Wednesday, March 23, 2022

សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន,​ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងសរុប ៦៣,៦ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ជ្រៃធំ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ

 CNV: 23 ខែ​មីនា, 2022

ឯកឧត្តម Park Heung-Kyeong អគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់!

ទោះបីជាមានការពន្យារពេលសម្ពោធ តែប្រជាពលរដ្ឋបានទទួលផលរួចជាស្រេចទៅហើយ


ថ្ងៃនេះយើងពិតជាមានការរីករាយ ដែលបានរួមគ្នាមកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ២១ដែលតភ្ជាប់ពីទីរួមខេត្តកណ្ដាលទៅកាន់ព្រំដែនវៀតណាមជ្រៃធំ​។ តាមពិតទៅកម្មវិធីនេះ ត្រូវប្រព្រឹត្តទៅនៅ​តាមគម្រោងដើមនៅខែ មីនា ឆ្នាំ ២០២១ ក៏ប៉ុន្តែពេលនោះ ដោយព្រឹត្តការណ៍ ២០ កុម្ភៈ បានចាប់ផ្ដើមទាក់ទងទៅការវាយលុកអំពីជំងឺកូវីដ-១៩ ដូច្នេះយើងពន្យារពេលការសម្ពោធដាក់ឱ្យប្រើប្រាស់នេះរយៈពេលមួយឆ្នាំ។ ទោះបីជាមានការពន្យារពេលនេះក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋរបស់យើងបានទទួលផលរួចជាស្រេចទៅហើយ អំពីការធ្វើដំណើរនៅលើផ្លូវជាតិ ២១ នេះ។

អម្បាញ់មិញឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយបញ្ហាផ្លូវនេះ ហើយចំណុចនេះ ខ្ញុំចងចាំច្បាស់អំពីទិដ្ឋភាពទាំងឡាយ ដែលទាក់ទងជាមួយដំណើរការផ្លូវនេះ ជាពិសេសទឹកជំនន់ឆ្នាំ ២០២០ បានបំផ្លិចបំផ្លាញផ្លូវនេះធ្ងន់ធ្ងរ។ ពេលនោះយើងក៏បានអនុញ្ញាតឱ្យកងវិស្វកម្មរបស់ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ គង់ អៀង ធ្វើការសាងសង់ ប៉ុន្តែការសាងសង់របស់យើងពេលនោះ គឺកសាងទៅតាមគន្លងចាស់ និងគ្រាន់តែមានផ្នែក(ខ្លះ)ពង្រីកថ្មី។ កាលនោះ ដូចជាមានការសាងសង់មានពីរផ្នែក។ មួយផ្នែក(សាងសង់)ដោយសាធារណការខេត្តកណ្ដាល ដែលត្រូវកសាងពីខាងទិសខេត្តកណ្ដាលទៅ, ឯ គង់ អៀង កសាងពីខាងក្រោមឡើងមកខាងលើ។


បណ្ដោយផ្លូវជាតិផ្លូវលេខ ២១ មានកូនព្រែកច្រើន


ផ្លូវនេះ វាពិតជាមានការលំបាកបន្តិចទៅលើការសាងសង់។ ការចំណាយក៏ត្រូវច្រើន មូលហេតុនៅត្រង់ថា យើងមានកូនព្រែកច្រើនណាស់នៅតាមដងផ្លូវនេះ។ មានមនុស្សខ្លះ បានមកលួចខ្សឹបប្រាប់ខ្ញុំថា កូនព្រែកតូច​ៗ​គួរតែលុបចោល ដើម្បីជំនួសវិញដោយការចាក់ដី ហើយវាចំណេញដីធ្លីទៀតផង។ នេះជាការឱ្យយោបល់ខ្លះ ប៉ុន្តែខ្ញុំបានប្រាប់ទៅវិញថា រឿងហ្នឹង វាជាបទពិសោធន៍មួយដែលធ្លាប់បានឃើញតាមផ្លូវជាតិលេខ ១។ ផ្លូវជាតិលេខ ១ ត្រង់ចំណុចស្ពានដែលជប៉ុនកសាងពីរកន្លែង ពីដើមជាព្រែកទេតើ ប៉ុន្តែ ប៉ុល​ ពត វាបិទ។ ដល់បិទ(ទឹក)ជំនន់ឆ្នាំ ២០០០ ស្ទើរតែលិចទីក្រុងភ្នំពេញហើយ ប៉ុន្តែពេលនោះ ឱ្យបទបញ្ជាកាត់ផ្លូវជាតិលេខ ១ ទើបបន្ធូរចរន្តទឹកពីខាងលើចុះមក។


នៅភាគខាងក្រោមនេះ គឺមាន(ស្ពានកាត់)ព្រែកតូច/ធំ រហូតដល់ជាង ៥០ ស្ពាន … យើងត្រូវកសាងស្ពាន មិនអាចលុបព្រែក(បានទេ) ត្បិតព្រែកនាំចូលដីល្បាប់ហ្នឹងម្ខាង តែម្ខាងទៀត គឺចរាចរបន្លាស់ទីត្រីនៅពេលដែលមានទឹកឡើង ដែលធ្វើឱ្យកើតមានធនធានត្រីរបស់យើងនៅផ្នែកខាងក្រោម និងការស្រោចស្រពទឹកសម្រាប់ដោះស្រាយវិស័យកសិកម្មរបស់យើង។ យើងបានជំនះ ដើម្បីរកហិរញ្ញប្បទានសម្រាប់ការសាងសង់ផ្លូវនេះ គាប់ជួនដោយសារយើងមានទំនាក់ទំនងល្អជាមួយសាធារណរដ្ឋកូរ៉េ ផ្លូវនេះក៏បានទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ យកមកធ្វើការសាងសង់។


ក្រៅពីការកង្វល់ទៅលើបញ្ហាផ្លូវនេះ យើងក៏កង្វល់អំពីការបាក់ច្រាំងនៅតាមបណ្ដោយផ្លូវជាតិនេះផងដែរ ប៉ុន្តែបន្ទាប់ពីការសាងសង់កន្លែងដែលប្រុងប្រៀបនឹងបាក់ ត្រូវបានជំនួសដោយការចាក់បេតុងរួចរាល់ ដូច្នេះធ្វើឱ្យស្ថានភាពនៃការបាក់ច្រាំងនៅតាមផ្លូវជាតិ ២១ នេះដែលអាចប៉ះពាល់ដល់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក៏ត្រូវបានកាត់បន្ថយ។ ចំណុចនេះខ្ញុំគ្រាន់តែបញ្ជាក់ជូនបន្ថែម។


