Wednesday, November 10, 2021

ទីបំផុតឧកញ៉ា លី សាយឃាង ចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ និងកំពុងបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ

 (សៀមរាប)៖ ទីបំផុតឧកញ៉ា លី សាយឃាង ចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចកំពុងបញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ នេះបើតាមនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់នៅមុននេះ។

ការចូលខ្លួននេះធ្វើឡើងបន្ទាប់ពី លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩។

តុលាការបានបញ្ជាក់ថា ករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈនេះ មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ។ «ហេតុដូច្នេះ ដើម្បីធានាដល់ការស៊ើបសួរឱ្យ បានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មកចំពោះចៅក្រមស៊ើប សួរដើម្បីធ្វើការសាកសួរបំភ្លឺការពិត»។ នេះបើតាមដីការបង្គាប់ឱ្យនាំខ្លួន។

លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក៏បាន បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនលោកឧកញ៉ា លី សាយឃាង មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់ផងដែរ៕






No comments:

Post a Comment