(ភ្នំពេញ)៖ នៅអំលុងឆ្នាំ១៩៥៩ រដ្ឋអំណាចសង្គមរាស្ត្រនិយមបានបញ្ចេញកម្លាំងប្រដាប់អាវុធ តាមកម្ចាត់ក្រុមជនក្បត់ជាតិដែលរណបទីភ្នាក់ងារ CIA របស់អាមេរិក ក្នុងនោះមេដឹកនាំដែលសកម្មខ្លាំងជាងគេមានដូចជា សឹង ង៉ុកថាញ់, សម សារី, ដាប ឈួន, ស្លាត ពៅ ជាដើម។ ស្របតាមខ្សែញាក់របស់ក្រុមប្រទេសប្លុកសេរី គម្រោងការរបស់ពួកគេ គឺចង់ផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ ចេញពីអំណាចតែម្ដង។
យោងតាមសៀវភៅ «អាស៉ីអាគ្នេយ៍២០ឆ្នាំក្នុងសង្គ្រាម CIA» បានដែលបោះពុម្ពផ្សាយនៅកម្ពុជាបានរៀបរាប់ឱ្យដឹងថា៖
ប្រតិបត្តិការបង្ក្រាបក្រុមជនក្បត់ជាតិខាងលើនេះ ក៏មានការចូលរួមពីភ្នាក់ងារចារកិច្ចរបស់សាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋបារាំងផងដែរ ដោយស្ថានទូតប្រទេសទាំងពីរបានបញ្ជូនសារសម្ងាត់មួយចំនួន ថ្វាយសម្ដេចព្រះនរោត្តម សីហនុ ជាមុន ដើម្បីលាតត្រដាងពីគម្រោងការអាក្រក់របស់ក្រុមជនក្បត់ជាតិទាំងនោះ។
មុនឈានដល់ការបង្ក្រាបនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិកបានរំកិលបែរខ្នងចេញពីបន្តិចម្ដងៗ បន្ទាប់ពីមេក្រុមប្លុកសេរីមួយនេះ ព្យាយាមអូសទាញកម្ពុជាឱ្យចូលដៃជាមួយអង្គការ SEATO មិនបានសម្រេច។ ប្រការនេះ បានធ្វើឱ្យទំនាក់់ទំនងនយោបាយរវាងប្រទេសទាំងពីរកាន់តែរង្គោះរង្គើខ្លាំងឡើងៗ រីឯប្រទេសអមិត្តមួយចំនួនដែលរណបជាមួយអាមេរិកផងនោះ ក៏បានចូលដៃគ្នាធ្វើទុក្ខបុកម្នេញមកលើកម្ពុជារកក្ដីពុំបាន។
ក្រុមប្រទេសប្លុកសេរីមានគំនិតចង់ឱ្យកម្ពុជាចូលរួមជាមួយបក្សពួកខ្លួន ដើម្បីប្រឆាំងទប់ស្កាត់ឥទ្ធិពលកុម្មុយនិស្ដនៅអាស៉ីអាគ្នេយ៍ ដែលមានវៀតណាមខាងជើង និងចិន ជាអ្នកសកម្មភាពជាងគេ។ ប៉ុន្តែកម្ពុជាបានជ្រើសរើសយកនយោបាយអព្យាក្រឹត មិនចូលបក្សសម្ពន្ធណាមួយឡើយ ដែលជាហេតុធ្វើឱ្យប្រទេសប្លុកសេរីទាំងនោះខកចិត្ត និងខឹងសម្បារជាមួយកម្ពុជាយ៉ាងខ្លាំង។
ចាប់ពីឆ្នាំ១៩៥៦-១៩៥៩ សហរដ្ឋអាមេរិក រួមជាមួយកូនជឹងរបស់ខ្លួនដែលនៅជិតខាងកម្ពុជា មានប្រទេសថៃ និងវៀតណាមខាងត្បូងផងនោះ បានចេញមុខប្រឆាំងដោយចំហជាមួយកម្ពុជា។ ពួកគេបានចល័តទ័ពរំលោភចូលដែនអធិបតេយ្យខ្មែរ ឃោសនាធ្វើវិទ្ធង្សនាបំភ្លៃព័ត៌មាន គំរាមកំហែងបង្កសង្គ្រាមជាមួយខ្មែរជាដើម។ មិនតែប៉ុណ្ណោះ ក៏មានការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា តាមរយៈការគាំទ្រដល់ក្រុមក្បត់ដែលប្រឆាំងនឹងរបបសង្គមរាស្ត្រនិយមផងដែរ។ សម្ដេចព្រះប្រមុខរដ្ឋបានព្យាយាមស្វះស្វែងរកការដោះស្រាយ ចំពោះបញ្ហាព្រំដែនជាមួយថៃ និងវៀតណាមខាងត្បូង ព្រមទាំងខំគេចចេញពីការកៀបសង្កត់របស់សហរដ្ឋអាមេរិកយ៉ាងលំបាក។
ដោយធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ សេដ្ឋកិច្ច យោធា មិនអស់ចិត្ត សហរដ្ឋអាមេរិកបានជំរុញឱ្យនាយកមន្ត្រីថៃ សារិត ថាណារ៉ាត់ (Sarit Thanarat) ជួយគាំទ្រចលនាឧទ្ទាម «ខ្មែរសេរី» ដែលដឹកនាំដោយ សឹង ង៉ុកថាញ់។ រដ្ឋាភិបាលក្រុងបាងកកបានផ្ដល់ទីតាំងកសាងជំរំហាត់ទ័ព និងកសាងស្ថានីយវិទ្យុផ្សាយសំឡេង ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់សម្ដេច សីហនុ។ ចលនានេះត្រូវបានគេដឹងជាទូទៅថា បានទទួលការហ្វឹកហ្វឺនបំពាក់បំប៉ន និងគាំទ្រដោយស៉ីអាយអេ ដែលប្រចាំការនៅទឹកដីថៃ។ CIA ក៏៏បានគាំទ្រការបង្កើតចលនាមួយផ្សេងទៀត គឺ «ចលនាខ្មែរក្រោម» ដែលមាននិន្ននាការប្រឆាំងសម្ដេចព្រះនរោត្តម សីហនុ ដូចគ្នា ខណៈចលនានេះធ្វើប្រតិបត្តិការក្នុងទឹកដីកម្ពុជាក្រោម។
ស្របពេលដែលកម្ពុជាកំពុងទទួលរងសម្ពាធពីកម្លាំងខាងក្រៅកាន់តែខ្លាំង ក្រុមស្ដាំនិយម រួមទាំងមន្ត្រីជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលកម្ពុជា ក៏ចាប់ផ្ដើមនាំបញ្ចេញសកម្មភាពប្រឆាំង នឹងគោលនយោបាយអព្យាក្រឹតដោយចំហផងដែរ។ អ្នកជំនិតនឹងសម្ដេចព្រះនរោត្តម សីហនុ ដែលមាននិន្នាការប្រឆាំងនឹងគោលនយោបាយអព្យាក្រឹតខ្លាំងជាងគេ គឺ សម សារី។ សម សារី ហ៊ានទាំងសរសេរលិខិតចំហទូលថ្វាយ សម្ដេចព្រះនរោត្តម សីហនុ អំពីការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយក្រុមប្រឆាំង និងការបង្កើតគណបក្សប្រឆាំងមួយឈ្មោះថា «ខ្មែរប្រជាធិបតេយ្យ» ថែមទៀតផង។ មេបក្សថ្មីរូបនេះបានរិះគន់ឥតសំចៃមាត់ ទៅលើគោលនយោបាយអព្យាក្រឹតរបស់សម្ដេចព្រះនរោត្តម សីហនុ ដោយបានហៅគោលនយោបាយនោះថា ជានយោបាយធ្វើអត្តឃាត ដែលនឹងនាំទៅរកសេចក្ដីវិនាសអន្តរាយចៀសមិនផុត។
ក្រៅពី សឹង ង៉ុកថាញ់ និង សម សារី ក៏មានមេទ័ពក្បត់ម្នាក់ទៀត គឺ ដាប ឈួន ឬ ឈួនម្ជុលពេជ្រ ដែលចូលរួមប្រឆាំងនឹងសម្ដេចព្រះប្រមុខរដ្ឋ ដោយបានការគាំទ្រពីពួក CIA ក៏ដូចជារដ្ឋាភិបាលក្រុងបាងកក និងរដ្ឋាភិបាលក្រុងព្រៃនគរផងដែរ។ គម្រោងការប្រឆាំងនឹងសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានគេរៀបចំយ៉ាងល្អិតល្អន់នៅទីក្រុងបាងកក នាខែកញ្ញា ឆ្នាំ១៩៥៨ និងគ្រោងអនុវត្តដំបូងនៅទីក្រុងភ្នំពេញនាខែមករា ឆ្នាំ១៩៥៩ តាមរយៈការបង្កភាពអសន្តិសុខក្នុងសង្គម ដោយចាប់ផ្ដើមពីការបំផ្លាញប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី រួមទាំងបើកយុទ្ធនការចាប់ពង្រត់ក្មេងៗ លក្ខណៈទ្រង់ទ្រាយធំ ក្នុងគោលបំណងបង្កភាពភ័យខ្លាចនៅទូទាំងក្រុងភ្នំពេញ។
