Monday, May 01, 2023

វិភាគអន្តរជាតិ៖ អ្វីទៅជា «ក្រឡាអុកយុទ្ធសាស្ត្រ» របស់ចិន ក្នុងសង្រ្គាមអ៊ុយក្រែន?


(វ៉ាស៊ីនតោន)៖ អស់រយៈពេលមួយឆ្នាំមកនេះ ចិនបានដើរយ៉ាងប្រុងប្រយ័ត្ននៅលើក្រឡាអុកសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដោយបានក្លាយជាអ្នករង់ចាំទទួលផលមួយ នៅក្នុង ចំណោមអ្នកទទួលផលដទៃទៀតមួយចំនួនតូចពីសង្រ្គាម។ មកទល់នឹងពេលនេះ ចិននៅតែបន្តបដិសេធការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកដែលថាទីក្រុងប៉េកាំង មាន ផែនការផ្ដល់ជំនួយយោធាដល់រុស្ស៉ី។ ពិតមែនទៅ សូម្បីតែរដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន ក៏បានទទួលស្គាល់ដែរថាចិនមិនទាន់ផ្ដល់ជំនួយយោធា ឬអាវុធឱ្យមូស្គូនោះទេ ប៉ុន្តែគ្មាននរណាម្នាក់អាចធានាបានថាចិននឹងប្រកាន់យកជំហរបែបនេះជារឿងរហូត ទេ។

បើតាមក្រុមអ្នកវិភាគមួយចំនួនធំ បរាជ័យរបស់រុស្ស៉ីនៅអ៊ុយក្រែន មិនមែនជាប្រយោជន៍របស់ចិនឡើយ ហើយកាលពីដើមខែមេសាកន្លងទៅ នៅឯចុងបញ្ចប់នៃដំណើរទស្សកិច្ច របស់លោកក្នុងទីក្រុងមូស្គូ លោកប្រធានាធិបតីចិន ស៊ី ជិនពីងក៏ធ្លាប់បានប្រកាសដែរថា «ការផ្លាស់ប្ដូរដែលមិនធ្លាប់មានក្នុងរយៈពេលជាង១០០ឆ្នាំមកនេះ កាន់តែខិតជិត ចូលមកដល់...ហើយយើង (ចិន និងរុស្ស៉ី) នឹងជំរុញការផ្លាស់ប្ដូរនេះជាមួយគ្នា»។ ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ជិងពីង បានធ្វើឱ្យគេមើលឃើញយ៉ាងច្បាស់ថា បរាជ័យរបស់រុស្ស៉ី ក៏នឹងក្លាយជារឿងអាម៉ាស់មួយសម្រាប់ចិន និងមានតែផ្ដល់ផលចំណេញកប់ក្ដោងដល់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ដូច្នេះដើម្បីរារាំងកុំឱ្យលទ្ធផលបែបនេះ កើតឡើង ចិនអាចនឹងសម្រេចចិត្តផ្ដល់ការគាំទ្រលើសពីសេដ្ឋកិច្ច និងការទូត ដល់របបដឹកនាំសព្វថ្ងៃរបស់លោក ពូទីន។

