ឯកឧត្តម ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា សូមអ្នកសារព័ត៌មានសរសេរឲ្យបានច្បាស់ កុំបង្កើតភាពមន្ទិល ក្នុងសំណេររបស់ខ្លួន ឲ្យមហាជនយល់ច្រឡំ ក្នុងចេតនាណាមួយឲ្យសោះ។
ស្នូលនៃសាច់រឿងនេះគឺ៖ VOD បានផ្សាយព័ត៌មានមិនពិត ដែលវាយប្រហារធ្ងន់ធ្ងរ ទៅលើបុគ្គលសាធារណៈ និងទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋទាំងមូល។ ប៉ុន្តែ ពេលតួអង្គសំខាន់ ដែលរងគ្រោះ ដោយសារព័ត៌មានមិនពិតរបស់ខ្លួន ( ឯកឧត្តម ហ៊ុន ម៉ាណែត) ចេញមកប្រតិកម្មហើយសុំឲ្យកែតម្រូវ និងសុំទោស ឬបង្ហាញភស្តុតាងបើខ្លួនមាន, VOD មិនធ្វើអ្វីទាំងអស់។
ប្រតិកម្មរបស់ភាគីរងគ្រោះ ដោយសារព័ត៌មានមិនពិតមាន ដល់ទៅពីរលើក ( គឺឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន) ដោយមានទាំងភស្តុតាងមកបង្ហាញយ៉ាងច្បាស់លាស់ និងទុកពេលវេលាយ៉ាងគ្រប់ គ្រាន់។ ប៉ុន្តែ VOD នៅតែមិនបានយកព័ត៌មានទាំងនោះមកផ្សាយឡើយដោយទុកឲ្យព័ត៌មានមិនពិតរបស់ខ្លួនអូសបន្លាយជាច្រើនថ្ងៃ។ នេះជាកំហុសវិជ្ជាជីវៈធ្ងន់ធ្ងរ។
ក្នុងន័យនេះ សូមកុំនិយាយថា រដ្ឋាភិបាលវាយប្រហារទៅលើសារព័ត៌មាន ប៉ុន្តែ គឺសារព័ត៌មាន (VOD) ទេដែលវាយប្រហារ លើរាជរដ្ឋាភិបាលតាមរយៈផ្សាយព័ត៌មានមិនពិត បង្កើតកំហុសដាក់អ្នកដទៃហើយមិនកែព្រមកែតម្រូវនិងមិនព្រមសុំទោស។
អ្នកសារព័ត៌មានត្រូវស្វែងរកភាពច្បាស់លាស់ឲ្យឃើញមុនសរសេរសាច់រឿង គឺមិនមែនចេញពីភាពច្បាស់លាស់ទៅបង្កើតភាពមន្ទិលទៅវិញទេ។
ដូច្នេះ សូមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលទាំងឡាយ យល់ឲ្យច្បាស់ និងសរសេរ ឬអត្ថាធិប្បាយឲ្យត្រឹមត្រូវ តាមសាច់រឿង ហើយកុំបង្កើតភាពមន្ទិល ដើម្បីកេងចំណេញនយោបាយ៕
No comments:
Post a Comment