គម្រោងការមួយទៀត គឺការងើបបះបោរដោយអាវុធ ដើម្បីផ្ដាច់យកខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងគ្រោងនឹងបង្កើតដែនដីអបគមន៍ ក្រោមការដឹកនាំរបស់ សឹង ង៉ុកថាញ់ សម សារី និង ដាប ឈួន។ នៅក្នុងប្រតិបត្តិការជាក់ស្ដែង សឹង ង៉ុកថាញ់ បានប្រមូលកម្លាំងខ្មែរសេរី នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ អមដោយមន្ត្រីថៃពីរនាក់ និងប្រាក់សុទ្ធជាងមួយលានដុល្លារអាមេរិក ដែលផ្ដល់ដោយស៉ីអាយអេ។
ចំណែក ង៉ូ ជុងហ៉ីវ (Ngo Trung Hieu) ឯកអគ្គរដ្ឋទូតវៀតណាមខាងត្បូងប្រចាំនៅទីក្រុងភ្នំពេញ បានសន្យាថា នឹងកៀរគរកងកម្លាំងកុម្ម៉ង់ដូខ្មែរក្រោម ពង្រាយនៅតាមព្រំដែនកម្ពុជា-វៀតណាមខាងត្បូង។ ដោយឡែក ដាប ឈួន បានទទួលបេសកកម្មកសាងកម្លាំងទ័ពនៅក្នុងប្រទេស ដើម្បីត្រៀមអនុវត្តគម្រោងការខាងលើនោះ។ ក្នុងប្រតិបត្តិការរួមគ្នានេះដែរ មន្ត្រីចារកិច្ចស៉ីអាយអេម្នាក់ដែលជ្រកក្រោមស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញ ឈ្មោះ វិកទ័រ ម៉ាត់ស៊ូអ៉ិ (Victor Matsui) បានដើរតួជាអ្នកសម្របសម្រួលកិច្ចការទំនាក់ទំនង ការរៀបចំផ្គត់ផ្គង់គ្រឿងសព្វាវុធ និងហិរញ្ញវត្ថុ។ មន្ត្រីស៉ីអាយអេនេះមានសញ្ជាតិអាមេរិកដើមកំណើតជាជនជាតិជប៉ុន។
មួយវិញទៀត សហរដ្ឋអាមេរិក និងស៉ីអាយអេ ក៏បានរៀបចំគម្រោងការបន្ថែមទៀតក្នុងខែកញ្ញា ឆ្នាំ១៩៥៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឆ្លៀតពេលដែលសម្ដេចព្រះនរោត្តម សីហនុ ត្រូវយាងទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ រយៈពេល២ថ្ងៃ ខណៈនោះសមាជិកគណៈប្រតិភូកម្ពុជាម្នាក់ ឈ្មោះ ស្លាត ពៅ (គឹម ពៅ) បានស្កាត់ជួបជាមួយភ្នាក់ងារចារកិច្ចអាមេរិកដោយសម្ងាត់ជាច្រើនដង នៅក្នុងបន្ទប់សណ្ឋាគារ នាទីក្រុងញូវយ៉កនោះ។
មន្ត្រីជាន់ខ្ពស់រូបនេះជាមិត្តភក្តិជិតស្និទ្ធរបស់មន្ត្រីស៉ីអាយអេ វិកទ័រ ម៉ាត់ស៊ូអ៉ិ ហើយក៏ត្រូវជាបងប្អូនរបស់ជនក្បត់ជាតិ ដាប ឈួន ផងដែរ។ ប៉ុន្តែក្រោយមក គម្រោងការសម្ងាត់នេះក៏ត្រូវបែកធ្លាយ អាជ្ញាធរក៏បានចាប់ខ្លួន ស្លាត ពៅ និងកាត់ទោសប្រហារជីវិតតែម្ដង ក្រោមបទចោទប្រកាន់ថាបានប្រព្រឹត្តអំពើក្បត់ជាតិ។
ទន្ទឹមនឹងការអនុវត្តគម្រោងក្បត់ខាងលើនេះ សម្ដេចព្រះនរោត្តម សីហនុ បានទទួលព័ត៌មានសម្ងាត់អំពីផែនការក្បត់នេះជាមុន ដែលព័ត៌មានមួយផ្នែកបានពីស្ថានទូតចិន និងស្ថានទូតបារាំង។ អាចនិយាយបានថា បារាំងមិនសប្បាយចិត្តចំពោះវត្តមានរបស់អាមេរិក ដែលក្អេងក្អាងនៅលើទឹកដីដែលធ្លាប់ស្ថិតក្រោមការត្រួតត្រារបស់ខ្លួនជិត១០០ឆ្នាំមកហើយនោះ ទើបបារាំងហ៊ានផ្ដល់ព័ត៌មានសម្ងាត់ឱ្យកម្ពុជាយ៉ាងដូច្នេះ។