កូវីដ-១៩ អាចគ្រប់គ្រងបាន មានកម្មវិធីសម្ពោធច្រើន


នេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលទាំងឡាយដែលយើងបានធ្វើជាមួយសាធារណរដ្ឋកូរ៉េ ដូចដែលឯកឧត្តមអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបានលើកអម្បាញ់មិញ។ នេះជាការជួបជុំគ្នាលើកទី ២ បន្ទាប់ពីការជួបជុំគ្នា ដើម្បីបើកការដ្ឋានសាងសង់ផ្លូវជាតិ ៤៨ ដែលតភ្ជាប់ផ្លូវជាតិលេខ ៤ ទៅទីរួមខេត្តកោះកុង។ ប៉ុន្តែកុំភ្លេចថា យើងមានការជួបជុំគ្នាម្ដងទៀតដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវបណ្ដាអាគារឯកទេសមួយចំនួននៅពេទ្យអង្គឌួងសប្ដាហ៍ក្រោយ ថ្ងៃ ២៨ (មីនា)។ យើងត្រូវជួបគ្នាម្ដងទៀតដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់។ តាំងពីបើកប្រទេសឡើងវិញមក ការដើរធ្វើពិធីសម្ពោធ ឬបើកការដ្ឋានមានជាបន្តបន្ទាប់។ នេះជាដំណើរការធម្មតារបស់យើង។ កន្លែងខ្លះ ជាការដោះបំណុល ដូចជានៅកន្លែងនេះ មកដោះបំណុលដែលជំពាក់។ យើងត្រូវគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ប្រើប្រាស់តាំងពី ខែមីនា ឆ្នាំ ២០២១ ប៉ុន្តែដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ យើងក៏បានផ្អាករហូតមកដល់ពេលនេះ។ ពេលដែលស្ថានភាពធូរស្រាលថ្ងៃនេះ យើងក៏បានជួបជុំគ្នាដើម្បីសម្ពោធផ្លូវនេះ។


ផ្លូវជាតិលេខ ២១ មានចម្ងាយជិតជាងគេ តភ្ជាប់ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម


ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងអំពីសារៈសំខាន់នៃផ្លូវនេះ។ បើយើងគិតអំពីផ្លូវទាំងអស់ដែលតភ្ជាប់ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម គឺផ្លូវជាតិលេខ ២១ នេះហើយ ដែលមានចម្ងាយជិតជាងគេ … ក្នុងការផ្លាស់ប្តូរទំនិញទៅវិញទៅមក។ មិនគ្រាន់តែទំនិញទេ​​ សម្រាប់ច្រកនេះ ការផ្លាស់ប្តូរគ្នាពិសេសការនាំអគ្គិសនីពីវៀតណាម មកកាន់កម្ពុជា ក៏ធ្វើទៅតាមច្រកនេះយ៉ាងច្រើនផងដែរ។ កសិផលជាច្រើនរបស់កម្ពុជា ក៏ត្រូវបាននាំចេញតាមច្រកនេះ។ ផលិតផលខាងវៀតណាម ដែលត្រូវនាំចូលក៏ត្រូវតាមច្រកនេះ … យើងក៏បានចេញលុយពាក់កណ្តាលម្នាក់ កសាងស្ពានជ្រៃធំ ដែលព្រំដែនរបស់វានៅពាក់កណ្តាលទន្លេ។ អញ្ចឹងវៀតណាមចេញលុយពាក់កណ្តាល កម្ពុជាចេញលុយពាក់កណ្តាល ដើម្បីកសាងស្ពានមួយកន្លែងនេះ។


គ្រប់ការសាងសង់ ត្រូវតែរាវមីន រាវរកគ្រាប់មិនទាន់ផ្ទុះនេះ ឲ្យបានអស់


ឥឡូវយើងកសាងបាននូវផ្លូវនេះហើយ។ យើងពិតជាមានមោទនភាពជាមួយនឹងការរីកចម្រើន បើប្រៀបធៀបជាមួយនឹងផ្លូវចាស់និងផ្លូវថ្មី ផ្លូវចាស់របស់យើងវាតូចណាស់។ កន្លែងខ្លះបានតែ ៥ ម៉ែត្រទេ … ប៉ុន្តែដើម្បីពង្រីកផ្លូវនេះ យើងចំណាយថវិកាខ្លួនយើងអស់ ៩ ៣៤៧ ៩០៦ ដុល្លារសហរដ្ឋអាមេរិក ដើម្បីដោះស្រាយផលប៉ះពាល់។ ក្រៅពីនោះយើងបានប្រើប្រាស់ថវិការបស់យើងចំនួន ៧៩៥ ១១២ ដុល្លារទៀត សម្រាប់ការដោះស្រាយបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ នៅកម្ពុជា ទោះនៅទីកន្លែងណាក៏ត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីចៀសវាងការដ្ឋានបើកចេញទៅ គ្រាប់មិនទាន់ផ្ទុះនោះ វាអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស។ វាមិនមែនគ្រាន់តែពាក់ព័ន្ធជាមួយអ្នកសាងសង់ផ្លូវទេ ប្រជាពលរដ្ឋអាចនឹងរងគ្រោះក្នុងរយៈពេលវែង។ យើងត្រូវ(ធ្វើ)គ្រប់ទីកន្លែងទាំងអស់ ឲ្យតែត្រូវសាងសង់ ត្រូវតែរាវមីន …។


ក្នុងឱកាសនេះ តាមរយៈ ឯកឧត្តម អគ្គរដ្ឋទូត អនុញ្ញាតឲ្យខ្ញុំបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់ការសាងសង់ផ្លូវនេះ រួមនឹងការសម្ពោធផ្លូវនេះ មានផ្លូវ ២ ខ្សែ ៣ខ្សែ ទៀតកំពុងសាងសង់ នោះគឺផ្លូវលេខ ៤៨ ដែលតភ្ជាប់ផ្លូវជាតិលេខ ៤ ស្រែអំបិលទៅកាន់ទីរួមខេត្តកោះកុង ផ្លូវជាតិលេខ ២ កំពុងសាងសង់ដើម្បីភ្ជាប់ទៅតាកែវ និងផ្លូវជាតិលេខ ២២ កំពុងត្រូវបានសាងសង់។ នេះហើយជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលយើងទទួលបាន។


