យសេវាកន្លែងខ្លះក៏បានទទួលផលច្រើនដែរ។ និយាយយ៉ាងដូច្នេះ មិនមែនលើកទឹកចិត្តឲ្យបោះចោល មិនអនុវត្តក្នុងវិស័យកសិកម្មទេ។ ប៉ុន្តែយើងរកវិធីឲ្យវិស័យកសិកម្មរបស់យើងទទួលនូវផលចំណេញកាន់តែច្រើនពីការដែលខ្លួនបញ្ចេញពលកម្ម។

(១៣) ការនាំចេញ៤ ខែដើមឆ្នាំ២០២៣ កើនឡើង, ពង្រីកឧស្សាហកម្មកែច្នៃវត្ថុធាតុដើមមានស្រាប់ ដើម្បីបង្កើនតម្លៃកសិផលកម្ពុជា

ម្សិលមិញខ្ញុំបានទទួលតួលេខពីឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ បើទោះបីជាមានការថមថយបន្តិច ប៉ុន្តែរយៈពេល៤ ខែនេះ យើងបាននាំចេញទៅក្រៅប្រទេសចំនួន ៧ ៣៣៤ លានដុល្លារ។ សម្រាប់តែខែមេសាកន្លងទៅនេះយើងបាននាំចេញ ១ ៨៤២ លានដុល្លារ។ អញ្ចឹងទឹកប្រាក់នាំចេញនៃប្រទេសរបស់យើង ទាំងវិស័យកាត់ដេរ ទាំងកសិកម្ម វិស័យដទៃទៀត គឺមានការកើនឡើង។ យើងត្រូវតែពង្រីកទំហំវាឲ្យកើនឡើង តាមរយៈការខិតខំនៅគ្រប់ផ្នែក។ វិស័យកសិកម្ម ដែលយើងចង់បានឧស្សាហកម្មកែច្នៃទៅលើវត្ថុដើមដែលមានស្រាប់នៅក្នុងប្រទេស។ យើងនឹងទទួលផលកាន់តែច្រើនទៅលើតម្លៃបន្ថែមនៃផលិតផលកសិកររបស់យើង។ ចំណុចទាំងអស់នេះទាមទារឲ្យយើងទាំងអស់គ្នារួមគ្នា មិនអាចមានផ្នែកណាមួយធ្វើតែម្នាក់ឯងបានទេ។

(១៤) ធ្វើឲ្យតំបន់រោងចក្រក្លាយទៅជាតំបន់សុខសាន្ត គ្មានគ្រឿងញៀន ឬការដេញកាប់គ្នា

ខ្ញុំរំពឹងថា គ្រប់រោងចក្រសហគ្រាសនិងអ្នកវិនិយោគ ក៏ដូចជាកម្មករ/ការិនី ធ្វើយ៉ាងម៉េចឲ្យតំបន់រោងចក្ររបស់យើងក្លាយទៅជាតំបន់ដែលមានស្ថានភាពសុខសាន្ត។ នយោបាយភូមិឃុំមានសុវត្ថិភាព ក៏ជាផ្នែកដែលត្រូវអនុវត្តទៅតាមរោងចក្រសហគ្រាស។ ទីនោះ មិនមែនជាទីកន្លែងជក់គ្រឿងញៀន ហើយក៏មិនមែនជាកន្លែងយកដាវដេញកាប់គ្នាដែរ គឺជាកន្លែងផលិតកម្មដ៏ល្អ។ ខ្ញុំរីករាយដោយមើលឃើញថា អ្វីៗដែលបានកើតគ្រប់រោងចក្រប្រមាណពាន់រោងចក្រ ហើយបើគិតទូទាំងប្រទេស សហគ្រាសទាំងអស់ជាង ១ ៧០០ សហគ្រាស មានកម្មករសរុបជាង ១ លាន ៥ សែននាក់ គឺមិនមានទីកន្លែងសម្រាប់ប្រណាំងម៉ូតូ ជក់គ្រឿងញៀន ឬកាប់ចាក់គ្នានៅក្នុងរោងចក្រដោយដាវសាម៉ូរ៉ៃនោះទេ។ នោះជាចំណុចដែលត្រូវលើកទឹកចិត្ត ហើយតាមថែរក្សា។

