Wednesday, March 23, 2022

វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើង បើសង្រ្គាមអ៊ុយក្រែន រាលដាលចូលទឹកដី NATO?



(ឡុងដ៍)៖ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានចូលដល់សប្ដាហ៍ទី៤ហើយ ដែលជាដំណាក់កាលមួយដ៏គ្រោះថ្នាក់ ខណៈកិច្ចចរចារវាង ភាគីទាំង២ នៅតែមិនទាន់មានពន្លឺច្បាស់លាស់។ បើតាមក្រុមអ្នកជំនាញយោធាលោកខាងលិច កងទ័ពរុស្ស៊ីកំពុងជាប់គាំងស្ទើរតែគ្រប់សមរភូមិ មុខ ប្រឈមមុខនឹងការវាយតបតយ៉ាងខ្លាំងពីសំណាក់កងទ័ពអ៊ុយក្រែន។


មែនទែនទៅ, ដំបូងទី គេមិននឹកស្មានថាអ៊ុយក្រែនមានសមត្ថភាពអាចប្រឆាំង ឬទប់ទល់ជាមួយកងទ័ពរុស្ស៊ីដែលជាមហាអំណាចយោធាលេខ ២ នៅលើពិភពលោក បានជិតមួយខែមកនេះនោះទេ ហើយលោក ពូទីន ក៏ប្រហែលជាគិតឃើញដូចគ្នានេះដែរ បានជាលោកសម្រេចចិត្តប្រើ កម្លាំងយោធាលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប៉ុន្តែ ការជាប់គាំងនេះកំពុងបង្កឱ្យមានការព្រួយបារម្ភថារុស្ស៊ីអាចនឹងបង្កើនការវាយប្រហារ ដោយមិនរើសមុខ ដើម្បីសម្រេចគោលដៅរបស់ខ្លួនឱ្យបានលឿន ហើយការប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងចំនួន ២លើកដើម្បីកម្ទេច ទីតាំងយោធាលើទឹកដីអ៊ុយក្រែនកាលពីពេលថ្មីៗនេះ អាចយកមកបញ្ជាក់បានពីក្ដីបារម្ភនេះ ជាពិសេសនៅក្នុងចំណោមបណ្ដាប្រទេសដែលមាន ព្រំដែនជាប់អ៊ុយក្រែន និងរុស្ស៊ី ដ្បិតពួកគេខ្លាចសង្រ្គាមធ្លាយចេញពីព្រំដែនអ៊ុយក្រែន ចូលដល់ទឹកដីរបស់ពួកគេ។


កាលពីថ្ងៃទី១៣ ខែមីនា កងទ័ពរុស្ស៊ី បានបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានយោធាមួយកន្លែងរបស់អ៊ុយក្រែន ស្ថិតនៅចម្ងាយ ត្រឹមតែជាង ២០គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប៉ូឡូញ ដែលជាសមាជិក NATO។ រីឯលោក ហ្សេលេនស្គី បានស្នើសុំម្ដងជាពីរដងឱ្យអាមេរិក និង NATO បង្កើតតំបន់គ្មានការហោះហើរក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងទប់ស្កាត់ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។ តាមរយៈការស្នើសុំនេះ លោក ហ្សេនលេស្គី ប្រហែលជាដឹងមុនទៅហើយថាវាមិនអាចទៅរួចឡើយ។ ចុះបើដឹងថាមិនអាចទៅរួច ហេតុអ្វីបានជាលោកនៅតែបន្តទទូច ស្នើសុំ? ហេតុផលដែលគេអាចពន្យល់បាន នោះគឺលោកចង់ប្រើវា យកមកបញ្ជាក់ពីហេតុផលដែលលោកធ្លាប់និយាយថា អ៊ុយក្រែនមិនអាចចូល ជាសមាជិក NATO បានទេ ដើម្បីយករឿងនេះទៅចរចាស្វែងរកកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី។