ទីតាំង និងជម្រើស សង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ


ខ្ញុំគិតថា ថ្ងៃនេះខ្ញុំគួរតែនិយាយបញ្ជាក់នៅចំពោះមុខអ្នកនៅទីនេះ ប៉ុន្តែសំខាន់គឺប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយជាងនេះទៅទៀត គឺប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញឲ្យបានដឹងអំពីជម្រើសនៃការកសាងស្ពានមិត្តភាព​កម្ពុជា-កូរ៉េ។ មានការនិយាយខ្លះៗលេចឡើងហើយ។ ការលេចឡើងនោះត្រឹមត្រូវ ក៏ប៉ុន្តែប្រហែលប្រជាពល​រដ្ឋរបស់យើងមានជំនឿតិចតួចណាស់ ប្រសិនបើសម្តីនោះមិនមែនចេញពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្ញុំសូមបញ្ជាក់ជូនថា មិត្តកូរ៉េបានយល់ព្រមជាមួយយើងលើការសិក្សា និងត្រៀមផ្តល់ហិរញ្ញប្បទាននិងជំនួយឥតសំ​ណងសម្រាប់ការសាងសង់ស្ពាន ហើយបានសិក្សាលើជម្រើសជាច្រើន មានរហូតទៅដល់ ៥ ទៅ ៦ ជម្រើសឯណោះ និងទីតាំងក៏ប៉ុន្មានកន្លែងដែរ។


ឥឡូវខ្ញុំសូមប្រាប់ថា តើជម្រើសបែបណា … ខ្ញុំក៏បានទៅនិយាយជាមួយប្រធានាធិបតី Moon Jae-in ក្នុងពេលដែលខ្ញុំទស្សនកិច្ចនៅកូរ៉េកន្លងទៅ សូមឲ្យគាត់គាំទ្រនូវគម្រោងដែលខ្ញុំបានសម្រេច ហើយគាត់បានសន្យាថានឹងពិនិត្យគាំទ្រនូវគម្រោងនោះ។ សង្ឃឹមថា ប្រធានាធិបតី ដែលទើបនឹងជាប់ឆ្នោតថ្មីនេះ បន្តការគាំទ្រ​ចំពោះគម្រោងនេះ។ តាមធម្មតា បើថាប្រធានាធិបតីមុនធ្វើការហើយ បន្ទាប់ទៅប្រធានាធិបតីក្រោយ គឺគេមិនលុបចោលទេរឿងហ្នឹង។ សង្ឃឹមថា គាត់នឹងគាំទ្រគម្រោងនេះ។ ជម្រើសវាមានច្រើន ប៉ុន្តែជម្រើសធំៗគឺមាន ២៖ ទី ១ គឺកសាងស្ពានឆ្លងកាត់ចាប់ពីត្រឹមជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ទៅស្វាយជ្រុំ។ បើធ្វើពីជ្រោយចង្វារទៅស្វាយជ្រុំ គឺវាបង្កើតនូវបញ្ហាកកស្ទះចរាចរណ៍នៅជ្រោយចង្វារ។ គឺជាការលំបាក។ ឯជម្រើសមួយទៀត គឺជម្រើសចាប់ពីផ្សាររាត្រី សួនច្បារផ្សារចាស់ ឆ្លងកាត់ទន្លេសាប រួចហើយទៅចុះនៅខាងជ្រោយចង្វារសិន។ បន្ទាប់ទៅ បានតពីជ្រោយចង្វារទៅអរិយក្សត្រ។ អញ្ចឹងយើងមានស្ពាន ២។ ស្ពានកសាងតែ ១ ទេ ប៉ុន្តែឡើងដល់ ២ បានសេចក្តីថា វាជួយដោះស្រាយបញ្ហាស្ពានជ្រោយចង្វារដែលមាន(ស្ពាន) ២ ស្រាប់នេះ និងដែលកំពុងស្ទះចរាចរណ៍ …។


ឯមួយទៀត ទាក់ទងនឹងជម្រើស(សណ្ឋានស្ពាន)នេះ គឺប្រើខ្សែកាប្លិ៍ដែកខ្ពស់ អត់មានសសរទេ។ បើនិយាយពីខាងផ្នែកខាងណេះ ត្រូវការអុំទូកង អុំទូកទៅបុកសសរមិនបានទេ។ អញ្ចឹងទេ លេងខ្សែកាប្លិ៍ទាំងអស់។ ឯនៅខាងណោះ ក៏យើងត្រូវធ្វើចរាចរណ៍ផ្លូវទឹក ជួនកាលធ្វើទាំងយប់។ មានម្តងហើយ គឺស្ពានព្រែកតាមាក់ មានកប៉ាល់ណាមួយទៅកឿងនៅស្ពានព្រែកតាមាក់។ ឥឡូវលេងអត់សសរម្តង។ ខ្ញុំបញ្ជាក់ជាមួយប្រធានាធិបតី Moon Jae-in ហើយក៏បាននិយាយជាមួយប្រធានសភាសព្វថ្ងៃ ថាជួយគាំទ្រគម្រោងហ្នឹងផង។


ខ្ញុំបានប្រាប់ឯកឧត្តម Moon Jae-in ថា ប្រសិនបើស្ពានធុនហ្នឹងកើតនៅទីក្រុងភ្នំពេញ វាក្លាយជារបស់មួយដែលទាក់ទាញទេសចរមកមើល ទាំងទេសចរក្នុងស្រុក ទាំងទេសចរមកពីក្រៅស្រុក។ ស្ពានធុនហ្នឹងទំនើប ព្រោះឆ្លងទន្លេអត់មានសសរ រួចហើយស្ពានហ្នឹងវាទៅជាស្ពានកូនភ្លោះ ខាងនោះក៏ស្ពានម្ខាង ខាងនេះក៏ស្ពានម្ខាង ទៅជាស្ពានកូនភ្លោះ …​ នោះហើយជាផលប្រយោជន៍នៃការដាក់ចំណងទាក់ទងការទូតរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ដែលខ្លួនខ្ញុំត្រូវតែពុះពារធ្វើឲ្យខាងតែបាន។


