Wednesday, November 10, 2021

បទវិភាគ៖ នយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ជាមរតកប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងសម័យកាលកូវីដ បានសង្រ្គោះជីវិតពលរដ្ឋ ក៏ដោយសារជំរើសដ៏ត្រឹមត្រូវ យកចិនជាបង្អែកផ្គត់ផ្គង់វ៉ាក់សាំង


(ប៉េកាំង)៖ ពលរដ្ឋកម្ពុជាកំពុងបង្ហាញស្នាមញញឹម ជាមួយការបើកប្រទេសជាថ្មី ស្របតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសពេញលេញទ្បើងវិញ កាលពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២១ លើគ្រប់វិស័យនិងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មីដើម្បីស្ដារសេដ្ឋកិច្ចសង្គមកម្ពុជា បន្ទាប់ពីរងផលប៉ះពាល់អស់រយៈពេលជិត ២ឆ្នាំកន្លងទៅ ហើយកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសមួយនៅតំបន់អាស៊ីអាគ្នេហ៍ និងលើពិភពលោកដែលផ្ដើមចាកចេញពីវិបត្តិកូវីដជាបណ្ដើរៗ ព្រមទាំងជាប្រទេសទេសចរណ៍សុវត្ថិភាពថែមទៀតផង។


បន្ទាប់ពីការប្រថុយសាកល្បងក្នុងការបើកទេសចរណ៍ផ្ទៃក្នុង អំទ្បុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលឃើញថា កម្ពុជាពុំមានករណីឆ្លងកូវីដ១៩ ផ្ទុះទ្បើងជាថ្មីនោះ បានផ្ដល់លទ្ធភាពដល់រាជរដ្ឋាភិបាលកម្ពុជា មានក្ដីសង្ឃឹមក្នុងការបើកសេដ្ឋកិច្ចកម្ពុជា តាមរយៈការបើកប្រទេសទ្បើងវិញ តាមវិស័យជំហានៗដំបូងគេគឺវិស័យអប់រំ និងវិស័យទេសចរណ៍ ព្រមទាំងបើកទទួលទេសចរវ៉ាក់សាំង ចាប់ពីចុងខែវិច្ឆិការឆ្នាំ២០២១ តទៅក្នុងការទាញយកភ្ញៀវបរទេសមកកម្សាន្ត និងទស្សនកិច្ចនៅប្រទេសកម្ពុជា។


ការបើកសេដ្ឋកិច្ចសង្គមជាថ្មីនេះ តាមបែបគន្លងប្រក្រតីភាពថ្មីនេះ ដែលអាចធ្វើទៅបានគឺដោយសារពលរដ្ឋបានស្ម័គ្រចិត្ត ទទួលយកការចាក់វ៉ាក់សាំងស្ទើរតែគ្រប់ៗគ្នា រួមទាំងកុមារផងដែរ បន្ថែមលើសពីនេះ កម្ពុជាកំពុងដើរឈានទៅមុខមួយជំហានទៀត គឺចាក់ដូសជំរុញបន្ថែមទៀតដល់ប្រជាជន ខណៈដែលវ៉ាក់សាំងកម្ពុជា មាននៅក្នុងឃ្លាំងគ្រប់គ្រាន់ ក៏មិនខ្វះខាតដើម្បីត្រៀមតាមផែនការ ចាក់ស្រោចដូសជំរុញនេះដែរ។


ភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកនយោបាយ និងការទូត ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តយកចិនជាបង្អែក ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀតជាប្រភពគាំទ្រ ដែលជាហេតុធ្វើឲ្យបរទេសមួយចំនួនថា កម្ពុជាអ្វីក៏ទៅពឹងចិន ទាំងប្រទេសទាំងនោះ ពុំមានលទ្ធភាពគ្រប់គ្រាន់ផ្ដល់វ៉ាក់សាំងដល់កម្ពុជាដូចប្រទេសចិនទ្បើយ។ ត្រង់ប្រការនេះក៏ត្រូវបានសម្ដេចតេជោថ្លែងថា៖ «ប្រសិនបើមិនឲ្យកម្ពុជាពឹងចិន តើអោយកម្ពុជាពឹងប្រទេសណា? តើប្រទេសណាដែលអាចមានលទ្ធភាពផ្ដល់វ៉ាក់សាំងដល់កម្ពុជា ទាន់សភាពការណ៍ដូចប្រទេសចិនទៅ?»