សហរដ្ឋអាមេរិក និង NATO មកទល់នឹងពេលនេះនៅតែប្រកាន់ជំហរជំទាស់ការបញ្ជូនកងទ័ព និងការបង្កើតតំបន់គ្មានការហោះហើរនៅអ៊ុយក្រែន ដោយសំអាងថាវាអាចនឹងបង្កទៅជាជម្លោះយោធាដោយផ្ទាល់ជាមួយរុស្ស៊ី ដែលនឹងផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣។ ជាការពិត នេះគឺជាការសម្រេចចិត្តមួយដ៏ឆ្លាតវៃ។ ប៉ុន្តែ ខណៈអាមេរិក និង NATO មិនចង់ផ្ទុះសង្រ្គាមជាមួយរុស្ស៊ី លោក ពូទីនឯណេះវិញបាន ព្រមានថាប្រទេសណាក៏ដោយឱ្យតែលូកដៃជួយអ៊ុយក្រែន តាមរយៈការបង្កើតតំបន់គ្មានការហោះហើរ ឬបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន នោះពួកគេនឹងមិនរួចខ្លួនឡើយ។ បានន័យថារុស្ស៊ីនឹងវាយប្រហារកម្ទេចក្បួនដឹកជញ្ជូនអាវុធ ឬអាកាសយានដ្ឋានជាទីដែលយន្ដហោះចម្បាំង ទាំងនោះឈរជើង មុននឹងវាធ្លាក់ទៅដល់ដៃអ៊ុយក្រែន។ នេះទើបជាការព្រួយបារម្ភពិតប្រាកដ។


ដូច្នេះថាតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើរុស្ស៊ី វាយប្រហារលើប៉ូឡូញ? ហើយថាតើវានឹងអូសឱ្យ NATO ផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៊ី ដែរឬទេ? សុភាសិតមួយគេនិយាយថា «ចង់ ឬមិនចង់ចេញច្បាំង គេមិនត្រូវឱ្យសត្រូវដឹងមុននោះទេ»។ នៅក្នុងករណីនេះគេអាចដឹងបានថារុស្ស៊ី ឈរនៅជំហរមួយរឹងមំាជាង NATO ឬអាមេរិក ដែលកន្លងមកតាមរយៈសេចក្ដីថ្លែងការណ៍ជាច្រើន ពួកគេបានបញ្ជាក់ច្បាស់ៗថាមិនចង់ធ្វើសង្រ្គាម ដោយផ្ទាល់ជាមួយរុស្ស៊ីឡើយ។ នេះអាចជាសម្មតិកម្មមួយនៅក្នុងការគិតរបស់លោក ពូទីន មុននឹងលោកប្រកាសធ្វើសង្រ្គាមជាមួយអ៊ុយក្រែន ពោលបើលោកដឹងច្បាស់ថា NATO នឹងលូកដៃចូលជួយអ៊ុយក្រែន ម្ល៉េះសង្រ្គាមប្រហែលជាមិនផ្ទុះឡើងឡើយ។


* តើនឹងមានអ្វីកើតឡើង បើសង្រ្គាមរាលដាលចូលទឹកដី NATO?


នៅពេលដែលគេនិយាយដល់ប្រសិនបើសង្រ្គាមអ៊ុយក្រែន រាលដាលចូលដល់ទឹកដី NATO មជ្ឈដ្ឋានខ្លះអាចនឹងនិយាយភ្លាមៗថា សង្រ្គាមនុយក្លេអែរ ឬសង្រ្គាមលោកលើកទី៣ នឹងផ្ទុះឡើង។ ការយល់បែបនេះមិនមែនមានហេតុផលនោះទេ ពោលគឺគេសំអាងលើគោលការណ៍ 

«សន្តិសុខសមូហភាព» ដែលមានចែងនៅក្នុងមាត្រា ៥ នៃធម្មនុញ្ញរបស់ NATO ដែលនិយាយថាការវាយប្រហារលើប្រទេសជាសមាជិកណាមួយ គឺមានន័យស្មើជាការវាយប្រហារលើប្លុកយោធានេះទាំងមូល និងតម្រូវឱ្យប្រទេសជាសមាជិកទាំងអស់ចាត់វិធានការឆ្លើយតប។


ជាការពិតណាស់ ជាក្រមសីលធម៌ បើសម្ព័ន្ធមិត្តរបស់យើងត្រូវគេគំរាមកំហែង ឬធ្វើបាប យើងត្រូវតែចូលជួយ។ ប៉ុន្តែមិត្តក៏ដោយ បងប្អូនបង្កើត ក៏ដោយត្រូវបែងចែកប្រយោជន៍ឱ្យច្បាស់។ ៥មាត្រនៃធម្មនុញ្ញ NATO ក៏មានភ្ជាប់ជាមួយប្រយោជន៍ជាតិ និងរដ្ឋធម្មនុញ្ញនៃប្រទេសជាសមាជិក នីមួយៗផងដែរ។ ជាឧទាហរណ៍ដូចជានៅសហរដ្ឋអាមេរិក, រដ្ឋធម្មនុញ្ញបានចែងថាប្រធានាធិបតីគ្មានសិទ្ធិប្រកាសសង្រ្គាមនោះទេ ដោយមានតែ

