(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកត់សម្គាល់ជាមួយការខកចិត្តចំពោះ «របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០២២» ដែលមានលក្ខណៈរើសអើង លម្អៀង និងពុំផ្អែកលើការពិត ក្រោមហេតុផលនយោបាយ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំភ្លឺដូចខាងក្រោម៖
១៖ របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជា លាតត្រដាងយ៉ាងជាក់ស្តែងអំពីស្តង់ដារពីរ នៅក្នុងការអនុវត្តរបស់ខ្លួន ជាពិសេស ពុំបានចេញផ្សាយនូវរបាយការណ៍ស្តីពីសហរដ្ឋអាមេរិកខ្លួនឯង។ សហរដ្ឋអាមេរិក ដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យតាមបែបរបស់ខ្លួនជាងពីររយឆ្នាំមកហើយ នៅតែជួបប្រទះបញ្ហារំលោភបំពានសិទ្ធិមនុស្សជាប្រព័ន្ធ រៀងរាល់ថ្ងៃ ដែលក្នុងចំណោមបញ្ហាប្រឈមធំៗមានដូចជា ការរើសអើងជាតិសាសន៍ ឧក្រិដ្ឋកម្មស្អប់ខ្ពើមពូជសាសន៍ ការបាញ់សម្លាប់ទ្រង់ទ្រាយធំនិងអំពើឃោរឃៅរបស់នគរបាល ការរំលោភបំពានក្នុងពន្ធនាគារ អត្រាមរណភាពរាប់លាននាក់ដោយសារជំងឺរាតត្បាត ការកាត់ទោសប្រហារជីវិត ការរិតត្បិតសិទ្ធិរំលូតកូន ជាដើម ។ល។
២៖ របាយការណ៍ខាងលើគ្រាន់តែជាការចងក្រងជ្រើសរើសតែមួយជ្រុង នៃព្រឹត្តិការណ៍ ដែល ផ្អែកលើការបោះពុម្ពផ្សាយពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវរបស់អង្គការក្រៅរដ្ឋាភិបាលទទួលមូលនិធិពីបរទេស។ ការអះអាងថាមាន «ប្រភពអាចទុកចិត្តបាន» ដែលគុណវុឌ្ឍិរបស់ប្រភពទាំងនោះគួរឱ្យសង្ស័យ ពុំធ្វើឱ្យរបាយការណ៍ខាងលើជឿទុកចិត្តបានទេ។
៣៖ និទានកថាអំពីប្រទេសកម្ពុជា ពុំមានតុល្យភាព សត្យានុម័ត និងសមាមាត្រ សោះឡើយ។ របាយការណ៍ខាងលើបានសន្មត់ថា សិទ្ធិពលរដ្ឋនិងនយោបាយ មានសារសំខាន់លើស សិទ្ធិផ្សេងទៀត ដូចជា សិទ្ធិរស់រានមានជីវិត ទទួលបានសុខភាពល្អ របបអាហារ ការអប់រំ និងការអភិវឌ្ឍ។ ការសន្មត់បែបនេះ គឺងាកចេញពីបទដ្ឋានរបស់អង្គការសហប្រជាជាតិ ដែលទទួលស្គាល់ថា សិទ្ធិមនុស្សទាំងអស់ត្រូវប្រព្រឹត្តិចំពោះ ដោយយុត្តិធម៌និងសមភាព ឈរលើគោលជំហរតែមួយ ហើយមានទម្ងន់ដូចគ្នា។
៤៖ ជោគជ័យជាច្រើនរបស់កម្ពុជាមិនត្រូវបានដាក់បញ្ចូលដោយចេតនាតែម្តង ជាពិសេស កម្មវិធីចាក់វ៉ាក់សាំងក្នុងអត្រាស្ទើរទូទាំងប្រទេសប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានជួយកាត់បន្ថយអត្រាមរណៈប្រចាំថ្ងៃមកនៅសូន្យ ចាប់តាំងពីខែមេសា ឆ្នាំ២០២២។ ក្នុងចំណោមសមិទ្ធិផលដទៃទៀត រួមមាន