មិត្តភាពដែកថែប បានរួមគ្នាតស៊ូប្រឆាំងពីជ្រោះមរណៈកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព ដោយមិត្តចិនធ្លាប់បានអះអាងប្ដេជ្ញាចិត្តថា ដរាបណាកូវីដ១៩នៅកម្ពុជាមិនរលត់ទេនោះ ចិននៅតែបន្តរួមដៃជាមួយកម្ពុជាប្រយុទ្ធប្រឆាំង ក្នុងការផ្ដល់ប្រភពគាំទ្រពីក្រោយកម្ពុជាជានិច្ច។ ការរួមប្រឆាំងកូវីដ១៩នេះ ក៏ជាគំរូដល់បណ្តាប្រទេសនានានៅលើពិភពលោក ក្នុងការដឹកនាំគ្រប់គ្រងប្រឆាំង រហូតទទួលបានសម្មទិផលជាប្រវត្តិសាស្រ្ត នៅក្នុងបរិបទជំងឺកូវីដ១៩នេះ។


បើទោះបីបណ្ដាប្រទេសនានាលើពិភពលោក រងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ក៏ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែអាចឈរជើងយ៉ាងរឹងមាំបាន ហើយភាពរីកធំធាត់របស់ប្រទេសចិន ក៏មិនអាចមើលរំលងក្នុងការចែករំលែកដល់ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ នៅតែបន្តពង្រីកិច្ចសហប្រតិបត្តិការល្អ ក្នុងការស្ដារសេដ្ឋកិច្ចសង្គមក្នុងការរស់នៅរបស់ប្រជាជន និងចំណងមិត្តភាពលើគ្រប់វិស័យ។


បើនិយាយអំពីមោទកភាពនៃការគ្រប់គ្រង និងប្រយុទ្ធសមរភូមិកូវីដ១៩នេះ បណ្ដាប្រទេសនានារួមទាំងមិត្តចិន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរបស់កម្ពុជាសម្រេចបានក្នុងពេលនេះ វាជារឿងដ៏មហិមា នៃផែនការយុទ្ធសាស្រ្តជាតិរបស់សម្ដេចតេជោ ដែលអាចយកឈ្នះជំងឺកាចសហាវ ស្របពេលដែលប្រទេសមហាអំណាចមួយចំនួន បានបរាជ័យក្នុងការប្រយុទ្ធជំងឺកូវីដ ដែលបានបណ្ដាលអោយពលរដ្ឋជាច្រើនបានស្លាប់ ដោយពុំបានចាក់វ៉ាក់សាំងថែមទៀត ខណៈដែលកម្ពុជាប្រទេសតូចតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបញ្ជាទិញវ៉ាក់សាំង និងសល់វ៉ាក់សាំងនៅក្នុងឃ្លាំង កំពុងចាក់ជូនពលរដ្ឋដូសជម្រុញថែមទៀតនោះ។ ពលរដ្ឋកម្ពុជាក៏បានយល់កាន់តែច្បាស់ អំពីនយោបាយវ៉ាក់សាំងនេះ ប្រសិនគ្មានវត្តមានវ៉ាក់សាំងចិនទេ ម្ល៉េះសមពេលនេះពលរដ្ឋកម្ពុជាមិនតិចទេ ដែលត្រូវទទួលរងគ្រោះមហន្តរាយវិបត្តិធ្ងន់ធ្ងរពីមេរោគកូវីដ១៩នោះ។


សូម្បីតែគេហទំព័រអន្តរជាតិ Our World in Data របស់ចក្រភពអង់គ្លេសកាលពីថ្ងៃ២៤ ខែតុលា ក៏បានចេញរបាយការណ៍មួយដែលបង្ហាញពីល្បឿន នៃប្រទេសដែលបានចាក់វ៉ាក់សាំងរបស់ខ្លួន ដោយបានរកឃើញថា ប្រទេសកម្ពុជាឈរកំពូលតារាងលើគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន ដែលបានចាក់វ៉ាក់សាំងដល់ពលរដ្ឋបានច្រើន និងស្ថិតនៅក្នុងចំណាត់ថ្នាក់ប្រសើរ ក្នុងចំណោមប្រទេសមហាអំណាចមួយចំនួនទៀតផង។


បើទោះបីកម្ពុជាលំបាកយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជំនះនូវការលំបាក ដើម្បីស្វែងរកវ៉ាក់សាំងពីបរទេសមក ចាក់ជូនពលរដ្ឋទាំងការបញ្ជាទិញ និងតាមរយៈជំនួយក្ដី ការចាក់ជូនដោយមិនគិតថ្លៃពីពលរដ្ឋសូម្បីតែមួយសេនទ្បើយ។


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានបញ្ជាក់ថាចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រហូតមកដល់ពេលនេះកម្ពុជាចំណាយថវិកាអស់ ២,៣០០លានដុល្លារសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក្នុងនោះចំណាយថវិកាអស់ជាង ៤០០លានដុល្លារសម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ។