ខ្ញុំសូមស្នើឲ្យបន្តនូវសាមគ្គីភាពនៅក្នុងរោងចក្រដែលជាសហគមន៍សុខសាន្តមួយ។ យើងទទួលផលទាំងអស់គ្នា។ អ្នកគ្រប់គ្រងទាំងឡាយត្រូវមើលថែទាំកម្មករ/ការិនីរបស់យើងឲ្យបានដិតដល់។ កម្មករ/ការិនីរបស់យើងក៏ត្រូវធ្វើកិច្ចការឲ្យបានត្រឹមត្រូវទៅតាមក្របខណ្ឌច្បាប់ គឺប្រើច្បាប់ធ្វើជាគោល ហើយខិតខំដោះស្រាយនូវការមិនចុះសម្រុងណាមួយ ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។ អម្បាញ់មិញមកបានជួបត្រង់នេះ មាននំបុ័ង មានអី។ ក្មួយអើយ ពូអ្នកនិយាយទេ ក្មួយនាំគ្នាទទួលទានទៅ។ ពូចង់ដែរ ក៏ប៉ុន្តែបើសិនគេដាក់មក ណាហូបនំបុ័ងផង និយាយផងអួលនៅហ្នឹងហើយ។ និយាយមិនកើត ..។ មិញឃើញមានមួយកញ្ចប់ ថាអស់មួយហើយ។ នំបុ័ងហ្នឹង២ គាត់ទទួលទានអស់មួយហើយ។ មានទឹកក្រូច ទឹកអី ដាក់ទៅ។ ជួនកាលក្មួយៗចេញមកពីយប់ ហើយមកដល់នេះ អង្គុយហេវស្តាប់លោក ហ៊ុន សែន ព្រោកប្រាជ្ញទៅទៀត។ អញ្ចឹងទេ ដាក់ទៅ ហើយអ្នកថតកុំថតគ្នាកំពុងតែហាមាត់ណា។

អ្នកទាំងអស់គ្នានៅពីមុខខ្ញុំនេះ មានអ្នកខ្លះត្រឹមតែជាក្មួយ មានអ្នកខ្លះថាជាបង ព្រោះអាយុច្រើនដែរ ប៉ុន្តែមានអ្នកខ្លះដល់ទៅចៅនោះ ព្រោះអាយុហ្នឹងវាស្មើនឹងចៅរបស់ខ្ញុំទេ។ ភាគច្រើននៅក្នុងហ្នឹង អាចស្មើនឹងអាយុចៅរបស់ខ្ញុំទេ។ ពិតមែនតែឥឡូវហ្នឹង មើលឃើញថាលោក ហ៊ុន សែន នៅសង្ហា កាន់តែធ្វើអោយអៀនខ្លួនឯង។ ឥឡូវហ្នឹង រូបថតលែងចង់បង្ហោះហ្មង។ ឲ្យតែបង្ហោះ comment ចូលមកថាសង្ហាណាស់លោកពុក។ អៀនខ្លួនឯង។ ប៉ុន្តែធ្វើម៉េចឥឡូវហ្នឹង បើទេវតាឲ្យកើតមកអញ្ចឹង។ អាហ្នឹងព្រហ្មលិខិតចារមកវាអញ្ចឹង ឲ្យរូបរាងយើងវាអញ្ចឹង។ ឲ្យយើងពិការភ្នែកម្ខាង។ ប៉ុន្តែ បើកុំមានសង្គ្រាមប្រហែលជាអត់ពិការទេ …។

(១៥) អត្ថិភាពបច្ចុប្បន្ន ដោយសារមានសន្តិភាព មិនមែនដោយសារសង្គ្រាមទេ

ខ្ញុំចង់បន្ត មិនជាច្រើនទេ អំពាវនាវឲ្យក្មួយៗទាំងអស់ អ្នកទាំងអស់គ្នានៅទីនេះ ចូលរួមរក្សាសន្តិភាពឲ្យខាងតែបាន។ លើការជាក់ស្តែង យើងបាននិងកំពុងស្ថិតនៅទីនេះ ដោយសារអ្វី? គឺដោយសារសន្តិភាព មិនមែនដោយសារកើតសង្គ្រាមទេ។ ពេលប្រទេសកើតសង្គ្រាម ដីធ្លីអ្វីៗបំផ្លិចបំផ្លាញ … ម្សិលមិញដូចជាជួបយូរជាងហ្នឹង។ លើកនេះមកចំផ្លូវក្រវាត់ក្រុងទី៣ មកខាងឆ្វេងដៃ ឃើញរោងចក្រពីម្សិល។ រោងចក្រហ្នឹងធំណាស់ ហើយស្អាត។ ខ្ញុំស្មានតែសណ្ឋាគារ។ ហ្នឹងផ្ទះសម្រាប់កម្មករនៅ ប៉ុន្តែដូចសណ្ឋាគារ។ ស្អាតអញ្ចឹង។ សម័យនេះហើយ មិនមែននៅដេកក្រោមតង់ទេ។ តង់ហ្នឹងម្តងម្កាល។ ផ្ទះគេធ្វើសម្រាប់កម្មករ។ បើកម្មករនៅផ្ទះលេងសុទ្ធតែម៉ាស៊ីនត្រជាក់ទៀត ដល់កហើយ។ ហ្នឹងគឺថៅកែគេអ្នកចេញឲ្យតើ។ បើសិនជាគ្រប់ទីកន្លែងអាចធ្វើអញ្ចឹងបានជាការល្អ កាត់បន្ថយការជួលផ្ទះ។ ប៉ុន្តែហ្នឹងវាទៅតាមលទ្ធភាពរបស់រោងចក្រនីមួយៗ សមត្ថភាពនៃរោងចក្រនីមួយៗប៉ុណ្ណោះ។ អ្វីដែលខ្ញុំចង់បន្ថែម មានតែរក្សាសន្តិភាពឲ្យបាន ទើបមានការអភិវឌ្ឍ

