Saturday, November 13, 2021

វិភាគអន្តរជាតិ៖ តើមនុស្សលោកអាចទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដោយវិធីណាខ្លះ?


(ក្លាសកូវ)៖ កិច្ចប្រជុំកំពូលឆ្លើយតបការប្រែប្រួលអាកាសធាតុ «COP26» នៃអង្គការសហប្រជាជាតិ នៅទីក្រុងក្លាសកូវ (Glasgow) ប្រទេសស្កុតលែន ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ គឺត្រូវបានចាត់ទុកជាឱកាសចុងក្រោយបង្អស់ សម្រាប់ឲ្យពិភពលោកទាំងមូល រិះរកគ្រប់មធ្យោបាយដើម្បីកំណត់ការកើនកម្តៅ នៃបរិយាកាសផែនដីនៅមកនៅត្រឹម ១.៥អង្សាសេ បើធៀបនឹងការចាប់ផ្តើមនៃយុគសម័យអភិវឌ្ឍឧស្សាហកម្ម។

ប៉ុន្តែក្រៅពីកិច្ចព្រមព្រៀង និងឱកាសរូបថតជុំគ្នានៅក្នុងកិច្ចប្រជុំខាងលើនេះ តើអ្វីជាចំណុចសំខាន់ៗអ្វីខ្លះ ដែលប្រទេសនានាត្រូវធ្វើ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ? ខាងក្រោមនេះចំណុចសំខាន់ៗមួយចំនួន ដែលអាចឲ្យប្រទេសទាំងឡាយគិតគូរ ដើម្បីស្តារស្ថានការណ៍កុំឲ្យវិវឌ្ឍកាន់តែអាក្រក់៖


* រក្សាឥន្ធនៈហ្វូស៊ីលនៅក្នុងដី


ការដុតឥន្ធនៈហ្វូស៊ីលដូចជា ប្រេង ឧស្ម័ន និងជាពិសេសធ្យូងថ្ម តែងតែបញ្ចេញកាបូនឌីអុកស៊ីត (CO2) ទៅក្នុងបរិយាកាស, ស្រូបកំដៅ និងបង្កើនសីតុណ្ហភាពពិភពលោក។ វា ជាបញ្ហាដែលត្រូវដោះស្រាយនៅកម្រិតរដ្ឋាភិបាល ប្រសិនបើការកើនឡើងសីតុណ្ហភាព ត្រូវកំណត់ត្រឹម ១.៥អង្សាសេ ដែលជាកម្រិតដែលត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ទុកថាជា ច្រកផ្លូវទៅរកការប្រែប្រួលអាកាសធាតុដ៏គ្រោះថ្នាក់ ។


ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសធំៗជាច្រើនដែលពឹងផ្អែកលើធ្យូងថ្មជាចម្បងដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក ចិន និងឥណ្ឌា បានបដិសេធមិនចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាក់ព័ន្ធបញ្ហាមួយនេះឡើយ នៅក្នុងកិច្ចប្រជុំកំពូល COP26។


* ទប់ស្កាត់ការបំភាយមេតាន


របាយការណ៍របស់អង្គការសហប្រជាជាតិ (UN) នាពេលថ្មីៗនេះបានទទូចថា ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន (methane) អាចរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយភាពអាសន្ន នៃការកើនឡើងកម្តៅភពផែនដី។


បរិមាណមេតានយ៉ាងច្រើនត្រូវបានបញ្ចេញចេញពី «ការឆេះ» អំលុងការដុតឧស្ម័នធម្មជាតិពេលទាញយកប្រេង ហើយសកម្មភាពបែបនេះ អាចត្រូវបានបញ្ឈប់ តាមរយៈការស្វែងរកដំណោះស្រាយផ្សេងផ្នែកបច្ចេកទេស។ ការស្វែងរកមធ្យោបាយល្អប្រសើរជាងមុន ក្នុងការចោលសំរាមក៏ជារឿងសំខាន់ផងដែរ ពីព្រោះកន្លែងចាក់សំរាម គឺជាប្រភពបញ្ចេញមេតានដ៏ធំ។


នៅក្នុងកិច្ចប្រជុំ COP26, ប្រទេសជិត ១០០ បានយល់ព្រមកាត់បន្ថយការបំភាយឧស្ម័នមេតាន នៅក្នុងកិច្ចព្រមព្រៀងដែលដឹកនាំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ការប្តេជ្ញាកាត់បន្ថយការបំភាយមេតានសកល (Global Methane Pledge) មានគោលបំណងកំណត់ការបំភាយឧស្ម័នមេតាន ៣០% បើធៀបនឹងកម្រិតនានានៅឆ្នាំ២០២០។