ការសម្រេចបាននូវចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងនេះ ប្រសិនបើគ្មានមិត្តចិនទេ ម្ល៉េះកម្ពុជាមិនអាចសម្រចបានតាមផែនការ ដែលបានគ្រោងទុកទេ ដែលការពិតនៅតែមិនអាចប្រកែកបាន ពីការចូលរួមរបស់ប្រទេសចិន ជាបង្អែកយុទ្ធសាស្រ្តវ៉ាក់សាំងដ៏សំខាន់ រឺឯប្រទេសផ្សេងទៀតជាប្រភពគាំទ្រ ដែលយើងសម្រេចបានល្បឿនលឿនផែនការចាក់វ៉ាក់សាំង ដល់ពលរដ្ឋរបស់ខ្លួន ស្របពេលដែលប្រទេសមួយចំនួនពុំអាចមានលទ្ធភាព ស្វែងរកវ៉ាក់សាំងដូចកម្ពុជា ដែលនៅតែធ្វើឲ្យអត្រានៃការចាក់ក្នុងប្រទេសរបស់ខ្លួន មានអត្រាទាប បើទោះបីប្រទេសទំាងនោះ មានថវិការគ្រប់គ្រាន់ក្នុងការទិញវ៉ាក់សាំងក៏ដោយនោះ តែបើគ្មាននយោបាយការទូតល្អទេ ក៏ពុំអាចមានវ៉ាក់សាំងស្ដុកទុកក្នុងឃ្លាំងដូចកម្ពុជាទ្បើយ។


នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ តាមរយៈអនទ្បាញ កាលពីថ្ងៃ២៦ ខែតុលា សម្ដេចតេជា ហ៊ុន សែន បានថ្លែងថា អស់រយៈពេល ២ឆ្នាំកន្លងមកនេះ បានក្លាយជាវិញ្ញាសារសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំអភិវឌ្ឍទាំងអាស៊ានទាំងមូល ក៏ដូចជាប្រទេសនានាលើពិភពលោកដែរ។


សម្ដេចបានចែករំលែកពីបទពិសោធន៍ ក្នុងការទប់ស្កាត់ការរាតត្បាត ព្រមទាំងដណើរការចាក់វ៉ាក់សាំងបានលឿន ប្រកបដោយភាពត្រចះត្រចង់ នេះគឺដោយសារកម្ពុជាកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំនឹងវិធានការសុខាភិបាលដាក់ចេញ ព្រមទាំងមិនអាចខ្វះបាន នោះគឺការសហការចូលរួមរបស់ប្រជាពលរដ្ឋ ដែលបានទៅទទួលយកវ៉ាក់សាំង តាមគោលការណ៍ស្ម័គ្រចិត្តនេះឯង ដែលធ្វើអោយកម្ពុជាសម្រេចទៅបានលឿន ជាងផែនការដែលបានគ្រោងទុក។


សម្ដេចតេជោបានសង្កត់ធ្ងន់ថា ជាទិសដៅទៅមុខបន្តបន្ទាប់ គឺការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមទ្បើងវិញ តាមរយៈលំហូរពាណិជ្ជកម្ម ជំរុញការវិនិយោគ បន្តកិច្ចសហប្រតិបតិ្តការល្អ តាមរយៈការធានាប្រក្រតីភាពជាដើម។


មិនថានៅក្នុងសមរភូមិប្រយុទ្ធដែលមានទ័ពចម្បាំង មិនថាសមរភូមិឥតស្រមោលក៏ដោយ ក៏សម្ដេចតេជោនៅតែអាចយកឈ្នះលើគូសត្រូវបានជានិច្ច ពលរដ្ឋកម្ពុជាពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលមានមេដឹកនាំឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ដែលអាចដោះស្រាយរាល់វិញ្ញាសារ ចំពោះមុខដោយគ្មានការញញើតដៃទ្បើយ ដើម្បីការពារអាយុជីវិតពលរដ្ឋកម្ពុជា។ គ្រប់កាលៈទេសៈរាល់ពេលដែលកម្ពុជាលំបាក គឺខ្មែរអាចធ្វើបានគ្រប់បញ្ហា ដែលកើតទ្បើងរាល់បញ្ហាចំពោះមុខ ស្របតាមទស្សនៈទានមួយលើកទ្បើងថា «ខ្មែររួបរួមខ្មែរខ្លាំង ខ្មែររួបរួមខ្មែរឈ្នះ ខ្មែរជឿជាក់ថាអាចធ្វើបាន»៕


អត្ថបទ៖ សុភ័ក្រ្ត (វិទ្យុមិត្តភាពកម្ពុជា-ចិន)




No comments:

Post a Comment