(១៦) មិនអត់ឱនក្រុមជ្រុលនិយមដែលចង់ដណើ្ដមអំណាចក្នុងដំណើរមិនប្រជាធិបតេយ្យ

អ្នកទាំងអស់គ្នាបានដឹងហើយថាអ្នកណាដែលរក្សាសន្តិភាពបាន? អ្នកស្វែងរកសន្តិភាពគឺអ្នកដែលការពារសន្តិភាព។ អ្នកដែលមិនបានស្វែងរកសន្តិភាព គឺខិតខំយ៉ាងម៉េចឲ្យតែមានអស្ថេរភាពក្នុងប្រទេស។ គេមិនបានគិតទៅដល់រឿងអ្នកណាស្លាប់អ្នកណារស់ទេ ធ្វើម៉េចឲ្យតែបានអំណាច។ ឥឡូវគេចាប់ផ្តើមនិយាយហើយ លោក ហ៊ុន សែន ធ្វើម៉េចការពារអំណាច? បាទ! សូមឆ្លើយទៅវិញថា “អូខេ! ទទួលយកការពារអំណាច”។ អត់មានអីពិបាកទេ។ ប៉ុន្តែសុំសួរទៅពួកលោកឯងវិញ ដែលចង់បានអំណាច លោកឯងថាម៉េចដែរ? ពួកលោកឯងប្រើប្រាស់វិធីសាស្ត្រមិនប្រជាធិបតេយ្យចង់បានអំណាច ចង់ឲ្យគេសម្លាប់ ហ៊ុន សែន ចង់ឲ្យគេចាប់ ហ៊ុន សែន ចង់ឲ្យកម្លាំងប្រដាប់អាវុធបែរកាណុងមកបាញ់ ហ៊ុន សែន តើអ្នកឯងយល់យ៉ាងម៉េច? នេះជាវិធីដើម្បីដណ្តើមអំណាចក្នុងដំណើរមិនមែនប្រជាធិបតេយ្យដែលមិនត្រូវអត់ឱនទេ។ មិនត្រូវអត់ឱនឱ្យក្រុមជ្រុលនិយមនេះទេ។ បើមិនអញ្ចឹង ប្រទេសយើងនឹងរងគ្រោះសាជាថ្មីម្តងទៀត។ គោលដៅអ្នកឯងចង់ធ្វើបដិវត្តពណ៌ ដូចជាករណីបដិវត្តកសិករដែលអ្នកឯងនាំគ្នាសិក្សា។ តើនៅប៉ុន្មានកន្លែងទៀត។ យើងនៅតែបន្តនិយាយ។ បើនៅតែមានឧបាយកលតទៅទៀត យើងនៅតែបន្តនិយាយ។

(១៧) បរទេសដែលជួយលុយកាក់ដល់ចលនាបដិវត្តកសិករសូមដកថយ

សុំមិត្តភក្តិបរទេសដែលផ្តល់លុយផ្តល់កាក់ សម្រាប់ចលនាបែបនេះដកថយខ្លួន។ យើងខ្ញុំនឹងធ្វើការស្រាវជ្រាវឲ្យដល់ឫសគល់ តើអ្នកឯងបានលុយពីត្រង់ណាមកដើម្បីហ្វឹកហាត់របៀបហ្នឹង។ យើងមិនអាចបណ្តែតបណ្តោយឲ្យប្រទេសមួយត្រូវបំផ្លាញទេ។ អ្នកខ្លះបែរជានិយាយជាមួយយើងថា ចាំបាច់និយាយដល់សន្តិភាពអីទៀត បើប្រទេសមានសន្តិភាពហើយ។ ខ្ញុំត្រូវតែនិយាយ ដោយសារពួកអ្នកឯងចង់បំផ្លាញសន្តិភាពនៅប្រទេសរបស់ខ្ញុំ។ បើអ្នកឯងមិនចង់បំផ្លាញសន្តិភាពនៅក្នុងប្រទេសរបស់ខ្ញុំទេ ខ្ញុំក៏មិនចាំបាច់និយាយដែរ។ ប៉ុន្តែពួកអ្នកឯងម្តងហើយម្តងទៀត តាមរយៈមធ្យោបាយនេះមធ្យោបាយនោះ មធ្យោបាយច្រើនណាស់(ចង់បំផ្លាញសន្តិភាពនៅប្រទេសរបស់ខ្ញុំ)។ អ្នកកុំភ្លេចថា ពួកខ្ញុំក៏មានខួរក្បាល ពួកខ្ញុំក៏ចេះគ្រប់គ្រងប្រទេសរបស់ខ្ញុំដែរ។ ពួកខ្ញុំក៏មានព័ត៌មានគ្រប់គ្រាន់អំពីអ្វីដែលអ្នកឯងកំពុងធ្វើដែរ។ ពួកអ្នកឯងកុំនិយាយថា រឿងនេះជារឿងសិទ្ធិបញ្ចេញមតិ។

(១៨) កម្ពុជាត្រូវតែមានសន្តិភាព ធានាភាពសុខសាន្ត អភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព

អ្នកឯងត្រូវយល់អំពី(ផលវិបាកនៃ)ការធ្វើឲ្យរំជើបរំជួល បង្កចលាចល។ អ្នកណាបានគិតថា កាលពីឆ្នាំ១៩៧០ មានសង្គ្រាមកើតឡើង នៅក្នុងពេលនោះប្រទេសកម្ពុជាត្រូវបានប្រសិទ្ធនាមថាជាកោះសន្តិភាព។ កោះសន្តិភាពនេះ ត្រូវបានក្លាយទៅជាចំណុចក្តៅនៃសង្គ្រាម។ គ្រាប់បែករាប់លានតោនត្រូវបានទម្លាក់លើក្បាលប្រជាជនកម្ពុជា។ យើងខ្ញុំអត់ប្រហែសទេ។ ចង់អ្នកណាថាម៉េចថាទៅ ប្រទេសកម្ពុជាត្រូវតែមានសន្តិភាព ដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ បើគិតទៅវាសល់មិនដល់ ២ ខែទៀតទេ ការបោះឆ្នោតនឹងមកដល់។ សូមឲ្យបងប្អូនទៅចូលរួមបោះឆ្នោតដើម្បីជ្រើសរើសតំណាងដែលពេញចិត្ត។ ខ្ញុំក៏សូមអរគុណរយៈពេលកន្លងទៅ ខ្ញុំក៏បានដឹងថាសន្លឹកឆ្នោតចេញពីសំណាក់កម្មករ/ការិនី និងក្រុមគ្រួសារយ៉ាងច្រើន ដែលគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ អ្នកដែលស្វែងរកសន្តិភាព អ្នកដែលមានលទ្ធភាពការពារសន្តិភាពពិតប្រាកដ គ្មាននរណាក្រៅពីគណបក្សប្រជាជនកម្ពុជាទេ។ ខ្ញុំមិនឆ្លៀតយកឱកាសនេះធ្វើការឃោសនាបោះឆ្នោតទេ។ ខ្ញុំគ្រាន់តែនិយាយរឿងពិតតែប៉ុណ្ណឹង។ អ្នកណាចង់ថាអីថាទៅ។ អ្នកបំផ្លាញសន្តិភាពជាអ្នកណា? គឺស្គាល់មុខហើយ។

(១៩) ថាក់ស៊ីន និងយីងឡាក់ មិនអំពាវនាវឲ្យបរទេសកាត់ជំនួយ ឈប់ទិញទំនិញឬវិនិយោគនៅថៃទេ

និយាយតាមមួយបែប ខ្ញុំសរសើរអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និង យីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលជាអតីតនាយករដ្ឋមន្រ្តីថៃទាំងបងទាំងប្អូន។ ទោះបីត្រូវគេទម្លាក់ដោយរដ្ឋប្រហារ ហើយទៅរស់នៅបរទេស មិនអាចចូលក្នុងស្រុកបាន តែអ្នកទាំងពីរមិនដែលអំពាវនាវឲ្យបរទេសកាត់ជំនួយ ឬឈប់ទិញទំនិញថៃ ឬឈប់មកវិនិយោគក្នុងប្រទេសថៃទេ។ មិននឹកស្មានថា អ្នកជ្រុលនិយមនៅប្រទេសកម្ពុជាទៅអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មលើខ្មែរ ឈប់ទិញទំនិញខ្មែរ មិនមកវិនិយោគនៅខ្មែរ។ ពួកអ្នកឯងរង់ចាំមើលជោគ​វាស​នារបស់ពួកអ្នកឯងទៅ។ ប្រទេសគេៗ ប្រឆាំងគ្នា គេមានបញ្ហា ក៏ប៉ុន្តែគេមិនដែលសម្លាប់ប្រជាជនខ្លួនឯង ដោយការអំពាវនាវកុំឲ្យមកវិនិយោគឬទិញទំនិញ ឬដាក់ទណ្ឌកម្មនោះទេ។ មិនដែលនោះទេ។ ប៉ុន្តែយើងនេះ ទៅត្រង់ណាក៏ទាមទារៗ។ អើ! ទាមទារទៅ។ ប្រទេសណាស្ដាប់ក៏ស្ដាប់ទៅ អ្នកណាគេមិនស្ដាប់ក៏ជាក់ស្ដែង អ្នកវិនិយោគនៅប្រទេសយើង វានៅតែប្រទេសយើង វាមានស្អីទៅណាទៀត។

