Thursday, May 18, 2023

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យជាង ១ពាន់នាក់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់​និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់។ ពិធីនេះ នឹងធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។


សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គឺជាគ្រឹះស្ថានអប់រំមួយរបស់រដ្ឋបណ្តុះ​បណ្តាលចំណេះជំនាញផ្នែកសុខាភិបាល។ សាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខា​ភិបាល​ទទួលបានការទទួលស្គាល់គុណភាពពេញសិទ្ធិរយៈពេល០៥ឆ្នាំ ពីឆ្នាំ​២០១៩ ដល់ឆ្នាំ២០២៣ ពីគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា។

លើសពីនេះ សាកលវិទ្យាល័យបានទទួលចំណាត់ថ្នាក់ ៥១-១០០ ក្នុងចំណោម​សា​កលវិទ្យាល័យនៅលើពិភពលោក សម្រាប់ការជ្រើសរើសដោយ The World’s Universities With Real Impact (WURI) ក្នុងឆ្នាំ២០២២ ជាសាកល​វិទ្យា​ល័យមួយ ប្រកបដោយភាពច្នៃប្រឌិត លើការផ្លាស់ប្តូរនិស្សិត និងកិច្ចសហ​ប្រតិបត្តិ​ការ (Real Impact in Student Mobility and Openness)។ បច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបាន និងកំពុងដើរតួរយ៉ាងសំខាន់ក្នុង​ការជួយជ្រោមជ្រែងដល់ក្រសួងសុខាភិបាលក្នុងការធ្វើទំនើបកម្មបណ្តុះបណ្តាលវិស័យសុខាភិបាល ដោយឈរលើសមត្ថភាពស្នូលជាគោល ដើម្បីធ្វើយ៉ាងណាធានា​ឱ្យ​បាន​ថា អនាគតនៃធនធានមនុស្សសុខាភិបាលនៅកម្ពុជា ត្រូវបាន​បណ្តុះបណ្តាល​ស្របតាមស្តង់ដារជាតិ តំបន់ និងអន្តរជាតិ។

លោកបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០១ ដែលសាកលវិទ្យាល័យបានក្លាយ​ជាគ្រឹះស្ថាន​សាធារណរដ្ឋ​រហូតមកដល់បច្ចុប្បន្ន សាកលវិទ្យាល័យបានសាងសង់បន្ថែមអគារសិក្សាចំនួន ០៤អគារ មានចំនួន ៨០បន្ទប់ និងសហសាលសម្រាប់និស្សិតសិក្សា។ សាកលវិទ្យា​ល័យ ក៏កំពុងសាងសង់អគារបន្ថែម ចំនួន ០១ នៅទីតាំងទី១ របស់សាកលវិទ្យា​ល័យ កម្ពស់ ៨ជាន់ មានចំនួន ៥១បន្ទប់ និងក្នុងពេលឆាប់ៗខាងមុខនេះ គ្រោង​រៀបចំសាងសង់អគារសិក្សា ១បន្ថែមទៀត ដែលមានកម្ពស់ ៨ជាន់ នៅទីតាំងទី២ របស់សាកលវិទ្យាល័យ។

ក្រៅពីការងារបណ្តុះបណ្តាល និងស្រាវជ្រាវ សាកលវិទ្យាល័យបាន​ពង្រីកការផ្តល់​សេវាសុខភាពជូនប្រជាជនក្នុងសហគមន៍ផងដែរ ជាពិសេសសាកលវិទ្យាល័យ​បានសហការជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមគ្រូពេទ្យស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការចុះផ្តល់សេវាព្យាបាលជំងឺ ដោយពុំគិតថ្លៃជូនប្រជាពលរដ្ឋនៅតាមសហគមន៍។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមាន ក្រុមប្រឹក្សាភិបាល គណៈគ្រប់​គ្រង មន្រ្តីរាជការ បុគ្គលិក សាស្រ្តាចារ្យ ចំនួន ២,៣៨៤នាក់ និងមាននិស្សិតកំពុង​សិក្សា​ចំនួន ៥,៩៥៣នាក់ (ស្រីចំនួន ៣,៤០១នាក់) ដែលក្នុងនោះ និស្សិតចំនួន ៤៤៤​នាក់ (ស្រ្តីចំនួន ២៦៩នាក់) បានទទួលអាហារូបករណ៍បង់ថ្លៃជំនួស​ពីរាជរដ្ឋា​ភិ​បាល និងនិស្សិតវេជ្ជបណ្ឌិតឯកទេស ចំនួន ៨៦នាក់ (ស្រី្តចំនួន ២៨នាក់) បាន​ទទួលអាហារូបករណ៍ផ្ទាល់ពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សា​ដោយ​ជោគជ័យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានចំនួន ៣១,២០២​នាក់​។ គិតមកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ១,២០៧​នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជ​បណ្ឌិត​ឯកទេស និងបណ្ឌិតនៅក្រៅប្រទេសដូចជា នៅបារាំង បែលហ្សិក អាមេរិក អូស្ត្រាលី ជប៉ុន និងកូរ៉េផងដែរ។

ទន្ទឹមនឹងនោះដែរសាកលវិទ្យាល័យក៏បានទទួលនិសិ្សតបរទេសជិត ១,០០០នាក់ មកធើ្វកម្មសិក្សារយៈពេលខ្លីនៅកម្ពុជាផងដែរ។ តាមរយៈកម្មវិធីថ្នាក់​បណ្តុះ​បណ្តាល​រួមគ្នា រវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យ Paris Saclay នៃប្រទេសបារាំង ចាប់តាំងពីឆ្នាំ២០១៩មក សាកលវិទ្យាល័យ បានទទួល​និស្សិតបរទេស មកសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានចំនួន ៣១នាក់ ដែលមកពីប្រទេសបារាំង អេស្បាញ ព័រទុយហ្គាល់ ស៊ុយអែត ស្វីស កូរ៉េ ឥណ្ឌា ហា្គណា កាម៉េរូន បង់ក្លាដេស ម៉ារ៉ុក ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំ​ប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ១៩ ការរក្សា​កំណើន​សេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាព​កម្ពុជានៅ​លើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើ​ច្បាប់។ល។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅ​ពេល​នេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែ ចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។

បើតាមលោករដ្ឋមន្ត្រី ការស្ទង់មតិរបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាចាប់ពីឆ្នាំ២០២០ មកដល់ឆ្នាំ២០២២នេះ បានបង្ហាញថា អ្នកមានការងារធ្វើមានចំនួន ៩៧ភាគរយ៕

No comments:

Post a Comment