ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱ្យបន្តវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ខណៈដែលកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយឯកឧត្តម Michael Malacka ឯកអគ្គរដ្ឋទូតអាមេរិក និងជាអនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ចូលជួបពិភាក្សាការងារធុរកិច្ច និងវិនិយោគនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញនៅដើមសប្តាហ៍នេះ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដែលបានដឹកនាំក្រុមការងារ ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកទស្សនកិច្ចជារៀងរាល់ឆ្នាំនៅកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយធុរកិច្ច និងបង្កើនឱកាសវិនិយោគពីអាមេរិកមកកម្ពុជា។
ឯកឧត្តមបានលើកទឹកចិត្តបន្ថែមទៀតដល់ក្រុមហ៊ុនអាមេរិកទាំងអស់ឱយបន្តវិនិយោគនិងធ្វើធុរកិច្ចនៅកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនយ៉ាងលឿនស្ទើរគ្រប់វិស័យ។
ឯកឧត្តមឯកអគ្គរដ្ឋទូត Michael Malacka អនុប្រធាន និងនាយកប្រតិបត្តិប្រចាំតំបន់ របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាសលើកដំបូងបំផុតដល់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចបានជួបសំដែងការគួរសម និងពិភាក្សាការងារបន្ទាប់ពីឯកឧត្តមត្រូវបានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។
ឯកឧត្តមបានអបអរសាទរកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ត្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតកាលពីឆ្នាំ២០២២ កន្លងទៅ ដែលនេះបាននាំកិច្ចទំនាក់ទំនងអាមេរិក-កម្ពុជា ឱ្យកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានមានអាយុកាលជាង ៣៧ ឆ្នាំ និងមានសមាជិកដែលជាក្រុមហ៊ុនយក្សអាមេរិកជាង ១៨០ ក្រុមហ៊ុន បានទទួលការសម្របសម្រួល និងជួយជ្រោមជ្រែងដល់ការធ្វើធុរកិច្ច និងវិនិយោគនៅអាស៊ានហើយបច្ចុប្បន្នក្រុមហ៊ុនជាង ១០ បានចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាជាពិសេសជួយដល់ផែនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា, បច្ចេកវិទ្យា និងនវានុវត្តន៍, លទ្ធភាពទទួលហិរញ្ញប្បទាន របស់ SME, ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ, ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់, និងការបណ្តុះបណ្តាលធនធានមនុស្ស, យុវជននិង SME ជាដើម៕
No comments:
Post a Comment