សភាប៉ុណ្ណោះដែលមានសិទ្ធិប្រកាសសង្រ្គាម។


ម្យ៉ាងវិញទៀត មាត្រា ៥ មិនបានធានាទេថាប្រទេសជាសមាជិក NATO ទាំងអស់ត្រូវបញ្ជូនកងទ័ព ឬកងកម្លាំងប្រដាប់អាវុធរបស់ពួកគេឱ្យទៅ ប្រយុទ្ធតតាំងនឹងការវាយប្រហារណាមួយ ដោយគ្រាន់តែចែងពីការធ្វើសកម្មភាពយោធា ក្នុងនោះរួមមានទាំងការផ្ដល់ជំនួយបរិក្ខាយោធា ដែលជា ជម្រើសមួយអាចនឹងត្រូវបានរាប់បញ្ចូលជាផ្នែកមួយនៃគោលការណ៍ «សន្តិសុខសមូហភាព»។ សរុបមកវិញ, អ្វីដែលគេត្រូវដឹងនោះគឺថាមេដឹកនាំ នៃប្រទេសជាសមាជិក NATO រួមទាំងមេដឹកនាំអាមេរិកដូចជាលោក ចូ បៃដិន មិនមានឆន្ទៈ ឬចេតនាធ្វើសង្រ្គាមជាមួយរុស្ស៊ីឡើយ ពីព្រោះពួកគេ ដឹងច្បាស់ថាអ្នកដែលពួកគេកំពុងឈ្លោះជាមួយគឺជា «នរណា»។ រុស្ស៊ីសម័យនេះមិនដូចសូវៀតសម័យសង្រ្គាមត្រជាក់ឡើយ ដោយមីស៊ីលបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែររបស់លោក ពូទីន អាចនឹងបង្កវិនាសកម្មមិនអាចគណនាបាន ហើយសូម្បីតែអាមេរិកដែលនៅម្ខាងទ្វីប ក៏មិនអាចគេចផុតពី អាវុធនុយក្លេអ៊ែររុស្ស៊ីនោះដែរ។


គួរបញ្ជាក់ថា មាត្រា ៥នៃធម្មនុញ្ញរបស់អង្គការ NATO ធ្លាប់ត្រូវបានយកមកប្រើជាប្រវត្តិសាស្ត្រតែម្ដងគត់របស់ប្លុកយោធាមួយនេះ នោះគឺបន្ទាប់ពី សហរដ្ឋអាមេរិករងការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ប៉ុន្តែ នៅពេលនោះ សហរដ្ឋអាមេរិក និង NATO ធ្វើសង្រ្គាម

ដើម្បីកម្ចាត់ «ភេរវកម្ម»។ ប៉ុន្តែ ជាមួយរុស្ស៊ីដែលជាយក្សនុយក្លេអ៊ែរវាគឺជារឿងផ្សេង។ ដូច្នេះទោះបីជាមានមីស៊ីលធ្លាក់ចូលក្នុងទឹកដីប៉ូឡូញ

ក៏ដោយ ក៏គេពិបាកស្មានណាស់ថា NATO នឹងប្រកាសសង្រ្គាមភ្លាមៗជាមួយរុស្ស៊ី ឬអាចប្រទេសជាសមាជិក NATO ដែលមិនចង់មានជម្លោះ

ជាមួយរុស្ស៊ី អាចនឹងបញ្ចុះបញ្ចូលប៉ូឡូញ កុំឱ្យយល់ថាមីស៊ីលនោះ គឺជាការវាយប្រហារពីរុស្ស៊ី។


សម្រាប់អ្នកជំនាញលោកខាងលិច បណ្ដាមេដឹកនាំលោកខាងលិចត្រូវបានគេចាត់ទុកថាជា «មនុស្សប្រកបដោយហេតុផល» តែចំពោះលោក ពូទីន គឺពួកគេយល់ឃើញផ្សេងពីនេះ៕


ប្រភព៖ CNA (ថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News



No comments:

Post a Comment