កម្មវិធីគាំពារសង្គមជាច្រើនសម្រាប់ក្រុមរងផលប៉ះពាល់ដោយជំងឺរាតត្បាត ដោយកំណើនអតិផរណា និងក្រុមងាយរងគ្រោះផ្សេងៗទៀត កំណើនអត្រាអក្ខរកម្ម ការលុបបំបាត់ជំងឺគ្រុនចាញ់ ការកាត់បន្ថយមរណភាពមាតានិងទារក ព្រមទាំងវឌ្ឍនភាពជាច្រើនក្នុងកំណែទម្រង់ប្រព័ន្ធតុលាការ និងផ្លូវច្បាប់ក្នុងការដោះស្រាយ ការកកស្ទះសំណុំរឿងនៅតាមតុលាការ កាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងទប់ស្កាត់អំពើទារុណកម្ម។
៥៖ ផ្ទុយទាំងស្រុងទៅវិញ របាយការណ៍ខាងលើ បានបិទភ្នែកធ្វើជាមើលមិនឃើញ នូវវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថនិងបង្កាច់បង្ខូចកេរ្ត៍ឈ្មោះដោយគ្មានការរើសអើង ញុះញង់ឱ្យមានអំពើហិង្សានិងការស្អប់ខ្ពើមជាតិសាសន៍ ព្រមទាំងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដែលទង្វើទាំងអស់នេះត្រូវបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរ នៅក្នុងបណ្តាប្រទេសលោកខាងលិច។ ឧទាហរណ៍មួយដែលបង្ហាញយ៉ាងច្បាស់អំពីស្តង់ដារពីរ គឺ អាជ្ញាធរ សហរដ្ឋអាមេរិកបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលជាង ១.០០០នាក់ ដែលត្រូវបានចោទប្រកាន់ថា បានជាប់ពាក់ព័ន្ធនឹងការបះបោរនៅវិមានសភា។ ផ្ទុយទៅវិញ សម្រាប់ស្ថានភាពដូចគ្នា នៅពេលអនុវត្តនៅកម្ពុជា របាយការណ៍ខាងលើបានថ្លែងរំលេចថាជា ការកាត់ក្តីទ្រង់ទ្រាយធំ ដើម្បីបំបិទទស្សនៈមិនស្របគ្នាទៅវិញ។
៦៖ ការចោទប្រកាន់ថា ការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា កន្លងទៅ «មានកំហុសធ្ងន់ធ្ងរ» គឺមិនអាចច្រានចោលនូវការពិត ដែលអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិសរុបជាង ៧៥.០០០ នាក់ និងភ្នាក់ងារគណបក្សជិត ៨០.០០០ នាក់ បានចូលរួមសង្កេតការណ៍ដោយផ្ទាល់នៅមូលដ្ឋាន និងចាត់ទុកថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ គ្មានអំពើហិង្សា តម្លាភាព និងប្រជាធិបតេយ្យ។ ប្រទេសស្វីស បានចាត់ទុកលទ្ធផលបោះឆ្នោតនេះថា ជា «ការវិលត្រឡប់មួយផ្នែកទៅកាន់ពហុបក្ស»។ ការលាបពណ៌ ថា «គណបក្សចំនួន ១៦ ក្នុងចំណោមគណបក្សចំនួន១៩ ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ជា អាយ៉ង់របស់គណបក្សប្រជាជនកម្ពុជា» គឺបានរំលោភយ៉ាងធ្ងន់ធ្ងរនូវសិទ្ធិនយោបាយ ប្រសិនបើមិនមែនជាការប្រមាថទាំងស្រុងចំពោះគណបក្សទាំងនោះ។ ជម្រើស និងសំឡេងរបស់គណបក្សទាំងនោះ ត្រូវតែគោរពជាដាច់ខាត។