ស្ថាបនិកទំនាក់ទំនងការទូតឡើងវិញ កម្ពុជានិងសាធារណរដ្ឋកូរ៉េ


ខ្ញុំមានមោទនភាពណាស់ក្នុងឋានៈជាស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជានិងសា​ធារណរដ្ឋកូរ៉េ ព្រោះប្រសិនបើគ្មានការជឿនលឿនណាមួយក្នុងទំនាក់ទំនងទេ គេប្រហែលជាស្តីបន្ទោសខ្ញុំ។ ប៉ុន្តែគ្មានអ្នកណាអាចស្តីបន្ទោសខ្ញុំបានទេ។ ផ្ទុយទៅវិញ វាជាមោទនភាពដែល ហ៊ុន សែន ជ្រើសរើសនូវរបៀបដោះស្រាយការទូត(មួយបែបនេះ)។ យើងមានទំនាក់ទំនងជាមួយកូរ៉េខាងជើង។ យើងក៏មានទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូង … ត្រូវចាំឲ្យបាន កូរ៉េទាំង ២ បានចូលអង្គការសហប្រជាជាតិឆ្នាំ ១៩៩១ ក្នុងពេលដែល SNC កម្ពុជាចូលកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិដូចគ្នា។ ពេលនោះខ្ញុំថា ត្រូវតែទទួលស្គាល់កូរ៉េទាំងពីរស្មើគ្នា។ ប៉ុន្តែជាអកុសល្យយើងបានអូសបន្លាយបន្តិច តែការធ្វើយឺតប្រសើរជាងមិនបានធ្វើ។ ឥឡូវយើងពិតជាបានធ្វើហើយ។ យើងមានទំនាក់ទំនងជឿនលឿនខ្លាំងណាស់។


ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ កើនឡើង ៣៣​ ភាគរយ, សុំបន្ថែមកូតាពលករខ្មែរធ្វើការនៅសាធារណរដ្ឋកូរ៉េ


ខ្ញុំសុំបញ្ជាក់ ក្នុងពាណិជ្ជកម្ម ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ ២០២២ នេះ ពីរខែដើមឆ្នាំ មានកំណើនជាង ៣០ ភាគរយនៃការនាំចេញសរុបទូទៅ ដោយឡែកជាមួយកូរ៉េ កើនឡើង ៣៣ ភាគរយ។ ការនាំចេញពីកម្ពុជាទៅកាន់កូរ៉េកើនឡើង ៣៣ ភាគរយ។ យើងត្រូវតែអនុវត្ត។ ខាងកម្ពុជាបានឲ្យសច្ចាប័នហើយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ហើយខ្ញុំក៏បានប្រាប់ទាំងប្រធានសភា និងប្រធានាធិបតី Moon Jae-in សូមឯកឧត្តម​ បំពេញនីតិវិធីផ្ទៃក្នុងឲ្យបានឆាប់ ដើម្បីយើងអាចចាប់ផ្តើមជំរុញពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េ ស្របគ្នាជាមួយនឹងការចូលជាធរមានកិច្ចព្រមព្រៀង RCEP ផងដែរ។


នេះជាផលប្រយោជន៍ដែលចេញមកពីកិច្ចសហប្រតិបត្តិការ។ ពលរដ្ឋកម្ពុជាកំពុងធ្វើការនៅ​កូរ៉េដែលអម្បាញ់​មិញ​តួលេខត្រូវមាន ៤៥ ០០០ នាក់ ខ្ញុំបានស្នើសុំបន្ថែមឲ្យផ្តល់កូតាសម្រាប់ពលករកម្ពុជាទៅធ្វើការនៅកូរ៉េបន្ថែមទៀត ដែលយើងមិនមែនគ្រាន់តែយកប្រាក់កាស ដោះស្រាយការងារធ្វើទេ ក៏ប៉ុន្តែអាចនាំមកផងដែរនូវបញ្ហាបច្ចេកទេស ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍប្រទេសជាតិរបស់យើង …។


ខ្ញុំកំពុងតែមានក្តីស្រម៉ៃថានឹងដើរលើនិងជិះលើស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីផ្សាររាត្រីទៅជ្រោយចង្វារ​ ហើយចេញពីជ្រោយចង្វារទៅអរិយក្សត្រ … ដោយស្ពានខ្សែកាប្លិ៍យោងខ្ពស់ អត់មានសសរ។ យើងត្រូវការអុំ​ទូក​ង នៅខាងណេះ។ បើសិនយើងធ្វើសសរ អុំទូកងបុកសសរហ្នឹង។ ត្រូ​វប្រណាំងទូក គ្រាន់តែកូវីដ-១៩ មិនបានប្រណាំងប៉ុណ្ណឹងទេ ប៉ុន្តែនៅពេលណាមួយអស់ កូវីដ-១៩ ឬក៏ កូវីដ-១៩ ហ្នឹងទៅជាជំងឺផ្តាសាយធម្មតា គឺចាប់ផ្តើមអុំទូកឡើងវិញហើយ។ ថែទាំទូកងឲ្យបានល្អ គង់តែប្រណាំងទេ។ ​នៅពេលណាមួយ ខ្ញុំថានាំគ្នាប្រ​ណាំងទូកតាមខេត្តសិន។ ប៉ុន្តែហ្នឹងមិនទាន់ជាអាទិភាពពេកទេ។


អរគុណស្ថាប័ននិងក្រុមហ៊ុន ពាក់ព័ន្ធនឹងការសំរេចសាងសង់បានផ្លូវជាតិលេខ ២១


ថ្ងៃនេះខ្ញុំគ្រាន់តែចង្អុលបង្ហាញអំពីលទ្ធផលដែលចេញមកពីកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែលមិនមែន មានតែគម្រោងប៉ុណ្ណឹងទេ។ កូរ៉េបានធ្វើច្រើនណាស់មកហើយ។ ថ្ងៃ ២៨ (មីនា)នេះ នឹងមានការសម្ពោធនូវអគារផ្នែកឯកទេសមួយចំនួននៅ​មន្ទីរពេទ្យអង្គឌួង។ ខ្ញុំក៏ត្រូវចូលរួមដោយផ្ទាល់។ ឥឡូវផ្លូវបានដំណើរការ បងប្អូនបានធ្វើដំណើរហើយ អ្វីដែលខ្ញុំគួរនិយាយ ខ្ញុំសុំអរគុណចំពោះកិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានធ្វើ មិនត្រឹមតែរវាងកម្ពុជា និងកូរ៉េនេះទេ ហើយមិនមែនគ្រាន់តែ យើងក៏អរគុណជាមួយនឹងប​ណ្តាក្រុមហ៊ុនសាងសង់ ដែលបានសាងសង់ផ្លូវនេះ។


