Tuesday, March 14, 2023

សម្ដេចតេជោ ហ៊ុន សែន៖ ជិតបោះឆ្នោត រដូវកាលសន្យាដេញថ្លៃ ចូលមកដល់ហើយ

ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ នឹងមានគណបក្សនយោបាយនានា ចេញមកដេញថ្លៃដោយសន្យាផ្តល់នេះសន្យាផ្តល់នោះដល់ប្រជាជនហើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ប៉ុន្តែគណបក្សកាន់អំណាចវិញ មិនដែលសន្យានោះទេ គឺធ្វើជាក់ស្តែងតែម្តងដើម្បីបម្រើប្រជាពលរដ្ឋ តួយ៉ាង ប្រជាពលរដ្ឋទូទាំងប្រទេស កំពុងតែទទួលបានផលប្រយោជន៍ពីកត្តាសុខសន្តិភាពនេះឯង។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រៅពីកត្តាសុខសន្តិភាព ប្រជាពលរដ្ឋទូទៅ កំពុងទទួលបានអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនដូចជា៖ ការការពារអាយុជីវិតប្រជាជនពីជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសាររងសម្ពាធអតិផរណា ជួយពលរដ្ឋពេលរងគ្រោះទឹកជំនន់ ការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ការដំឡើងប្រាក់បៀវត្សមន្រ្តីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន ការលើកកម្ពស់ជីវភាពកម្មករនិយោជិត និងគោលនយោបាយជាច្រើនទៀតដើម្បីបម្រើប្រជាពលរដ្ឋ៕




No comments:

Post a Comment