សម្រាប់ចិន ទីក្រុងប៉េកាំងមិនអាចបណ្ដោយឱ្យរុស្ស៉ីបរាជ័យនោះទេ នៅក្រោមហេតុផលប្រយោជន៍យុទ្ធសាស្ត្រ៣យ៉ាង។ ផលប្រយោជន៍ទី១៖ នោះគឺត្រូវធ្វើយ៉ាងណាសង្រ្គោះ ឬរារាំងកុំឱ្យលោកប្រធានាធិបតី ពូទីន ទទួលបរាជ័យ ឬដល់ថ្នាក់អស់អំណាច។ ពីព្រោះក្នុងរយៈខ្លី ឬមធ្យម រុស្ស៉ីនៅក្រោមរបបដឹកនាំរបស់លោក ពូទីន មានសារៈប្រយោជន៍បំផុត សម្រាប់ចិន ជាពិសេសនៅក្នុងការប្រឈមមុខជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ក៏ដូចជាផ្ដល់នូវការផ្គត់ផ្គង់ថាមពលក្នុងតម្លៃថោក និងជាទីផ្សារដ៏មានតម្លៃ។ ក្នុងន័យនេះ ទីក្រុងប៉េកាំងមិនចង់ឃើញមេដឹកនាំរុស្ស៉ីណាម្នាក់ដែលមានទំនោរងាកចេញពីចិន ឡើងកាន់អំណាចជំនួសលោក ពូទីននោះឡើយ ហើយក៏មិនចង់ឱ្យកើតមាន អស្ថិរភាពនៅក្នុងប្រទេសរុស្ស៉ី ដោយសារតែការចាញ់សង្រ្គាមនៅអ៊ុយក្រែននោះដែរ។ សេណារីយ៉ូកាន់តែអាក្រក់ជាងនេះ គឺភាពផុយស្រួល​ ឬក៏ការបាក់បែកផ្ទៃក្នុងណាមួយ នៅរុស្ស៉ី អាចនឹងបង្កជាភាពចលាចលដល់តំបន់ព្រំដែនរបស់ចិន ដែលនឹងក្លាយជាឧបសគ្គរាំងស្ទះដល់សមត្ថភាពរបស់ចិនក្នុងការធ្វើពាណិជ្ជកម្មជាមួយតំបន់អាស៊ីកណ្ដាល តំបន់កូកាសខាងត្បូង (South Caucasus) និងតំបន់អឺរ៉ុប។

ម្យ៉ាងវិញទៀត ទោះបីជាលោក ពូទីន និងលោក ស៊ី ជិនពីង អាចនឹងមានការខ្វែងគំនិតគ្នាថាតើត្រូវឱ្យសង្រ្គាមបញ្ចប់ទៅដោយរបៀបណាក៏ពិតមែន ប៉ុន្តែមេដឹកនាំទាំង២ នៅតែមាន ការយល់ឃើញដូចគ្នាថាបរាជ័យទាំងស្រុងរបស់រុស្ស៉ីគឺជា «រឿងមិនអាចទទួលយកបាន»។ ចំណែកឯ ផលប្រយោជន៍ទី២៖ ចិនបានដឹងយ៉ាងច្បាស់ថាសង្រ្គាមនៅអ៊ុយក្រែន គឺជា កត្តាកំណត់ពីជោគវាសនាសណ្ដាប់ធ្នាប់ពិភពលោក។ ពោលគឺប្រសិនបើសង្រ្គាមបិទបញ្ចប់ទៅដោយជ័យជម្នះរបស់អ៊ុយក្រែន ស្របទៅតាមលក្ខខណ្ឌរបស់លោកខាងលិច នោះ សហរដ្ឋអាមេរិកអាចនឹងកំណត់ថាសង្រ្គាមនៅអ៊ុយក្រែនជាជ័យជម្នះមួយសម្រាប់សណ្ដាប់ធ្នាប់ពិភពលោក ការដឹកនាំ អំណាច និងការទូតរបស់ខ្លួន ដែលនេះនឹងបំផ្លាញមហិច្ឆតា របស់ចិនដែលចង់កសាងសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយដើរតាមប្រយោជន៍របស់ខ្លួន។ ផ្ទុយទៅវិញ បើសង្រ្គាមនៅតែបន្តអូសបន្លាយ និងនៅតែចូលរួមចំណែកបង្កជាវិបត្តិអតិផរណា រួមទាំងសន្តិសុខស្បៀងអាហារនៅជុំវិញពិភពលោក នោះចិនអាចនឹងមានទឹកមាត់ប្រៃប្រាប់គេឯងថាវាគឺជាភស្តុតាងមួយបង្ហាញពីបរាជ័យនៃសណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយ សហរដ្ឋអាមេរិក ដោយចិនអាចនឹងអះអាងថា «តើអ្នកទាំងអស់គ្នាបានឃើញទេថា «អនុត្តរភាពរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាង៣០ឆ្នាំមកនេះ បានធ្វើឱ្យពួកយើងធ្លាក់ចូល ក្នុងស្ថានភាពជាប់គាំងបែបនេះ» ហើយនឹងលើកមុខមាត់ខ្លួនឯងជាមហាអំណាចប្រកបដោយការទទួលខុសត្រូវ នៅក្នុងសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយរបស់ខ្លួន។