* ប្តូរទៅប្រើថាមពលកកើតឡើងវិញ


ការផលិតអគ្គិសនី និងកំដៅបានរួមចំណែកយ៉ាងធំធេង ក្នុងការបំភាយឧស្ម័នសកល ជាងវិស័យអភិវឌ្ឍសេដ្ឋកិច្ចផ្សេងៗ។ ការបំប្លែងប្រព័ន្ធថាមពលសកល ពីការពឹងផ្អែកចម្បងលើឥន្ធនៈហ្វូស៊ីល ទៅជាការប្រើប្រាស់បច្ចេកវិទ្យាផលិតថាមពលស្អាត ដែលត្រូវបានគេស្គាល់ថា ឌីកាបូនណៃសេសិន (decarbonisation) គឺមានសារៈសំខាន់សម្រាប់ការសម្រេចបាន នូវគោលដៅអាកាសធាតុបច្ចុប្បន្ន។


ថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ នឹងត្រូវក្លាយជាប្រភពថាមពលចម្បងៗ នៅត្រឹមឆ្នាំ ២០៥០ ប្រសិនបើប្រទេសនានាប្តេជ្ញាសម្រេចគោលដៅរួមគ្នានេះបាន។ តែទោះយ៉ាងណា វាក៏មានឧបសគ្គជាច្រើនដែរ។


ខ្យល់មានតិច ក៏មានន័យថាផលិតអគ្គិសនីបានតិចដូចគ្នា ប៉ុន្តែបច្ចេកវិជ្ជាផលិតឧបករណ៍ស្តុកទុកថាមពល (អាគុយ) ដែលប្រសើរជាងបច្ចុប្បន្ននេះ អាចនឹងជួយយើងរក្សាទុកថាមពលរួចជាស្រេច ទុកប្រើការពេលថាមពលប្រចាំថ្ងៃ ដែលផ្តល់ពីធម្មជាតិមិនបានគ្រប់គ្រាន់។


* បោះបង់ចោលប្រេងសាំង និងម៉ាស៊ូត


យើងក៏នឹងត្រូវផ្លាស់ប្តូរមធ្យោបាយ ដែលយើងផ្តល់ថាមពលដល់យានជំនិះដែលយើងប្រើ ដើម្បីធ្វើដំណើរនៅលើគោក សមុទ្រ និងនៅលើអាកាសផងដែរ។ ការបោះបង់ចោល រថយន្តសាំង និងម៉ាស៊ូត និងការប្តូរទៅរថយន្តអគ្គិសនី នឹងមានសារៈសំខាន់។


រថយន្តដឹកទំនិញ និងរថយន្តក្រុងអាចដំណើរការដោយ ឥន្ធនៈអ៊ីដ្រូសែន ដែលផលិតតាមរយៈការគិតគូរខ្ពស់ ទៅលើថាមពលកកើតឡើងវិញ។ អ្នកវិទ្យាសាស្ត្រកំពុងធ្វើការលើ ឥន្ធនៈថ្មី និងស្អាតជាងមុនសម្រាប់យន្តហោះ ទោះបីជាក្រុមអ្នកធ្វើយុទ្ធនាការខ្លះ កំពុងជំរុញឱ្យមនុស្សលោក កាត់បន្ថយចំនួនជើងហោះហើរ ដែលពួកគេត្រូវធ្វើដំណើរក៏ដោយ។


* ការដាំដើមឈើបន្ថែម


របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំ២០១៨ បាននិយាយថាដើម្បីសម្រេចបាននូវឱកាសក្នុងការរក្សាការឡើងកម្ដៅផែនដីឱ្យនៅក្រោម ១.៥អង្សាសេ យើងត្រូវតែលុបបំបាត់ឧស្ម័នការបូនិក (CO2) ចេញពីខ្យល់អាកាស ហើយការដាំដើមឈើបន្ថែម និងការរក្សាព្រៃឈើឱ្យបានគង់វង្សគឺជាវិធីសាស្ត្រមួយដ៏ល្អបំផុតដើម្បីទប់ស្កាត់ ការកើនឡើងឧស្ម័នកាបូនិកនៅក្នុងខ្យល់អាកាស។ ដូច្នេះហើយទើប ក្រុមអ្នកវិទ្យាសាស្ត្រ និងក្រុមអ្នកការពារបរិស្ថានអំពាវនាវឱ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើជាបន្ទាន់។


