(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការដោយបានទទួលព្រះរាជសារលិខិត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់ប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រសិទ្ធពរបវរមហាប្រសើរជូនសម្តេច ក្នុងឱកាសទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ផូសៃឡានសាង» ពីលោក ថងលុន ស៊ីសូលីត ប្រមុខរដ្ឋឡាវ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមលំឱនកាយក្រាបថ្វាយព្រះសព្ទសាធុការពរមហាប្រសើរ សូមសម្តេចព្រះមហាក្សត្រី ស្តេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ ព្រះជន្មាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសឡាវ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រមុខរដ្ឋឡាវលោក ថងលុន ស៊ីសូលីត បំពាក់គ្រឿងឥស្សរិយយស «ផូសៃឡានសាង»។
គ្រឿងឥស្សរិយយស «ផូសៃឡានសាង» ជាមេដាយមានគុណតម្លៃខ្ពស់បំផុតរបស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ៕
No comments:
Post a Comment