ម្សិលមិញ មួយគ្រែវាក៏វែងដែរ។ ថ្ងៃហ្នឹងមិនចង់បន្តទៅទៀតទេ។ មេឃចេញថ្ងៃមកហើយ។ យើងបបួលចង់រាំវង់កណ្ដាលភ្លៀង បែរជាចេញថ្ងៃមកវិញ។ នៅចាំទេក្មួយ គេនិទានរឿងចិត្តមិនទៀងនោះ។ សង្សារពីរនាក់ទៅលេងមាត់សមុទ្រ។ ទៅដល់មេឃចង់ភ្លៀង ពពកខ្មៅអញ្ចឹង ខាងស្រីសួរប្រុសថាម៉េចទៅបងបានមេឃអញ្ចឹង? ខាងប្រុសហ្នឹងបានឆ្លើយត្រឡប់ទៅវិញថា វាចាញ់សម្រស់អូន។ ដល់ ៣ ឬ ៤ ឆ្នាំក្រោយមក ចាប់ផ្ដើមមានកូន ទៅលេងកន្លែងដដែលហ្នឹងទៀត។ មេឃក៏វាអញ្ចឹងទៀត ចង់រកភ្លៀង។ សួរទៅប្ដីទៀត  “បង មេឃម៉េចអញ្ចឹង?”។ យី! ក្បាល​កញ្ចាស់ហើយមិនដឹងទេ មេឃវាជិតភ្លៀង។ អញ្ចឹងទេ ចិត្តប្រែប្រួល …។

ម្សិលមិញនេះ មានក្មួយស្រីម្នាក់កូនទី៣ ទើបនឹង ៣ ខែ ហើយកូន ៣នាក់ហើយ ប្រាប់ថា ប្ដីប្រុងទៅរៀបការនៅថ្ងៃទី១ ខែមិថុនានេះ។ អញ្ចឹងបានម្សិលមិញហ្នឹងអំពាវនាវថា ត្រឡប់មករកប្រពន្ធកូនវិញមក។ កូននៅត្រង់នេះទេ។ ហ្នឹងគឺថា ស៊ិន ស៊ីសាមុត ច្រៀងថា ទុក្ខអីទុក្ខធំមិនស្មើទុក្ខមានប្រពន្ធពីរ … ខ្ញុំមិនមែនអ្នកធ្លាប់មានប្រ​ពន្ធពីរឯណា។ ប៉ុន្តែយើងប្រៀបធៀបអ្នកដែលមានប្រពន្ធពីរ របៀបដូចរែកឆ្នាំង​ភ្លើងអញ្ចឹង។ មួយរាងធ្ងន់ ត្រូវរុញឲ្យមកកៀក តែបើមកកៀកវាក្ដៅ។ អញ្ចឹងត្រូវឲ្យមកប្រឡោះកណ្ដាលរបៀបម៉េច ទៅនៅខាងនោះ ចោលខាងនេះ ទៅនៅខាងនេះ វាចោលខាងនោះ។ អញ្ចឹងទេ ត្រឹមមួយទល់មួយទៅបានហើយ​។ កុំលេងមួយទល់ ៤ ឬ ៥ ងាប់ហើយ។ បានកម្លាំងពីណា?

ជួបគ្នាព្រឹកនេះ ពេលរសៀលបានសម្រាក

ថ្ងៃនេះ ថ្ងៃសៅរ៍ដែរទេ។ ក្មួយៗ ចេញពីនេះទៅ(បានសម្រាក)។ អរគុណលោកថៅកែ ម្ចាស់រោងចក្រទាំងអស់ ដែលបានអនុញ្ញាតឲ្យកម្មករ/ការិនីបានឈប់សម្រាក។ ថ្ងៃនេះត្រូវធ្វើការ ប៉ុន្តែមានសំណូមពរនៃការជួបជុំគ្នាបែបនេះ យើងស្នើសុំមួយថ្ងៃ។ កាលពីមុននោះ កាលពីជួបដំបូងៗ មួយវគ្គពីរវគ្គដំបូងនោះ ជួបពេលព្រឹក ថ្ងៃគ្នាត្រូវធ្វើការ។ អញ្ចឹងទេចាប់ពីនោះមក យើងចាប់ផ្ដើមអនុវត្តវិធីសុំម្ចាស់រោងចក្រមួយថ្ងៃពេញតែម្ដង។ ចេញពីហ្នឹងទៅ អាចត្រឡប់ទៅផ្ទះ ដើម្បីសម្រាក ហើយស្អែកថ្ងៃអាទិត្យទេ គេអត់ធ្វើការឯណា សម្រាកបានមួយថ្ងៃទៀត។​ ថ្ងៃនេះបាននាំមកសម្រាប់កម្មករ/ការិនី និងបុគ្គលិកចូលរួមក្នុងអង្គពិធីចំនួន ១៩ ០០០ នាក់ ក្នុងម្នាក់ៗថវិកា ២ ម៉ឺនរៀលទេ តិចតួចណាស់ ក្មួយអើយ។ ហើយមានទឹកក្រូច នំប៉័ងស្អីហ្នឹងមិនបាច់និយាយទេ ព្រោះយកទៅហើយ ខ្លះផឹកអស់ទៅហើយ … ហើយថ្ងៃនេះ ចំនួនច្រើនជាងពីម្សិល កម្មការិនីមានផ្ទៃពោះ ៦១៣ នាក់ ក្នុងម្នាក់ៗជូនថវិកា ២០០ ដុល្លារ។ ហើយសម្រាប់គ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល។