លើសពីនេះទៅទៀត ចិនប្រហែលជាសប្បាយចិត្ត បើសង្រ្គាមនៅតែបន្តអូសបន្លាយ ដែលអាចអូសបន្លាយការផ្តោត ឬក៏បង្វែរធនធានរបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់អ៉ឺរ៉ុប ចេញ ឆ្ងាយពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ដោយឡែក ផលប្រយោជន៍ទី៣វិញ៖ ប្រហែលអាចនឹងមិនស្របទាំងស្រុងទៅនឹងផលប្រយោជន៍ទី២ ទេ នោះគឺចិនចង់ក្លាយជាផ្នែកមួយមិនអាច កាត់ផ្ដាច់បាននៅក្នុងសម័យកាលក្រោយសង្រ្គាមបិទបញ្ចប់។ ទីក្រុងប៉េកាំងអាចនឹងសប្បាយចិត្តដែលបានឃើញរុស្ស៉ី អ៊ុយក្រែន និងលោកខាងលិច អស់ខ្យល់រៀងៗខ្លួន ប៉ុន្តែ ព្រមពេលជាមួយគ្នា ចិនចង់បានដាច់ខាតត្រូវតែមានមុខនៅក្នុងដំណើរការស្វែងរកសន្តិភាព និងការស្ដារប្រទេសអ៊ុយក្រែនឡើងវិញ។ នៅមុនសង្រ្គាមផ្ទុះឡើង ចិនជាដៃគូសេដ្ឋកិច្ច ដ៏សំខាន់ជាមួយអ៊ុយក្រែន ដូច្នេះវាគ្មានអ្វីត្រូវសង្ស័យឡើយ គឺចិនត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការដំណើរការស្ដារអ៊ុយក្រែនឡើងវិញ។

គួរបញ្ជាក់ថា ទោះបីជាទីក្រុងកៀវ បានទទូចជារឿយៗថាសម្ព័ន្ធមិត្តលោកខាងលិច និងប្រទេសជាដៃគូដែលបានផ្ដល់ការគាំទ្រដល់ខ្លួននៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី គួរតែជាអ្នកដែលនឹងទទួលបានផលចំណេញ និងឱកាស នៅក្នុងកិច្ចប្រឹងប្រែងស្ដារប្រទេសជាតិឡើងវិញក៏ដោយ ក៏ទីក្រុងកៀវអាចនឹងនៅតែត្រូវបោះដៃទៅរកចិនដែលអាចនឹង ដើរតួរជាអ្នកគាំទ្រ និងផ្ដល់នូវតម្រូវការចាំបាច់ដែលទីក្រុងកៀវចង់បានសម្រាប់ការស្ដារប្រទេសជាតិ។ ផែនការសន្តិភាព១២ចំណុចរបស់លោក ស៊ី ជិនពីង ដែលត្រូវបានបញ្ចេញ កាលពីពេលថ្មីៗនេះក៏បានបញ្ជាក់រួចហើយដែរថាចិនចង់ដើរតួនាទីជាអ្នកសម្របសម្រួលផង និងជាតួអង្គសេដ្ឋកិច្ចផងនៅអ៊ុយក្រែន។ បានន័យថាដាច់ខាតចិនត្រូវតែមានមុខនៅ ឯតុចរចា ហើយធ្វើបែបនេះបាន ទើបចិនអាចធ្វើសកម្មភាពឈរលើផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន៕ Fresh News




No comments:

Post a Comment