៧៖ សេរីភាពនៃការបញ្ចេញមតិ នៅតែរស់រវើក និងប្រកបដោយថាមវន្ត។ ការជ្រៀតចូលក្នុងកម្រិតខ្ពស់នូវអ៊ិនធឺណិតចល័តនៅកម្ពុជា បានផ្ដល់លទ្ធភាពជូនប្រជាពលរដ្ឋសាមញ្ញ ទទួលបានដោយគ្មានការរឹតត្បឹតនូវព័ត៌មានពីគ្រប់ប្រភពយ៉ាងទូលំទូលាយ រួមទាំងប្រភពរិះគន់រដ្ឋាភិបាល ក៏ដូចជា ការដាក់ពាក្យបណ្តឹងតវ៉ាតាមរយៈប្រព័ន្ធសង្គម ដោយផ្ទាល់ទៅកាន់ថ្នាក់ដឹកនាំកំពូលតែម្តង។ សំឡេងរបស់ប្រជាពលរដ្ឋក៏ត្រូវបានបន្លឺបន្ថែមទៀត តាមរយៈវត្តមានដ៏រឹងមាំនៃបណ្តាញសារព័ត៌មានបែបឌីជីថលនិងប្រពៃណី ប្រមាណជិត ២.០០០អង្គភាព។ រាជរដ្ឋាភិបាលបន្តស្វាគមន៍ការប្រមូលផ្តុំស្របច្បាប់ និងទទួលស្គាល់ចំពោះមតិរិះគន់ ប្រកបដោយភាពស្មោះត្រង់ ពីបណ្ដាភាគីផ្សេងៗ។
៨៖ រាល់ការចោទប្រកាន់ទាំងអស់ត្រូវបានធ្វើឡើង ដោយសារមានការបំពានលើច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ព្រហ្មទណ្ឌ ដោយពុំជាប់ពាក់ព័ន្ធនឹងនយោបាយទេ។ ចុងចោទទទួលបានសិទ្ធិពេលលេញចូលរួមក្នុងសវនាការ ក៏ដូចជាសិទ្ធិការពារតាមផ្លូវច្បាប់ផងដែរ។ ការចូលរួមជាមួយគណបក្សនយោបាយមួយ ឬការអះអាងថាជា «អ្នកការពារសិទ្ធិមនុស្ស» ពុំមានឥទ្ធិពលអ្វីទាល់តែសោះ នៅពេលប្រព្រឹត្តល្មើសច្បាប់។ ឧក្រិដ្ឋកម្ម គឺជាឧក្រិដ្ឋកម្ម ហើយគេមិនអាចប្រើប្រាស់ទង្វើរជាឧក្រិដ្ឋកម្មនោះ ថាមានភាពត្រឹមត្រូវសម្រាប់បុព្វហេតុដទៃទេ។
៩៖ របាយការណ៍ខាងលើ គួរយកចិត្តទុកដាក់ពិចារណាការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម Antonio Guterres ដែលហាម «មិនឱ្យប្រើប្រាស់សិទ្ធិមនុស្សធ្វើជាអាវុធ ជាមួយនឹងស្តង់ដារពីរឡើយ»។ បើពិនិត្យមើលប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកវិញ តើយើងអាចសន្និដ្ឋានដោយស្មោះថា ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល៣០ឆ្នាំដំបូងរបស់ខ្លួន បានសម្រេចនូវសមិទ្ធិផលច្រើន ដូចប្រជាធិ-បតេយ្យនៅកម្ពុជាដែរឬទេ? យើងមានមន្ទិលច្រើនអំពីបញ្ហានេះ។
១០៖ ដោយពុំគិតពីហេតុផលនយោបាយនៅពីក្រោយរបាយការណ៍ខាងលើ របៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស នៅតែបន្តស្ថិតនៅយ៉ាងរឹងមាំដូចមុនដដែល។ ក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះសង្រ្គាមជាងពីរទសវត្សរ៍ អំពើប្រល័យពូជសាសន៍ និងការហ៊ុមព័ទ្ធដោយអយុត្តិធម៌ កម្ពុជានៅបន្តផ្តល់អាទិភាពយ៉ាងខ្លាំង ចំពោះសន្តិភាពដែលរកបានយ៉ាងលំបាក ហើយកម្ពុជានៅបន្តបេ្តជ្ញាចិត្តឥតងាករេក្នុងដំណើរមិនត្រលប់ថយក្រោយ ក្នុងការបន្តពង្រឹងលិទ្ធិប្រជាធិបតេយ្យវ័យក្មេងរបស់ខ្លួន៕
No comments:
Post a Comment