(២០) ដំឡើង ១០០%​ លើការឧបត្ថម្ភចំពោះស្ដ្រីមានផ្ទៃពោះ ត្រូវសម្រាលកូន និងរហូតកូនអាយុ ២ឆ្នាំ

សម្រាប់ក្មួយស្រីៗ ពូភ្លេចនិយាយ។ ឯកឧត្ដម អ៊ិត សំហេង បានលើកហើយ ប៉ុន្តែខ្ញុំគួរតែនិយាយបញ្ជាក់បន្ថែម។ ចាប់ពីពេលនេះទៅ ក្មួយៗនឹងបានទទួលផលប្រយោជន៍ពីកម្មវិធីផ្ដល់ឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះនិងកូនមានអាយុក្រោម២ឆ្នាំ។ បន្តិចទៀត ក្មួយ​ៗដែលមានផ្ទៃពោះជាង៦០០ នាក់នោះ នឹងទទួលបានអត្ថប្រយោជន៍នេះ។ តែពេលនេះនៅអនុវត្តប្រាក់ពីមុន។ តែចាប់ពីខែ៨ទៅ អ្នកដែលឆ្លងទន្លេខែ៨ នឹងទទួលច្រើនជាង ព្រោះយើងដំឡើង ១០០%។ សូមបញ្ជាក់អញ្ចេះ មុនឆ្លងទន្លេត្រូវទៅពិនិត្យផ្ទៃពោះ៤ ដង។ ឥឡូវពិនិត្យម្ដងជូន៤ ម៉ឺនរៀល។ ប៉ុន្ដែចាប់ពីខែ៨ ពិនិត្យម្ដងឲ្យ៨ ម៉ឺនរៀល។ អញ្ចឹងពិនិត្យ៤ ដង ស្មើនឹង ៣២ ម៉ឺនរៀល។ ដល់ពេលឆ្លងទន្លេ ឥឡូវនេះកំពុងទទួល​ បានប្រាក់ឧបត្ថម្ភក្នុងម្នាក់ ៤០ ម៉ឺនរៀល។ ហ្នឹងសម្រាប់ក្មួយៗ កម្មការិនី។ ប៉ុន្ដែក្មួយៗនឹងបានទទួលបន្ថែម ពេលឆ្លងទន្លេ​នៅពេលនេះបានទទួល ២០ ម៉ឺនរៀល។ ដល់ចាប់ពីខែ៨ ទៅនឹងទទួលបាន៤០ ម៉ឺនរៀល។ បន្ទាប់ទៅត្រូវពិនិត្យ ១០ ដង(បន្ទាប់ពីឆ្លងទន្លេ) បានសេចក្ដីថា ម្ដាយត្រូវពិនិត្យ៣ ដង កូនពិនិត្យ៧ ដង។ ក្នុងការពិនិត្យម្ដងទទួលបាន៨ ម៉ឺន។ អញ្ចឹង១០ ដង ទទួលបាន ៨០ ម៉ឺន។ បូកសរុបទៅក្នុងម្នាក់ៗនឹងទទួលបានអត្ថប្រយោជន៍ចំនួន ១ លាន ៥ សែន ២ ម៉ឺនរៀល ស្មើនឹង ៣៨០ ដុល្លារ គិតក្នុងអត្រាប្ដូរប្រាក់ ៤០០០រៀល ក្នុង១ ដុល្លារ។

(២១) ពង្រីកវិសាលភាពពីស្រ្តីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកគ្របដណ្តប់កម្មការិនីរោងចក្រ/សហគ្រាស

កន្លងទៅ យើងមិនបានអនុវត្ដគោលការណ៍ហ្នឹងជាមួយកម្មការិនីតាមរោងចក្រសហគ្រាសទេ។ យើងអនុវត្ដនៅតាមមុខ​សញ្ញានៃសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅវិញ។ ឥឡូវយើងដាក់បញ្ចូលកម្មការិនីខាងផ្នែករោងចក្រ ក្នុងនោះមានវិស័យ​កាត់ដេរ និងដេរស្បែកជើងមានកម្មការិនីច្រើនជាងគេ។ អញ្ចឹងក្មួយៗនឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីការគាំពារ​សង្គមដែលដឹកនាំដោយគណបក្សប្រជាជនកាន់កាប់រដ្ឋាភិបាល។​ អ្នកដទៃចេះតែស្រែកប៉ុណ្ណេះប៉ុណ្ណោះទៅ ប៉ុន្ដែយើងធ្វើជាក់ស្ដែង។