* លុបបំបាត់ឧស្ម័នផ្ទះកញ្ចក់ចេញពីខ្យល់អាកាស


ក្រុមហ៊ុនជាច្រើននៅតាមបណ្ដាប្រទេសអ្នកមាន ដូចជាក្រុមហ៊ុន Carbon Engineering មានមូលដ្ឋាននៅក្នុងរដ្ឋតិចសាស់, សហរដ្ឋអាមេរិក និងក្រុមហ៊ុន Climeworks នៅក្នុង ប្រទេសស្វីសជាដើម បាន និងកំពុងនាំគ្នាអភិវឌ្ឍបច្ចេកវិទ្យាកម្ចាត់ឧស្ម័នកាបូនិកចេញពីខ្យល់អាកាស ឬបញ្ឈប់ការបញ្ចេញឧស្ម័ននេះទៅក្នុងបរិយាកាស។ បច្ចេកវិទ្យាបែបនេះ ត្រូវបានគេមើលឃើញនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឡើងកម្ដៅផែនដី ហើយវាដំណើរការដោយកង្ហារធំៗ ដែលរុញខ្យល់ឱ្យឆ្លងកាត់តម្រងគីមីមួយដែលនឹងស្រូប យកឧស្ម័នកាបូនិក។


វិធីសាស្ត្រថ្មីមួយទៀត នោះគឺការចាប់យក និងស្ដុកទុកកាបូននៅក្នុងដីយ៉ាងជ្រៅ ដែលជាទូទៅវិធីនេះត្រូវអនុវត្តនៅតាមរោងចក្រដំណើរការដោយថាមពលធ្យូងថ្មតែម្ដង។ តែ បច្ចេកវិទ្យានេះមានតម្លៃថ្លៃ និងមានភាពចម្រូងចម្រាសខ្លាំង ពីព្រោះក្រុមអ្នករិះគន់យល់ថាមិនអាចកាច់ផ្ដាច់ចេញពីការប្រើប្រាស់ឥន្ធនៈផូស៊ីល ដូចជាធ្យូថ្មបាននោះទេ។


* ផ្ដល់ជំនួយហិរញ្ញវត្ថុជួយដល់បណ្ដាប្រទេសក្រីក្រ


នៅឯកិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុរៀបចំឡើងក្នុងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក (Copenhagen COP) កាលពីឆ្នាំ២០០៩, បណ្ដាប្រទេសអ្នកមានបាន សន្យាថានឹងផ្ដល់ជំនួយហិរញ្ញវត្ថុរួមគ្នា «១០០ពាន់លានដុល្លារ» នៅត្រឹមឆ្នាំ២០២០ ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រក្នុងការប្រយុទ្ធប្រឆាំង និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។


ការសន្យានេះមិនទាន់អាចសម្រេចបាននៅឡើយទេ បើទោះជារដ្ឋាភិបាលអង់គ្លេស ដែលបច្ចុប្បន្នជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ COP26 កាលពីពេលថ្មីៗនេះបានប្រកាសដាក់ចេញ ផែនការមួយដើម្បីឱ្យសម្រេចឱ្យបានគោលដៅនេះក៏ដោយ។ បណ្ដាប្រទេសជាច្រើនដែលនៅតែពឹងផ្អែកលើថាមពលធ្យូងថ្ម កំពុងប្រឈមមុខនឹងការខ្វះខាតថាមពល់ធ្ងន់ធ្ងរ ហើយដែលនេះអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងងើបចេញពីវិបត្តិ COVID-19 របស់ពួកគេ ខណៈប្រទេសក្រីក្រត្រូវបានគេមើលឃើញថាគឺជាជនរងគ្រោះនៃការប្រែប្រួល អាកាសធាតុ។


បើតាមក្រុមអ្នកជំនាញ, បណ្ដាប្រទេសក្រីក្រ ត្រូវការជាចាំបាច់នូវជំនួយហិរញ្ញវត្ថុដើម្បីជួយពួកគេងាកមកប្រើប្រាស់ «ថាមពលស្អាត»។ ដើម្បីសម្រេចគោលដៅនេះ អាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបបានសន្យាផ្ដល់ជំនួយ ៨.៥ពាន់លានដុល្លារ ជួយដល់ប្រទេសអាហ្វ្រិកខាងត្បូងក្នុងការបញ្ឈប់ការប្រើប្រាស់ថាមពលធ្យូងថ្មបន្តិចម្ដងៗ៕


ប្រភព៖ BBC (ថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១

ដោយៈ Fresh News



No comments:

Post a Comment