អរគុណចំពោះ KOICA ដែលយើងកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏ដូចជាអាជ្ញាធរដែនដី ជាពិសេសចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងឡាយ ដែលចូលរួមសហការ ដើម្បីឲ្យផ្លូវនេះសម្រេចចេញជារូបរាង។ ផ្លូវនេះមានកន្លែងខ្លះមានគន្លង ២ ទៅ ២ មក និងកន្លែងខ្លះគឺមាន ១ គន្លង ហើយបង្កើតជាប​ណ្តាញដឹកជញ្ជូនមួយដ៏ល្អ ប​ន្ថែមទៅដោយការរៀបចំគ្រឹះកុំឲ្យបាក់ដីថែមចូលមកខាងក្នុង ដែលជាផ្នែកមួយដែលពីមុននេះ ខ្ញុំបានកង្វល់យ៉ាងច្រើន។


របាយការណ៍ ៤ (កូវីដ-១៩ សន្តិសុខ/គ្រោះថ្នាក់ចរាចរណ៍ អគ្គិសនី និងអាកាសធាតុ) ត្រូវអានមុនគេ


អ្វីដែលជាតម្រូវការបន្ថែមទៀតនោះ គឺការអំពាវនាវឲ្យគោរពច្បា​ប់ចរាចរណ៍ កុំឲ្យមានផ្លូវល្អហើយ បែរទៅជានាំគ្នាស្រែកយំ។ ម្សិលមិញនេះ ប្រទេសរបស់យើងមានគ្រោះថ្នាក់ចរាច​រណ៍ប៉ុន្មានករណីនោះ ហើយ​ស្លាប់ចំនួន ៦ នាក់ និងរបួស ៨ នាក់ … អញ្ចឹងរៀងរាល់ថ្ងៃ ៥, ៦, ៧, ៨ នាក់ស្លាប់(ដោយសារគ្រោះថ្នាក់ចរាចរណ៍)។ កូវីដ-១៩ ម្សិលមិញអត់មានស្លាប់ទេ … ព្រលឹមឡើងខ្ញុំត្រូវមើលរបាយការណ៍ប៉ុន្មានសិនទេ៖ ទី ១ របាយការណ៍ពាក់ព័ន្ធជាមួយនឹង កូវីដ-១៩។ កូវីដ-១៩ នេះគឺលោកជំទា​វ យក់ សម្បត្តិ គាត់វាយផ្តល់មកឲ្យខ្ញុំ។ តើអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែ​នកម្ពុជា-ថៃ មានចំនួន​ប៉ុន្មាន? …


ទី ២ គឺមើលអំពីសភាពការណ៍ទាំងឡាយទាក់​ទង​ជាមួយសន្តិសុខ ហើយជាពិសេសគឺមើលអំពីកន្លែងគ្រោះថ្នាក់ចរាចរណ៍ ដែលសម្តេចក្រឡាហោម ស ខេង បាញ់មកឲ្យ … ទី ៣ មើលអំពីថាអគ្គិសនីដែលប្រើនៅក្នុងយប់កន្លងទៅនេះ អស់ប៉ុន្មានមេហ្គាវ៉ាត់ ហើយទំ​ហំផ្នែកណាៗប៉ុន្មាន មានដើរដោយវារីអគ្គិសនី ដើរដោយធ្យូងថ្ម ដើរដោយពន្លឺព្រះអាទិត្យ ហើយការនាំចូល … ជារបាយការណ៍ … ឯកឧត្តម ស៊ុយ សែម ផ្ញើចូលមក និងមួយទៀតគឺឯកឧត្តម លឹម គានហោ ផ្ញើមក គឺធាតុអាកាសយ៉ាងម៉េចអីយ៉ាងម៉េច។ យើងមើលអំពីរបាយការណ៍ប៉ុណ្ណឹងសិន ឯរបាយការណ៍ដទៃទៀត ចាំត្រឡប់ទៅវិញចាំមើល។


មានរបាយការណ៍ប៉ុន្មាន ដែលជាទៀងទាត់ត្រូវមើលកាត់ព្រឹក … ព្រឹកមិញអញ្ចេះ នៅក្នុងហោប៉ៅរបស់ខ្ញុំ សូមមើលបញ្ជាក់ គ្រោះថ្នាក់ច្រើនជាងឧបទ្ទវហេតុ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញមាន ៩ ករណី ស្លាប់ ៦ នាក់ និងរបួស ៨ នាក់, ៥ រាជធានី/ខេត្ត។ បានសេចក្តីថា ម្សិលមិញហ្នឹង គឺគ្រោះថ្នាក់ចរាចរណ៍នៅ ៥ រាជធានី និងខេត្ត ហើយមាន ៩ ករណី ស្លាប់ ៦, របួស ៨។ ហ្នឹងគឺជារបាយការណ៍ ហើយបើសិនជាម្ង៉ៃៗ គិតជាមធ្យម ៥ នាក់ ១០ ថ្ងៃ អស់ ៥០ នាក់ អញ្ចឹងវាបង្កើតបញ្ហាសង្គមធ្ងន់ធ្ងរសម្រាប់យើង បើស្លាប់ចំមេគ្រួសារ គឺអ្នកណាចិញ្ចឹមកូន ចិញ្ចឹមប្រពន្ធ។ អាហ្នឹងជាបញ្ហាដែលយើងអំពាវនាវឲ្យមានការគោរពនូវច្បាប់ចរាចរណ៍។


ផ្លូវល្អ ករណី ក្រាំងយ៉ូវ


សុំកុំនាំគ្នាបន្ទោសអ្នកធ្វើផ្លូវ។ រឿងនេះខ្ញុំនិយាយប្រហែលជា ១០ ឆ្នាំហើយ។​ នៅក្រាំងយ៉ូវ … អង្កាល់ហ្នឹងខ្ញុំទៅអភិវឌ្ឍនៅក្រាំងយ៉ូវ។ សម័យថ្ងៃមួយ ខ្ញុំកំពុងតែដើរពិនិត្យរកកន្លែងរុះរើសាលាហ្នឹងចេញ រួចហើយយើងធ្វើសាលាថ្មី ហើយយើងធ្វើផ្ទះគ្រូបង្រៀននៅពីក្រោយ។ កំពុងតែពិនិត្យ ស្រាប់តែប្អូនស្រីម្នាក់ពរកូនមកនិយាយថា សម្ដេចៗ សងលុយខ្ញុំមក។ ខ្ញុំថា សងអី? ជ្រូកខ្ញុំឡានបុក។ ខ្ញុំសួរថា ឡានអ្នកណា? ខ្ញុំហៅពួកអង្គរក្សខ្ញុំមកសួរ ក្រែងលោពួកអង្គរក្សខ្ញុំបុកជ្រូកគាត់។ ហៅទាំងមេភូមិ មេឃុំមកទៀត។ គេក៏ប្រាប់មកថា ឡានគេដឹកស្រូវ មិនមែនឡានអង្គរក្សឯណា។ ខ្ញុំក៏ប្រាប់គាត់ថា ឡានគេដឹកស្រូវទេតើ មិនមែនឡានអង្គរក្សខ្ញុំឯណា។ គាត់ថា ឡាននរណាក៏ដូចឡាននរណា មកពីធ្វើផ្លូវល្អបានជាគេបុក។