បញ្ហានៅតែនីតិវិធីដំណើរការជាមួយក្រសួងសង្គមកិច្ច និងអតីតយុទ្ធជននិងយុវ​នីតិសម្បទាទេ។ ត្រូវមានពេលវេលា ព្រោះយើងតម្លើង ១០០%។ ឧបមាថាយើងតម្លើងពី ៤ ម៉ឺន ទៅ ៨ ម៉ឺន ពី ២០ ម៉ឺនទៅ ៤០ ម៉ឺន នេះ គឺត្រូវមានរយៈពេលមួយគឺនៅបាំងតែពីរខែទៀតទេ នឹងអនុវត្ដ(គោលនយោបាយថ្មី) … អញ្ចឹងនៅពេលក្មួយកើតនៅខែ៨ គឺទទួលបានឌុប គឺទទួលបានរបបកន្លងទៅនេះ និងទទួលបានរបបទាក់ទិននឹងស្ដ្រីមានផ្ទៃពោះនិងកូនដល់អាយុដល់២ ឆ្នាំ ព្រោះដែលហៅថាកម្មករគឺមិនមែនអ្នកមានទេគឺប្រភេទអ្នកក្រ។ គ្រាន់តែក្រយើងក្រសម័យថ្មី មួយខែបានជាង ២០០ ដែលនៅលើបន្ទាត់នៃភាពក្រីក្រ។ ប៉ុន្ដែវាទាមទារយ៉ាងដូច្នោះដើម្បីសុខុ​មាល​ភាពមាតាផងនិងសម្រាប់កូនផង ដែលយើងចង់ឲ្យកូនចៅយើងជំនាន់ក្រោយមានសុខភាពល្អ។

សូមចូលរួមគាំទ្រការប្រកួតអាស៊ានប៉ារ៉ាហ្គេម

ឥឡូវ​យើងឃើញហើយកីឡាបាល់ទះកម្ពុជា។ ឥឡូវដាក់ជាមួយបារំាងកម្ពស់បារាំងវាយឈ្នះបារាំង។ ដល់ប្រាប់ថា អត់អីទេ កុំបាក់​ទឹកចិត្តដោយសារយើងប្រើកម្លាំងពេក។ អញ្ចឹងដល់លើកទី ២ ពួកនេះលេងល្បិចដែរមានអីឈ្នះបារាំងបាត់។ កន្លងទៅ(ស៊ីហ្គេម)យើងជាប់ចំណាត់ថ្នាក់ទី២ បានមេដាយប្រាក់ដែរលើផ្នែកបាល់ទះ។ ឥឡូវកម្ពស់អីមិន​ចាញ់ឥណ្ឌូនេស៊ីទេ ប៉ុន្ដែវិធីវាយត្រូវយករបៀបវាយរបស់ឥណ្ឌូនេស៊ីមកសិក្សាមិនធម្មតា។ គាត់លោតសំកាំងបានយូរ​បន្ដិច វាយយកប៉ះដៃឲ្យចេញទៅណាចេញទៅ។ ប៉ុន្ដែពេលឡើងបារ៉ាស់គឺមិនងាយវាយជាមួយគាត់ទេ។ បើគាត់ធ្វើបាន យើងក៏មានលទ្ធភាពធ្វើបាន។ កុំភ្លេចគាំទ្រប៉ារ៉ាហ្គេមផងណា។ ខាងពិការនៅសល់តែ ៧ ថ្ងៃទៀតទេដល់ហើយ។ ម្សិលមិញបានជួបកីឡាករ កីឡាការិនីជនពិការរបស់យើង។ ជនពិការនេះកំពុងតំណាងឲ្យយើងទាំងអស់​គ្នាចូលរួមប្រកួតមកពីទាំងអស់ ១១ ប្រទេសរាប់ទាំងយើង ហើយយើងធ្វើជាម្ចាស់ផ្ទះទៀត។ យើងមានឱកាសធ្វើជាម្ចាស់ផ្ទះប្រកបដោយការទទួលខុសត្រូវ​។ អរគុណក្មួយៗទាំងអស់ដែលបានចូលរួមស្ដាប់ការនិទានរបស់ខ្ញុំនៅថ្ងៃនេះ។ ជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេស កម្មករ/ការិនីរបស់យើងទទួលបាននូវសេចក្ដីសុខ ចម្រើន ជាមួយនឹងពុទ្ធពរ​និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

**************

Selected Comments Samdech Techo Hun Sen, Conversation with Workers at 81 Factories in the Royal Group Phnom Penh Special Economic Zone (Day 2)

[Unofficial Translation]


 



CNV: 27/05/2023

(1) The second-round meeting with workers reviews the implementation of the 10 recommendations and the results of the first-round meeting


[…] From May 22 in Sihanoukville yesterday and today I have met in total, both in Sihanoukville and here about 60,000 workers. The specific purpose of the meeting is to review the implementation of the 10 recommendations and what has been achieved looking to the status before the first-round meeting and the outcome of the first-round meeting so far […] let me cite a small example. It can be small and it can be big. It has been my intention to let female workers with pregnancy to stop work and get out of the work line first. Why do I want them to leave first? The reason is that if they come out at the same time with other people, it is clear that there would be jostling between pregnant and non-pregnant women. Such congestion will make it difficult for pregnant women. That is why I suggest to let the pregnant women leave at least 15 minutes early, and if some factory management can let them leave earlier than that it is even better. However, it has to be not less than 15 minutes before time […] I think that the Minister of Women’s Affairs is happy with the policies I have put out in the past for women, and they are policies for women workers […]