នៅខែកុម្ភៈ ឆ្នាំ១៩៥៩ អ្នកសមគំនិតនៅក្នុងអំពើក្បត់នេះត្រូវបានបង្ក្រាប និងចាប់ខ្លួនបានមួយចំនួន ហើយមួយចំនួនទៀតបានរត់គេចខ្លួន ក្នុងនោះក៏មានប្អូនប្រុសបង្កើតរបស់ប្រធានាធិបតីវៀតណាមខាងត្បូង ឈ្មោះ ង៉ូ ឌិញញូ (Ngo Dinh Nhu) និងមន្ត្រីស៉ីអាយអេ វិកទ័រ ម៉ាត់ស៊ូអ៉ិ ជាមេក្លោងបរទេស។
មន្ត្រីស៉ីអាយអេរូបនេះបានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា នៅក្រោយពេលសម្ដេចព្រះនរោត្តម សីហនុ ចោទប្រកាន់ថា បានចូលរួមក្នុងអំពើក្បត់ប្រឆាំងនឹងព្រះអង្គ។ ដោយឡែក ទីបញ្ជាការដ្ឋានកងទ័ពរបស់ ដាប ឈួន រដ្ឋអំណាចសង្គមរាស្ត្រនិយម បានរកឃើញអាវុធគ្រាប់រំសេវជាច្រើន និងមាសសុទ្ធចំនួន ៦កេស ដែលគេជឿថា ស៉ីអាយអេ និងប្រទេសជិតខាងជាអ្នកផ្ដល់ឱ្យ។
ក្រៅពីនេះអាជ្ញាធរបានរកឃើញសំណុំឯកសារនានា និងចាប់ខ្លួននាយទាហានវៀតណាមខាងត្បូង ២នាក់ ព្រមទាំងវិទ្យុទាក់ទងដែលគេអាចយកមកធ្វើជាភស្ដុតាង ពាក់ព័ន្ធនឹងសកម្មភាពជ្រៀតជ្រែករបស់រដ្ឋាភិបាលក្រុងវ៉ាស៉ីនតោន ក្រុងបាងកក និងក្រុងព្រៃនគរ ចូលក្នុងកិច្ចផ្ទៃក្នុងរបស់កម្ពុជា ប៉ុន្តែរដ្ឋាភិបាលអាមេរិកបែរជាប្រឹងប្រកែកមិនព្រមទទួលស្គាល់ការពិត ព្រោះខ្លាចអាម៉ាសនៅចំពោះមុខសហគមន៍អន្តរជាតិ។
ខណៈដែលក្រុមក្បត់មួយចំនួនត្រូវបានចាប់ខ្លួននោះ ដាប ឈួន ក៏ត្រូវបានអាជ្ញាធរតាមបាញ់ដល់តំបន់ស្រែណូយ (សព្វថ្ងៃឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប) ហើយនាំមកកាត់ទោសនៅក្រុងភ្នំពេញ។ គេបានប្រហារជីវិតជនក្បត់រូបនេះដោយការបាញ់សម្លាប់ រួចហើយត្រូវគេអូសសាកសពតាមរថយន្តយឺតៗទូទាំងទីក្រុងភ្នំពេញ ជាមួយនឹងសំឡេងឧគ្ឃោសនស័ព្ទខ្លាំងៗថា «នេះជាលទ្ធផលរបស់ជនក្បត់ជាតិ»។
នយោបាយអមិត្តរបស់ស៉ីអាយអេចំពោះសម្ដេច សីហនុ កាន់តែអាក្រក់ទៅៗ ដោយពួកគេបានប្រើឧបាយកលធ្វើគតព្រះអង្គវិញម្ដង។ ការលួចធ្វើគតលើកទី១ គ្រោងធ្វើឡើងនៅដើមឆ្នាំ១៩៥៩ តែមិនបានសម្រេចនោះទេ ដោយជនសង្ស័យជាក្រុមខ្មែរសេរី ត្រូវគេចាប់ខ្លួនបាន។ លើកទី២ បានកើតឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៩ លើកនេះថ្វីដ្បិតមិនបានធ្វើឱ្យគ្រោះថ្នាក់ដល់សម្ដេចព្រះនរោត្តម សីហនុ ក៏ពិតមែន ប៉ុន្តែព្រះអង្គម្ចាស់ នរោត្តម វ៉ាគ្រីវ៉ាន់ ត្រូវសុគតក្នុងអំពើឃាតកម្មនោះ។ អំពើឃាតកម្មនេះមានការជាប់ពាក់ព័ន្ធ ដល់មូលដ្ឋានយោធាវៀតណាមខាងត្បូង។ សម្ដេចព្រះនរោត្តម សីហនុ បានប្រកាសចោទប្រកាន់ជាសាធាណៈថា ប្អូនប្រុសរបស់ប្រធានាធិបតីវៀតណាមខាងត្បូង ជាមេគំនិតនៅក្នុងរឿងនេះ។