… ខ្ញុំសួរថា ជ្រូកហ្នឹងឥឡូវទៅណា? (គាត់ថា)ស្ងោរ(ហើយ)។ អញ្ចឹងខ្ញុំក៏ជូនលុយគាត់ខ្លះទៅ។ ឥឡូវហ្នឹង បើតាមគិតតាំងពី ១៩៩៥ រហូតមក កូនគាត់ដែលពរមកហ្នឹង កាលហ្នឹងប្រហែលជាជាង ១ ខួប ឥឡូវអាយុជិត ៣០ ហើយ។ ប្អូនស្រីនោះមិនដឹងថានៅរស់ឬអត់? … យើងស្មានតែអង្គរក្សយើងដឹកឥវ៉ាន់ស្អីៗ ដើម្បីអភិវឌ្ឍនៅកន្លែងនោះ បុកជ្រូកគាត់ហើយមិនព្រមសង។ ដល់ទីចុងបំផុត គេអ្នកចូលទៅទិញស្រូវតើ។ ដល់ដឹកចុះឡើង ទៅបុកជ្រូកគាត់ៗ មកទារលុយយើង … មកពីធ្វើផ្លូវល្អ បានឡានបុកជ្រូក … ថ្ងៃក្រោយគ្មាននរណាហ៊ានធ្វើផ្លូវទេ បើឲ្យតែមានគ្រោះថ្នាក់ចរាចរណ៍មកទារលុយ ស៊ុន ចាន់ថុល ទារពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន …។


ការគោរពច្បាប់ចរាចរណ៍ វាជាការតម្រូវរបស់យើង ព្រោះនេះដើម្បីការពារអាយុជីវិតរបស់យើង។ អ្នកជិះម៉ូតូត្រូវពាក់មួក អ្នកជិះឡានក៏ត្រូវពាក់ខ្សែក្រវាត់អីឲ្យបានត្រឹមត្រូវ។ ឥឡូវឡានវាចេះដែរ។ គេផលិតឡានឥឡូវល្អដែរ តែអត់ដាក់ខ្សែក្រវាត់ វាស្រែករហូត ទាល់តែដាក់ខ្សែក្រវាត់។ អរគុណអ្នកផលិតរថយន្ត មិនដាក់ខ្សែក្រវាត់វាស្រែករហូត បង្ខំឲ្យដាក់ខ្សែក្រវាត់។ ហ្នឹងល្អម្យ៉ាងដែរ បច្ចេកទេសខាងផលិតរថយន្ត។


កម្មវិធីទាំងក្នុងប្រទេស និងចេញក្រៅប្រទេសច្រើន


ថ្ងៃនេះដែរ គឺខ្ញុំហាក់ដូចជាមិនមានអ្វីដែលត្រូវនិយាយទេ។ ល្ងាចនេះនៅមួយគ្រែទៀត ខាងវិស័យកសិកម្ម ទៅបិទសន្និបាតកសិកម្ម។ ពីនេះរហូតទៅដល់ ថ្ងៃ ៤ (មេសា) ដូចជាកម្មវិធីជាប់រហូត។ តែថ្ងៃ ៤ ដឹងតែបានវាយកូនគោល។ តែដៃនៅរុំនៅឡើយទេ។ ឲ្យតែពេទ្យពិនិត្យដឹងតែឈឺ ប៉ុន្តែឈឺមែន។ អត់ហ៊ានវាយកូនគោលទេប៉ុន្មានថ្ងៃនេះ ដើម្បីថាទៅចង់សាកនៅតារាងនៅសៀមរាបឡើងវិញ ព្រោះខានវាយយូរហើយ … ព្រឹត្តិការណ៍ ២០ កុម្ភៈ ឆ្នាំទៅ តាំងពីនោះមកខានវាយ … ជួនកាលយប់ៗបើកភ្លើងវាយនៅក្រោយ(ផ្ទះ)ហ្នឹង។ ដើរចុះឡើង វាយមួយបែកញើសទៅ រួចហើយមកសម្រាក។ ប៉ុន្តែប៉ុន្មានថ្ងៃនេះដោយសារវាឈឺដៃ គេហាមវាយ ហើយគេឲ្យ​ពាក់ប្រដាប់រុំដៃដើម្បីទប់ទំងន់។ មកពីអញ្ចេះទេ ខ្ញុំប្រើទូរស័ព្ទ ជួនកាលយើងដេក(ប្រើ)។ នរណាទៅមានពេលអង្គុយប្រើ។ ចេះតែប្រើអញ្ចឹងទៅ ចេះតែចុច វារឹងតែម្ដងទៅ។


ល្ងាចនេះ នៅសល់កម្មវិធីមួយទៀត ស្អែកបន្តទៀត ហើយនៅសល់កម្មវិធីច្រើន។ ឆ្នាំនេះនឹងចេញទៅក្រៅប្រទេស។ បន្ទាប់ពីចូលឆ្នាំខ្មែរទៅ នឹងទៅជប៉ុន ដើម្បីចូលរួមវេទិកាទឹក ប្រជុំកំពូលអំពីទឹក នៅប្រទេសជប៉ុន។ ក្នុងខែ ៥ គឺត្រូវទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វ៊ីស។​ អញ្ចឹងទេ ការធ្វើដំណើរចេញក្រៅក៏មានច្រើន ក្នុងពេលដែលកិច្ចការក្នុងស្រុកក៏មានច្រើនដែរ ក៏ប៉ុន្តែមានពេលខ្លះកិច្ចការដែលយើងចៀសវាងមិនបាន។