(2) Factory owners and workers should complement each other

Gatherings to review progress and find new solutions are a way to move the country forward, supported by the development of links in the areas of agriculture, industry, services, and linkages between factory owners and workers […] why the Royal Government wants and strives to attract both domestic and foreign investment to the country? […] promoting only agriculture cannot become a rich country and we cannot develop. Pol Pot’s theory to have rice is to have everything – did not work […]in the end, the people were starving […] we are developing all areas. Agriculture continues for the growth of the rural economy and for the supply of food, food security in our country. But at the same time, the industry and services are being taken care of to attract investment […]

(3) Provide infrastructure, electricity, roads, legal documents to meet the needs of local and foreign investors

After 1979 and for most of the 1980s, our country had very few factories or all the loss factories except for the profitable cigarettes. At that time, who came to invest? No one invests. Our country is at war. When our country is peaceful, we strive to build infrastructure, electricity supply, roads, legal documents and network systems to meet the needs of both local and foreign investors. Without peace, there is no opportunity to attract investment to our country. (With peace) you are here sitting listening to the Prime Minister. (Without peace) this is the time when you are working in the fields with your parents […]

(4) Prime Minister held forums with farmers, now with the private sector and workers

In the 1980s, we had a hard time. At that time, the Prime Minister held forums only with farmers in the fields. People may have seen pictures of the dialogue between the Prime Minister and the farmers in the 1980s and 1990s discussing where to dig the canals, what roads to be built, etc. But over time, there have been many opportunities for the Prime Minister to hold meetings with the private sector in relation to industry and other non-agricultural sectors. In the future, we have to meet with Oknha(dukes), because it is these dukes who create the capital to provide us with jobs. I wanted to explain this point. Some people say they will take from the rich and give it to the poor. What is different from the Pol Pot way? How do we get rich people to invest their money to create jobs for us? […]

(5) The basic salary of US$200/month or US$7/day is above the poverty line

In terms of salaries, in the garment sector alone, we receive more than USD 3 billion in labor. Each worker receives a minimum benefit of US$ 200. For 12 months, it can be up to US$ 2,400 per person. According to the previous universal declaration, whoever earns US$1/day crossed the poverty line. The latter one – US$ 1.9 limit is considered to be above the poverty line […] now, you earn US$ 200 a day or between US$6 and US$ 7 […] I have received figures from His Excellency Pan Sorasak, Minister of Commerce […] for the past four months, we have exported US$ 7,334 million. Last April alone, we exported US$ 1,842 million. Thus, the export value of our country, both in the garment and agricultural sectors, is increasing. We must expand it through efforts in all areas. We want the industry to process existing raw materials in the country […]

(6) Extremists with undemocratic methods for power

Please join au to keep peace. In fact, why can we be here? It is because of peace, not because of war. When a country is at war, everything on land is destroyed […] all I wanted to add is unless we keep peace, we will not be able to secure development […] you all know who could and have kept the peace so far? It is the peace seekers who keep the peace. Those who do not seek peace are trying to destabilize the country. They do not think about who dies, who lives, but only how to get power […] they blame me for staying in power […] let me ask them want do they think when they also seek power? They have used undemocratic methods for power, wanted to kill Hun Sen, wanted to arrest Hun Sen, and wanted the armed forces to turn their guns on Hun Sen. What do they make of think? This is a way to seize power in a process that is not democratic and that must not be tolerated […]

(7) Tolerate no extremists to seize power in a non-democratic process

This extremist group must not be tolerated. Otherwise, our country will suffer again. Your goal is to make a color revolution, as in the case of the peasant revolution that you are stirring. How many more places? […] I am asking our foreign friends who give money for such movements to withdraw (from such action). We will do our research to find out where you got the money for training like that. We cannot allow a country to be destroyed. Some people say to us that there is no need to talk about peace if the country is already at peace. I have to say it is because you want to destroy the peace in my country. If you do not want to destroy the peace in my country, I do not need to talk about it. You, however, again and again, through this or that way, so many ways, (want to destroy the peace in my country) […]

(8) Cambodia must ensure peace and sustainable socio-economic development

You need to understand the (consequences) of agitation. Who would have thought that there would be a war in 1970, at which time Cambodia was nicknamed the Island of Peace. This island of peace has become a hotbed of war. Millions of tons of bombs were dropped on the heads of Cambodians. We cannot afford to be negligent. No matter who would say what. Cambodia must have peace to ensure the peaceful life of the people and sustainable socio-economic development […]

(9) Cambodian extremists called for sanction, stop buying Cambodian goods and no investment in Cambodia I commend former Thai Prime Minister Thaksin Shinawatra and former Thai Prime Minister Yingluck Shinawatra. Both brother and sister had been Prime Ministers of Thailand. Despite being overthrown by a coup and unable to enter the country, the two have never called on foreigners to cut aid or stop buying Thai goods or stop investing in Thailand. Unexpectedly, the extremists in Cambodia are calling for foreigners to punish Cambodians, stop buying Cambodian goods and not invest in Cambodia. You will wait to see your own destiny. Opposition in other countries never killed their own people by demanding a stop to investment, a halt to buy goods, and/or to impose sanctions. The opposition in our country, would demand all of them wherever they go […]./.

No comments:

Post a Comment