ទន្ទឹមនឹងនេះ សម សារី ក៏រងការចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះដែរ។ សាច់ញាតិមួយចំនួន រួមទាំងប្រពន្ធរបស់ សម សារី ត្រូវបានអាជ្ញាធរចាប់បញ្ជូនចូលពន្ធនាគារ ខណៈដែល សម សារី ខ្លួនឯង កំពុងរត់គេចខ្លួនទៅដល់ប្រទេសឡាវ។ បើតាម សម រង្ស៉ី ដែលត្រូវជាកូនរបស់ សម សារី បាននិយាយថា ឪពុករបស់ខ្លួនត្រូវមនុស្សរបស់ សឹង ង៉ុកថាញ់ សម្លាប់នៅចន្លោះចុងឆ្នាំ១៩៦២ និងដើមឆ្នាំ១៩៦៣ ក្នុងពេលដែលកំពុងស្ថិតនៅក្រុងប៉ាកសេ ខេត្តចម្ប៉ាស័ក។ វាជាអំពើក្បត់គ្នារវាង សឹង ង៉ុកថាញ់ និង សម សារី ដែលមុននេះបន្ដិចពួកគេមានការសហការល្អជាមួយគ្នា ដើម្បីផ្ដួលរំលំសម្ដេចព្រះនរោត្តម សីហនុ តែចុងក្រោយក៏ទទួលលទ្ធផលបែបនេះ។
ការលួចធ្វើគតលើកទី៣ គ្រោងធ្វើឡើងនៅឆ្នាំ១៩៦៣ ចំពេលដែលប្រធានាធិបតីចិន លីវ សាវឈី (Liu Shaoqi) មកទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប៉ុន្តែត្រូវភ្នាក់ងារស៉ើបការណ៍សម្ងាត់របស់ចិនរាយការណ៍ប្រាប់មុន រហូតចាប់ខ្លួនឃាតករបានចំនួន២នាក់ មុនប្រតិបត្តិការធ្វើឃាត។
បន្ទាប់ពីលួចធ្វើគតសម្ដេចព្រះនរោត្តម សីហនុ មិនបានសម្រេចទាំងបីលើកនេះរួចមក ស៉ីអាយអេ បានប្រើឧបាយកលជាច្រើនទៀត មានទាំងការលួចនាំអាវុធចូលប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ក្រុមឧទ្ទាមខ្មែរសេរី សម្រាប់ប្រើប្រាស់ក្នុងការប្រឆាំងជាមួយសម្ដេច សីហនុ ការប្រើប្រាស់លុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញទឹកចិត្តមន្ត្រីក្នុងជួររាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ការធ្វើវិទ្ធង្សនាសេដ្ឋកិច្ចជាតិជាដើម។ ប៉ុន្តែគម្រោងផែនការអាក្រក់ទាំងនេះ ត្រូវបានសម្ដេចព្រះនរោត្តម សីហនុ កម្ចាត់ចោលទាំងអស់។
ទោះជាយ៉ាងណា កម្ពុជានៅតែធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមដដែល ដោយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៉ីសុវត្ថិ សិរីមតៈ បានដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីតំណែងព្រះប្រមុខរដ្ឋ និងបានរំលាយរបបសង្គមរាស្ត្រនិយមថែមទៀតផង។ ក្រោមការគាំទ្រពីសំណាក់ សហរដ្ឋអាមេរិក របបសាធារណរដ្ឋខ្មែរក៏ត្រូវបានបង្កើតឡើង ប៉ុន្តែពេញមួយរបបនេះ ប្រទេសកម្ពុជាត្រូវញាំញីដោយភ្លើងសង្គ្រាមរកក្ដីសុខពុំបាន៕
ដោយ៖ សៀវភៅ «អាស៉ីអាគ្នេយ៍២០ឆ្នាំក្នុងសង្គ្រាម CIA»
No comments:
Post a Comment