មិនគាំទ្រការឈ្លានពានពីប្រទេសមួយទៅកាន់ប្រទេសមួយ


ព្រឹកមិញ ក៏មានបទបញ្ជាឲ្យទៅមួយដែរ មិនដឹងថាបើកមើលហើយឬនៅ? … មានការផ្ញើសារពីបេសកជនពិសេសរបស់ប្រធានអាស៊ានមក។ ឥឡូវប្រហែលជាកំពុងជិះយន្តហោះត្រឡប់មកវិញក៏មិនដឹង … គាត់ទស្សនកិច្ចទៅមីយ៉ាន់ម៉ានោះ​។ ព្រឹកមិញនេះ ព្រលឹមឡើង ឃើញសារមួយមក សុំយោបល់ថា គួរបោះឆ្នោតគាំទ្រ ឬអនុបវាទ ឬប្រឆាំង? … បាន voice សម្លេងទៅតែម្ដងថា អត់ទេ! បោះឆ្នោតដូចអង្កាល់យើងធ្វើនៅអង្គការសហប្រជាជាតិអញ្ចឹង។ មានអ្នកបបួលឲ្យបោះអនុបវាទលើបញ្ហារុស្ស៊ី និងអ៊ុយក្រែន … ព្រឹកមិញ មើលទៅ (ហើយ)វាយ(សារតប)វាយូរណាស់។ អញ្ចឹងក៏ voice សម្លេងទៅតែម្ដងថា “អត់ទេ។​ យកជំហរហ្នឹងឲ្យ​ច្បាស់។ អត់ញ៉េមញ៉ុមទេ។ យើងបានបញ្ជាក់ជំហររបស់យើងច្បាស់ហើយ។ បន្ទាត់នយោបាយការបរទេសយើងយ៉ាងម៉េច? យើងអត់មាននៅអនុប្បវាទទេ។ យើងមិនគាំទ្រការឈ្លានពានណាមួយពីប្រទេសមួយទៅកាន់ប្រ​ទេសមួយទេ”។ ហ្នឹងជាគោលជំហរដាច់ណាត់របស់យើង។


ការប្រជុំសភាហ្នឹង គឺនឹងចេញសេចក្ដីថ្លែងការណ៍លើបញ្ហាហ្នឹង ដែលមុនហ្នឹងព្រៀងដោយឥណ្ឌូនេស៊ី និងណូវែលហ្សេឡង់។ ប៉ុន្តែ ព្រៀងដោយណូវែហ្សេឡង់ គឺល្អជាង។ បោះឆ្នោតទៅ គឺព្រឹកនេះជាការបោះឆ្នោតផ្ដាច់ព្រ័ត្រក្នុងការប្រជុំសភា។ មានប្រទេសមកបបួលយើងបោះឆ្នោតអនុបវាទ។ ខ្ញុំថាអត់ទេ voice សម្លេងទៅតែម្ដង ថាអត់មានញ៉េមញ៉ុមទេ គឺបោះ។ ហ្នឹងគឺជារឿងដែលយើងត្រូវប្រកាន់យក ព្រោះរឿងវាពិបាក ស្មុគស្មាញ សាំញ៉ាំណាស់។ យើងក៏ត្រូវគិតអំពីគោលជំហរ។ ខ្ញុំបានបញ្ជាក់ញយហើយ យើងមិនគាំទ្រឲ្យមានការវាយអ៊ីរ៉ាក់។  យើងប្រឆាំងជាមួយការប្រើប្រាស់កម្លាំង ឬគំរាមដោយប្រើប្រាស់កម្លាំង។ ធ្វើនាយករដ្ឋមន្រ្តី​​ វាពិបាកអញ្ចឹង។​ ដល់អញ្ចឹងឲ្យគោលការណ៍ទៅឲ្យជាក់តែម្ដងថា ទៅគ្រប់ទីកន្លែងទាំងអស់ ឲ្យតែមានសេចក្ដីសម្រេចពាក់ព័ន្ធជាមួយនឹងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន គឺយើងបោះប្រឆាំង និយាយរួម ប្រឆាំងនឹងការឈ្លានពានតែម្ដង ប្រឆាំងនឹងការប្រើប្រាស់កម្លាំង ដើម្បីកុំឲ្យពិបាកសុំយោបល់ពេក។


គាំទ្រការចរចារកសន្ដិភាព និងមិនយកសាំងទៅចាក់លើភ្លើង


នេះចេះសុំយោបល់ ខ្ញុំបានមើលមុន បាន voice សម្លេងហ្នឹងវាមិនព្រមចេញទៀត … ​(ចាក់សម្លេងvoice​ chat)។ យើងមានភាពជាតំណាង។ យើងមាន ១១ សម្លេង។ គេបបួលយើងឲ្យអនុបវាទ។ អត់ទេ ១១ សំឡេងបោះគាំទ្រទាំងអស់ ព្រោះរឿងនេះមិនមែនរឿងតូចតាចទេ។ រឿងបង្កើតឡើង​នូវទម្លាប់អាក្រក់លើពិភពលោក ដែលអ្នកខ្លាំងវាយអ្នកខ្សោយ។ ថ្ងៃក្រោយ អ្នកខ្លាំងវាយអ្នកខ្សោយ វាយមកលើយើង តើអ្នកណាជួយយើង? និយាយគ្នាឲ្យច្បាស់ អញ្ចឹងបានយើងប្រកាន់គោលការណ៍មួយជាក់លាក់។ ព្រឹកនេះ ដោយសារតែយើងចែកជាក្រុមនៅក្នុងសភាហ្នឹង ហើយកម្ពុជាជាតំណាង ហើយតំណាងមិនមែនគ្រាន់តែមួយសម្លេងទេ តំណាងដល់ ១១ សម្លេង។ អញ្ចឹងបានគ្នាប្រឹងវាយមក។ ព្រឹកឡើង សំណាងដែលខ្ញុំបើកមើលទាំង WhatsApp និង​ Telegram។ ខាងនោះវាយពីនោះមកសួរថា បោះប្រឆាំង អនុបវាទ ឬគាំទ្រ? កុំឲ្យ​ពិបាក ប្រើសម្លេងទៅតែម្ដង។ ឥឡូវបានទទួលហើយ ថានឹងអនុវត្តទៅតាមហ្នឹង។


រឿងនេះមិនមែនរឿងលេងសើចទេ។ ជីវិតមនុស្សនៅលើពិភពលោក។ ឥឡូវចលាចលដល់ស្រុកខ្មែរ ចលាចលអីដល់ស្រុកខ្មែរ? ចលាចលសាំងឡើងថ្លៃហ្នឹង។ គ្មាននរណាគេចរួចទេ។ ថាកូវីដ-១៩ទៅថាគ្មានអ្នកគេចរួច ប៉ុន្តែកូវីដ-១៩ អន្តរាយស្ទើរតែតិចជាងបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ឥឡូវវាចាប់ផ្ដើមផលប៉ះពាល់របស់វារាលដាលពេញសកលលោកហើយ។ រឿងហ្នឹងធ្ងន់ធ្ងរ បើសិនមិនប្រញាប់បញ្ចប់វាទេ គឺថាមិនដឹងពិភពលោកដើរដល់ណា? តើពិភពលោកដើរដល់សង្គ្រាមលោកលើកទី ៣ ឬអត់? ឬដើរដល់សង្គ្រាមនុយក្លេអ៊ែរឬអត់? ពិតមែនហើយ គ្មាននរណាហ៊ានទាយថាវាទៅដល់ណាទេ។ យើងបន់ស្រន់ អំពាវនាវឲ្យមានបទឈប់បាញ់និងឲ្យមានការចរចា ដើម្បីរកការស្រុះស្រួលបញ្ឈប់សង្រ្គាមនេះ។ ការឈប់បាញ់ ទិដ្ឋភាពខាងយោធា វាពិបាកណាស់។ យើងផ្ដល់ការគាំទ្រទាំងឡាយ(ដល់ការប្រឹងប្រែង)ដែលនាំមកនូវសន្ដិភាព។ យើងក៏មិនយកសាំងទៅចាក់លើភ្លើងដែរ។


សង្ឃឹមថា កូរ៉េនឹងបន្ដការសិក្សាសាងសង់ស្ពាន ២៖ ផ្សាររាត្រីទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ/ភ្នំពេញកាន់ទាក់ទាញអ្នកទេសចរ ក្រោយពីស្ពានទាំង ២ ធ្វើរួច


នេះខ្ញុំហាក់ដូចជាបាននិយាយច្រើន ដោយសារតែទុកពេលច្រើនទៀត(ដើម្បីសម្រាក) ព្រោះប៉ុន្មានថ្ងៃនេះ សុន្ទរកថា វាវែង(វាច្រើន)។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដូចខ្ញុំបានជម្រាបអញ្ចឹង សូមជួយជម្រុញ(ការសាងសង់)ស្ពានតភ្ជាប់ពីផ្សាររាត្រីទៅជ្រោយចង្វារ ពីជ្រោយចង្វារទៅអរិយក្សត្រ។ បានសេចក្ដីថា មិនមែនកសាងស្ពានមួយទេ គឺកសាងស្ពានចំនួន ២៖ ស្ពានមួយឆ្លងកាត់ទន្លេសាប និងស្ពានមួយទៀត ឆ្លងកាត់ទន្លេមេគង្គ។ ហ្នឹងជាស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ ឯកឧត្តម ប្រធានាធិបតី មូន ចៃអ៊ីន គាត់នឹងអស់អាណត្តិនៅក្នុងខែឧសភា។ អញ្ចឹងទេ ប្រធានាធិបតីថ្មី គាត់នឹងបន្ត។ សង្ឃឹមថា(កូរ៉េនឹងបន្ដការសិក្សាសាងសង់ស្ពានទាំង ២ ហ្នឹង) ដោយសារអ្នកការទូតរបស់កូរ៉េ ទោះបីប្រធានាធិបតីផ្លាស់ម៉េច ឯកអគ្គរដ្ឋទូត និងការទូត គេនៅតែបន្តអាជីពរបស់គេ។ អញ្ចឹងសូមឯកឧត្តម Yoon Suk-yeol បន្តការគាំទ្រយើងខ្ញុំ។


តំណាង KOICA មកទីនេះ? សូមឱ្យ KOICA បន្តជម្រុញការគាំទ្រទាំងឡាយ ពាក់ព័ន្ធជាមួយនឹងស្ពាន(ទាំង ២ នោះ)។ យើងជ្រើសរើសពីគម្រោងខាង KOICA ដាក់ជម្រើសឱ្យយើងរើស។ ហ្នឹងគឺជាចំណុចដែលយើងចង់បាន ហើយពេលនោះយើងបើកការដ្ឋាន ហើយរៀបចំការសាងសង់។ បើបានអាហ្នឹងមួយទៀត គឺថាទីក្រុងភ្នំពេញក្លាយទៅជាកន្លែងដែលគេមកមើល។ គេចង់មើលស្ពានហ្នឹង។


មានមនុស្សទៅខេត្តសៀមរាប មានមនុស្សទៅខេត្តព្រះសីហនុ ព្រោះគេទៅមើលផ្លូវ ព្រោះផ្លូវស្អាតៗ ហើយបើបានស្ពានហ្នឹងមួយទៀត ទីក្រុងភ្នំពេញក្លាយទៅជាមជ្ឈមណ្ឌលមួយដែរ គេអាចមកលេង។ គេឡើងទៅថតរូបនៅលើស្ពាននោះ ប៉ុន្តែអាណិតសុំតែម្យ៉ាងទេ កុំឡើងលើហ្នឹង ហើយនាំគ្នាលោតទឹក។ មានអ្នកទូរស័ព្ទច្រឡំនៅក្នុង TikTok មកក្រុមហ៊ុន គេថាគេ sad។ នាងនោះសួរថា ម៉េចបានហៅមកក្រុមហ៊ុនវិញ? គេសួរថា ធ្វើម៉េចឱ្យបាត់ sad ហ្នឹង? … នាងនោះប្រាប់ថា ឱ្យទៅស្ពានជ្រោយចង្វារលោតទឹកទៅ។ មានរឿងអញ្ចឹងៗកើតឡើងទៅទៀត។


អំណោយ


ថ្ងៃនេះ បាននាំមកសម្រាប់សាលាក្រុងតាខ្មៅ ចំនួន ២ លានរៀល។ ជូនក្រុមគ្រួពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល។ និងជូនក្រុមតន្រ្តីសម័យ ៥ លានរៀល។ ជាមួយនឹងការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ២១ ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគ​របស់រាជរដ្ឋាភិបាល ខ្ញុំសូមជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕
















No comments:

Post a Comment